អ្នកនយោបាយផ្ញើសារជូនពរពលរដ្ឋខ្មែរក្នុងឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០១៦
2015.12.31
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃទី៣១ ខែធ្នូ ដែលជាថ្ងៃចុងក្រោយដាច់ឆ្នាំចាស់ឆ្នាំ២០១៥ ឈានចូលឆ្នាំថ្មីឆ្នាំ២០១៦ បានសរសេរជូនពរឲ្យពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ឲ្យទទួលបាននូវពន្លឺយុត្តិធម៌ក្នុងឆ្នាំថ្មី តាមការចង់បានរបស់ពលរដ្ឋ។ ចំណែកអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជូនពរឲ្យពលរដ្ឋទទួលបានសិទ្ធិសេរីភាព ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំឲ្យពលរដ្ឋបើកបរគោរពច្បាប់ចរាចរណ៍ក្នុងឆ្នាំថ្មី។
មុនថ្ងៃឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០១៦ ចូលមកដល់ គេឃើញមានសារជូនពរឆ្លើយឆ្លងគ្នាជាបន្តបន្ទាប់ ត្រូវបានផ្ញើចេញពីមួយទៅមួយ ជាពិសេសពីមន្ត្រីថ្នាក់ក្រោមទៅកាន់ចៅហ្វាយនាយរបស់ខ្លួន នៅតាមស្ថាប័នរដ្ឋនានា ឬពីតំណាងនៃស្ថាប័នកំពូលមួយទៅតំណាងស្ថាប័នកំពូលមួយផ្សេងទៀត ជាដើម។
នៅក្នុងសារទាំងអស់នោះ មន្ត្រីថ្នាក់ក្រោមភាគច្រើនបានជូនពរចៅហ្វាយនាយរបស់ពួកគេ ទទួលបាននូវសេចក្តីសុខក្នុងឆ្នាំខាងមុខ និងបានកោតសរសើរពីស្នាដៃដឹកនាំការងាររបស់ចៅហ្វាយនាយពួកគេ និងសមិទ្ធផលនានាដែលសម្រេចបានក្នុងឆ្នាំចាស់កន្លងទៅ។
ចំណែកអ្នកនយោបាយវិញ ក៏បានផ្ញើសារទៅកាន់ពលរដ្ឋក្នុងខ្លឹមសារខុសៗគ្នានៅក្នុងឆ្នាំថ្មីនេះ។
ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលពេលនេះកំពុងរត់គេចពីការតាមចាប់ខ្លួន និងកំពុងស្នាក់នៅក្រៅប្រទេស បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី៣១ ធ្នូ ថា ក្នុងឆ្នាំថ្មីនេះ លោកសូមជូនពរឲ្យពលរដ្ឋខ្មែរក្នុង និងក្រៅប្រទេស មានសុខភាពល្អ និងសុភមង្គល។
យ៉ាងណាលោកថា លោកនៅតែនឹកដល់ពលរដ្ឋខ្មែរជាច្រើនដែលកំពុងរងគ្រោះដោយអំពើអយុត្តិធម៌គ្រប់បែបយ៉ាង ដោយសារការរឹបអូសដីធ្លី ផ្ទះសម្បែង និងការធ្វើទុក្ខបុកម្នេញនៅកម្ពុជា។ លោក សម រង្ស៊ី សង្ឃឹមថា ពលរដ្ឋរងគ្រោះទាំងអស់នេះ នឹងចាប់ផ្តើមឃើញពន្លឺសន្តិភាពក្នុងឆ្នាំថ្មី។
ទាក់ទងនឹងរឿងរ៉ាវប្រទេសជាតិវិញ លោក សម រង្ស៊ី ប្ដេជ្ញាថា នឹងខិតខំធ្វើយ៉ាងណាឲ្យខ្មែរមកពីគ្រប់គណបក្ស និងគ្រប់និន្នាការនយោបាយ ជានា ស្រុះស្រួលគ្នា និងពួតដៃគ្នាជាមហាគ្រួសារតែមួយ ដើម្បីថែរក្សា ការពារ និងអភិវឌ្ឍជាតិ។
ចំណែកអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា វិញ ក្រៅតែពីជូនពរឲ្យពលរដ្ឋទទួលបាននូវសេចក្តីសុខសន្តិភាព សិទ្ធិសេរីភាព និងសុភមង្គលនោះ តាមរយៈវីដេអូឃ្លីប (video clip) ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក អនុប្រធានបក្សប្រឆាំងរូបនេះ ក៏បានអំពាវនាវឲ្យអ្នកនយោបាយខ្មែរទាំងអស់ បញ្ឈប់នូវការគុំកួន សងសឹក គំរាមកំហែង និងបំភិតបំភ័យគ្នាទៅវិញទៅមក ហើយត្រូវជួបជជែកគ្នាដើម្បីបញ្ចប់នូវកម្ដៅនយោបាយដែលកំពុងកើតមាន ហើយដែលធ្វើឲ្យពលរដ្ឋភ័យខ្លាច៖ «ឆ្នាំថ្មីឆ្នាំ២០១៦ នេះ គឺសុំឲ្យនាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមផ្សះផ្សាជាតិ ដើម្បីឈានទៅរកការទុកចិត្តគ្នារវាងខ្មែរ និងខ្មែរ ដើម្បីឲ្យប្រជាពលរដ្ឋយើងមានក្តីសង្ឃឹមពីវាសនាអនាគតរបស់ពួកគាត់ ជាពិសេសដើម្បីឲ្យយុវជនខ្មែរអាចទទួលបាននូវអនាគតដ៏រុងរឿងទៅថ្ងៃមុខ»។
ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ បន្ថែមទៅលើការណែនាំឲ្យពលរដ្ឋបើកបរគោរពច្បាប់ចរាចរណ៍ និងមានសុវត្ថិភាពក្នុងឆ្នាំថ្មី និងទទួលបានពុទ្ធពរទាំង ៤ប្រការនោះ លោក ហ៊ុន សែន បានសរសេរនៅទំព័រហ្វេសប៊ុកបង្ហាញក្តីរីករាយរបស់លោក ដែលបានទៅលេងកម្សាន្តនៅមាត់សមុទ្រខេត្តព្រះសីហនុ ជាមួយក្រុមគ្រួសារ។
ក្រៅពីនេះ លោក ហ៊ុន សែន ក៏បានរម្លឹកពីជីវិតគ្រួសារដែលបានរៀបការជាមួយភរិយាលោកជិត ៤០ឆ្នាំមកហើយ។ លោក ហ៊ុន សែន ក៏បានបង្ហោះរូបដែលលោកថតពីរនាក់ជាមួយភរិយារបស់លោកនៅមាត់សមុទ្រ ហើយបានសរសេរថា «ស្នេហ៍វ័យចំណាស់ ចេះថ្នាក់ថ្នមខ្លួន»៕