ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាអ្នកនយោបាយជំនាន់ក្រោយ ហើយបានទទួលតួនាទីជា ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលព្រះបិតារបស់ព្រះអង្គគឺសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏ធ្លាប់ធ្វើជាប្រធានគណបក្ស រាជានិយមមួយនេះ។ គណបក្សហ៊្វុនស៊ិនប៉ិច ធ្លាប់ទទួលបានជ័យជំនះ លើគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៩៣។
តើព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ មានជីវប្រវត្តិបែបណា?
ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ប្រសូត នៅថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៧០ នៅក្នុងរាជធានីភ្នំពេញ ដែលនៅពេលនោះប្រទេសកម្ពុជាកំពុងស្ថិតនៅក្រោមការដឹកនាំរបស់ជីតារបស់ព្រះអង្គគឺសម្ដេចព្រះនរោត្តម សីហនុ នៅឡើយ។ ព្រះអង្គ ចក្រាវុធ គឺជាបុត្រច្បងក្នុងចំណោមបុត្រាបុត្រី ៣អង្គ របស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាមួយព្រះជាយា នរោត្តម ម៉ារី រណឫទ្ធិ។
ត្បិតតែប្រសូតនៅកម្ពុជា ប៉ុន្តែព្រះអង្គបានចាកចេញពីប្រទេសជាមួយគ្រួសារ នៅក្នុងសម័យសាធារណរដ្ឋខ្មែរ ទៅរស់នៅក្នុងប្រទេសបារាំង ក្រោយពីសម្ដេចព្រះនរោត្តម សីហនុ ត្រូវបានក្រុម លោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចនៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៦ ព្រះអង្គម្ចាស់ចក្រាវុធដែលមានព្រះជន្ម ៦ព្រះវស្សា បានចាប់ ផ្តើមចូលសិក្សានៅសាលាក្នុងប្រទេសបារាំង។
ប៉ុន្តែនៅចន្លោះឆ្នាំ១៩៨០ ដល់១៩៩០ ព្រះអង្គត្រូវបានគ្រួសារផ្លាស់ ការសិក្សាពីប្រទេសបារាំង ទៅវិទ្យាល័យ របស់បារាំងមួយកន្លែងក្នុងទីក្រុងបាងកក ប្រទេសថៃ (Thailand)។ ការផ្លាស់ប្ដូរការសិក្សានេះ ធ្វើឡើងតាមទីតាំងរស់នៅរបស់ក្រុមគ្រួសាររបស់ព្រះអង្គដោយសារតែនៅពេលនោះសែរាជវង្ស រួមមានសម្ដេចព្រះនរោត្តម សីហនុ និងសម្តេចក្រុម ព្រះនរោត្តម រណឫទ្ធិ ដែលជាព្រះបិតារបស់ព្រះអង្គបានដឹក នាំកម្លាំង តស៊ូនៅព្រំដែនកម្ពុជាថៃ ដើម្បីធ្វើសង្គ្រាមប្រឆាំងទៅនឹងរបបគ្រប់គ្រងក្រុងភ្នំពេញរបស់លោក ហេង សំរិន ហ៊ុន សែន ដែលមានប្រទេសវៀតណាមជាខ្នងបង្អែកនៅពីក្រោយ ការដួលរលំ នៃពួកខ្មែរក្រហម។
បើទោះជាព្រះអង្គម្ចាស់ ចក្រាវុធ ត្រូវបានព្រះបិតារបស់ព្រះអង្គ នាំព្រះកាយផ្លាស់ទីការសិក្សាទៅកាន់ប្រទេសដែលជាជំរុំតស៊ូនយោបាយក្តី ប៉ុន្តែព្រះអង្គហាក់ដូចជាមិនសូវចាប់អារម្មណ៍ទៅនឹងការសិក្សាអំពីនយោបាយនោះទេ។ ខុសពីព្រះបិតារបស់ព្រះអង្គដែលទទួលបានសញ្ញាបត្រ បណ្ឌិតផ្នែកច្បាប់ពីប្រទេសបារាំង ព្រះអង្គម្ចាស់ ចក្រាវុធ ទទួល បានសញ្ញាប័ត្រសុទ្ធតែផ្នែកវិទ្យាសាស្ត្រ ដូចជាសញ្ញាប័ត្រផ្នែកវិស្វករទូរគមនាគមន៍ ពីសាធារណរដ្ឋបារាំង បរិញ្ញាប័ត្រវិស្វករអគ្គិសនី និងអេឡិចត្រូនិច នៅប្រទេសនូវែលសេឡង់ (New Zealand)។ ចំណែកផ្នែកភាសា វិញ ព្រះអង្គចេះនិយាយភាសា បារាំង អង់គ្លេស និងអេស្ប៉ាញ បានយ៉ាងស្ទាត់ជំនាញ ប៉ុន្តែចំពោះភាសាខ្មែរដែលជាភាសាកំណើតរបស់ព្រះអង្គវិញ ព្រះអង្គនិយាយនៅទាក់ៗនៅឡើយ នេះប្រហែល ជាដោយសារតែព្រះអង្គបានចំណាយពេលវេលាគង់នៅក្រៅប្រទេសច្រើនជាងនៅក្នុងប្រទេសកម្ពុជា។
