បក្សនយោបាយជជែក​គ្នា​ទាមទារ​រដ្ឋា​ភិបាល​កែ​លម្អ​ស្ថាប័ន គ.ជ.ប មុន​ការ​បោះ​ឆ្នោត​តំណាង​រាស្រ្ត

ដោយ មាន ឫទ្ធិ
2022.07.03
បក្សនយោបាយជជែក​គ្នា​ទាមទារ​រដ្ឋា​ភិបាល​កែ​លម្អ​ស្ថាប័ន គ.ជ.ប មុន​ការ​បោះ​ឆ្នោត​តំណាង​រាស្រ្ត ប្រជាពលរដ្ឋ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្តិទី៥ កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។
រូប៖ AFP

គណបក្ស​​នយោ​បាយ​​មួយ​ចំនួន​​គ្រោង​​ដាក់​​លិខិត​រួម​គ្នា ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើ​ការ​កែលម្អ​ចំណុច​ខ្វះខាត​របស់​គណៈកម្មា​ធិការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) មុន​ការ​បោះ​ឆ្នោត​តំណាង​រាស្រ្ត អាណត្តិទី៧ ដើម្បី​ធានា​ការ​ប្រកួត​ប្រជែង​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ព្រម​ទាំង​​​បញ្ចៀស​​​ការ​​រិះ​គន់ និង​​ការ​​​ដាក់​​​សម្ពាធ​​​នា​​នា ពី​​​សហគមន៍​​​អន្តរ​​ជាតិ។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​គណបក្ស​​ទាំង​នោះរក​ឃើញ​ថា ដំណើ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ អាណត្តិ​ទី​៥ គឺ​មាន​ភាព​មិន​ប្រក្រតី​ដោយ​ស្ថិត​ក្រោម​បរិយា​កាស​នយោ​បាយរឹត​ត្បិត និង​គំរាម​កំហែង។

គណបក្ស​នយោ​បាយ​ចំនួន៥ ដូច​ជា​ គណបក្ស​ភ្លើង​ទៀន ប្រជា​ធិប​តេយ្យ​មូលដ្ឋាន ឆន្ទៈ​ខ្មែរ កែ​ទម្រង់​កម្ពុជា និង​បក្ស​កម្ពុជា​និយម​គ្រោង​ដាក់​លិខិត​ស្នើ​រួម​គ្នាទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​ដើម្បី​ឱ្យ​កែ​លម្អ​ចំណុច​ខ្វះខាត គ.ជ.ប  ក្រោយ​ពី​ដំណើរ​បោះឆ្នោត​កន្លង​មក​​ប្រព្រឹត្ត​ទៅមានភាព​​​មិន​ប្រក្រតី និង​មិន​ស្មើ​ភាព​គ្នា។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក សុន ឆ័យ ថ្លែង​​​​​ប្រាប់​​​​​វិទ្យុ​​​​អាស៊ី​​​សេរី​នៅ​ថ្ងៃ​ទី៣ ខែកក្កដា​ថា​​ គណបក្ស​របស់​លោក​បាន​ជួប​ជា​មួយ​បក្ស​ផ្សេង​ទៀត​ចំនួន​ពីរដង​រួច​មក​ហើយ​ក្នុង​ការរៀបចំ​សេចក្តី​ព្រាង​ទាក់​ទង​បញ្ហា​បច្ចេក​ទេស​បោះ​ឆ្នោត ដំណើរ​ការ​បោះឆ្នោត​ដែល​ពួក​លោក​បាន​រក​ឃើញ​កន្លង​មក ដើម្បី​ស្នើ​កែលម្អស្ថាប័នរៀបចំ​ការ​បោះ​ឆ្នោត​ឱ្យ​មាន​បរិយា​កាស​ល្អ និង​ឆ្លើយ​តប​ឆន្ទៈ​ប្រជា​ពលរដ្ឋ​នាពេល​ខាង​មុខ។ លោកបន្ត​ថា ​សំណើ​សំខាន់ៗ​ដែល​បាន​លើក​មក​ពិភាក្សា និងគ្រោង​ដាក់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ​នោះ ​រួមមាន​ សមាជិក​នៃ​ថ្នាក់​ដឹក​នាំ គ.ជ.ប ត្រូវ​ផ្តល់​លទ្ធភាព​ឱ្យ​បក្ស​នយោ​បាយ​ដទៃ ការ​ជ្រើស​រើស​មន្រ្តី​បោះ​ឆ្នោត​ត្រូវធ្វើ​ឡើង​ដោយ​តម្លា​ភាព​ដោយ​មិន​ប្រកាន់​និន្នា​ការ​នយោ​បាយ ត្រូវ​បើកការិយា​ល័យរាប់​សន្លឹក​ឆ្នោត​ឱ្យ​ពលរដ្ឋ​តាម​ឃ្លាំ​មើល និង​ត្រូវ​ចាត់​វិធាន​ការ​ទប់​ស្កាត់​ចំពោះមន្រ្តី​មូល​ដ្ឋាន​ដែល​គំរាម​កំហែង បំភិត​បំភ័យ​ពលរដ្ឋ ហើយ​មន្រ្តី​រាជ​ការ​ត្រូវ​រក្សាព្យាក្រិត្យ​មិន​បម្រើ​គណបក្ស​នយោ​បាយ​ជា​ដើម៖ «..ប ត្រូវ​តែ​អព្យា​ក្រិត្យ ត្រូវ​តែ​ធ្វើ​ឱ្យ​មាន​ការ​ជឿ​ទុក​ចិត្ត​ ​ក្នុងការ​ប្តឹង​​ផ្តល់​មិន​ឱ្យ​រិះគន់​សកម្មភាព​មិន​ប្រក្រតី​របស់ គ..ប ហ្នឹង​មិន​ត្រឹម​ត្រូវ​ទេ ដូច្នេះ​ការ​លើក​ឡើង​ដែល​ជា​សំណូម​ពរ​នេះ ដើម្បី​ឱ្យ​មាន​ការ​កែលម្អ ហើយ​ដឹងហើយ​ថា​ យើង​ជា​អ្នក​ចូល​រួម​បោះ​ឆ្នោត​ត្រូវ​ការ​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រៀបចំឱ្យ​យើង​ជឿ​ទុក​ចិត្ត​បាន»

