គណបក្ស​នយោបាយ​មួយចំនួន​រំពឹង​ថា ​ម្ចាស់​ឆ្នោត​នឹង​បោះឆ្នោតឱ្យគណបក្ស​ដែល​មាន​គោលនយោបាយ​​កែ​ទម្រង់ គ.ជ.ប

ដោយ សុជីវី
2021-06-16
Share
គណបក្ស​នយោបាយ​មួយចំនួន​រំពឹង​ថា ​ម្ចាស់​ឆ្នោត​នឹង​បោះឆ្នោតឱ្យគណបក្ស​ដែល​មាន​គោលនយោបាយ​​កែ​ទម្រង់ គ.ជ.ប (ឆ្វេង) លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ប្រាជ្ញ ច័ន្ទ បេក្ខភាពប្រធាន គជប ថ្មី និងលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ។
រូប៖ RFA

មេដឹកនាំ​គណបក្ស​នយោបាយ​ចំនួន២ ដែល​នឹង​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និងបោះឆ្នោតជាតិ​រំពឹង​ទៅ​លើ​ពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ថា ​ជាកត្តាសំខាន់​ក្នុង​ការចូលរួម​ផ្លាស់ប្តូរ គ.ជ.ប ឱ្យ​មាន​ឯករាជ្យ អព្យាក្រឹត្យ និងអាចជឿទុកចិត្តបាន។

ប្រធាន​គណបក្ស​ប្រជាធិបតយ្យ​មូលដ្ឋានលោក យ៉េង វីរៈ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គ.ជ.ប គឺ​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការបោះឆ្នោត ដែល​ត្រូវ​តែ​ឯករាជ្យ អព្យាក្រឹត្យ។ ប៉ុន្តែ​ទំនុក​ចិត្ត​លើ​ស្ថាប័ន​នេះ​បាន​បាត់បង់​នៅក្រោយ​ការបោះឆ្នោត​ឆ្នាំ២០១៧ នៅ​ពេល​មាន​ការរម្លាយ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ធ្វើ​អោយក្បាលម៉ាស៊ីន​​ដឹកនាំ គ.ជ.ប ច្រើន​លើសលុប​មាន​សមាសភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ លោកថា ​គណបក្ស​របស់​លោក​នឹង​បន្ត​តស៊ូមតិ​ឱ្យ​មាន​ការកែប្រែ​មាត្រា ​១៥១ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ ដើម្បី​​កែលម្អ​ស្ថាប័ន​នេះ ពោលគឺ សមាសភាព​ គ.ជ.ប គួរតែ​ដោយ​គណបក្ស​ដឹកនាំរដ្ឋាភិបាល​ចំនួន ៤ រូប និង​ ៥ រូប​ទៀត​ជ្រើស​រើស​​ដោយ​​បើក​ចំហរ។ លោក​ថា ​ពលរដ្ឋម្ចាស់​ឆ្នោត​មាន​សិទ្ធិ​ប្រើប្រាស់​សន្លឹក​ឆ្នោត​របស់​ខ្លួន​ចូលរួម​រឿងនេះ៖ «ម្ចាស់ឆ្នោត​នឹង​ធ្វើសេចក្ដីសម្រេចចិត្ត​សម្រាប់​ឆ្នាំ២០២៣​ ខាង​មុខ​ហ្នឹង​ហើយ ព្រោះ គ.ជ.ប ប្រសូត​ចេញ​ពី​រដ្ឋសភា ហើយ​រដ្ឋសភា​បាន​ពីណា? បានពី​តំណាងរាស្រ្ត ហើយតំណាងរាស្រ្ត​បាន​ពីណា? គឺ​បាន​ពី​សន្លឹក​ឆ្នោត​របស់​ពលរដ្ឋ ហើយ​បើ​ប្រជាពលរដ្ឋ​លោក​នៅតែថា ​ចង់​ឱ្យ​គណបក្ស​កាន់អំណាច គណបក្ស​ប្រជាជន​គាត់ធ្វើអីធ្វើទៅ? គាត់បាន​ ១២៥ កៅអី​គាត់ជិះសេះលែងដៃ ឬក៏ចង់បន្តអោយគាត់ជិះសេះ​លែងដៃទៀត​កអាហ្នឹង​ស្រេចលើម្ចាស់ឆ្នោត»។

