អាជ្ញាធរស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅថ្ងៃទី១២ ខែកក្កដា បានធ្វើដំណើរទៅកាន់តំបន់ព្រំដែនមានទំនាស់ជាមួយភាគីវៀតណាម ដែលបានជីកស្រះចំនួន៨ ក្នុងតំបន់ព្រំដែនហាមឃាត់ ដើម្បីពិនិត្យមើលកិច្ចសន្យាលុបស្រះចំនួនបីរបស់ភាគីវៀតណាម។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (adhoc) ខេត្តរតនគិរី លោក ឆាយ ធី ដែលបានចូលរួមសង្កេតការណ៍ករណីនេះមានប្រសាសន៍បញ្ជាក់ថា ក្រុមអាជ្ញាធរស្រុកអូរយ៉ាដាវ មានគ្នាប្រមាណ ២៥នាក់ ចំណែកតម្រួតព្រំដែនវៀតណាម មានគ្នា ១០នាក់។ លោកកត់សម្គាល់ថា ជំនួបភាគីទាំងពីរមិនមានលទ្ធផលអ្វីទេ ពីព្រោះតម្រួតព្រំដែនវៀតណាម អះអាងថា រង់ចាំអាជ្ញាធរខេត្តទាំងពីរជួបគ្នាសម្រេចបញ្ហានេះ៖ «មន្ត្រីប៉ុស្តិ៍វៀតណាម គាត់បានទទួលស្គាល់ថា គាត់បានទទួលដំណឹងពីការលុបស្រះនេះដែរ ក៏ប៉ុន្តែមិនទាន់ដាក់ផែនការលុប លុះត្រាខេត្តវៀតណាម និងកម្ពុជា យើងជួបពិភាក្សាគ្នាដាក់ផែនការលុប។ ដោយឡែកប៉ុស្តិ៍វៀតណាម ក្នុងកម្ពុជា មិនបានដឹងច្បាស់ថា ស្រះចំនួនបីនៅចំនិយាមកាចំណុចណានៅឡើយទេ»។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញថ្ងៃទី១០ កក្កដា ឲ្យដឹងថា កម្ពុជា ស្នើសុំឲ្យវៀតណាម លុបស្រះចំនួន ៨កន្លែង ដែលក្រសួងការបរទេស ធ្វើកំណត់ទូតតវ៉ា ២ដង កាលពីថ្ងៃទី១២ និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥។ ចំណែកអនុរដ្ឋមន្ត្រីការបរទេសវៀតណាម សន្យាថា នឹងលុបស្រះចំនួន៣។ រីឯស្រះ៥ ទៀត ក្រុមបច្ចេកទេសចម្រុះនៃគណៈកម្មការព្រំដែនប្រទេសទាំងពីរ នឹងចុះទៅពិនិត្យមើលជាក់ស្ដែង តែក្នុងនោះមានស្រះ២ ជាស្រះចាស់យូរមកហើយ។
យ៉ាងណាក៏ដោយ សហគមន៍ភូមិឡំ មានភូមិសាស្ត្រជាប់នឹងតំបន់ព្រំដែនមានជម្លោះ អំពាវនាវឲ្យគណៈកម្មការចម្រុះព្រំដែនខ្មែរ ពិនិត្យករណីស្រះ៥ ទៀតដែលភាគីវៀតណាម មិនទាន់សន្យាលុប ពីព្រោះអ្នកភូមិដឹងថា ស្រះបីក្នុងចំណោមស្រះ៥ នោះ គឺភាគីវៀតណាម ទើបជីកថ្មីៗដូចគ្នា និងស្រះពីរទៀត ជីកក្នុងអំឡុងឆ្នាំ២០១៤ តែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
