តុលាការក្រុងភ្នំពេញលើកយកសំណុំរឿងលោក កឹម សុខា មកជំនុំជម្រះបន្តទៀត នៅថ្ងៃទី២ ខែកុម្ភៈ ក៏ប៉ុន្តែសវនាការលើកទី២៩ នេះ នៅតែជជែកពីរឿងភស្តុតាងនៅឡើយ។ មន្ត្រីសិទ្ធិមនុស្សដែលតាមដានសំណុំរឿងនេះវាយតម្លៃថា សវនាការលោក កឹម សុខា នឹងប្រើពេលយូរថែមទៀត ដែលប៉ះពាល់ដល់សិទ្ធិសេរីភាពខាងនយោបាយរបស់មេបក្សប្រឆាំងរូបនេះ។
សំណុំរឿងមេបក្សប្រឆាំងលោក កឹម សុខា ទាក់ទងនឹងបទក្បត់ជាតិនេះ ទំនងជាត្រូវប្រើពេលវេលាវែងឆ្ងាយតទៅមុខទៀត ព្រោះមកដល់ពេលនេះទៅហើយ សវនាការនៅបន្តជជែកពីរឿងភស្តុតាង ដោយមិនទាន់អាចឈានចូលដល់ការជជែកលើអង្គសេចក្ដីនៅឡើយទេ។ សវនាការសប្ដាហ៍នេះ ជាការបង្ហាញភស្តុតាងរបស់ក្រុមមេធាវីការពារក្ដីឱ្យលោក កឹម សុខា។
សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយចេញពីបន្ទប់សវនាការថា ក្រុមមេធាវីបានបង្ហាញភស្តុតាងជាវីដេអូឃ្លីបចំនួន ៦ ក្នុងចំណោមភស្តុតាងសរុប ២៨ ដែលបានដាក់ជូនតុលាការកាលពីពេលកន្លងទៅ។ អ្នកស្រីបញ្ជាក់ថា ក្រុមមេធាវីបានឡើងថ្លែងការពារភស្តុតាងទាំងនោះ ដោយមិនមានការដេញដោលលើអង្គហេតុណាមួយនោះទេ។ អ្នកស្រីថ្លែងទៀតថា ភស្តុតាងទាំងឡាយបង្ហាញថា លោក កឹម សុខា មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ឡើយ ផ្ទុយទៅវិញលោកជាអ្នកនយោបាយស្អាតស្អំ និងប្រកាន់យកគោលការណ៍អហិង្សា និងការផ្លាស់ប្ដូរតាមបែបប្រជាធិបតេយ្យ៖ « គណបក្សសង្គ្រោះជាតិ និងឯកឧត្តម កឹម សុខា មិនមានបំណង ឬសូម្បីតែគិតក្នុងការធ្វើបដិវត្តន៍ពណ៌ ឬមួយក៏ផ្ដួលរំលំរដ្ឋាភិបាលឡើយ គឺចូលរួមនៅក្នុងការបោះឆ្នោតគ្រប់ពេលវេលា។ គាត់តែងតែជំរុញប្រជាពលរដ្ឋឱ្យទៅចុះឈ្មោះបោះឆ្នោត ឱ្យទៅបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំប្រទេសដែលប្រជាពលរដ្ឋចង់បាន» ។

អ្នកស្រី ម៉េង សុភារី ឱ្យដឹងទៀតថា ភស្តុតាងជាវីដេអូដែលក្រុមមេធាវីលើកយកកមបង្ហាញក្នុងសវនាការនេះ មានខ្លះបង្ហាញពីបាតុកម្មកាលពីមុន និងសកម្មភាពរបស់លោក កឹម សុខា ចុះជួបពលរដ្ឋ។ អ្នកស្រីបកស្រាយថា គណបក្សសង្គ្រោះជាតិទទួលស្គាល់បាតុកម្មនៅទីលានប្រជាធិបតេយ្យដែលគណបក្សបានរៀបចំឡើង ដើម្បីទាមទារឱ្យមានការស៊ើបអង្កេតលទ្ធផលបោះឆ្នោតឆ្នាំ ២០១៣។ រីឯបាតុកម្មនៅទីកន្លែងដទៃទៀត ដូចជា នៅផ្លូវវ៉េងស្រេង និងនៅខេត្តកំពង់ចាម ជាដើម នោះជាបាតុកម្មរបស់ក្រុមកម្មករដើម្បីទាមទារដំឡើងប្រាក់ខែ មិនមែនរៀបចំដោយគណបក្សសង្គ្រោះជាតិនោះទេ។
