តុលាការ​​ផ្ដន្ទាទោស​​​​​សកម្មជន​បក្ស​​ប្រឆាំង​​៩​​នាក់​​ ដាក់​​ពន្ធនាគារ​​​ចាប់​​ពី​​១​​ឆ្នាំ​ឡើង ​ពាក់ព័ន្ធ​​ការ​​តវ៉ា​​​នៅ​​មុខ​​ស្ថានទូត​ចិន​

0:00 / 0:00

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​​នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែ​សីហា​ បាន​ប្រកាស​សាលក្រម​​ផ្ដន្ទាទោស​​​​​​សកម្មជន​បក្ស​ប្រឆាំង​ចំនួន​​ ៩នាក់​​ ដាក់​ពន្ធនាគារ​​​ចាប់​ពី​​ ១២​ខែ ដល់ ​២០​ខែពី​បទ​ផ្ដើម​គំនិត និង​ញុះញង់ ពាក់ព័ន្ធ​នឹងការ​តវ៉ា ​នៅ​មុខ​ស្ថានទូត​ចិន ​​​កាល​ពី​ឆ្នាំ​២០២០​​​។ សាច់ញាតិ​និង​សង្គម​ស៊ីវិល​​សោកស្ដាយ​ចំពោះ​​សាល​ក្រម​នេះ និង​ទាមទារ​ឲ្យ​តុលាការ​​​ទម្លាក់​បទ​ចោទ។

នៅ​មុន​​ពេល​ប្រកាស​សាលក្រម​បន្តិច​ សកម្មជន​​ជាប់​ឃុំ​ម្នាក់ គឺ​លោកស្រី លឹម សាន ​បាន​រាយ​ការណ៍​​ប្រាប់​តុលាការ​​អំពី​​ស្ថានភាព​​ក្នុង​ពន្ធនាគារ​ ម២​ ថា ​មាន​ការ​រំលោភ​សិទ្ធិ​អ្នក​ជាប់​ឃុំ​​ ​​ការ​​​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​អ្នក​ជាប់​ឃុំ​​ដែល​មាន​ជំងឺ​ និង​មាន​​​ឆ្មាំ​ពន្ធនាគារ​ខ្លះ​​ជេរ​ប្រមាថ​អ្នក​ជាប់​ឃុំជាដើម​។

Detainees_female_from_CC2_Correction_Center.jpg
ឡានដឹកអ្នកទោសស្ត្រី ពី​មណ្ឌល​អប់រំកែប្រែ "ម២" យក​មក​ធ្វើ​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី២ ខែសីហា ឆ្នាំ២០២១។ រូបពីវីឌីអូពលរដ្ឋផ្ដល់ឱ្យ

ទោះ​យ៉ាង​ណា​ ក្រោយ​ការ​ស្ដាប់​សេចក្ដី​រាយការណ៍​រួច​ មន្ត្រី​តុលាការ​មិន​បាន​​សន្យា​ដោះ​ស្រាយ​​បញ្ហា​នេះ​យ៉ាង​ណា​ទេ​ តែ​បាន​​បន្ត​នីតិវិធី​ប្រកាស​សាលក្រម​​។ ​តុលាការ​បាន​ប្រកាស​សាលក្រម​កំបាំង​មុខ​​ផ្ដន្ទាទោស​​អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ម្នាក់ គឺ​លោក ហូ វ៉ាន់ និង​សកម្មជន​​ម្នាក់​ គឺ​លោក សាន សីហៈ​ ដែលកំពុងភៀសខ្លួននៅ​ក្រៅ​ប្រទេស​ឲ្យ​ជាប់​ពន្ធនាគារ ​២០​ខែ ​ពី​បទ​ផ្ដើម​គំនិត​ក្នុង​អំពើ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​​ដល់​សន្តិសុខ​សង្គម។

ចំណែក​​សកម្មជន ​៤នាក់​ទៀត គឺលោកស្រី ហុង អាន ​​លោកស្រី លឹម សាន លោកស្រី យ៉យ ស្រីមុំ និង​​លោក តុន និមល​ ជាប់​ពន្ធនាគារ​ ១៨​ខែ ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​​ដល់​សន្តិសុខ​សង្គម។ ឯ​សកម្មជន​ ៣នាក់​ទៀត គឺ​លោកស្រី ប៉ៃ រ៉េន លោកស្រី សាន ស្រីនាថ និង​លោកស្រី សាត ផា ផ្ដន្ទាទោស​ ១២​ខែ ក្នុង​​បទ​ចោទ​​ញុះញង់​ដូច​គ្នា និង​ពិន័យ​ប្រាក់​ម្នាក់​ពីរ​លាន (២លាន) ​រៀល​។​​​

Detainees_Male_truck_from_CC1_Correction_Center.jpg
ឡានដឹកអ្នកទោសប្រុស ពី​មណ្ឌល​អប់រំកែប្រែ ហៅ​កាត់ថា "ម១" យក​មក​ធ្វើ​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី២ ខែសីហា ឆ្នាំ២០២១។ រូបពីវីឌីអូពលរដ្ឋផ្ដល់ឱ្យ

ក្រោយ​​ប្រកាស​សេចក្ដី​សម្រេច​នេះ មន្ត្រី​តុលាការ​​មិន​​បាន​អនុញ្ញាត​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ទាំង​ ៧​នាក់ ​ដែល​មាន​វត្តមាន​​​​បញ្ចេញ​មតិ​​អ្វី​ឡើយ​ តែ​​បើក​ផ្លូវ​ឲ្យ​​​​​​​សកម្មជន​​​​ទាំង​អស់​ប្ដឹង​ឡើង​ទៅ​ឧទ្ធរណ៍ ក្នុង​ករណី​មិន​ពេញ​ចិត្ត​។

កូន​របស់​លោកស្រី លឹម សាន គឺលោកស្រី ផាន សាត ដែល​ចូល​ស្ដាប់​ការ​ប្រកាស​សាលក្រម​នេះ ​ហៅ​ការ​សម្រេច​ក្ដី​នេះ​ថា​ អយុត្តិធម៌។ លោកស្រីនៅ​តែ​អះអាង​ថា​ម្ដាយ​របស់​លោកស្រី​ធ្វើ​សកម្មភាព​សម្ដែង​មតិ​ស្រប​ច្បាប់​​​ហើយ​​មិន​មែន​ជា​ការ​ញុះញង់​ឡើយ។ លោកស្រី​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ និង​ដោះលែង​សកម្ម​ជន​​ទាំង​អស់​​ឲ្យ​មាន​សេរីភាព​វិញ៖ « គំនិត​ខ្ញុំ​ជា​កូន​ខ្ញុំ​ចង់​ ( ប្ដឹង ) ​ ទៅ​ឧទ្ធរណ៍​ទៀត ព្រោះ​ខ្ញុំ​អត់​សុខ​ចិត្ត​នឹង​សាលក្រម​ហ្នឹង​ទេ ដែល​កាត់​ទោស​ម៉ែ​ខ្ញុំ​ដែល​គាត់​គ្មាន​កំហុស គ្មាន​ខុស​អ្វី​សោះ។ ខ្ញុំ​អត់​យល់ស្រប ខ្ញុំ​អត់​សុខ​ចិត្ត ដែល​ម៉ែ​ខ្ញុំ​គ្មាន​កំហុស​អ្វី​ផង»។

អាស៊ី​សេរី មិន​អាច​សុំ​​ការ​បញ្ជាក់​បន្ថែម​ពី​មេធាវី​ការ​ពារក្តី​​សំណុំ​រឿង​នេះ គឺ​​លោក សំ សុគង់ បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​សីហា។ តែ​យ៉ាង​ណា លោក​ធ្លាប់​លើក​ឡើង​ថា ​សកម្មភាព​​​​​​តវ៉ា​​របស់​​កូន​ក្ដី​​​ជា​ការ​​​សម្ដែង​​មតិ ​ដែល​​ធានា​​ដោយ​រដ្ឋធម្មនុញ្ញ​ និង​កតិកា​សញ្ញា​អន្តរ​ជាតិ​​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ ដែល​បញ្ជាក់​ថា ​​រាល់​ការ​សម្ដែង​​មតិ​ពុំ​មែន​​ជា​បទ​ល្មើស​ទេ។