បើនិយាយពីប្រវត្តិការងារវិញ នៅឆ្នាំ១៩៩០ដល់១៩៩៣ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ធ្លាប់ចូល រួមជាមួយកងទ័ពសីហនុ និយម នៅព្រំដែនកម្ពុជាថៃ និងធ្លាប់បាន ចូលរួមបម្រើក្នុងកងកុម្ម៉ង់ដូនៃសាធារណរដ្ឋបារាំង ។ ក្រៅពីនេះ ព្រះអង្គក៏ធ្លាប់ចូល បម្រើការងារនៅក្រុមហ៊ុនឯកជន នៅក្នុងប្រទេសបារាំងដែរ គឺនៅ ក្រុមហ៊ុនឯកជន ខមផាស់ គ្រុប (Compass Group) និងក្រុមហ៊ុនរថយន្ត នីសាន់ (Nissan)។
បើទោះជាព្រះអង្គម្ចាស់ ចក្រាវុធ មានព្រះបិតាជាអ្នកប្រឡូកចូលជ្រៅក្នុងវិស័យនយោបាយ និងធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីនៅ កម្ពុជាមួយ រយៈពេលក្តី គេពុំសូវឃើញព្រះអង្គម្ចាស់វ័យក្មេងអង្គនេះបង្ហាញព្រះភ័ក្ត្រ ឬចូលរួមប្រឡូកក្នុងរឿងនយោបាយដូចព្រះបិតារបស់អង្គឡើយ។ ចំពោះការចូលរួមប្រឡូកក្នុងឆាកនយោបាយរបស់ព្រះអង្គ ត្រូវបានគេមើលឃើញថា ព្រះអង្គហាក់មិនបានព្រាងទុកនោះទេ។ ប៉ុន្តែអ្វីៗហាក់បានប្រែប្រួលក្រោយពេលដែលព្រះបិតារបស់ព្រះអង្គគឺសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានជួបគ្រោះ ថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ ក្នុងខែមិថុនា ឆ្នាំ២០១៨ និងបន្ទាប់មក បានចូលទិវង្គតនៅខែវិច្ឆិកា ឆ្នាំ២០២១។ ក្រោយព្រះបិតា ជួបគ្រោះថ្នាក់ ចរាចរណ៍ ព្រះអង្គម្ចាស់ ចក្រាវុធ ត្រូវបានគណបក្សហ៊្វុនស៊ិនប៉ិច តែងតាំងជាប្រធានស្តីទីរបស់គណបក្សនៅខែសីហា ឆ្នាំ២០១៨ មុនពេលព្រះអង្គត្រូវបាន អង្គសមាជគណបក្សបោះឆ្នោតតែងតាំងឱ្យក្លាយជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។
ក៏ប៉ុន្តែ ខុសពីព្រះបិតារបស់ព្រះអង្គ ដែលនៅពេលដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ចូលរួមការបោះឆ្នោតនៅក្នុងឆ្នាំ១៩៩៣ មានពលរដ្ឋ គាំទ្រច្រើនរហូតដល់ឈ្នះការបោះឆ្នោតលើគណបក្សប្រជាជនកម្ពុជា ការទទួលបានតំណែងជាព្រះប្រធានគណបក្សរបស់ព្រះអង្គម្ចាស់ ចក្រាវុធ គឺក្នុងពេលដែលប្រជាប្រិយភាពរបស់បក្សរាជានិយមមួយនេះធ្លាក់ស្ទើរដល់បាត។ មានន័យថា គណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្លាប់ពីទទួលបាន អាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភានៅក្នុងឆ្នាំ១៩៩៣ រហូតដល់មិនទទួលបានអាសនៈសភាសូម្បីតែមួយនៅក្នុងការបោះឆ្នោតក្នុងឆ្នាំ២០១៣ និង២០១៨។ នៅក្នុងឆ្នាំ១៩៩៣ គណបក្សរាជានិយមមួយ នេះទទួលបាន ៥៨អាសនៈច្រើនជាងគេ នៅឆ្នាំ១៩៩៨ទទួលបាន៤៦អាសនៈ នៅលេខរៀងទី២ នៅឆ្នាំ២០០៣ ទទួលបាន ២៦អាសនៈ បន្ទាប់មកទៀតនៅឆ្នាំ២០០៨ទទួលបានតែ២អាសនៈ ហើយនៅ២អាណត្តិក្រោយ មកទៀតគឺនៅឆ្នាំ២០១៣និង២០១៨ មិនទទួល បានសូម្បីតែ មួយអាសនៈនោះទេ។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញៀន រ៉ាដែន មានប្រសាសន៍ថា ក្រោយពេលព្រះអង្គម្ចាស់នរោត្តមចក្រាវុធដឹកនាំមក គណបក្សនេះមានការគាំទ្រពីប្រជាពលរដ្ឋច្រើនឡើងវិញ។
