អ្នកទោសមនសិការកញ្ញា សេង ធារី មកដល់ពេលនេះលែងមានមេធាវីការពារក្តីហើយ ដោយគាត់កំពុងសុំតុលាការធ្វើជាមេធាវីការពារក្ដីឲ្យខ្លួនឯងផ្ទាល់តែម្ដង។
បងប្រុសរបស់កញ្ញាសេង ធារី គឺ លោក សេង ម៉ារឌី មានប្រសាសន៍នៅក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃសុក្រ ទី ០១ មីនា ថាការដែល កញ្ញា សេង ធារី ចង់ធ្វើជាមេធាវីការពារខ្លួនឯងនេះ ដោយសារខ្លួនគាត់ក៏ជាមេធាវីដែរ ហើយម្យ៉ាងទៀតមេធាវីនៅក្នុងស្រុកពិបាកនឹងធ្វើការដោយឯករាជ តាមវិជ្ជាជីវៈជាមេធាវី និងធ្វើអ្វីទៅតាមយុទ្ធសាស្ត្រ និងការចង់បាន របស់កូនក្ដី។
លោក សេង ម៉ារឌី៖«ធារីគាត់មានយុទ្ធសាស្ត្ររបស់គាត់ហើយមេធាវីនៅក្នុងស្រុកមិនអាចធ្វើតាមយុទ្ធសាស្ត្រ (Legal Strategy) របស់ធារី។ ដូច្នេះ! គាត់ចង់ធ្វើតំណាងជាមេធាវីដោយខ្លួនឯង....»។
វិទ្យុអាស៊ីសេរី នៅមិនសុំការបកស្រាយជុំវិញរឿងនេះ ពីមេធាវី និងអតីតការពារក្តី ឲ្យកញ្ញា សេង ធារី កន្លងមកនោះទេនៅថ្ងៃ ទី០១ មីនា។
ទោះយ៉ាងណា លោក សេង ម៉ារឌី បញ្ជាក់ថា មកដល់ពេលនេះសំណើរបស់កញ្ញា សេង ធារី នៅមិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាល ឬតុលាការថាយ៉ាងណានៅឡើយទេ។
ពាក់ព័ន្ធនឹងបញ្ហាសុខភាពផ្លូវចិត្ត និង រាងកាយរបស់កញ្ញា សេង ធារី វិញ លោក សេង ម៉ារឌី បញ្ជាក់ថា រៀងរាល់២សប្ដាហ៍ម្ដង លោក និងកូនប្រុស តែងតែទៅសួរសុខទុក្ខ ប្អូនរបស់គាត់នៅពន្ធនាគារ ហើយគាត់សង្កេតឃើញថា ពេលនេះកញ្ញា សេង ធារី នៅមានស្មារតីរឹងមាំល្អ និងសុខភាពល្អធម្មតា ដោយកញ្ញា សេង ធារី បានព្យាយាមថែទាំសុខភាព និងហាត់ប្រាណជាប្រចាំ។
លោក សេង ម៉ារឌី៖«គាត់ហាត់ប្រាណរាល់ថ្ងៃ ថ្ងៃនេះគាត់ប្រាប់ខ្ញុំថា គាត់Jumping Giant (លោតខ្សែឬអន្ទាក់) គាត់លោតបាន១១៥០ដង ក្នុងមួយថ្ងៃ អ៊ីចឹង! បានច្រើនជាងយើង នៅខាងក្រៅទៅទៀត»។
អ្នកទោសមនសិការ កញ្ញា សេង ធារី ជាមេធាវីខ្មែរអាមេរិកាំង និងជាសកម្មជនសិទ្ធិមនុស្ស ធ្លាប់មានបញ្ហាសុខភាពធ្ងន់ធ្ងរម្ដងរួចមកហើយរហូតបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខាងក្រៅពន្ធនាគាររយៈពេល ១០ ម៉ោង ក្រោយពីគាត់ធ្វើកូដកម្មអត់អាហាររយៈពេល ១០ ថ្ងៃ កាលពីពាក់កណ្ដាលខែធ្នូ ដើម្បីជំរុញឱ្យសហគមន៍អន្តរជាតិ យកចិត្តទុកដាក់និងចាត់វិធានការបន្ថែមទៀត ចំពោះការធ្លាក់ចុះកាន់តែដុនដាបនៃស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។
តុលាការប្រកាសសាលក្រមកាត់ទោសកញ្ញា សេង ធារី ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ដោយចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ក្នុងសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ មួយថ្ងៃបន្ទាប់មកតុលាការបានបញ្ជូនកញ្ញាទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ។ ប៉ុន្តែ កាលពីថ្ងៃទី២៣ ខែកញ្ញា អាជ្ញាធរបានផ្ទេរទៅឃុំខ្លួន នៅពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញវិញ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយមន្ត្រីសហរដ្ឋអាមេរិកផ្ទួនៗគ្នា ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើទឹកដីអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។