គណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា ត្រូវបានរបបលោក ហ៊ុន សែន រំលាយចោលអស់រយៈពេល ២ឆ្នាំមកហើយ។ រចនាសម្ព័ន្ធដឹកនាំចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ព្រមទាំងតួនាទីនយោបាយទាំងឡាយដែលគណបក្សនេះទទួលបានពីការបោះឆ្នោតទុកចិត្តពីប្រជាពលរដ្ឋរាប់លាននាក់ ក៏ត្រូវរលាយតាមនោះដែរ។ បន្ទាប់ពីយុទ្ធនាការបង្ក្រាបឥតស្រាកស្រាន្តលើសំឡេងប្រឆាំងរួចមក របបក្រុងភ្នំពេញក៏ទទួលបានជោគជ័យក្នុងការច្បាមយកអំណាចរដ្ឋទាំងអស់មកកាន់កាប់តែម្នាក់ឯង។ តើគណបក្សសង្គ្រោះជាតិមានប្រវត្តិដូចម្ដេច ហើយតើហេតុអ្វីបានជារបបលោក ហ៊ុន សែន ចាំបាច់ត្រូវតែកម្ចាត់គណបក្សនេះឱ្យខាងតែបាន?
គណបក្សសង្គ្រោះជាតិត្រូវបានបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀងរវាងអ្នកនយោបាយ២ ក្រុម គឺក្រុមគណបក្ស សម រង្ស៊ី ដឹកនាំដោយលោក សម រង្ស៊ី និងក្រុមគណបក្សសិទ្ធិមនុស្ស ដឹកនាំដោយលោក កឹម សុខា។ អ្នកនយោបាយនិយមប្រជាធិបតេយ្យទាំងពីរភាគីបានព្រមព្រៀងគ្នាបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ មុននឹងឈានដល់ការបង្កើតគណបក្សសង្គ្រោះជាតិជាផ្លូវការនៅដើមខែតុលា ឆ្នាំដដែលនោះ។
បន្ទាប់ពីក្លាយជាគណបក្សនយោបាយពេញសិទ្ធិ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានចុះធ្វើសកម្មភាពគ្រប់កន្លែងនៅទូទាំងប្រទេសដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស និងស្វះស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ។ នៅខែមេសា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានធ្វើសមាជតែងតាំងលោក សម រង្ស៊ី ជាប្រធានគណបក្ស និងលោក កឹម សុខា ជាអនុប្រធាន ព្រមទាំងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ២៦រូប។ គណបក្សសង្គ្រោះជាតិមានគោលបំណងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតតំណាងរាស្ត្រ ដើម្បីផ្លាស់ប្ដូរប្រទេសកម្ពុជាទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
គណបក្សសង្គ្រោះជាតិបានដាក់ចេញនូវគោលនយោបាយសំខាន់ៗជាច្រើន ដូចជាលុបបំបាត់អំពើពុករលួយ ការពារបូរណភាពទឹកដី ពង្រឹងច្បាប់អន្តោប្រវេសន៍ ពិនិត្យមើលករណីផ្ដល់ដីសម្បទានសេដ្ឋកិច្ចប៉ះពាល់ដល់ពលរដ្ឋ កែទម្រង់ប្រព័ន្ធតុលាការ និងប្ដេជ្ញាធ្វើយ៉ាងណាឲ្យអំណាចនីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និងតុលាការឯករាជ្យដាច់ចេញពីគ្នា។ គោលនយោបាយចំពោះពលរដ្ឋវិញ គណបក្សនេះបានសន្យាដំឡើងប្រាក់ខែជូនមន្ត្រីរាជការ កម្មកររោងចក្រ និងផ្ដល់ប្រាក់ជូនជនចាស់ជរាជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលនោះ បានចំអកថា សម្ពន្ធភាពនយោបាយរវាងក្រុមលោក សម រង្ស៊ី និងលោក កឹម សុខា គឺជាព្យុះក្នុងក្អម គ្មានសមត្ថភាពដណ្ដើមជ័យជំនះលើគណបក្សប្រជាជនកម្ពុជាបានឡើយ៖ «ព្យុះនយោបាយរបស់អស់លោក គ្រាន់តែជាព្យុះក្នុងដប ឬព្យុះក្នុងក្អមទេ គ្មានផលប៉ះពាល់អ្វីសូម្បីតែបន្តិច។ និយាយឱ្យពិត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ សង្គ្រោះនរណាឥលូវនេះ ? សង្គ្រោះគេកំពុងតែទទួលសញ្ញាប័ត្រហ្នឹងឱ្យរត់ចូលព្រៃ ឬស្អី ? សង្គ្រោះលោកសង្ឃដែលកំពុងតែបិណ្ឌបាត ហើយកាន់វស្សាហ្នឹងដើម្បីឱ្យរត់ចោលស្បង់ ឬស្អី និយមន័យសង្គ្រោះនោះ ? និយាយអ៊ីចឹង អ្នកនាំពាក្យនោះចេញមកទៀតហើយ ដោយសារតែគាត់ខ្លាចហើយ។ ចាំទៅអាពៅ អញផ្តាំទុកឱ្យហើយ មានស្អី ចាញ់បូកនិងចាញ់ស្មើនឹងចាញ់ នៅក្នុងក្អម ព្យុះនៅក្នុងហ្នឹងទៅ»។
ទោះជាយ៉ាងណា ត្រឹមរយៈពេលមិនដល់មួយឆ្នាំផង គណបក្សសង្គ្រោះជាតិទទួលបានការគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់ពីម្ចាស់ឆ្នោត ហើយព្យុះក្នុងក្អមដែលលោក ហ៊ុន សែន ចំអកឱ្យនោះ បែរជាបានបោកបក់រូបលោកស្ទើរធ្លាក់ពីកៅអីនាយករដ្ឋមន្ត្រីទៅវិញ។ ក្នុងបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិទទួលបានអាសនៈចំនួន ៥៥ ហើយគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន ៦៨ ក្នុងចំណោមអាសនៈសភាសរុប១២៣។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា ការធ្លាក់ចុះប្រជាប្រិយភាពរបស់បក្សកាន់អំណាច ដោយសារតែពលរដ្ឋមើលឃើញពីឥរិយាបថនយោបាយ និងការដឹកនាំរបស់គណបក្សនេះក្នុងអាណត្តិមុនៗ៖ «តម្លៃនយោបាយគេផ្អែកទៅលើអ្វីដែលរដ្ឋាភិបាលបានធ្វើ ឧទាហរណ៍ថា ដឹកនាំក្នុងប៉ុន្មានអាណត្តិហ្នឹងបានបន្សល់នូវស្នាដៃ កេរដំណែលអ្វីខ្លះ ធនធានធម្មជាតិទ្រព្យសម្បត្តិជាតិនៅសល់អ្វីខ្លះ ? អ៊ីចឹងពលរដ្ឋគាត់អាចគិតពិចារណា បើឃើញថា ថ្កុំថ្កើងរុងរឿង គាត់អាចទទួលយកបាន គាត់នៅបន្តការគាំទ្រ ប៉ុន្តែបើគាត់គិតថា មិនសមនឹងការគិតរបស់គាត់ គាត់ដូរទស្សនៈនៃការគាំទ្រទៅបក្សផ្សេងហើយ។ នេះជាសេចក្ដីសម្រេចរបស់ពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ»។
ថ្វីបើគណបក្សសង្គ្រោះជាតិទទួលបានសំឡេងគាំទ្រច្រើនក្តី ក៏គណបក្សនេះនៅតែមានមន្ទិលអំពីលទ្ធផលនៃការបោះឆ្នោតដដែល ដោយសារតែស្ថាប័នរៀបចំការបោះឆ្នោតស្ថិតក្រោមឥទ្ធិពលរបស់បក្សកាន់អំណាច។ គណបក្សសង្គ្រោះជាតិបានដឹកនាំពលរដ្ឋធ្វើមហាបាតុកម្មតាមដងផ្លូវនៅរាជធានីភ្នំពេញ និងទីលានប្រជាធិបតេយ្យអស់រយៈពេលជាច្រើនខែ ដើម្បីទាមទារឱ្យគ.ជ.ប រាប់សន្លឹកឆ្នោតឡើងវិញ និងទាមទារឱ្យកែទម្រង់ស្ថាប័នជាតិមួយនេះ។ ទន្ទឹមនឹងនេះ តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិមិនបានចូលសភាដើម្បីស្បថកាន់តួនាទីឡើយ ហើយគណបក្សប្រជាជនកម្ពុជាក៏បានបោះឆ្នោតជាកញ្ចប់បង្កើត រដ្ឋសភា និងរដ្ឋាភិបាលអាណត្តិទី៥ ដោយឯកឯង ដែលក្រុមអ្នកវិភាគអះអាងថា ជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។
គណបក្សសង្គ្រោះជាតិបានចាត់ទុករដ្ឋាភិបាលថ្មីដែលកើតចេញពីសភាមិនគ្រប់កូរ៉ុមនេះថា ជារដ្ឋាភិបាលមិនគ្រប់ទឹក និងទាមទារឱ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។ រដ្ឋាភិបាលលោក ហ៊ុន សែន មិនបានចាត់វិធានការតបតភ្លាមៗនោះទេ រហូតដល់ដើមឆ្នាំ២០១៤ ទើបកងកម្លាំងចម្រុះ រួមមានទាហាន ប៉េអិម និងប៉ូលិស បានបើកការបង្ក្រាបដោយហិង្សាលើក្រុមកម្មករនៅផ្លូវវេងស្រេង និងក្បែររោងចក្រយ៉ាក់ជីន បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ និងរងរបួសជាច្រើននាក់។ ប៉ុន្មានថ្ងៃក្រោយមកទៀត អាជ្ញាធរបានចុះទៅបំបែកក្រុមបាតុករគណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យ និងបានហ៊ុមព័ទ្ធទីលានសេរីភាពនេះ លែងឱ្យអ្នកគាំទ្របក្សប្រឆាំងជួបជុំគ្នាតទៅទៀត។
នៅដើមខែសីហា ឆ្នាំ២០១៤ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៥៥ រូបបានចូលប្រជុំសភាជាលើកដំបូង ដើម្បីបញ្ចប់ពហិការរបស់ខ្លួនជាង ១០ខែ ហើយមេដឹកនាំបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរួមគ្នាបង្កើតវប្បធម៌សន្ទនា បិទបញ្ចប់វប្បធម៌សងសឹក និងលាបពណ៌គ្នាទៅវិញទៅមក។ គណបក្សសង្គ្រោះជាតិទទួលបានកូតាជាប្រធាន និងអនុប្រធានគណៈកម្មការជំនាញនៃរដ្ឋសភាប្រហាក់ប្រហែលគ្នានឹងគណបក្សប្រជាជនកម្ពុជាដែរ ជាពិសេសលោក កឹម សុខា ទទួលបានតំណែងជាអនុប្រធានទីមួយរដ្ឋសភា។ ក្រៅពីនេះ ស្ថាប័នរៀបចំការបោះឆ្នោតក៏ត្រូវបានសើរើឡើងវិញដែរ ដោយមានសមាសភាពដឹកនាំ៩ រូប ក្នុងនោះ៤ រូបមកពីគណបក្សប្រជាជនកម្ពុជា ៤ រូបមកពីគណបក្សសង្គ្រោះជាតិ និងម្នាក់ទៀតជាបុគ្គលឯករាជ្យដែលមានការព្រមព្រៀងគ្នារវាងគណបក្សទាំងពីរ។ គ.ជ.ប ថ្មីនេះ បានបើកឱកាសឱ្យមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកជំនាញជាច្រើននាក់ ចូលបម្រើការងារទៅតាមឯកទេសរបស់ខ្លួនផងដែរ។
