តុលាការក្រុងភ្នំពេញនឹងបើកសវនាការជំនុំជម្រះសាឡើងវិញក្នុងសំណុំរឿងអតីតមេឃុំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិនៅឃុំត្រែងត្រយឹងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អ្នកស្រី កឹម តុលា នៅដើមខែធ្នូបន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនអ្នកស្រីដាក់ពន្ធនាគារជាលើកទី២កាលពីថ្ងៃទី៣០ ខែតុលា ពីបទញុះញង់កាលពីឆ្នាំ២០១៩។ មេធាវី និងមន្រ្តីសិទ្ធិមនុស្សស្នើដល់តុលាការទម្លាក់ការចោទប្រកាន់ហើយដោះលែងអ្នកស្រីឱ្យមានសេរីភាពឡើងវិញនៅពេលខាងមុខនេះ។
មេធាវីលើកឡើងថាសាលាដំបូងរាជធានីភ្នំពេញគួរតែសម្រេចឲ្យអ្នកស្រី កឹម តុលា រួចផុតពីការចោទប្រកាន់នៅថ្ងៃសវនាការជំនុំជម្រេះឡើងវិញនៅថ្ងៃទី៦ ខែធ្នូ ខាងមុខនេះ ព្រោះអ្នកស្រីគ្មានចេតនាញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដូចការចោទនោះទេខណៈសំណុំរឿងនេះក៏អ្នកស្រីធ្លាប់អនុវត្តទោសនៅពន្ធនាគារខេត្តកំពង់ស្ពឺកាលពីឆ្នាំ២០២១ម្តងរួចមកហើយ។
មេធាវីរបស់សកម្មជនបក្សប្រឆាំងអ្នកស្រី កឹម តុលា គឺលោក កែត ឃី ប្រាប់វិទ្យុអាស៊ីសេរីថា ក្រឡាបញ្ជីប្រាប់បានប្រាប់លោកថា តុលាការក្រុងភ្នំពេញនឹងលើកយកសំណុំរឿងកូនក្តីរបស់លោកមកជំនុំជម្រះឡើងវិញនៅថ្ងៃទី៦ ខែធ្នូ។ លោកឱ្យដឹងថា បើពិនិត្យមើលលើសំណុំរឿងនេះតុលាការបានយករូបភាពបង្ហោះលើហ្វេសប៊ុកកន្លងទៅធ្វើជាភស្តុតាងដាក់បន្ទុកសកម្មជនបក្សប្រឆាំងនេះ។ដូច្នេះលោកបញ្ជាក់ថា តាមផ្លូវច្បាប់កូនក្តីរបស់លោក គឺអ្នកស្រី កឹម តុលា មិនបានប្រព្រឹត្តកំហុសនោះទេហើយរំពឹងថា តុលាការនឹងផ្តល់យុត្តិធម៌ដោយទម្លាក់ចោលការចោទប្រកាន់និងដោះលែងកូនក្តីរបស់លោកឱ្យមានសេរីភាពដើម្បីវិលត្រឡប់ទៅជួបជុំគ្រួសារឡើងវិញ៖
«រឿងដែលយើងនិយាយពីផ្លូវច្បាប់គាត់មិនមានទោសទេនៅក្នុងរឿងហ្នឹងបើមិនមែនរឿងផ្សេងនោះ(រឿងនយោបាយ)បើជជែកផ្លូវច្បាប់ខ្ញុំមានហេតុផលលើកឱ្យតុលាការលើកលែងចោទប្រកាន់កូនក្តីរបស់ខ្ញុំ»។
មេឃុំជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិនៅឃុំត្រែងត្រយឹង លោកស្រី កឹម តុលា ធ្លាប់បានរត់ភៀសខ្លួនទៅជ្រកកោននយោបាយក្នុងប្រទេសថៃមួយរយៈក្រោយតុលាការខេត្តកំពង់ស្ពឺចេញដីកាកោះហៅទៅបំភ្លឺរឿងបង្ហោះសារគាំទ្រលោក កឹម សុខា និងលោក សម រង្ស៊ី ជាមនុស្សតែមួយនិងបង្ហោះសារគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីចុងឆ្នាំ២០១៩។ អ្នកស្រី បានសម្រេចវិលត្រឡប់ទៅប្រទេសកម្ពុជាវិញក្រោយពីមេដឹកនាំក្រុងភ្នំពេញ លោក ហ៊ុន សែន អំពាវនាវឲ្យសកម្មជនបក្សប្រឆាំងដែលកំពុងរត់គេចខ្លួនទាំងអស់ត្រឡប់ចូលផ្ទះសម្បែងវិញ។ប៉ុន្តែក្រោយពេលអ្នកស្រីវិលត្រឡប់ទៅកម្ពុជា សមត្ថកិច្ច បានឡោមព័ទ្ធចាប់ខ្លួនអ្នកស្រីដាក់ឃុំក្នុងពន្ធនាគាររយៈពេលជាង៣ខែទើបដោះលែងវិញ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
