ថៃ​ថា​​មិនទាន់​ដល់​ពេល​​ជជែក​ជាមួយ​កម្ពុជា​ពី​រឿង​ជម្លោះ​ព្រះវិហារ

នៅ​ក្នុង​កិច្ចពិភាក្សា​រវាង​ភាគី​កម្ពុជា និង​ថៃ អំពី​ការ​អនុវត្ត​សាលដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​តម្រូវ​ឲ្យ​ទាហាន​ថៃ ដក​ទ័ព​ចេញពី​តំបន់​ប្រាសាទ​ព្រះវិហារ បរាជ័យ។

តំណាង​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ទស្សនកិច្ច​នៅ​ថៃ រយៈ​ពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៨ និង ២៩ កក្កដា ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ទៀ បាញ់ ក្នុង​បំណង​ពង្រឹង​ទំនាក់​ទំនង និង​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា ជាពិសេស​ជជែក​ពី​ជម្លោះ​ប្រាសាទ​ព្រះវិហារ។ ក៏ប៉ុន្តែ​ភាគី​ថៃ មិន​ព្រម​ជជែក​រឿង​ជម្លោះ​នេះ។

កាសែត​ថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ កក្កដា បាន​ស្រង់​សម្ដី​ភាគី​ថៃ គឺ​លោក​ឧត្ដមសេនីយ៍ ស៊ូរ៉ាសាក់ កាញ្ចណារ៉ាត (Surasak Karnchanarat) លេខា​អចិន្ត្រៃយ៍ និង​ជា​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​ការពារ​ជាតិ​ថា លោក​បាន​ទទូច​ប្រាប់​ភាគី​កម្ពុជា លោក ទៀ បាញ់ ថា លោក​មិន​ចង់​និយាយ​ពី​រឿង​ព្រះវិហារ​នៅ​ពេល​នេះ​ទេ៖ «នេះ​មិន​មែន​ជា​ពេល​វេលា​ត្រឹមត្រូវ​ជជែក​ពី​រឿង​ព្រះវិហារ​ទេ។ រឿង​ដែល​អាច​បង្ក​ឲ្យ​មាន​ទំនាស់​ហ្នឹង មិន​លើក​យក​មក​ជជែក​នៅ​ពេល​នេះ​ទេ។ ផ្អែក​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ យើង​ត្រូវ​តែ​ជជែក​គ្នា តែ​មិន​មែន​ពេល​នេះ​ទេ។ យើង​រស់​នៅ​សុខសាន្ត​ជាមួយ​គ្នា​ដូច​ពេល​មុន យើង​នឹង​ជជែក​គ្នា​រឿង​នេះ​នៅ​ពេល​ក្រោយ»។

ទោះ​យ៉ាង​ណា កាសែត​ថៃ ដដែល​សរសេរ​ថា ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​អំពី​សន្តិសុខ​ព្រំដែន បញ្ហា​ពលករ​ខ្មែរ​នៅ​ថៃ និង​កិច្ច​សហការ​កម្ចាត់​គ្រឿងញៀន។

បន្ទាប់ពី​ជួបពិភាក្សា​ជាមួយ​ភាគី​ថៃ លោក​ឧត្ដមសេនីយ៍ ស៊ូរ៉ាសាក់ កាញ្ចណារ៉ាត នៅ​ថ្ងៃ​ទី​២៨ កក្កដា លោក ទៀ បាញ់ និង​ប្រតិភូ​តំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជួប​មេទ័ព​ថៃ ជាន់​ខ្ពស់ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ថ្ងៃ​ទី​២៩ កក្កដា នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។