ពលរដ្ឋខ្មែរដែលធ្លាប់តែពើបប្រទះនឹងភាពប្រេះឆាខាងនយោបាយអស់រយៈពេលរាប់ទសវត្សរ៍មកហើយនោះ បានសាទរ និងពេញចិត្តពេញថ្លើមចំពោះការស្រុះស្រួលគ្នារវាងបក្សកាន់អំណាច និងបក្សប្រឆាំង ដោយម្នាក់ៗរំពឹងថា យុគសម័យនៃការឈ្លោះទាស់ទែងគ្នារវាងអ្នកនយោបាយខ្មែរនិងខ្មែរ ត្រូវបិទបញ្ចប់ត្រឹមនេះហើយ។
ទោះជាយ៉ាងណា អ្វីៗមិនដូចការរំពឹងទុកនោះឡើយ។ កិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយនេះមានអនុភាពតែមួយចម្អិនកំពិសប៉ុណ្ណោះ ដោយសារតែថ្នាក់ដឹកនាំគណបក្សទាំងពីរហាក់មិនទុកចិត្តគ្នា និងចោទគ្នាថា ខ្វះភាពស្មោះត្រង់។ សកម្មជន និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់របស់បក្សប្រឆាំង ត្រូវបានចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារ ដោយសារតែការបញ្ចេញមតិ និងសកម្មភាពរបស់ពួកគេនាពេលកន្លងមក ហើយខ្លះទៀតត្រូវក្រុមយោធានៃកងអង្គរក្សលោក ហ៊ុន សែន វាយដំច្រំធាក់ទៀតផង។
ជាឧទាហរណ៍ សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ និងសមាជិករដ្ឋសភា លោក អ៊ុំ សំអាន ត្រូវអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារទាំងមានអភ័យឯកសិទ្ធិ ដោយសាររិះគន់រឿងផែនទី និងការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម។ លើសពីនេះ ក្រុមអង្គរក្សលោក ហ៊ុន សែន បានលើកគ្នាទៅព្រួតវាយតំណាងរាស្ត្របក្សប្រឆាំងដល់មុខរដ្ឋសភាតែម្ដង បណ្តាលឱ្យសមាជិកសភាពីររូប គឺលោក គង់ សភា និងលោក ញ៉យ ចំរើន រងរបួសធ្ងន់ធ្ងរឈាមស្រោចពេញខ្លួន ដេកដួលលើថ្នល់។
ចំណែក លោក សម រង្ស៊ី ឯណោះវិញ ក៏ត្រូវរស់នៅនិរទេសខ្លួននៅក្រៅប្រទេសជាថ្មីម្តងទៀតនៅអំឡុងឆ្នាំ២០១៥ នោះដែរ ហើយពេលនោះ តួអង្គនយោបាយសំខាន់ជាងគេនៅក្នុងស្រុកជំនួសលោក សម រង្ស៊ី គឺជាលោក កឹម សុខា ដែលបានក្លាយជាប្រធានស្ដីទីគណបក្ស។
ម្តងនេះ ដល់វេនលោក កឹម សុខា វិញម្ដងដែលត្រូវរងការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលលោក ហ៊ុន សែន។ នៅខែកញ្ញា ឆ្នាំ២០១៦ លោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារ៥ ខែ ពីបទ “បដិសេធមិនចូលខ្លួន” ដោយគ្មានមូលហេតុត្រឹមត្រូវ ទាក់ទងនឹងរឿងអាស្រូវស្នេហាលួចលាក់ជាមួយនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ លោកបានបង្ខំចិត្តឃុំខ្លួនក្នុងទីស្នាក់ការបក្សសង្គ្រោះជាតិអស់រយៈពេលជាច្រើនខែ ហើយអាជ្ញាធរបានប៉ុនប៉ងចូលទៅចាប់ខ្លួនលោក ប៉ុន្តែសកម្មភាពនេះត្រូវបានបញ្ឈប់ដោយសារសកម្មជនបក្សសង្គ្រោះជាតិរាប់រយនាក់នាំគ្នាទៅដេកយាមនៅទីស្នាក់ការគណបក្សទាំងថ្ងៃទាំងយប់។ លោក កឹម សុខា បានរួចផុតពីបទចោទប្រកាន់នេះ តាមរយៈព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ នៅដើមខែធ្នូឆ្នាំ២០១៦ ហើយលោកក៏មានសេរីភាពចេញមកជួបអ្នកគាំទ្រ និងថ្លែងសារនយោបាយបានដូចធម្មតាវិញ។
