លោក ហ៊ុន សែន អះអាង​ជាថ្មី​ថា គ្មាន ការ​ចរចា​រក​ដំណោះស្រាយ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ

ដោយ មាន ឫទ្ធិ
2021-09-16
Share
លោក ហ៊ុន សែន អះអាង​ជាថ្មី​ថា គ្មាន ការ​ចរចា​រក​ដំណោះស្រាយ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និង (ស្ដាំ) លោក ឡុង រី មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ពេល​ជជែក​តទល់​គ្នា​ក្នុង​កិច្ច​ប្រជុំផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ តាម​ប្រព័ន្ធ​ហ្ស៊ូម (Zoom) កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ២០២១ ហើយ​លោក ហ៊ុន សែន លប​ចូល​រួម។
រូប៖ ហ្វេសប៊ុក

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ជាថ្មី​ទៀត​ថា គ្មាន​ទេ ការ​ចរចា​រក​ដំណោះស្រាយ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ បើ​ទោះ​ជា​លោក​លួច​ចូល​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​ហ្ស៊ូម (Zoom) ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្មីៗ នេះ​ក្ដី។ មេដឹកនាំ​របប​ឯក​បក្ស​រូប​នេះ​ និយាយ​ថា ការ​លួច​ចូល​ក្នុង​ប្រជុំ​នេះ​គ្រាន់​តែ​ជា​ការ​ប្រាប់​ឲ្យ​ដឹង​ថា នៅ​កន្លែង​ណា​ក៏​មាន​មនុស្ស​របស់​លោក​ដែរ ហើយ​បើ​ចង់​ចាប់​អ្នក​ណា គឺ​លោក​ត្រូវ​ចូល​ទៅ​កន្លែង​នោះ។ ទោះ​យ៉ាង​ណា​ក្ដី អ្នក​វិភាគ និង​សកម្មជន​បក្ស​ប្រឆាំង​នៅ​តែ​យល់​ថា ខ្មែរ​នឹង​អាច​និយាយ​គ្នា និង​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ជាតិ។

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​លួច​ចូល​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ភាគ​ច្រើន​កំពុង​រស់​នៅ​ប្រទេស​ថៃ​នោះ​មែន។ លោក​ ហ៊ុន​ សែន​ ឲ្យ​ដឹង​ទៀត​ថា នេះ​មិនមែន​ជា​សញ្ញា​នៃ​ចរចា​នោះ​ទេ ប៉ុន្តែ គ្រាន់​តែ​លោក​ចង់​ផ្ដល់​សញ្ញា​ទៅ​សកម្មជន​ទាំង​នោះ កុំ​ធ្វើ​សកម្មភាព​​ប្រឆាំង​នឹង​លោក ដែល​លោក​ហៅ​ថា ប្រឆាំង​ផល​ប្រយោជន៍​ជាតិ ព្រោះ​នៅ​កន្លែង​ណា​ក៏​មាន​មនុស្ស​របស់​លោក​ដែរ។

លោក ហ៊ុន សែន លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «សូម​ឈប់​ស្រមើស្រមៃ​ថា បក្ស​ដែល​តុលាការ​រំលាយ​នឹង​រស់​ឡើង​វិញ។ ហ៊ុន សែន នឹង​លើកលែង​ទោស​ឲ្យ។ ហ៊ុន សែន នឹង​បើក​ការ​ចរចា​រក​ដំណោះស្រាយ​នយោបាយ ហ៊ុន សែន ខ្លាច​អន្តរ​ជាតិ។ លោក​ថ្លែង​ទៀត​ថា របប​លោក​កំពុង​បោះ​ជំហាន​ទៅ​រក​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ និង​តំណាង​រាស្ត្រ​នៅ​ពេល​ខាង​មុខ ដោយ​មាន​ការ​ចូល​រួម​ពី​គណបក្ស​ចាស់ និង​ថ្មី​ជាច្រើន។

លោក ហ៊ុន សែន លើក​ឡើង​ដូច្នេះ តាម​រយៈ​ការ​ឆ្លើយឆ្លង​គ្នា​ជាមួយ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថ្ងៃ​ទី១៦ ខែកញ្ញា។ លោក​ព្រមាន​សកម្មជន​បក្ស​ប្រឆាំង​ថា តាម​ចាប់​ពួក​គេ​ត្រូវ​ចូល​ដល់​កន្លែង ទើប​ចាប់​បាន។