ស្រដៀង​គ្នា​នេះ​ដែរ អនុ​ប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា​លោក អ៊ូ ច័ន្ទរ័ត្ន មើលឃើញ​ថា​ បរិយាកាស​​បោះ​ឆ្នោត​​​ជ្រើស​​រើស​​ក្រុម​​ប្រឹក្សា​​ឃុំ សង្កាត់ថ្មីៗ​នេះ មិន​សេរី និង​យុត្តិធម៌​សម្រាប់​បក្ស​នយោ​បាយ​ចូល​រួម​ប្រកួត​នោះ​ទេ ​ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​បាន​ប្រើ​​រូបភាព​គំរាម​កំហែង​សកម្ម​ជន​បក្ស​នយោ​បាយ និងរំលោភ​ច្បាប់​បោះ​ឆ្នោត ដែល​នាំ​ឱ្យ​មាន​ការរើស​អើង​និន្នាការ​​នយោ​​បាយ​ដោយ​ខ្លាចបាត់​បង់​អំណាច។

លោក អ៊ូ ច័ន្ទរ័ត្ន ឱ្យ​ដឹង​ថា​ គណបក្ស​របស់​លោក​និង​គណបក្សដទៃ​ទៀត​ បាន​ជួប​ពិភាក្សា​គ្នា​រៀបចំ​សំណើ​រួម​ជាង​១០ចំណុច ដោយ​​គ្រោង​បញ្ចាប់​ឆាប់ៗ​នេះ ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​តស៊ូ​មតិ និង​ទាមទារ​កែ​ទម្រង់​ស្ថាន​ប័ន​ គ.ជ.ប និង​នីតិ​វិធី​មួយ​ចំនួន​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តាំង​តំណាង​រាស្រ្ត៖ «ជៀស​វាង​ពី​ការ​ចូល​រួម​ប្រកួត​ប្រជែង​បាន​ទេ ប៉ុន្តែ​យើង​ត្រូវជំរុញ​ការ​តស៊ូ​មតិ​ដើម្បី​ឱ្យ​មាន​ការ​កែប្រែ​ខ្លះ​សម្រាប់​​ការ​បោះ​ឆ្នោត​ហ្នឹង ដោយ​ធ្វើមិច​ឱ្យ​សុក្រិត្យ មន្រ្តី​នៅ​តាម​មូល​ដ្ឋាន​ក្តី គណបក្ស​នយោ​បាយ​ក្តី​ គោរព​ទៅ​តាមច្បាប់​ដែល​ដាក់​ចេញ​ដោយ គ..ប ខ្លួន​ឯង​ហ្នឹង​ផង»