នៅដើមខែមីនា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានតែងតាំងជាប្រធានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោក សម រង្ស៊ី បានសម្រេចចិត្តលាលែងពីតួនាទី ដើម្បីការពារគណបក្សពីការរំលាយរបស់រដ្ឋអំណាច។ ទោះជាយ៉ាងណា ៧ ខែក្រោយមក លោក កឹម សុខា ត្រូវអាជ្ញាធរសម្រុកចូលចាប់ខ្លួនដល់ក្នុងផ្ទះទាំងកណ្ដាលអាធ្រាត្រ និងក្នុងពេលដែលលោកកំពុងមានអភ័យឯកសិទ្ធិសភា។ តុលាការដែលស្ថិតក្រោមឥទ្ធិពលលោក ហ៊ុន សែន បានចោទប្រកាន់លោក កឹម សុខា ពីបទ “សន្ទិដ្ឋិភាព” ឬការត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ប្រធានគណបក្សប្រឆាំងរូបនេះ ត្រូវជាប់ឃុំតាំងពីខែកញ្ញាឆ្នាំ២០១៧ រហូតមកដល់ពេលបច្ចុប្បន្ន ដោយមិនទាន់ទទួលបានការជំនុំជម្រះនៅឡើយទេ។
ក្រោយការចាប់ខ្លួនលោក កឹម សុខា របបលោក ហ៊ុន សែន បានពន្លឿនការកែប្រែច្បាប់គណបក្សនយោបាយ ដើម្បីបើកផ្លូវឈានទៅរំលាយគណបក្សសង្គ្រោះជាតិ មុនការបោះឆ្នោតជាតិឆ្នាំ២០១៨។
ចៅក្រមតុលាការកំពូលដែលសុទ្ធសឹងជាសមាជិកបក្សកាន់អំណាច បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧ ដោយគ្មានការរារែក ទោះជាដឹងថា ពលរដ្ឋជិតកន្លះប្រទេសបានគាំទ្រគណបក្សនេះក្តី។ ក្រៅពីនេះ តុលាការកំពូលបានហាមប្រាមថ្នាក់ដឹកនាំបក្សប្រឆាំងចំនួន១១៨ នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ ឆ្នាំ ដែលពេលវេលាប៉ុននេះ គឺសមល្មមសម្រាប់បក្សកាន់អំណាចឈ្នះឆ្នោតអាណត្តិទី៦ ដោយមិនបាច់ប្រឹង។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងថា លោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ ដោយសារតែដឹងថា គាត់នឹងចាញ់ឆ្នោតនៅឆ្នាំ២០១៨។ លោកបន្តថា របបលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិបានតែនៅលើក្រដាសប៉ុណ្ណោះ ប៉ុន្តែលើភាពជាក់ស្ដែងប្រជាពលរដ្ឋខ្មែរនៅតែគាំទ្រគណបក្សសង្គ្រោះជាតិដដែល៖ «លោក ហ៊ុន សែន គាត់ដឹងថា ការបោះឆ្នោតឆ្នាំ២០១៨ គណបក្សគាត់នឹងចាញ់គណបក្សសង្គ្រោះជាតិ ព្រោះកម្លាំងប្រជាពលរដ្ឋគេរង់ចាំតែពេលវេលាមកដល់នៃការបោះឆ្នោត។ ដូច្នេះដើម្បីជាការទប់ស្កាត់កុំឱ្យគាត់បាត់បង់អំណាចតាមរយៈការបោះឆ្នោត គាត់បានចាប់លោក កឹម សុខា ហើយរំលាយគណបក្សសង្គ្រោះជាតិដោយគាត់ចោទប្រកាន់គ្មានហេតុផល ហើយរៀបចំការបោះឆ្នោតក្លែងក្លាយមួយដែលមិនឆ្លុះបញ្ចាំងពីឆន្ទៈពិតរបស់ប្រជាពលរដ្ឋ»។