ចំណែក​​សង្គម​ស៊ីវិល​​​ក៏​និយាយ​ថា ​​​សកម្មភាព​តវ៉ា​ដោយ​សន្តិវិធី​នៅ​មុខ​ស្ថានទូត​ចិន​នោះ ជា​​ការ​សម្ដែង​មតិ​​ដែរ​។ ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ​​ និង​តស៊ូ​មតិ​​នៃ​សមាគម​​បណ្ដាញ​យុវជន​កម្ពុជា ​(CYN)​ ​លោក ហេង គឹមហុង ជំរុញ​ឲ្យ​​តុលាការ​​ពិចារណា​​​ការ​ផ្ដន្ទាទោស​ឡើងវិញ ព្រោះ​ការ​ឃុំ​ខ្លួន​​​ដោយ​អយុត្តិធម៌​ណា​មួយ​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ៖ « ខ្ញុំ​ជឿជាក់​ថា​ ប្រហែល​ជា​ពួកគាត់​យល់​ថា​ ប្រទេស​ចិន ដែល​ជា​ភាគី​ហត្ថលេខី​យ៉ាង​សំខាន់​ ដែល​គាំទ្រ​មក​នូវ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​សេរីភាព​សម្រាប់​ប្រទេស​ទើប​ពួកគាត់​ទាមទារ​ស្នើសុំ​ ហើយ​បើ​សិន​ជា​ការ​ទាមទារ​ស្នើសុំ​ជា​បទ​ល្មើស​ ខ្ញុំ​យល់​ថា ​មិន​គួរ​កើត​មាន​ទាល់​តែ​សោះ»

នគរបាល​បាន​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ទាំង ​៧​នាក់ ​ជា​បន្ត​បន្ទាប់​ដោយ​ចោទ​ថា​​ ការ​​​​ប្រមូល​ផ្ដុំ​គ្នា​​​នៅ​ខាង​មុខ​ស្ថាន​ទូត​ចិន​កាល​ពី​ខែ​តុលា ​ឆ្នាំ​២០​​​២០ ដែល​​​​ទាមទារ​​ឲ្យ​ចិន​គោរព​​កិច្ច​ព្រមព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស​​ ២៣​ តុលា​​ ជា​សកម្មភាព​ញុះញង់។ ក្រោយ​មក​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​​​ចោទ​ថា​​ លោក ហូរ វ៉ាន់ មន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​តវ៉ា​នោះ​។

រហូត​មក​ដល់​ពេល​នេះ​ មាន​​សកម្មជន​នយោបាយ សង្គម ព្រំដែន ​ បរិស្ថាន ​ ដីធ្លី គ្រូ​បង្រៀន ព្រះសង្ឃ ​យុវជន ​ក្មេង​​​​អាយុ​​​ក្រោម​ ១៨​ឆ្នាំ និង​អ្នក​​​ចម្រៀង សរុប​​​ជាង (៨០នាក់​​​ហើយ​ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​។​ ពួកគាត់​ភាគ​ច្រើន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់ និង​ចូលរួម​គំនិត​ក្បត់​។ ប៉ុន្តែ​ក្រុម​អ្នក​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរ​ជាតិ ហៅ​ការ​ចោទ​ប្រកាន់​​ទាំង​នោះ​ថា ​​​មាន​ចេតនា​បង្ក្រាប​​សំឡេង​រិះគន់​​។ ពួកគេ​ទាម​ទារ​ឲ្យ​​របប​ក្រុង​ភ្នំពេញ​និង​តុលាការ​ដោះលែង​​សកម្មជន​ទាំង​នោះ​វិញ ដោយ​ឥត​លក្ខខណ្ឌ​​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។