សង្គម​ស៊ីវិល​ព្រមាន​ថា បើ​រដ្ឋាភិបាល​ភ្នំពេញ​មិន​ស្ដារ​ប្រជាធិបតេយ្យ​ទេ គេច​មិន​ផុត​ពី​ទណ្ឌកម្ម​បន្ថែម​របស់​អឺរ៉ុប​ឡើយ

0:00 / 0:00

សង្គម​ស៊ីវិល​ព្រមាន​ថា បើ​រដ្ឋាភិបាល​ភ្នំពេញ​មិន​ស្ដារ​ប្រជាធិបតេយ្យ​ទេ គេច​មិន​ផុត​ពី​ទណ្ឌកម្ម​បន្ថែម​ទៀត​របស់​សហភាព​អឺរ៉ុប​ឡើយ ហើយ​បង្ក​ការ​ខាត​បង់​ កាន់​តែ​ធំ​ដល់​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​លោក ប្រាក់ សុខុន បាន​កោត​សរសើរ​អំពី​ការ​រួម​ចំណែក​របស់​សហភាព​អឺរ៉ុប ដល់​ការ​អភិវឌ្ឍ​របស់​ ប្រទេស​កម្ពុជា។

សង្គម​ស៊ីវិល និង​សហជីព​សាទរ​ពេល​ឮ​អំពី​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប ប៉ុន្តែ​ព្រមាន​ថា ប្រសិន​បើ​ការ​លើក​ឡើង​នេះ គ្រាន់​តែ​ជា​ភាសា​នយោបាយ​ការ​ទូត​ឱ្យ​តែ​ពីរោះ​ស្ដាប់ ខណៈ​ភាគី​កម្ពុជា មិន​ព្រម​វិល​ទៅ​កាន់​ការ​ស្ដារ​ប្រជាធិបតេយ្យ នោះ​រដ្ឋាភិបាល​កម្ពុជា គេច​មិន​ផុត​ពី​ទណ្ឌកម្ម​របស់​សហភាព​ អឺរ៉ុប​នោះ​ទេ។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា ប្រាប់​វិទ្យុ​អាស៊ីសេរី​ នៅ​ថ្ងៃទី៤ ខែ​មករា ថា ពិត​ណាស់​សហភាព​អឺរ៉ុប​ប្រកាន់​ជំហរ​ចូលរួម​កសាង​ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។ យ៉ាងណា​លោក​ថា សហភាព​អឺរ៉ុប​ក៏​មិន​ភ្លេច​ដែរ នូវ​គោល​ការណ៍​នៃ​ការ​អភិវឌ្ឍ ដែល​ត្រូវ​ស្រប និង​លក្ខខណ្ឌ​ប្រជាធិបតេយ្យ​ ការ​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ ជាពិសេស​ការ​ទាមទារ ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​ស្មារតី​ នៃ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស។

លោក នី សុខា៖ «មក​ដល់​ពេល​សហគមន៍​អឺរ៉ុប​នៅ​តែ​បន្ត លើក​ទឹក​ចិត្ត​កម្ពុជា ដើរ​ទៅ​តាម​គន្លង​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស។ ខ្ញុំ​យល់​ថា ប្រសិន​ចង់​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហគមន៍​អឺរ៉ុប​ដើម្បី​ទទួល​បាន​ផ្លែ​ផ្កា​ដើម្បី​ទទួល​ បាន​អត្ថប្រយោជន៍​ខ្ញុំ​គិត​ថា អ្វី​ដែល​សហគមន៍​អឺរ៉ុប បាន​ស្នើ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​កន្លងមក​ទាក់ទង​ទៅ​នឹង​ការ​ស្នើ​ឱ្យ​កម្ពុជា ធ្វើ​ការ​ដោះស្រាយ​ពី​រឿង​បញ្ហា​វិបត្តិ​នយោបាយ ក៏​ដូច​ជា រឿង​រ៉ាវ​លើក​កម្ពស់​លំហ​សេរីភាព​សិទ្ធិ​មនុស្ស​អី ទាំង អស់​ហ្នឹង​ហើយ ដែល​ជា​គោល​ដៅ​សហគមន៍​អឺរ៉ុប​ចង់​បាន»។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ​លោក ប្រាក់ សុខុន បាន​កោត​សរសើរ​ពី​ការ​រួម​ចំណែក​របស់​សហភាព​អឺរ៉ុប ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា នៅ​ក្នុង​ជំនួប​ជាមួយ​ឯក អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក អ៊ីហ្គោរ៍ ទ្រីសម៉ាន (Igor Driesmans)កាល​ពី​ថ្ងៃទី២ ខែ​មករា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា បន្ទាប់​ពី​ជំនួប​នោះ​បាន​លើក​ឡើង​ពី​ការ​គូស​បញ្ជាក់​របស់​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប អំពី​ការ​ប្ដេជ្ញា​ចិត្ត​ពី​សហភាព​អឺរ៉ុប ក្នុង​ការ​បន្ត​គាំទ្រ​ដល់​វឌ្ឍនភាព​សេដ្ឋកិច្ច-សង្គម​របស់​កម្ពុជា តាម​រយៈ​ជំនួយ​បច្ចេកទេស និង​កម្មវិធី​កសាង​សមត្ថភាព ក្នុង​ការ​ដោះស្រាយ​ការ​ប្រឈម​ចំ​បងៗ ដូច​ជា ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ការ​ថែទាំ​សុខភាព ការ​អប់រំ​និង​ការ​ប្រែប្រួល​អាកាស​ធាតុ ព្រម​ទាំង​ការ​លើក​កម្ពស់​សង្គម​ប្រកប​ដោយ​បរិយាបន្ន និង​វិបុលភាព។