រីឯ​អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​លោក ឡឹក សុធារ លើក​ឡើងថា ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ប្រព្រឹត្ត​ទៅ​ក្នុង​ស្ថាន​ភាពអាក្រក់​ជាង​ពេល​ណា​ទាំង​អស់ ចាប់​តាំង​ពី​កម្ពុជា​​រៀបចំ​បោះ​ឆ្នោត។ លោក​បន្តថា​ ដំណើរ​បោះឆ្នោត​នោះ​ គណបក្ស​របស់​លោក​ត្រូវ​ទទួល​​រង​​ការ​​កៀប​​សង្កត់ បំភិត​​បំភ័យ​ស្ទើរ​គ្រប់​រូបភាព ចំណែក​ គ..ប ទៀត​សោត​បាន​សម្រេច​លុបចោល​នីតិ​វិធី​មួយ​ចំនួន​ ដូច​ជា ​កំណត់​ហេតុ​រាប់​សន្លឹក​ឆ្នោត​ទម្រង់​១១០២។ លោកចង់​ឃើញ​រដ្ឋា​ភិបាល​មាន​ឆន្ទៈ​ទទួល​យក​ចំណុច​ខ្វះ​ខាត​ទៅកែ​លម្អ​ដើម្បី​ឱ្យ​អ្នកឈ្នះ​ដោយ​កិត្តិយស ហើយ​អ្នក​ចាញ់​ដោយ​អស់​ចិត្ត៖ «យើង​រក​ឃើញ​បញ្ហា​មួយ​ចំនួន​ដែល​បញ្ហាទាំង​អស់​នោះ ភាគច្រើន​យើង​អាច​ដោះ​ស្រាយ​បាន​ប្រសិន គ..ប និង​រដ្ឋា​ភិបាល​មាន​ឆន្ទៈ​ធ្វើ ព្រោះ​វា​មិន​មែន​ជា​រឿង​ធ្ងន់​ធ្ងរ​ទេ គ្រាន់​តែ​ថា ​រឿង​ទាំង​អស់​ហ្នឹង​វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់ដល់​ទំនុក​ចិត្ត តម្លា​ភាព អព្យា​ក្រិត្យ​ភាព​របស់​មន្រ្តី​រាជ​ការ​ស៊ីវិល​ជា​ដើម»

គណបក្ស​នយោ​បាយ​គ្រោង​ដាក់​សំណើ​រួមគ្នា​ទៅ គ..ប ក្រសួង​មហា​ផ្ទៃ គណបក្ស​ប្រជា​ជន​កម្ពុជា តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​អន្ត​រជាតិ​ខាងមុខ​នេះ។

ការ​​បោះ​ឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​ឃុំ​​សង្កាត់​​អាណត្តិ​​ទី​៥ ដែល​​កន្លង​​ផុត​​ទៅ​ថ្មីៗ​​នេះ គ.ជ.ប និង​​រដ្ឋា​ភិបាល​​លោក ហ៊ុន សែន ទទួល​​រង​​ការ​រិះគន់​​យ៉ាង​​ខ្លាំង​​ពី​សំណាក់​​ប្រជា​ពលរដ្ឋ សង្គម​​ស៊ីវិល និង​​បក្ស​​នយោ​បាយ​​មួយ​​ចំនួន​​ថា ការ​​បោះឆ្នោត​​នេះ មិន​​បា​ន​ប្រព្រឹត្ត​​ទៅ​​ដោយ​​សេរី ត្រឹម​ត្រូវ និង​​យុត្តិធម៌​​នោះ​​ទេ​។ ភាព​​មិន​ប្រក្រតី​​ទាំង​នោះ រួម​មាន វត្តមាន​​អាជ្ញាធរ​​នៅ​ក្នុង​​បរិវេណ​​នៃ​​ការិយា​ល័យ​​បោះឆ្នោត មេភូមិ​​ឬ​​មេឃុំ អង្គុយ​​ចាំ​​កត់​​ឈ្មោះ​​អ្នក​​មក​​បោះ​ឆ្នោត និង​​បិទ​ទ្វារ​ការិយាល័យ​​មុន​​ដំណើរ​ការ​​រាប់​​សន្លឹក​ឆ្នោត​ជា​ដើម ខណៈ​មន្រ្តី​​ស្ថាប័ន​​បោះ​​ឆ្នោត​ពី​​ថ្នាក់​​លើ​​រហូត​​ដល់​ថ្នាក់​​ក្រោម​​សុទ្ធ​​សឹង​​ជា​​មន្រ្តី​​មក​​ពី​​គណបក្ស​​ប្រជា​​កម្ពុជា។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន និង​អ្នក​នាំ​ពាក្យ​គណៈកម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (..លោក ហង្ស ពុទ្ធា ដើម្បី​បញ្ជាក់​​ជុំវិញរឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៣ ខែកក្កដា។ ប៉ុន្តែ​កន្លង​មក​លោក ហង្ស ពុទ្ធា ធ្លាប់​អះអាង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​​ ដំណើរ​​ការ​​​នៃ​​ការ​​បោះ​​ឆ្នោត​​​នោះ​​​​បាន​​​ប្រព្រឹត្ត​​ទៅ​រលូន ​ដោយ​​មាន​​​សន្តិ​សុខ សុវត្ថិ​​ភាព និង​​សណ្តាប់​​ធ្នាប់​​​ល្អ ដែល​​ធ្វើ​​ឱ្យ​​អ្នក​​សង្កេតការណ៍​​ជាតិ និង​​អន្តរ​ជាតិ​​បាន​​ចេញមក​​ប្រកាស​ទទួល​​ស្គាល់។ ទោះយ៉ាង​ណា​​លោក​​ថា គ..ប នឹង​​ទទួល​យក​​អនុសាសន៍​​របស់​ភាគី​ពាក់​ព័ន្ធ ដើម្បី​​ឱ្យ​​ការ​​បោះ​ឆ្នោត​ល្អ​​ប្រសើរ​ឡើង។