ជុំវិញ​ការ​លើក​ឡើង​របស់​លោក​ ហ៊ុន​ សែន​ បែបនេះ​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក នាង​ សុឃុន ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ពេល​លោក ហ៊ុន សែន លួច​ចូល​រួម​ដែរ​នោះ​និយាយ​ថា វិបត្តិ​នយោបាយ​គង់​នឹង​មាន​ថ្ងៃ​ចរចា​រវាង​ខ្មែរ និង​ខ្មែរ។ លោក​ព្រួយ​បារម្ភ​ថា បើ​ភាគី​លោក ហ៊ុន សែន ឬ​គណបក្ស​កាន់​អំណាច​អូស​បន្លាយ​ការ​ចរចា​ត​ទៅ​ទៀត នឹង​ធ្វើ​​ប្រទេស​កម្ពុជា​​ឬ​ពលរដ្ឋ​កម្ពុជា​ រងគ្រោះ​កាន់​តែ​ធ្ងន់ធ្ងរ៖ «គិត​អត់​មាន​ទៅ​អាក្រក់​ល្អ​អី​អត់​មាន​អ្នក​ណា​ថោក​អ្នក​ណា​ថ្លៃ ព្រោះ​ពេល​ខ្លះ​យើង​ឃើញ​មេដឹកនាំ​លើ​ពិភព​លោក មើល​វៀតណាម​សត្រូវ​ជាមួយ​អាមេរិក​ស៊ីសាច់​ហុត​ឈាម​ ប៉ុន្តែ​ គេ​អាច​បង្វិល​អាច​បង្វែរ​ពី​សត្រូវ​ក្លាយ​ជា​មិត្ត​បាន ចុះ​ហេតុ​អី​យើង​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា​ឈាមជ័រ​ជា​ខ្មែរ​តែមួយ​ហេតុ​មិន​អាច​និយាយ​គ្នា​បាន»

ទាក់ទង​ការ​គំរាម​របស់​លោក ហ៊ុន សែន វិញ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​លោក តោ និមល ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ចាប់​តាំង​ពី​ថ្ងៃ​លោក​ ហ៊ុន​ សែន​ លួច​ចូល​ប្រជុំ​តាម​ហ្ស៊ូម (Zoom) នោះ​មក មាន​ជន​មិន​ស្គាល់​មុខ​មក​តាម​ឃ្លាំមើល​លោក​ដល់​​កន្លែង​ស្នាក់​នៅ។ លោក​ឲ្យ​ដឹង​ទៀត​ថា ពេល​កើត​មាន​រឿង​បែប​នេះ លោក​បាន​រាយការណ៍​ទៅ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន និង​អង្គការ​ដៃគូ​​ឲ្យ​ដឹង​រឿង​នេះ៖ «ឥឡូវ​នេះ គេ​ចាំ​ក្រោម​ហ្នឹង​ឲ្យ​តែ​ចុះ​គ្រឹប​គេ​ដើរ​ថត​ពឹប​ចូល​មក​ដល់​ជិត​យើង​គេ​អាច​នឹង​ក្រៀក​យើង​ទៀត​ហើយ ខ្ញុំ​ឃើញ​ព្រឹត្តិការណ៍​កើត​ហ្នឹង ដូច​មុន​ថ្ងៃ ៩ វិច្ឆិកា ដែល​គេ​តាម​ចាប់​ខ្ញុំ​រយៈពេល​មួយ​អាទិត្យ​មុន​អ៊ីចឹង​ណា»

កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា លោក ហ៊ុន សែន បាន​លួច​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ផ្ទៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​តាម​អនឡាញ ហ៊្សូម (Zoom)។ កិច្ច​ប្រជុំ​នោះ​ដឹក​នាំ​ដោយ​លោក ឡុង រី និង​មាន​ការ​ចូលរួម​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ១០នាក់​ទៀត ដែល​ភាគ​ច្រើន​កំពុង​រស់​នៅ​ប្រទេស​ថៃ។លោក ហ៊ុន សែន ឲ្យ​ដឹង​ទៀត​ថា នេះ​មិនមែន​ជា​លើក​ទី១ ទេ ដែល​លោក​លួច​ចូល​ស្ដាប់​ក្នុង​កិច្ចប្រជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ជុំវិញ​រឿង​នេះ​អ្នក​វិភាគ​នយោបាយ បណ្ឌិត សេង សារី យល់​ថា នេះ​ជា​ការ​បន្ទាប​ខ្លួន​របស់​លោក​ ហ៊ុន សែន ដែល​ទំនង​ជា​ដើម្បី​ស្វែង​រក​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង​ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ។ លោក​បន្ត​ថា ការ​បដិសេធ​របស់​លោក ហ៊ុន សែន ថា គ្មាន​ការ​ចរចា​នោះ គឺ​គ្រាន់​តែ​ល្បិច​នយោបាយ ដើម្បី​រក្សា​កិត្តិយស និង​តម្លៃ​របស់​លោក ហ៊ុន សែន៖ «ខ្ញុំ​នៅ​តែ​រក្សា​ការ​វិភាគ​របស់​ខ្ញុំ​​​អំពី​ការ​ចូល​ប្រជុំ​ហ្ស៊ូម​ដែល​មាន​អ្នក​លួច​បោះ​លីង​ឲ្យ​ហ្នឹង​លួច​បោះ​តំណ ភ្ជាប់​​ឲ្យ​ហ្នឹង​ជា​ចេតនា​ស្វែង​រក​ការ​ចរចា»

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទទូច​ឱ្យ​របប​លោក ហ៊ុន សែន គួរ​គិត​ពី​ឯកភាព​ជាតិ​ជាធំ និង​រក​ដំណោះស្រាយ​នយោបាយ​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​រួមគ្នា​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩ និង​បញ្ហា​អយុត្តិធម៌​សង្គម​នានា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល