សកម្មជន​​បក្ស​​ប្រឆាំង​​ស្នើ​ទៅ​​តុលាការ​​ឲ្យ​កាត់​​ក្ដី​​ដោយ​​យុត្តិធម៌​ និង​​ស្នើ​​មេដឹកនាំ​​​នយោបាយ​​ចូល​​តុ​ចរចា​​​

0:00 / 0:00

សកម្មជន​​បក្ស​ប្រឆាំងកំពុងជាប់ឃុំ​បាន​​ស្នើ​ទៅ​តុលាការ​កាត់​ក្ដីឲ្យ​យុត្តិធម៌លើ​សំណុំរឿងពួកគេ​ និង​ស្នើ​មេដឹកនាំ​បក្សនយោបាយ​ចូល​តុ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ។ ការលើកឡើងបែបនេះ ខណៈ​ សាលាដំបូងរាជធានីភ្នំពេញ​គ្រោង​​នឹង​ប្រកាស​សាលា​ក្រមសំណុំរឿង​បទ​ចោទ​ «រួមគំនិត​ក្បត់​ និង​ញុះញង់​» ដែល​មាន​​កញ្ញា សេង ធារី និង​សកម្មជន​បក្ស​ប្រឆាំង៤រូបផ្សេងទៀត​នៅថ្ងៃ​ទី​១៤ ​​ខែ​មិថុនា ខាង​មុខ​​នេះ។

សកម្មជន​​គណបក្ស​សង្គ្រោះជាតិ៤នាក់​ដែល​កំពុង​ជាប់​ឃុំ​ ក្នុង​សំណុំរឿង «រួមគំនិត​ក្បត់​ និង​​ញុះញង់»​​ ប្រាប់​តុលាការ​ថា​ ​​​​ពួក​គាត់​​គ្មាន​បំណង​ក្បត់​ជាតិ​ គ្មាន​ចេតនា​​ញុះញង់​បង្ក​ហិង្សា ប៉ុន្តែ​ ពួកគាត់​ស្រលាញ់​ជាតិ​ ស្រលាញ់​​ពលរដ្ឋ​។​

សកម្មជន​បក្ស​ប្រឆាំង​លើកឡើង​​បែប​​នេះ​ ក្នុង​សវនាការ​ថ្ងៃ​ទី​៣​ ខែ​ឧសភា ​ដែល​ជា​សវនាការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​។​ ​​​ក្នុង​សវនាការ​នេះ​ តុលាការ​នៅ​តែ​គ្មាន​ភស្តុតាង​​រឹង​មាំ​ដាក់​​បន្ទុក​លើ​អ្នក​ទាំង​នោះ​​ឡើយ។ ​​តុលាការ​​បាន​​ត្រឹម​​​តែ​​ដក​​ស្រង​​សំដី​​លោក​ សម រង្ស៊ី ដែលបាន​ថ្លែង​តាម​សារព័ត៌មាន​ និង​ថ្លែង​តាម​ហ្វេសប៊ុក រួម​នឹងឯកសារ​ចោទប្រកាន់​មួយ​ចំនួន​​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​។​

នៅពេលសវនាការ តុលាការ​បាន​បង្គាប់​ឲ្យនាំ​ខ្លួន​​សកម្មជន​គណបក្ស​សង្គ្រោះជាតិដែល​កំពុង​ជាប់​នៅ​ពន្ធនាគារ​គឺ​​លោក​ កាក់ កុម្ភារ លោក ទំ ប៊ុនថន​ លោក ហេង ចាន់សុទ្ធី និង​​​អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​ជា​សកម្មជន​គណបក្ស​​ភ្លើងទៀន អ្នកស្រី​ យក់ នាង​​ បន្ត​ឆ្លើយ​បំភ្លឺ​ និង​លើក​សំណូមពរ​។​ សកម្មជន​បក្ស​​ប្រឆាំង​ទាំង​នោះ​​ក៏​បាន​ស្នើ​ទៅ​តុលាការ​​ឱ្យកាត់​ក្ដី​ដោយ​យុត្តិធម៌​ និង​ស្នើ​មេដឹកនាំ​​គណបក្សនយោបាយ​ចូល​តុ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ ក៏​ដូច​ជា​បញ្ឈប់​ការ​​ធ្វើ​ទុក្ខបុកម្នេញលើ​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​។​

​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ លោក​ អំ ​សំអាត ដែល​មាន​ក្រុម​ការងារ​ឃ្លាំ​មើល​សវនាការ​នេះ​យល់ថា​ សំណើ​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​លើកឡើង​ក្នុង​តុលាការ​ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ដែល​សកម្មជន​នយោបាយ​ទាំង​នោះ​បាន​ជួប​ប្រទះ​។​ មន្រ្តី​សិទ្ធិ​មនុស្ស​រូប​នេះ​ នៅតែ​សង្កេត​ឃើញ​ថា​​ តុលាការ​​មិន​មាន​ភស្តុតាង​រឹងមាំ​សម្រាប់​​ដាក់​បន្ទុក​​លើ​សកម្មជន​ ​នយោបាយ​ទាំង​នោះ​ទេ​។ លោក​ អំ សំអាត​ សង្ឃឹម​ថា​ តុលាការ​​​នឹង​សម្រេច​ក្ដី​ដោយ​យុត្តិធម៌​លើ​សំណុំរឿង​នេះ​៖ « តុលាការ​លើក​នឹង​ពិចារណា​​ឈរ​លើ​មូលដ្ឋាន​ ភស្តុតាង​ គតិយុត្តិ​និង​ផ្លូវ​ច្បាប់​ ដើម្បី​ជៀស​ផុត​​ការ​រិះគន់​ផ្សេងៗ​​សម្រាប់​តុលាការ​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​​ ហ្នឹង​ មាន​ជំពាក់​ពាក់​ពិន​ជាមួយ​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​​»។

ចំណែកអ្នក​​ជំនាញ​ច្បាប់​អន្តរជាតិ និង​វិទ្យាសាស្ត្រ​នយោបាយកញ្ញា សេង ធារី ​ដែល​តែង​ស្លៀកពាក់​ប្លែកៗចូល​បំភ្លឺ​​ ព្រោះ​ចាត់​ទុក​សវនាការ​នេះ​ជា​ឆាក​ល្ខោន​នយោបាយ​ផង​នោះ​​ លើក​នេះ​ កញ្ញា​តុបតែង​ខ្លួន​​ជា​អ្នក​នាង​យុត្តិធម៌​ ដោយ​​​​ស្លៀកសំលៀក​បំពាក់​ឈុត​ពណ៌ស យក​ក្រណាត់​បិទ​ភ្នែក​ ដៃ​កាន់​ជញ្ជីង និងសៀតដាវនៅចង្កេះ​។ កញ្ញា​តុបតែង​ខ្លួន​បែប​នេះ​ដើម្បី​ធ្វើដំណើរ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចូលរួមសវនាការ​។

ទោះយ៉ាងណា សមត្ថកិច្ចយាមតុលាការបាន​ ទាមទារ​ឲ្យ​កញ្ញា​ប្តូរ​សំលៀកបំពាក់ យក​ដាវ ជញ្ជីង ទុក​នៅ​ក្រៅ​តុលាការសិន​ ទើប​អាច​ចូល​តុលាការ​ តែ​កញ្ញា​មិន​ព្រម និង​សម្រេច​មិន​ចូលរួម​​សវនាការ​​​នោះទេ។​

កញ្ញា សេង ធារី ​បាន​ថ្លែង​នៅ​មុខ​តុលាការ​ថា​ ការ​តុបតែង​ខ្លួន​នេះ​ជា​​ផ្នែក​មួយ​នៃ​ការ​តស៊ូ​មតិ​។​ កញ្ញា​ សេង ធារី ចង់​ឃើញ​ការ​ប្រកាស​សាលក្រម​នៅ​ខែ​មិថុនា​ខាង​មុខ​ តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​កញ្ញា​និង​សកម្មជន​​បក្ស​ប្រឆាំង​​ផ្សេងទៀត​នៅក្នុង​សំណុំរឿង​នេះ​៖ «ភាព​លីឡឺ​​ ក្នុង​​ប្រព័ន្ធ​តុលាការ​ ជា​អាវុធ​សម្រាប់​បៀតបៀន​ប្រជាជន​ស្លូត​ត្រង់​ ទម្លាក់​ការ​ចោទ​ប្រកាន់​ដែល​បាន​ដាក់​លើ​ជន​ជាប់​នៅ​ក្នុង​ឃុំ​ក្ដី​ អ្នក​ស្លូតត្រង់​ផ្សេង​ក្ដី​ ​តាម​នីតិវិធី​ដែល​បាន​ចោទ​ថា​ យើង​បាន​ក្បត់ជាតិ​ និង​ញុះញង់​ ហ្នឹង​ទម្លាក់​ចោល​ទាំង​ស្រុក​ដោយ​ឥត​​លក្ខខណ្ឌ​​ »។

សវនាការ​នេះ​ ក៏​មាន​ការ​ឃ្លាំមើល​ពី​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ តំណាង​ស្ថាន​ទូត​សហរដ្ឋអាមេរិក​ បារាំង​ មន្រ្តី​​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ មន្រ្តីអង្គ​ការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ រួម​ទាំង​អ្នក​សារព័ត៌មាន​ផង​ដែរ។​​

សវនាការនេះជាសវនាការ​ចុងក្រោយ​​នៃ​ការ​បញ្ចប់​ការ​សួរ​ដេញដោល​ ដែល​តុលាការ​ធ្វើ​​ការ​សន្និដ្ឋាន រង់ចាំចេញសាលាក្រម។ ​វាសនា​សកម្មជន​បក្ស​ប្រឆាំង​ អាច​ផុត​ពីការ​ចោទ​ប្រកាន់ ឬ​ក៏​បន្ត​ជាប់​ឃុំ​​ទៀត​ នឹង​ត្រូវ​​ដឹង​នៅ​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។