កាលពីថ្ងៃទី១០ ខែសីហា សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមកំបាំងមុខផ្ដន្ទាទោសអតីតមេឃុំត្រែងត្រយឹង ខេត្តកំពង់ស្ពឺ គឺលោកស្រី កឹម តុលា និងអតីតមេឃុំឬស្សីក្រោកខេត្តបន្ទាយមានជ័យដែលកំពុងជាប់ឃុំគឺអ្នកស្រី ឡាញ់ ថាវរី និងមន្ត្រីបក្សសង្គ្រោះជាតិកំពុងភៀសខ្លួននៅក្រៅប្រទេសចំនួន៤រូបទៀតពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនិងត្រូវដាក់ពន្ធនាគារក្នុងម្នាក់ៗ រយៈពេល ១៨ខែ ហើយតុលាការក៏បង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនពួកគេយកមកអនុវត្តទោស។ បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនអ្នកស្រី កឹម តុលា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីរសៀលថ្ងៃទី៣០ ខែតុលា ដោយសារអ្នកស្រីប្រើលិខិតឆ្លងដែនដែលអាជ្ញាធរដាក់ក្នុងបញ្ជីខ្មៅ(Black List) ដើម្បីធ្វើដំណើរចេញពីកម្ពុជាក្នុងគោលបំណងទៅរស់នៅជាមួយប្តីនៅប្រទេសអាឡឺម៉ង់ (Germany)។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេនៅថ្ងៃទី២០ ខែវិច្ឆិកា។
ជុំវិញរឿងនេះអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា កន្លងមកការចាប់ខ្លួនអ្នកស្រី កឹម តុលា និងសកម្មជនផ្សេងទៀតដាក់ពន្ធនាគារជាហូហែមិនមែនជាការអនុវត្តច្បាប់នោះទេគឺដោយសារវិវាទផ្នែកនយោបាយរវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង។ លោកមើលឃើញថា ការបន្តធ្វើទុក្ខបុកម្នេញលើសកម្មជនទាំងនោះមិនផ្តល់ផលចំណេញដល់កម្ពុជាឡើយតែផ្ទុយទៅវិញបើសិនរដ្ឋាភិបាលមិនងាកមកស្តារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឱ្យបានត្រឹមត្រូវតបតាមការស្នើរបស់សហគមន៍ជាតិនិងអន្តរជាតិទេនោះរដ្ឋាភិបាលនឹងជៀសមិនផុតពីការរិះគន់និងទណ្ឌកម្មដែលនាំឱ្យខាតប្រយោជន៍ដល់ជាតិ៖
«ក្នុងនាមសង្គមស៊ីវិលយើងបានចាត់ទុកវាជាករណីនយោបាយជាជាងការអនុវត្តច្បាប់ដូច្នេះករណីនេះយើងអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាពិចារណាក្នុងការដោះលែងអ្នកទោសមនសិការនិងនយោបាយទាំងអស់ដើម្បីធ្វើយ៉ាងណាសម្រាលនូវស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាឱ្យវាមានភាពល្អប្រសើរ»។
មកទល់ពេលនេះមានសកម្មជនគណបក្សប្រឆាំងនិងអ្នករិះគន់រដ្ឋាភិបាលជាង ៦០នាក់ទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ ពួកគាត់ភាគច្រើនត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់កាលពីដើមឆ្នាំ២០២០។តុលាការបានចោទប្រកាន់ពួកគេដូចៗគ្នាគឺពីបទរួមគំនិតក្បត់ញុះញង់ឲ្យយោធិនមិនស្តាប់បង្គាប់ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាដើម។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា សេចក្តីថ្លែងការណ៍របស់សេតវិមាន (The White House) ឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) បានជំរុញទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដោះលែងអ្នកជាប់ឃុំដែលត្រូវបានចោទប្រកាន់ក្រោមហេតុផលនយោបាយក្នុងនោះមានកញ្ញា សេង ធារី និងស្នើឱ្យបើកលំហសិទ្ធិពលរដ្ឋ សង្គមស៊ីវិល និងសិទ្ធិនយោបាយឡើងវិញនៅមុនការបោះឆ្នោតឆ្នាំ២០២៣។
ជាមួយគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) ដែលបានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងអង្គការសហប្រជាជាតិក៏អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យបើកលំហសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋនិងការពារសកម្មជនសិទ្ធិមនុស្សសកម្មជនបរិស្ថានដើម្បីឲ្យពួកគេចូលរួមធ្វើសកម្មភាពក្នុងសង្គមឲ្យបានទូលំទូលាយឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។