សេចក្តី​ប្រកាស​ព័ត៌មាន ឱ្យ​ដឹង​ដែរ​ថា ក្នុង​ទំនាក់ទំនង​នយោបាយ ភាគី​ទាំង​ពីរ​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ថែរក្សាការ​ប្រាស្រ័យ​ទាក់ទង​កម្រិត​ខ្ពស់​រវាង​ថ្នាក់​ដឹកនាំ​កម្ពុជានិង​សហភាព​អឺរ៉ុបដូច​ដែល​កើត​មាន​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះដែល​បាន​ពង្រឹង​ភាព​ជា​ដៃ​គូដោយ​ឈរ​លើ​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មកការ​យោគយល់​គ្នានិង​ការ​គោរព​គ្នា។

លើ​ការ​ផ្លាស់​ប្ដូរ​យោបល់​ពី​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​វិញ លោក ប្រាក់ សុខុន បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​លើក​កម្ពស់​នីតិរដ្ឋ​ដូច​ដែល​បាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​ជាធរមាន ដោយ​មាន​គោល​ដៅ​លើក​កម្ពស់​លំហ​ប្រជាធិបតេយ្យ ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា។

ចំណែក​ឯ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក អ៊ីហ្គោរ៍ ទ្រីសម៉ាន់ (Igor Driesmans) បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម អ៊ីច (X) ដោយ​និយាយ​អំពី​ខ្លឹមសារ​ នៃ​ជំនួប​នោះ​ថា លោក​និង​លោក ប្រាក់ សុខុន ពិភាក្សា​គ្នា​លើ​ទំនាក់ទំនង​ ទ្វេ​ភាគី​កម្ពុជា-សហភាព​អឺរ៉ុប រួម​មាន​ពាណិជ្ជកម្ម ការ​អភិវឌ្ឍ វិស័យ​ជលផល និង​ការ​ផ្លាស់​ប្ដូរ​យោបល់​គ្នា លើ​ស្ថានភាព​នៅ​ប្រទេស​ភូមា។

អនុប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (CCAWDU) លោក អាត់ ធន់ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៤ ខែ​មករា ថា កិច្ច​ព្រមព្រៀង​រវាង​ សហភាព​អឺរ៉ុប​ជាមួយ​កម្ពុជា បាន​ចែង​ច្បាស់​ណាស់​អំពី​ការ​គោរព​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​កម្មករ និង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។ លោក​ថា បើ​ភាគី​រដ្ឋាភិបាល​កម្ពុជា​ នៅ​តែ​មិន​អាច​អនុវត្ត​បាន​តាម​កិច្ច​ព្រមព្រៀង​នេះ ហើយ​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម នោះ​ធ្វើ​ឱ្យ​កម្ពុជា​ខាត​បង់​កាន់​តែ​ច្រើន​ដូចជា កម្ពុជា​ថយ​ចុះ​ការ​នាំ​ចេញ រីឯ​ប្រជាពលរដ្ឋ បាត់​បង់​ការងារ និង​ប្រាក់​ចំណូល​ថែម​ទៀត។