ប៉ុន្តែតំណាងអយ្យការបានឡើងការពារភស្តុតាងរបស់ខ្លួនដែលបានដាក់ជូនតុលាការកាលពីសប្ដាហ៍មុនថា បាតុកម្មរបស់កម្មករនៅខេត្តកំពង់ចាមកាលពីឆ្នាំ ២០១៣ ដែលលោក កឹម សុខា បានចូលរួមនោះ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច។
ផ្ទុយពីតំណាងអយ្យការ អ្នកស្រី ម៉េង សុភារី បញ្ជាក់ថា វត្តមានរបស់លោក កឹម សុខា នៅក្នុងបាតុកម្មរបស់កម្មករនៅខេត្តកំពង់ចាមកាលពីឆ្នាំ២០១៣ នោះ ត្រឹមតែជាការចូលរួមស្ដាប់ទុក្ខកង្វល់របស់ពលរដ្ឋ ដែលជាផ្នែកមួយនៃការងាររបស់លោកក្នុងនាមជាអ្នកតំណាងរាស្ត្រស្របច្បាប់។ ម្យ៉ាងវិញទៀត អ្នកស្រីថា មិនមានរបាយការណ៍ស្ដីពីផលប៉ះពាល់សេដ្ឋកិច្ចកើតចេញពីការតវ៉ានោះឡើយនៅក្នុងដំណាក់កាលចៅក្រមស៊ើបសួរ៖ «មិនមែនគាត់ទៅក្នុងនាមជាអ្នកដឹកនាំបាតុកម្មទេ គឺគាត់ទៅក្នុងនាមជាអ្នកចូលរួម ក្នុងនាមគាត់ជាតំណាងរាស្ត្រម្នាក់ដែលជាប់ឆ្នោតក្នុងមណ្ឌលកំពង់ចាម។ គាត់ត្រូវទៅស្ដាប់សំណូមពររបស់ប្រជាពលរដ្ឋរបស់គាត់នៅក្នុងទីរួមខេត្តកំពង់ចាមនៅពេលដែលប្រជាពលរដ្ឋរបស់គាត់ជួបបញ្ហា។ អ៊ីចឹងបើក្នុងនាមអ្នកតំណាងរាស្ត្រទទួលការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋហើយ អត់ទៅស្ដាប់សំឡេងប្រជាពលរដ្ឋ នៅក្នុងម៉ាស៊ីនត្រជាក់ តើសក្ដិសមជាតំណាងរាស្ត្រដែរទេ ?»។
នៅពេលក្រុមមេធាវីរបស់លោក កឹម សុខា បង្ហាញភស្តុតាងទាំងនោះ តំណាងអយ្យការបានសួរសំណួរមួយចំនួនទាក់ទងនឹងពេលវេលា និងឱ្យមេធាវីបញ្ជាក់ពីភាពត្រឹមត្រូវនៃភស្តុតាងទាំងនោះ។ តំណាងអយ្យការមិនបានចោទសួរច្រើននោះទេ ព្រោះនេះជាពេលវេលាបង្ហាញ និងការពារភស្តុតាងរបស់ក្រុមមេធាវីលោក កឹម សុខា។
ក្រុមមេធាវីលោក កឹម សុខា នឹងបន្តបង្ហាញភស្តុតាងដទៃទៀត នៅក្នុងសវនាការដែលតុលាការគ្រោងធ្វើនៅថ្ងៃទី៩ ខែកុម្ភៈ សប្ដាហ៍ក្រោយនេះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានក្រុមមេធាវីតំណាងរដ្ឋាភិបាលលោក គី តិច ដើម្បីឆ្លើយតបនឹងរឿងភស្តុតាងរបស់ក្រុមមេធាវីលោក កឹម សុខា នេះបានទេ នៅថ្ងៃទី២ ខែកុម្ភៈ។
សវនាការលោក កឹម សុខា លើកទី២៩ នេះ មានការចូលរួមតាមដានពីតំណាងស្ថានទូតប្រទេសប្រជាធិបតេយ្យ មន្ត្រីអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងអង្គការសង្គមស៊ីវិលមួយចំនួននៅក្នុងបន្ទប់សវនាការ។ ចំណែកនៅខាងក្រៅបរិវេណតុលាការវិញ អ្នកគាំទ្រ សកម្មជនសង្គម និងមន្ត្រីអង្គការសង្គមស៊ីវិលចន្លោះពី ៤០ ទៅ ៦០នាក់ បានទៅឃ្លាំមើលដំណើរការក្ដីនេះ ក្រោមការរឹតបន្តឹងសន្តិសុខពីសំណាក់អាជ្ញាធរ និងនគរបាលជាច្រើននាក់។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ដែលបានចូលស្ដាប់សវនាការនេះ ឱ្យដឹងលើហ្វេសប៊ុក (FB) ថា ថ្វីបើសវនាការប្រព្រឹត្តទៅជិត ៣០ដងហើយក្ដី បញ្ហានីតិវិធីដាក់ភស្តុតាង និងដេញដោលនៅតែជាការខ្វែងមតិគ្នាក្នុងអង្គជំនុំជម្រះ។ អ្នកស្រីមើលឃើញថា សវនាការរឿងក្ដីនេះអាចនឹងត្រូវពេលវេលាច្រើន និងអូសបន្លាយកាន់តែយូរថែមទៀត ព្រោះមកដល់ពេលនេះ តុលាការមិនទាន់បញ្ចប់ការទទួលយកភស្តុតាងទាំងស្រុងនៅឡើយ។ អ្នកស្រីថ្លែងទៀតថា ការបន្តចោទប្រកាន់ និងអូសបន្លាយពេលបែបនេះ ជាការបំពានដល់សិទ្ធិសេរីភាពខាងនយោបាយ ដែលកម្ពុជាបានទទួលស្គាល់ក្នុងរដ្ឋធម្មនុញ្ញ និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
បន្ថែមពីលើនេះអ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា លោក កឹម សុខា និងសមាជិកគណបក្សប្រឆាំងដទៃទៀតមិនគួរប្រឈមនឹងបទចោទប្រកាន់ដោយសារតែភាពសកម្មខាងនយោបាយរបស់ខ្លួន និងគណបក្សរបស់ខ្លួនឡើយ។ អ្នកការពារសិទ្ធិមនុស្សរូបនេះសង្កត់ធ្ងន់ថា ដើម្បីឆ្ពោះទៅមុខ និងធានាបរិយាកាសអំណោយផលដល់ការបោះឆ្នោតខាងមុខ ការសម្របសម្រួលឱ្យអ្នកនយោបាយ និងពលរដ្ឋគ្រប់រូបអាចចូលរួមដោយសេរីក្នុងដំណើរការប្រជាធិបតេយ្យ ជារឿងចាំបាច់បំផុត។
មេធាវីមួយរូបទៀតរបស់លោក កឹម សុខា គឺលោក ចាន់ ចេន ថ្លែងថា ភាពយឺតយ៉ាវនៃដំណើរការក្ដីនេះប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិរបស់កូនក្ដីលោក ព្រោះគាត់ជាអ្នកនយោបាយដែលត្រូវត្រៀមខ្លួនសម្រាប់ចូលរួមក្នុងសមរភូមិនយោបាយ។ លោកបញ្ជាក់ថា ការទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា ជាគន្លឹះសំខាន់ក្នុងការផ្សះផ្សាជាតិ៖ « ដើម្បីឱ្យខ្មែរផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ហើយនិងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ យើងចង់ឃើញអ្នកនយោបាយជជែកគ្នាដើម្បីដោះស្រាយបញ្ហា ហើយរឿងសំខាន់នោះគឺទម្លាក់បទចោទប្រកាន់លើគាត់ ( លោក កឹម សុខា ) ហើយជជែកគ្នាឡើងវិញទៅ»។
អាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន សែន បានដកហូតសិទ្ធិនយោបាយរបស់លោក កឹម សុខា អស់រយៈពេលជាង ៤ឆ្នាំមកហើយ។ មេបក្សប្រឆាំងរូបនេះកំពុងប្រឈមនឹងការបាត់បង់ឱកាសចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ ២០២៣ ខាងមុខ ប្រសិនបើសំណុំរឿងរបស់លោកនៅតែបន្តអូសបន្លាយដូចពេលបច្ចុប្បន្ននេះទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
