ប្រជាពលរដ្ឋមើលឃើញថា ការអនុម័តលើសេចក្ដីព្រាងវិសោធនកម្ម ច្បាប់បោះឆ្នោតថ្មី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការរំលោភសិទ្ធិពួកគេ និងគោលការណ៍រដ្ឋធម្មនុញ្ញ។ អ្នកជំនាញផ្នែកច្បាប់ថាការធ្វើវិសោធនកម្មកែប្រែ ច្បាប់ត្រូវធ្វើ ប្រជាមតិ និងឆ្លងកាត់ការពិនិត្យ និងអនុម័តពីស្ថាប័នពាក់ព័ន្ធ មិនមែនសម្រេចទៅលើមនុស្សតែមួយក្រុមនោះឡើយ។
ប្រជាពលរដ្ឋ និងអ្នកសិក្សាផ្នែកច្បាប់មួយចំនួនចាត់ទុកមាត្រាថ្មីៗក្នុងសេចក្តីព្រាងស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតដែលរដ្ឋសភាឯកបក្សទើបលើកដៃអនុម័ត ថាជាការបិទផ្លូវ និងគាបសង្កត់សិទ្ធិធ្វើនយោបាយមកលើគណបក្សប្រឆាំង ដែលផ្ទុយពីឆន្ទៈរបស់ប្រជាពលរដ្ឋ។
កសិករនៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យលោក សោម សុមិត្រ យល់ឃើញថា ការអនុម័តច្បាប់បោះឆ្នោតថ្មីនេះ ឆ្លុះបង្ហាញពីចរិតអ្នកនយោបាយទុច្ចរិតដែលតែងតែបង្កើតច្បាប់តាមអំពើចិត្ត ដើម្បីយកឈ្នះគូប្រកួតដែលឈរនៅក្រៅសង្វៀន។ លោកបន្តថា គណបក្សកាន់អំណាចទំនងជាកើតជម្ងឺបាក់ស្បាត ដោយសារខ្លាចវត្តមានគណបក្សប្រឆាំងហើយ ទើបប្រញាប់រៀបចំនិពន្ធច្បាប់យ៉ាងតក់ក្រហល់ដើម្បីបិទផ្លូវគណបក្សប្រឆាំងដូច្នេះ។
លោក សោម សុមិត្រ៖ «តាមពិតទៅគាត់(លោក ហ៊ុន សែន)ចង់ធ្វើយ៉ាងម៉េចក៏បាន។ ចង់ធ្វើវិសោធនកម្មយ៉ាងម៉េចចង់ស្នើយ៉ាងម៉េចបានដូចចិត្តទាំងអស់»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋនៅខេត្តសៀមរាបសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថាមានតែប្រទេសផ្ដាច់ការប៉ុណ្ណោះដែលបង្កើតច្បាប់បែបនេះឡើយ។ លោកយល់ថា ការកែប្រែច្បាប់ថ្មីនេះគឺដើម្បីគាប់សង្កត់ រឹតត្បិតអ្នកនយោបាយ ដែលជាគូប្រជែងរបស់គណបក្សកាន់អំណាច ហើយថែមទាំងរំលោភសិទ្ធិពលរដ្ឋទៀតផង។
«ព្រោះពលរដ្ឋ ឬក៏អ្នកនយោបាយគ្រប់រូបមានសិទ្ធិក្នុងការសម្រេចចិត្តគ្រប់សព្វបែបយ៉ាងថា ខ្លួនទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត។ កន្លែងនេះខ្ញុំគិតថា ប្រសិនបើពលរដ្ឋ ចេញទៅបោះឆ្នោត សួរថាទៅបោះឆ្នោតឱ្យអ្នកណា?បោះឆ្នោតឱ្យបក្សណា?ប្រសិនបើគ្មានបក្សនយោបាយណាមួយដែលគាត់ស្រឡាញ់។ អ៊ីចឹងគាត់អត់បាច់ទៅបោះឆ្នោតក៏បានដែរ»។
រដ្ឋសភាឯកបក្សបានកោះប្រជុំទាំងខុសកាលយ៉ាងតក់ក្រហល់នៅពីថ្ងៃទី២៣ ខែមិថុនា ដែលមានសមាជិកសភា ១១១រូប របស់គណបក្សប្រជាជនកម្ពុជាដោយបានបោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មីនេះ មុនបញ្ជូនទៅព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញអនុម័តបន្តទៀត។
ពលរដ្ឋរស់នៅខេត្តប៉ៃលិនលោក ហ៊ុល សៅ លើកឡើងថា លោកហាក់គ្មានការភ្ញាក់ផ្អើលអ្វីនោះទេ ពីការអនុម័តច្បាប់ដែលសមាជិករដ្ឋសភាឯកបក្សចាំតែលើកដៃគាំទ្រតាមទំនើងចិត្តរបស់លោក ហ៊ុន សែន ដោយមិនបានពិចារណាពីភាពមិនប្រក្រតីនោះឡើយ។ លោកលើកឡើងទៀតថា លោកចាត់ទុកច្បាប់បោះឆ្នោតថ្មីនេះ ថាជាច្បាប់នីតិមាត់ចាប់តាំងពីពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយពីបំណងរបស់លោក ក្នុងការធ្វើវិសោធនកម្មនេះមកម្ល៉េះ ដោយរង់ចាំតែសមាជិករដ្ឋសភាឯកបក្សរបស់លោកលើកដៃបង្គ្រប់កិច្ចតែប៉ុណ្ណោះ។
លោក ហ៊ុល សៅ៖ «ខ្ញុំយល់ឃើញថា កាលដែលធ្វើឱ្យមានការបង្កើតច្បាប់ថ្មីនេះ គឺច្បាប់នេះបង្កើតឡើងសម្រាប់តែបន្សាបឥទ្ធិពលរបស់គណបក្សប្រឆាំង។ មើលតែគណបក្សនយោបាយណា ដែលមានសំឡេងការគាំទ្ររបស់ប្រជាពលរដ្ឋកាន់តែច្រើន គឺលោក ហ៊ុន សែន បង្កើតច្បាប់ដើម្បីទៅបំបាត់ ឬក៏បង្ក្រាបសំឡេងអ្នកគាំទ្រ ឬក៏តំណាងឈរឈ្មោះឱ្យគណបក្សនយោបាយណាមួយដែលប្រជាពលរដ្ឋពេញចិត្ត»។
និស្សិតផ្នែកច្បាប់លោក លី ចាន់ដារ៉ាវុធ លើកឡើងថា ការអនុម័តច្បាប់របស់រដ្ឋសភានៅពេលនេះមានភាពតក់ក្រហល់ ខុសប្លែកពីការអនុម័តច្បាប់ផ្សេងៗបម្រើប្រយោជន៍សាធារណៈដែលត្រូវចំណាយពេលរាប់ឆ្នាំ។ ជាមួយគ្នានេះ លោកមើលឃើញថា មាត្រាក្នុងច្បាប់ថ្មីនេះនៅមានភាពស្រពេចស្រពិលដោយមិនបានបញ្ជាក់ថា តើបុគ្គលដែលមិនបានទៅបោះឆ្នោត នឹងត្រូវបាត់បង់សិទ្ធិឈរឈ្មោះបោះឆ្នោតអស់មួយជីវិតឬយ៉ាងណា។
លោក លី ចាន់ដារ៉ាវុធ៖ «អ៊ីចឹងខ្ញុំយល់ថា ការតាក់តែងច្បាប់បែបនេះនឹងមិនតំណាងឱ្យប្រយោជន៍ប្រជាពលរដ្ឋទេ។ យើងខ្ញុំយល់ថា យើងមិនគួរណាកែប្រែ ច្បាប់បោះឆ្នោតនៅកៀកថ្ងៃបោះឆ្នោតអ៊ីចឹងទេ។ ព្រោះថា វាមិនដែលកីឡាប្រដាល់ណា ដល់ម៉ោងដាល់ហើយ ទើបមកកែច្បាប់ថាដាល់របៀបម៉េចនោះ ខ្ញុំយល់ថា វាប៉ះពាល់ទៅដល់ការប្រកួតគ្នាដោយស្មើភាពដែរ»។
ជុំវិញរឿងដែរនេះប្រធានក្រុមអ្នកច្បាប់អមរិន្ទលោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ដើម្បីឱ្យច្បាប់មានភាពល្អប្រសើរ តុល្យភាព ក្នុងការដាក់ឱ្យប្រើប្រាស់លុះត្រាសេចក្ដីព្រាងច្បាប់នោះបានឆ្លងកាត់ការប្រមូលមតិយោបល់ពីស្ថាប័នពាក់ព័ន្ធ និងឆ្លុះបង្ហាញពីឆន្ទៈប្រជាពលរដ្ឋ។
លោក សុក សំអឿន៖ «នៅក្នុងរដ្ឋធម្មនុញ្ញចែងថាទាំងអស់គ្នាសុទ្ធតែមានសិទ្ធិឈរឈ្មោះ ប៉ុន្តែនៅពេលធ្វើច្បាប់ ទៅជាមានអ្នកដែលមិនអាចឈរឈ្មោះបាន អ៊ីចឹងពិបាកដែរ។ ប្រសិនបើជាច្បាប់ធ្វើឡើងមានតែគ្នាប៉ុន្មាននាក់ សម្រាប់បញ្ជូនទៅសភាឱ្យសម្រេចតែម្ដងទៅ អាហ្នឹងមិនមែនជារូបបែបប្រជាធិបតេយ្យនោះទេ»។
នេះមិនមែនជាលើកដំបូងទេ ដែលលោក ហ៊ុន សែន កែច្បាប់តាមទំនើងចិត្តដើម្បីធានាបាននូវជ័យជម្នះទុកជាមុន និងជាការក្រាលកម្រាលព្រំឱ្យកូនប្រុសរបស់លោកដែលរង់ចាំស៊ីកេរ្តិ៍គឺលោក ហ៊ុន ម៉ាណែត អាចធ្វើបន្តអំណាចពីលោកបានដោយគ្មានឧបសគ្គ។ ការកែប្រែច្បាប់ដែលលោក ហ៊ុន សែន ធ្លាប់ធ្វើកន្លងមកមានដូចជាការកែប្រែច្បាប់សញ្ជាតិតែមួយសម្រាប់បេក្ខជនឈរឈ្មោះជានាយករដ្ឋមន្ត្រី ច្បាប់ជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី នៅពេលនាយករដ្ឋមន្ត្រីក្នុងតួនាទីអវត្តមានដោយមិនបាច់ឆ្លងកាត់រដ្ឋសភា និងច្បាប់បោះឆ្នោតដែលដកហូតសិទ្ធិអ្នកនយោបាយសមាជិកគណបក្សប្រឆាំង ដែលមិនបានចូលរួមបោះឆ្នោតថ្មីនេះជាដើម។
ប្រជាពលរដ្ឋលើកឡើងថា ច្បាប់បោះឆ្នោតដែលចេញពីការលើកដៃអនុម័តរបស់សភាឯកបក្សនេះ នឹងកែប្រែការប្រកួតប្រជែងការបោះឆ្នោតទៅជាការសម្ដែងការបោះឆ្នោតតាមបែបបង្គ្រប់កិច្ច ហើយបង្កើតបានជារដ្ឋាភិបាលមួយដែលមិនមិនឆ្លុះបញ្ចាំងពីការគាំទ្ររបស់ពលរដ្ឋនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