ជុំវិញ​​​រឿង​​​នេះ ប្រធាន​គណៈកម្មា​ធិការ​​អព្យា​ក្រិត្យ​ និង​​យុត្តិធម៌​​ដើម្បី​​ការ​បោះឆ្នោត​​ដោយ​​សេរី​ និង​​ត្រឹមត្រូវ​​នៅកម្ពុជា​​ហៅ​កាត់​ថា​ និចហ្វិច ​លោក សំ គន្ធាមី ​មាន​ប្រសាសន៍​ថា គណ​បក្ស​នយោបាយ​​ដែល​ចូល​រួម​​បោះឆ្នោត​ឃុំ​សង្កាត់គ្រោង​រួមគ្នា​ដាក់​សំណើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដោះ​ស្រាយ​នូវ​កង្វល់ ឬសំណូមពររបស់​ពួក​គេ គឺ​ជា​រឿង​ល្អ​ក្នុង​សង្គម​ប្រជា​ធិប​តេយ្យ ដើម្បី​កែលម្អ​ចំណុច​ខ្វះ​ខាត និង​ធានា​ការ​បោះឆ្នោត​លើក​ក្រោយ​ប្រព្រឹត្ត​ទៅ​ដោយ​រលូត។​ លោក​យល់​ថាការដែល​គណបក្ស​​នយោ​បាយ​លើក​ឡើង​រួមគ្នា​ស្នើ​ទៅ​រដ្ឋា​ភិបាល​បែបនេះ​អាច​មានប្រសិទ្ធ​ភាព៖ «ល្អត្រង់​ចំណុច​មួយ​ដែល​ពួក​គាត់​បាន​ជួប​ជុំ​គ្នាកុំ​ដាក់​មួយៗព្រោះ​វា​អត់​មាន​កម្លាំង ដើម្បី​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ដូច​ជា ​គ..ប ឬ​ក៏​រដ្ឋាភិបាល​ក្តី ឬតំណាង​រាស្រ្ត​ធ្វើ​វិសោធ​កម្ម​ច្បាប់ បទ​បញ្ហា នីតិ​វិធី»

កាល​ពី​​ថ្ងៃ​ទី​៣០ ខែ​មិថុនា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​កំណត់​​យក​​ថ្ងៃ​អាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយ​​ប្រជា​ពលរដ្ឋ​​ខ្មែរ​ដែល​​មាន​​ឈ្មោះ​​ក្នុង​​បញ្ជី​​បោះ​ឆ្នោត​​ផ្លូវការ ឆ្នាំ​​២០២២ គឺ​ជា​​អ្នក​បោះ​ឆ្នោត​ជ្រើស​តាំង​​តំណាង​រាស្ត្រ នីតិ​កាល​ទី​៧​។ គ.ជ.ប ឲ្យ​​ដឹង​​ដែរ​​ថា ការ​ពិនិត្យ​បញ្ជី​​ឈ្មោះ និង​​ការ​​ចុះ​ឈ្មោះ​​បោះ​ឆ្នោត ឆ្នាំ​២០២២ នឹង​​ប្រព្រឹត្ត​ទៅ​​ចាប់​ពី​​ថ្ងៃ​ទី​២០ ខែ​តុលា រហូត​​ដល់​​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ ខាងមុខនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន បញ្ចេញ​សារ​រឿង​បដិសេធ​យុវជន​ម្នាក់​នៅ​ជប៉ុន​ស្នើ​សុំ​ធ្វើជា​ទីប្រឹក្សា​ជា​នយោបាយ​ប្រជាភិថុតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។