ក្រោយបក្សត្រូវរំលាយ ថ្នាក់ដឹកនាំ និងមន្ត្រីបក្សសង្គ្រោះជាតិជាច្រើននាក់ បានបែកខ្ញែកគ្នា ខ្លះរត់ទៅធ្វើសកម្មភាពនៅក្រៅប្រទេស ខ្លះបន្តរស់នៅកម្ពុជាដោយរក្សាភាពស្ងៀមស្ងាត់ និងមួយចំនួនទៀតបានទៅចុះចូលជាមួយគណបក្សកាន់អំណាច។ ចំណែក អាសនៈក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៥០០៧អាសនៈ ដែលគណបក្សនេះទទួលបានពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ ក៏ត្រូវបានគណបក្សកាន់អំណាចយកមកចែកគ្នាកាន់កាប់ផងដែរ។
កម្ពុជាបានក្លាយជាប្រទេសឯកបក្ស ដែលសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋរងការរឹតត្បិតជាខ្លាំងពីរដ្ឋអំណាច ក្រោយអវត្តមានគណបក្សសង្គ្រោះជាតិ។ របបលោក ហ៊ុន សែន បានរៀបចំការបោះឆ្នោតបែបបង្គ្រប់កិច្ចនៅឆ្នាំ២០១៨ និងបានក្រសោបយកអំណាចរដ្ឋទាំងអស់តែម្នាក់ឯង។ ក្រុមប្រទេសប្រជាធិបតេយ្យបានថ្កោលទោសរបបក្រុងភ្នំពេញចំពោះចំណាត់ការទាំងឡាយលើគណបក្សប្រឆាំង ដោយបានចាត់ទុកថា នោះជាការគាស់រំលើងគ្រឹះប្រជាធិបតេយ្យនៅកម្ពុជា។ សហភាពអឺរ៉ុបកំពុងអនុវត្តនីតិវិធីដកហូតការអនុគ្រោះពន្ធ EBA ពីកម្ពុជា ស្របពេលសមាជិកសភាសហរដ្ឋអាមេរិកកំពុងស្នើច្បាប់ដាក់ទណ្ឌកម្មរបបក្រុងភ្នំពេញ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ថ្លែងថា ការរំលាយគណបក្សសង្គ្រោះជាតិធ្វើឱ្យលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា មានការរួមតូច ហើយក្រុមប្រទេសប្រជាធិបតេយ្យហាក់មិនផ្ដល់តម្លៃដល់ភាពស្របច្បាប់នៃរដ្ឋាភិបាលថ្មីឡើយ។ ទន្ទឹមនឹងនេះ លោកមើលឃើញថា រដ្ឋាភិបាល និងអង្គការបរទេសជាច្រើននៅតែទទួលស្គាល់គណបក្សសង្គ្រោះជាតិដដែល ដែលបង្ហាញថា គណបក្សនេះជោគជ័យក្នុងការស្វះស្វែងរកកិច្ចគាំទ្រពីអន្តរជាតិ៖ «យើងមើលការប្រជុំអន្តរសភា រដ្ឋាភិបាលដែលមាន១២៥ ក៏គេហៅ ខាងបក្សប្រឆាំងក៏គេហៅ។ សមាជិកសភាអឺរ៉ុប សមាជិកសភាអាមេរិក ឬក៏អង្គការសហប្រជាជាតិគេនៅចាប់អារម្មណ៍ គេនៅបារម្ភលើលំហសេរីភាពនៅកម្ពុជា។ គេនៅតែសម្ដែងនូវក្តីកង្វល់ដូចសារលិខិតរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិដែលគេលើកឡើងអ៊ីចឹង នេះជាភាពជោគជ័យរបស់បក្សប្រឆាំងដែលទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិហើយ»។