មិនខុសគ្នា​នេះដែរ ​ប្រធាន​គណបក្ស​ឆន្ទៈខ្មែរលោក គង់ មុនីកា មើលឃើញ​ថា ​ពលរដ្ឋម្ចាស់​ឆ្នោត​មាន​សារៈសំខាន់​ក្នុង​ការចូលរួម​កែទម្រង់ ស្ថាប័ន​បោះឆ្នោត​នៅពេល​ខាង​មុខ។ ដោយឡែក​បើតាម​លោក គង់ មុនីកា សមាសភាព​ថ្នាក់ដឹកនាំ គ.ជ.ប ដែល​អាច​ផ្ដល់​ទំនុក​ចិត្ត​បាន​គឺត្រូវតែចេញ​មកពី​អង្គការ​សង្គម​ស៊ីវិល ឬ​អ្នកច្បាប់ ដែល​មាន​បទពិសោធន៍​ច្រើនឆ្នាំ មិន​ចំណុះ​អោយ​គណបក្ស​នយោបាយ និង​មិនត្រូវ​ចេញ​ពី​គណបក្ស​នៅ​ដែល​មាន​អាសនៈក្នុង​សភា​​ដែរ៖​ «បើ​ទោះ​​បី​ជា​​​ដំណើរការ​បោះ​ឆ្នោត​​វា​​មាន​​លក្ខណៈ​បច្ចេកទេសខ្លះ មានលក្ខណៈ​ផ្លូវ​ច្បាប់ខ្លះ ដែល​កន្លែង​ខ្លះ​មិនអាច​ទទួល​យក​បាន ខ្លះ​ក៏​អាច​ទទួល​យក​បាន ​ក៏យើង​នៅ​តែ​បន្ត​ចូលរួម នៅ​តែ​ចូលរួម​តស៊ូ​មតិ ដើម្បី​កែលម្អ ឬកែទម្រង់​នូវអ្វី ដែលជា​ចំណុចខ្វះខាត ​ជា​អវិជ្ជមាន​នោះ។ ខ្ញុំគិត​ថា​ នៅឆ្នាំ២០២២ ឬ២០២៣ ខាងមុខ​កាលណា​គណបក្សនយោបាយ​ផ្សេងៗទៀត​អាច​ទទួល​បាន​សំឡេង​គាំទ្រ​ពី​បងប្អូន​ប្រជាពលរដ្ឋ នោះ​យើងនឹង​មាន​លទ្ធភាព​អាចឈាន​ទៅ​តស៊ូមតិ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​ហ្នឹង​ទៀត»។

ការលើក​ឡើង​នេះ​នៅស្របពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ​កាលពីថ្ងៃទី១៦ ខែមិថុនា បាន​សម្រេច​ជ្រើសរើស​លោក ប្រាជ្ញ ច័ន្ទ ជា​បេក្ខជន​ប្រធាន គ.ជ.ប ជំនួស​អោយ​លោក ស៊ិក ប៊ុនហុក ដែល​បានលាលែង​ពីតំណែង​ដោយសារ​បញ្ហា​សុខភាព។

អគ្គលេខាធិការ​រដ្ឋសភាលោក ឡេង ប៉េងឡុង ប្រាប់សារព័ត៌មាន​ក្នុងស្រុក​ថា គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំនៅពេលឆាប់ៗ​នេះ ដើម្បី​កំណត់ពេល​ត្រៀម​សម្រាប់​កិច្ចប្រជុំ​ពេញអង្គរដ្ឋសភា​ផ្ដល់​សេចក្ដី​ទុកចិត្ត​ដល់​លោក ប្រាជ្ញ ច័ន្ទ។

ដំណើរការជ្រើសរើស​ប្រធាន​ថ្មី​របស់ គ.ជ.ប នេះ​ទំនង​គ្មាន​អ្វីផ្លាស់ប្តូរ​ការងារ​របស់ គ.ជ.ប ទេ​គឺ​នៅ​តែ​ជា​ស្ថាប័ន ដែល​រង​ការរិះគន់​ថា មិន​ឯករាជ្យ អព្យាក្រឹត្យ ដែល​មិនអាច​ធានាបាន​ការបោះឆ្នោត​ដោយ​សេរីត្រឹមត្រូវ យុត្តិធម៌ ពោល​គឺ​នៅតែស្ថិតក្រោម​ឥទ្ធិពល​បក្សកាន់អំណាច។