លោក អាត់ ធន់៖ «អ្នក​ដែល​មិន​មាន​ការងារ​ធ្វើ រក​ការងារ​ធ្វើ​មិន​បាន​មិន​មាន​ប្រាក់​ចំណូល​អា​ហ្នឹង គឺ​ប្រឈម​ខ្លាំង​ណាស់ ព្រោះ​បច្ចុប្បន្ន​យើង​ដឹង​ហើយ ទី១ តម្រូវ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ កូន​រៀន តម្រូវ​ការ​សង្គម រួម​ទាំង​ការ​ជំពាក់​លុយ​ឯកជន​មួយ​ចំនួន​ទៀត។ អ៊ីចឹង​បើ​អត់​មាន​សូម្បី​តែ​ការងារ​តើ​អាច​ដោះស្រាយ​បញ្ហា​ទាំងអស់​ហ្នឹង ម៉េច អា​ហ្នឹង​ហើយ​ដែល​ជា​បញ្ហា»។

ដោយសារ​មូលហេតុ​មិន​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស និង​ ការ​មិន​គោរព​តាម​គោល​ការណ៍​នីតិរដ្ឋ នៅ​ប្រទេស​កម្ពុជា សហរដ្ឋ​អាមេរិក​មិន​បាន​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ហើយ​សហភាព​អឺរ៉ុប​បាន​កាត់ EBA ២០% តាំង​ពី​ ឆ្នាំ២០២០​មក។ ជា​លទ្ធផល​ជាក់ស្ដែង កម្ពុជា​ស្រុះ​ចុះ​វិនិយោគ​គួរ​ឱ្យ​កត់​សម្គាល់ ទាំង​ពី​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក រួម​ទាំង​ចិន​ផង ហើយ​កើន​តែ​អ្នក​វិនិយោគ​វៀតណាម​ប៉ុណ្ណោះ។

របាយការណ៍​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បង្ហាញ​ថា នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០២៤ ទុន​វិនិយោគ​ពី​ប្រទេស​លោក​សេរី​ស្រុត​ចុះ​ខ្លាំង ដូច​ជា​កាណាដា មាន​តែ​ជាង១%(១.២៧%) ហើយ​សហរដ្ឋ​អាមេរិក និង​អង់គ្លេស ដាក់​ទុន​វិនិយោគ​ក្រោម ១% ខណៈ​អ្នក​វិនិយោគ​ចិន ដែល​ធ្លាប់​តែ​ឈរ​លើ​កំពូល​តារាង​នៅ​កម្ពុជា ក៏​ធ្លាក់​មក​នៅ​លំដាប់​លេខ​រៀង​ទី២ នៅ​ពី​ក្រោម​វៀតណាម ដែល​ហក់​ឡើង​លេខ១។

លើស​ពី​នេះ​ទៀត តារាង​ស្ដី​ពី​ប្រភព​ទុន​វិនិយោគ​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គ្មាន​តួ​លេខ​រាប់​ឡើយ សម្រាប់​អ្នក​វិនិយោគ​ពី​ប្រទេស​អឺរ៉ុប​ធំៗ ដូច​ជា បារាំង និង អាល្លឺម៉ង់ ជា​ដើម។បន្ត​ពី​ស្ថានភាព​យ៉ាប់យ៉ឺន​នេះ នៅ​ចុង​ខែ​វិច្ឆិកា សភា​សហភាព​អឺរ៉ុប ថែម​ទាំង​បាន​ ចេញ​សេចក្ដី​សម្រេច ដោយ​ជំរុញ​ឱ្យ​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប និង​សហគមន៍​ អន្តរជាតិ ចាត់​វិធាន​ការ​ដាក់​ទណ្ឌកម្ម​ឱ្យ​មាន​ប្រសិទ្ធភាព លើ​ក្រុម​មនុស្ស ដែល​ ទទួល​ខុស​ត្រូវ​លើ​ការ​រឹត​ត្បិត​ផ្នែក​នយោបាយ និង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា រហូត​ទាល់​តែ​អ្នក​ទោស​នយោបាយ​ទាំងអស់​ត្រូវ​បាន​ដោះលែង។

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា កាល​ណា​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ព្រមាន​ ដាក់​ទណ្ឌកម្ម​ហើយ មហា​អំណាច​ទាំង​ពីរ​នេះ មិន​ទម្លាក់​ចោល​ឡើយ ប្រសិន​បើ ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន មិន​ស្ដារ​ប្រជាធិបតេយ្យ មិន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស និង​មិន​អនុវត្ត​បាន​តាម​គោល​ការណ៍​នីតិរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។