ទោះជាបែបនេះក្តី អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយរូបនេះ យល់ថា គណបក្សសង្គ្រោះជាតិទំនងជាមិនអាចកើតឡើងវិញបានទេក្នុងស្ថានភាពបច្ចុប្បន្ន។ លោកថា គណបក្សនេះអាចនឹងមានឱកាសរស់ឡើងវិញនៅពេលជិតបោះឆ្នោតអាណត្តិក្រោយក្នុងរូបភាពជាគណបក្សប្រឆាំងមួយផ្សេងទៀត៖ «ថ្មីៗនេះ ២០១៩ - ២០២០ ខ្ញុំគិតថា ពុំមានសញ្ញានៃការកើត ឬរស់ឡើងវិញទេ លុះត្រាតែផុតពីហ្នឹងទៅទើបអាចមាន ឬក៏នៅក្នុងករណីមួយដែលអាចកើតមានដែរ ប្រសិនបើគណបក្សកាន់អំណាចបន្ទន់ឥរិយាបថឆ្លើយតបតាមសំណើរបស់សហគមន៍អន្តរជាតិ ដើម្បីរក្សា EBA អាហ្នឹងវាអាចកើតមាន។ ក៏ប៉ុន្តែ នៅក្នុងមួយខែនេះទៀត ត្រឹមថ្ងៃទី១២ ខែ១២ ហ្នឹង បើអត់មានសញ្ញាអ្វីទេ គណបក្សសង្គ្រោះជាតិមិនទាន់កើតឡើងភ្លាមៗទេ»។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកំពុងស្វះស្វែងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ក្នុងគោលបំណងស្ដារប្រជាធិបតេយ្យ និងដោះស្រាយបញ្ហាជាតិដែលរបបក្រុងភ្នំពេញមិនអាចដោះស្រាយបាន។ ក៏ប៉ុន្តែ គម្រោងនេះត្រូវរបបលោក ហ៊ុន សែន ឆ្លើយតបដោយការដាក់កម្លាំងទ័ពរាំងខ្ទប់នៅតាមព្រំដែនខ្មែរ-ថៃ និងហាមឃាត់ក្រុមហ៊ុនយន្តហោះមិនឱ្យដឹកលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដទៃទៀត ចូលមកក្នុងប្រទេសកម្ពុជា។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅតែបន្តសកម្មភាពទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងឆន្ទៈរបស់ពលរដ្ឋខ្មែរមកវិញ ដោយមិនមានការរួញរាឡើយ៖ «ការតស៊ូតែងមានឧបសគ្គ មិនមែនយើងមានឧបសគ្គ យើងនាំគ្នាឈប់ យើងនាំគ្នាសម្រាក យើងនាំគ្នាដកថយ អាហ្នឹងដូចជាយកប្រទេសកម្ពុជាដាក់លើជើងពានឱ្យទៅជនផ្ដាច់ការធ្វើអ្វីតាមអំពើចិត្តហើយ។ អ៊ីចឹងមកដល់ពេលនេះ មកដល់ម៉ោងនេះ ពួកយើងទាំងអស់គ្នាក៏ដូចប្រជាពលរដ្ឋទូទាំងប្រទេសដែលស្រឡាញ់សេរីភាព ស្រឡាញ់យុត្តិធម៌ គឺអត់មានអ្នកណារាថយទេ។ យើងនឹងខិតខំតស៊ូប្រយុទ្ធតទៅទៀត រហូតដល់កម្ពុជាមានឯករាជ្យពិតប្រាកដ កម្ពុជាមានប្រជាធិបតេយ្យពិតប្រាកដ កម្ពុជាមានសេរីភាពពិតប្រាកដ»។
ក្រុមប្រទេសប្រជាធិបតេយ្យ និងអង្គការអន្តរជាតិនានា នៅតែចង់ឃើញរបបក្រុងភ្នំពេញស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ តាមរយៈការអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិរស់រានជាថ្មី ផ្ដល់អាសនៈជាប់ឆ្នោតឱ្យមន្ត្រីគណបក្សសង្គ្រោះជាតិវិញ និងរៀបចំការបោះឆ្នោតជាថ្មីដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។