ថ្ងៃបុណ្យមាឃបូជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា ព្រះពុទ្ធសាសនាបានរួមចំណែកឱ្យមានសុខសន្តិភាព ស្ថិរភាពសង្គម។ ប៉ុន្តែមេដឹកនាំបក្សប្រឆាំងអំពាវនាវឱ្យមេដឹកនាំដែលតាំងខ្លួនចង់បានសន្តិភាពនោះត្រូវយល់ពីអត្តន័យពិត ដោយស្តែងតាមរយៈកាយនិងវាចា។
ថ្ងៃ១៥កើតពេញបូណ៌មី ខែមាឃ ជាថ្ងៃដែលពុទ្ធសាសនិកតែងតែនាំគ្នាប្រារព្ធពិធីដ៏ធំមួយគឺបុណ្យ «មាឃបូជា» ដើម្បីរំឭកដល់ព្រឹត្តិការណ៍សំខាន់មួយចំនួនដែលបានកើតឡើងនៅសម័យពុទ្ធកាល។ ពិធីបុណ្យមាឃបូជាឆ្នាំនេះមេដឹកនាំនយោបាយបក្សកាន់អំណាចនិងបក្សប្រឆាំងបានផ្ញើសារនយោបាយហាក់ផ្លែផ្កាដាក់គ្នា ទាក់ទងនឹងអត្តន័យពាក្យសន្តិភាពក្នុងសង្គម ខណៈវិបត្តិ នយោបាយមិនទាន់មានដោះស្រាយនៅឡើយ។
នាយករដ្ឋមន្រ្តីលោក ហ៊ុន សែន សរសេរសារនយោបាយបង្ហោះលើហ្វេកប៊ុកអមដោយព្រះពុទ្ធរូបក្នុងពិធីបុណ្យមាឃបូជា នៅថ្ងៃ៥ ខែកម្ភៈថា ព្រះពុទ្ធសាសនាមិនត្រឹមតែបានធ្វើឱ្យប្រជាពលរដ្ឋខ្មែររួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីនោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសណ្តាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គមការអភិវឌ្ឍលើគ្រប់វិស័យនិងថែរក្សាការពារអត្តសញ្ញាណជាតិ។
ទោះបីលោក ហ៊ុន សែន លើកឡើងបែបនេះក្តីប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលរងការចោទប្រកាន់ពីបទសន្ទិដ្ឋភាពឬការត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន បានសរសេរសារបង្ហោះលើហ្វេសប៊ុកថា អ្នកដែលតាំងខ្លួនថាជាពុទ្ធសាសនិក ជាពិសេសប្រជាពលរដ្ឋខ្មែរ ក៏ដូចជា មេដឹកនាំប្រទេសត្រូវយល់ដឹង និងពង្រឹងការប្រតិបត្តិនូវព្រះពុទ្ធឱវាទ។ លោក កឹម សុខា បន្តថា ការទូន្មានរបស់ព្រះសម្មាសម្ពុទ្ធឱ្យមនុស្សគ្រប់រូបដែលតាំងខ្លួនប្រាថ្នាចង់បានសន្តិភាពត្រូវយល់ដឹងពីអត្ថន័យនៃ «សន្តិភាព» ពិតនោះ គឺជាសន្តិភាពដែលកើតមាននៅក្នុងផ្លូវចិត្តរបស់បុគ្គលរៀងៗខ្លួនដែលស្តែងចេញតាមរយៈសកម្មភាពនិងពាក្យសម្តី។
ជុំវិញរឿងនេះ ព្រះតេជព្រះគុណ បូរ បេត ដែលកំពុងភៀសព្រះកាយនៅប្រទេសស្វ៊ីស (Swiss) មានថេរដីកាថាបុណ្យមាឃបូជាគឺជាទំនៀមទំលាប់ប្រពៃណីខ្មែរបែបព្រះពុទ្ធសាសនាដើម្បីអប់រំអ្នកបួសឬអ្នកកាន់ព្រះពុទ្ធសាសនាទាំងអស់ឱ្យមានសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តហើយអាចរស់នៅសុខសាន្តក្នុងសង្គមដោយលះបង់នូវអំពើទុច្ចរិក ការបៀតបៀនការឈ្នានីសនិងគុំគួនសងសឹកជាដើម។ ទោះយ៉ាងណាព្រះអង្គថា មូលហេតុនាំឱ្យកម្ពុជាឈានដល់ការបែកបាក់ជាតិមកដល់ពេលនេះ ដោយសារអ្នកនយោបាយ ជាពិសេសលោក ហ៊ុន សែន មិនបានប្រតិបត្តិតាមធម៌អប់រំរបស់ព្រះសម្មាសម្ពុទ្ធឱ្យបានត្រឹមត្រូវ។ ផ្ទុយទៅវិញព្រះអង្គថា លោក ហ៊ុន សែន បែរជាសាងអំពើបាបពោលពាក្យសម្តីអសុរោះជេរប្រមាថ ជាហូហែ ដែលផ្តល់គម្រូអាក្រក់ដល់សង្គមទៅវិញ។ ព្រះអង្គផ្តល់ឱវាទដល់លោក ហ៊ុន សែន គួរទៅវត្តរៀនធម៌អប់រំចិត្ត រក្សាសីលជាមួយព្រះសង្ឃ ដើម្បីដាសតឿនផ្លូវចិត្ត លះបង់អំពើអាក្រក់ចោល ហើយងាកមកធ្វើអំពើល្អតាមរយៈការដឹកនាំប្រទេសបែបព្រះធម៌វិញ៖
«សេចក្តីសុខនិងសន្តិភាពកើតឡើងបានដោយការមិនចងកម្មចងពៀរមិនចងវិវាទជាមួយគ្នាហ្នឹងចុះយើងអត់មានអ៊ីចឹងផងហ្នឹងយើងម្នាក់ៗគឺលោក ហ៊ុន សែនអីគិតខំប្រឹងចងកម្មចងពៀរជាមួយប្រជាជន ព្រះសង្ឃ គណបក្សប្រឆាំង អ្នកការពារសិទ្ធិមនុស្ស អ្នកការពារព្រៃឈើ អង្គការសង្គមស៊ីវិលនៅពេលបច្ចុប្បន្ននេះតើទៅរកធម៌ឯណា ហ៊ុន សែន ហ្នឹងគឺគ្មានធម៌ទេ»។
ចំណែកព្រះតេជព្រះគុណ ហេង គឹមឡាយ ដែលកំពុងភៀសព្រះកាយនៅប្រទេសថៃមានថេរដីកាថា ព្រះពុទ្ធសាសនាបានចូលរួមចំណែកកសាងសន្តិភាព និងអប់រំមនុស្សនៅក្នុងសង្គមឱ្យប្រព្រឹត្តអំពើល្អ។ ប៉ុន្តែព្រះអង្គថា ទង្វើរបស់លោក ហ៊ុន សែន កំពុងអនុវត្តផ្ទុយពីព្រះពុទ្ធឱវាទ ព្រោះលោក ហ៊ុន សែន តែងតែសាងអំពើបាបដូចជា ការធ្វើទុក្ខបុកម្នេញ គំរាមកំហែងព្រះសង្ឃ និងពលរដ្ឋខ្មែរណាដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាលរបស់លោក។ ព្រះអង្គថាសាររបស់លោក ហ៊ុន សែន ចំថ្ងៃបុណ្យមាឃបូជានេះគឺជាសារនយោបាយទាញយកព្រះពុទ្ធសាសនាដើម្បីកេងចំណេញប្រយោន៍នយោបាយតែប៉ុណ្ណោះ៖
«តាមមេរៀនព្រះពុទ្ធសាសនា(មេដឹកនាំ)ត្រូវមានទសពិធរាជធម៌ ឬធម៌ទាំងមានមេត្តា ករុណាធ្វើអំពើល្អដាក់ពលរដ្ឋចេះយោគយល់ជាដើម(លោក ហ៊ុន សែន)។និយាយសន្តិភាពបង្រួបបង្រួមជាតិស្អីបើរាល់ថ្ងៃគាត់កំពុងដើរបំបែកបំបាក់ជាតិគាត់ដើរអុជអាលអ្នកនៅក្រៅប្រទេសគាត់ដើរសម្លុតអ្នកខាងក្នុងប្រទេសបែកបាក់គ្នាបំបែកបំបាក់បក្សប្រឆាំងតើនយោបាយអ៊ីចឹងគាត់និយាយត្រូវតែទង្វើគាត់អនុវត្តខុស»។
ថ្ងៃប្រារព្ធពិធីបុណ្យមាឃបូជានេះពុទ្ធសាសនិកភាគច្រើនបានធ្វើចង្ហាន់ដើម្បីប្រគេនព្រះសង្ឃនៅតាមវត្តអារាមនិងបង្ហាះរូបថតព្រោងព្រាតនៅតាមបណ្តាសង្គមដោយបួងសួងសុំសេចក្តីសុខចម្រើនជាដើម។ ស្របគ្នានេះ ពុទ្ធបរិស័ទនៅតាមវត្តអារាមមួយចំនួនក៏បានដង្ហែក្បួនដាក់បង្ហាញគំនូរដែលនិយាយពីពុទ្ធប្រវត្តិដែរ។
ការប្រារព្ធពិធីបុណ្យមាឃបូជាដែលពុទ្ធបរិស័ទបច្ចុប្បន្នធ្វើ គឺដើម្បីរំឭកដល់ព្រះមហាករុណាទិគុណព្រះសម្មាសម្ពុទ្ធ ដែលទ្រង់ប្រជុំចតុរង្គសន្និបាតឬសម្ដែងឱវាទបាតិមោក្ខនិងកាលដែលទ្រង់ដាក់អាយុសង្ខារក្តីណានោះគឺការគោរពបូជាមិនមែនសំដៅយកតែចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តនោះទេការបូជាដ៏សំខាន់ក្នុងថ្ងៃមាឃបូជាគឺពុទ្ធបរិស័ទទាំងអស់គប្បីគោរពតាមពុទ្ធឱវាទដូចជានាំគ្នារក្សាសីល រួមមានសីល៥ សីល៨ ជាដើម។
អ្នកសិក្សាផ្នែកព្រះពុទ្ធសាសនាណែនាំថា ពុទ្ធសាសនិកគួរនាំគ្នាបដិបត្តិធម៌វិបស្សនាកម្មដ្ឋាន និងចម្រើនមេត្តាភាវនាផងដែរ ដើម្បីឧទ្ទិសកុសលផលបុណ្យទាំងអម្បាលម៉ាននេះ ជូនដល់បុព្វការីជន មាតាបិតា ជីដូនជីតា និងសព្វសត្វទាំងអស់ ឲ្យបានដល់នូវសេចក្តីសុខ ពិសេសឲ្យបានដល់មនុស្សទូទៅក្នុងសង្គមជាតិខ្មែរ ដែលសព្វថ្ងៃកំពុងជួបបញ្ហាលំបាកផ្នែកនយោបាយ មានអំពើហិង្សាឲ្យបានស្បើយពីបញ្ហានេះនិងបានចុះសម្រុងគ្នាឡើងវិញ ដើម្បីរួមគ្នាកសាងកម្ពុជាឲ្យមានសុខសន្តិភាព និងចម្រើនរុងរឿងតទៅមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។