លោក ញៀន រ៉ាដែន៖ «ព្រះអង្គជាតួអង្គដ៏សំខាន់សម្រាប់ស្ដារប្រជាប្រិយភាពសម្រាប់គណបក្សរាជានិយមក៏ដូចជាប្រជារាស្ត្រទាំងមូលបានយល់កាន់តែច្បាស់នូវអត្ថន័យ ក៏ដូចជាគុណតម្លៃកាន់តែច្បាស់របស់គណបក្សហ៊្វុនស៊ិនប៉ិច និងរបបរាជានិយមនៅកម្ពុជាយើង»។
លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ ក្នុងចំណោម ១៨គណបក្ស គឺមានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលទទួលបានអាសនៈនៅក្នុងសភា គឺគណបក្សប្រជាជនកម្ពុជាទទួលបាន១២០អាសនៈ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៥អាសនៈ។
អ្នកវិភាគបញ្ហាសង្គម លោក គឹម សុខ និងជាអតីតមន្ត្រីខុទ្ទកាល័យរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ឱ្យដឹងថា តាំងពីឆ្នាំ២០០០ ដែលលោកចូលរួម កិច្ចការនយោបាយជាមួយគណបក្សរាជានិយមមួយនេះ គឺមិនដែលមានវត្តមានរបស់ ព្រះអង្គម្ចាស់ ចក្រាវុធ ជួយកិច្ចការនយោបាយបក្សទេ។
លោក គឹម សុខ បន្តថា បើទោះជាគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន អាសនៈនៅក្នុងរដ្ឋសភានៅអាណត្តិទី៧នេះក្តី ក៏ប៉ុន្តែលោកថា គណបក្ស នេះមិនអាចធ្វើឱ្យស្ថានការណ៍ នយោបាយនៅកម្ពុជាបានប្រសើរ ឡើងវិញឡើយ ព្រោះតែថ្នាក់ដឹកនាំបក្សខ្វះភាពក្លាហាន។
លោក គឹម សុខ៖ «ខ្ញុំមើលឃើញថា ក្រុមមេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចគ្មានសេចក្ដីក្លាហានក្នុងការតស៊ូមតិជាមួយគណបក្សប្រជាជនកម្ពុជាឡើយ។ ធ្វើអ្វីៗដូចជាចាំតែស្របទៅហ្នឹងនយោបាយរបស់គណបក្សប្រជាជនកម្ពុជា»។
ទោះជាយ៉ាងណា លោក ញៀន រ៉ាដែន អះអាងថា ព្រះអង្គម្ចាស់ នរោត្តមចក្រាវុធ មានទិសដៅនយោបាយច្បាស់ លាស់ក្នុងការដោះ ស្រាយបញ្ហាជាតិក៏ដូចជាបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
លោក ញៀន រ៉ាដែន៖ «លោកតែងតែមានបន្ទូលថា រាស្ត្ររបស់លោកនៅតែរងគ្រោះពិសេសនៅមានភាពវេទនានៅឡើយ អ៊ីចឹងព្រះអង្គនឹងបន្តចុះទៅជួបហើយជាពិសេសនឹងពាំនាំយកសេចក្ដីទុក្ខហ្នឹងមកដោះស្រាយជូនបងប្អូនចាប់ពីពេលនេះតទៅ»។
ខុសពីជីតា និងព្រះបិតារបស់ព្រះអង្គដែលចូលចិត្តនិយាយជាមួយអ្នកសារព័ត៌មាន ឬសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រកប ដោយវោហារសាស្ត្រច្រើន ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលបច្ចុប្បន្នមានព្រះជន្ម៥៣ ព្រះវស្សាព្រះអង្គហាក់មានភាពស្ងៀមស្ងាត់ មិនសូវនិយាយស្តីច្រើន។ គេកម្រឃើញឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន ឬថ្លែងសារជាសាធារណៈណាស់។
នៅក្រោយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតអាណត្តិទី៧បង្ហាញថា គណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន៥អាសនៈនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រាប់សារព័ត៌មានខេមបូចា ក្នុងបទសម្ភាសន៍មួយថា ព្រះអង្គមិនមានបំណងធ្វើជាបក្សប្រឆាំងក្នុងសភានោះទេ គឺព្រះអង្គនឹងធ្វើជាដៃគូសហការជាមួយគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចដើម្បីធ្វើការរួមគ្នាអភិវឌ្ឍប្រទេស និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។