វិទ្យុអាស៊ីសេរី​នៅ​មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​សមាជិក និង​ជា​អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បាន​ទេ​កាល​ពី​យប់ថ្ងៃ​ទី​១៦ ខែមិថុនា។

អ្នកសម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូមតិ​នៃ​អង្គការ​ខុមហ្វ្រែលលោក កន សាវាង្ស មាន​ប្រសាសន៍​ថា ល្គិកណា​សមាសភាព​ថ្នាក់​ដឹកនាំ គ.ជ.ប ចេញ​មក​តែ​ពីគណបក្ស​នយោបាយ​តែមួយ​ដូច​ពេល​បច្ចុប្បន្ន​នេះ ​គឺ​គេចមិនផុត​ពីការរិះគន់ និង​បង្កើត​ឱ្យមានភាព​ចម្រូងចម្រាស់​នៅក្រោយ​ការបោះឆ្នោត​បាន​ឡើយ។ លោក​ជំរុញ​ឱ្យ​គណបក្ស​កាន់អំណាច​បង្កើតអោយ​មាន​ការព្រមព្រៀង​គ្នា​រវាង​គណបក្ស​ចូលរួមការបោះឆ្នោត ដើម្បី​អោយ​គ្រប់ភាគី​ទទួល​យក​បាន និង​មាន​ទំនុកចិត្ត​លើ​ការបោះឆ្នោត៖ «កាលណាឱ្យស្ថាប័ន​ឯករាជ្យ​ គឺត្រូវ​បើក​ទូលាយ​ឱ្យ​មាន​ការប្រកួត​ប្រជែង ឱ្យ​មាន​ការចូលរួម​ជជែក​ដាក់​អនុសាសន៍​ចូល ដើម្បី​អោយ​សុខព្រម​ទាំងអស់​គ្នា ហើយ​ពេលណា​ច្បាប់​ហ្នុង​បាន​សុខព្រម​ទាំងអស់គ្នា​ហើយ ដាក់ចេញ​ទៅ​គឺ​មានន័យថា​នៅ​ក្រោយ​ការបោះឆ្នោត​មិនមាន​ការមិនពេញ​ចិត្ត​ការលើកឡើង​ពី​បញ្ហា​បិស្ថាប័ន​ណាមួយទេ»។

កាលពីឆ្នាំ២០១៥​ រដ្ឋសភា​បាន​កែប្រែ​លក្ខន្តិកៈ​ជ្រើសរើស​ប្រធាន​ និង​សមាជិក​​​របស់​ គ.ជ.ប ក្នុង​នោះ ​៤រូបមកពីបក្សដឹកនាំរដ្ឋាភិបាល ៤រូប​ពី​គណបក្ស​មាន​អាសនៈ​ក្នុង​សភា ​ដែល​មិនចូលរួម​ជាមួយរដ្ឋាភិបាល និង​មួយរូប​ទៀត​ជ្រើសរើស ដោយមានការព្រមព្រៀង​ពី​គណបក្ស​នយោបាយ​មាន​អាសនៈ​ក្នុង​រដ្ឋសភា។ តែនៅឆ្នាំ២០១៧ ​សភា​បាន​ក្លាយជាសភាឯកបក្ស​នៅ​ក្រោយ​ការរម្លាយ​បក្សសង្រ្គោះជាតិ ដែល​ធ្វើអោយ ថ្នាក់ដឹកនាំ​គ.ជ.ប ៣រូប​មកពី​គណបក្ស​សង្គ្រោះជាតិ​បាន​លាលែង​តំណែង​ដោយអះអាងថា គ.ជ.ប លែង​ជា​ស្ថាប័ន​ឯករាជ្យ។ ទន្ទឹមគ្នានោះ ប្រទេស​ម្ចាស់​ជំនួយ​ពី​លោកសេរី​ទាំងអស់​បាន​ផ្ដាច់​ជំនួយ​ទាំង​ស្រុង​ភ្លាមៗ​ពី គ.ជ.ប រហូត​ដល់​បច្ចុប្បន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល