ពលរដ្ឋ​​ជំរុញ​​ឲ្យ​​គណបក្ស​​ថ្មី​​២ដែល​ទើប​​បង្កើត​​ធ្វើ​សកម្មភាព​​​ខ្លាំង​​ក្លា ទើប​​មាន​​ការ​​គាំទ្រ​

0:00 / 0:00

​ថ្វីត្បិត​តែ​ពលរដ្ឋ​ខ្លះ ​មាន​បំណង​គាំទ្រ​​ការ​បង្កើត​បក្ស​ថ្មី​មែន តែ​ពួកគេ​នៅ​រង់ចាំ​មើល​គោល​នយោបាយ និង​សកម្មភាព​របស់​​គណបក្ស​ថ្មី​ទាំង​នោះ​សិន​ ទើប​​​​ផ្ដល់​សេចក្ដី​ទុក​ចិត្ត។

កសិករ​នៅ​ខេត្ត​កំពង់ធំ​ម្នាក់លោក ​អ៊ុយ សែន ​​​ភ្ញាក់​ផ្អើល​​នៅ​ពេល​​លឺ​ថា​ មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​​២​ក្រុម​ទៀត នាំ​គ្នា​បើក​បក្ស​ថ្មី​​បន្ថែម​។​​ តែ​​យ៉ាង​ណា​កសិករ​រូប​នេះ​ ​មិន​ជំទាស់​​​ទេ​​ឲ្យ​តែ​គណ​​បក្ស​ថ្មី​ទាំង​នោះ​អាច​ជួយ​ការពារ​​​ផល​ប្រយោជន៍​ឲ្យ​ពលរដ្ឋ​បាន​៖ «រង់ចាំមើល គោល​នយោបាយ​របស់​គណបក្ស​នីមួយ​ៗ បូក​រួម​ទាំង​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​គណបក្ស​នីមួយៗ​សិន ព្រោះ​អ្វី​បើ​សិន​ជា​យើង​មើល​តែ​គោលការណ៍​​​នយោបាយ​របស់​គណបក្ស​ណា​មួយ ហើយ​គិត​ថា ​ប្រសើរ​ តែ​បើ​សិន​ជា​ថ្នាក់ដឹកនាំ​​នៅ​ក្នុង​គណបក្ស​ហ្នុង​មិន​សូវ​សកម្ម​ ក៏​​វា​ដូច​​មាន​តែ​គោល​​ការណ៍​ដែរ។ បើ​សិន​ថា ​ករណី​វា​មាន​គោលការណ៍​ហើយ​ មេ​ដឹកនាំ​នៅ​ក្នុង​គណបក្ស​នយោបាយ​ហ្នឹង​សកម្ម អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ជឿ​​ទុក​ចិត្ត​បាន​ ទាំង​ខ្ញុំ ទាំង​គេ អាច​ជឿ​ទុក​ចិត្ត»។

​ពលរដ្ឋ​​ម្នាក់​ទៀត​រស់​នៅ​ខេត្ត​សៀមរាបលោក ព្រហ្ម សុព្រឹក្ស ក៏​បង្ហាញ​ការ​គាំទ្រ​​ដែរ។ លោក​​បន្ត​ថា ​ប្រសិន​បើ​ថ្នាក់ដឹកនាំ​គណបក្ស​ថ្មី​ទាំង​នោះ​ ​ហ៊ាន​​ធ្វើ​​សកម្មភាព​ខ្លាំង​​ក្លា មាន​​​គោលការណ៍​ច្បាស់លាស់ ​​ហ៊ាន​ដើរ​តួនាទី​​ជា​គណបក្ស​ប្រឆាំង​​ឲ្យ​ពិត​ប្រាកដ​​​ ហ៊ាន​​​​​ទាមទារ​ផល​ប្រយោជន៍​រួម​ឲ្យ​ពលរដ្ឋ​ដូច​គណ​បក្ស​​សង្គ្រោះ​ជាតិ​​ជា​ដើម​ ទើប​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​៖ «ឲ្យតែ​គណបក្ស​ទាំង​២ ទាំង​៣ ទាំង​៤​ហ្នឹង​ ឲ្យ​តែ​គណបក្ស​ហ្នឹង​យក​ផល​ប្រយោជន៍​ជាតិ​ជា​ធំ។ បម្រើ​​ប្រជាពលរដ្ឋ​ បម្រើ​ផល​ប្រយោជន៍​ជាតិ។ កុំ​បង្កើត​​គណបក្ស​មក សូម្បី​តែ​​គណបក្ស​កាន់​អំណាច​ក៏​យើង​មិន​ហ៊ាន​រិះគន់​គេ​ដែរ។ យើង​មក​រិះគន់​តែ​បក្ស​ប្រឆាំង​ខ្លួន​​ឯង​។ អា​ហ្នឹង​ប្រជាពលរដ្ឋ​មិន​អាច​បោះ​ឆ្នោត​ឲ្យ​ទេ។ ប្រជា​ពលរដ្ឋ​នឹង​សង្កេត​មើល នឹង​ចាំ​មើល​»។

ចំណែក​​​ជាង​កាត់ដេរ​ម្នាក់ រស់​​នៅ​ខេត្ត​បាត់ដំបងកញ្ញា គឹម ល័ក្ខ ក៏​យល់​ស្រប​នឹង​ការ​លើក​ឡើង​នេះ​ដែរ។ ស្ត្រី​វ័យ​ ៣៧ ​ឆ្នាំ​រូប​នេះ សង្កេត​ឃើញ​ថា ​​​​ជិត ​៥​ ឆ្នាំ​មក​នេះ​​នៅ​​កម្ពុជា​​មិន​ទាន់​​មាន​​គណបក្ស​ណា​មួយ​​អាច​ដើរ​តួនាទី​​ជា​​បក្ស​ប្រឆាំង​ ហ៊ាន​ចេញ​​មុខ​​ជំនួស​​ពលរដ្ឋ​ ក្នុង​ការ​តវ៉ា​ជាមួយ​គណបក្ស​កាន់​អំណាច​បាន​ឡើយ។ កញ្ញា​រំពឹង​ថា​ គណបក្ស​ថ្មី​ ដែល​ទើប​បង្កើត​អាច​កៀរគរ​ពលរដ្ឋ​ឲ្យ​ចូលរួម​​ធ្វើ​សកម្មភាព​ឲ្យ​​​ខ្លាំង​ក្លា​បាន​៖ «បក្ស​ណា​ក៏​ដូច​បក្ស​ណា​ដែរ គឺ​មាន​គោល​នយោបាយ​ដូច​គ្នា។ តែ​អ្វី​ដែល​សំខាន់​នោះ​​ គឺ​គណបក្ស​នីមួយ​ៗ គាត់​ជ្រើស​យក​សារ​នយោបាយ​ដើម្បី​ឲ្យ​ត្រូវ​ចិត្ត​នឹង​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ ថា​តើនៅ​ក្នុង​សង្គម​យើង​ហ្នឹង​វា​លំបាក​ត្រង់​ចំណុច​ណា​ ដែល​យើង​យក​ជា​គោល​ធំ​មក​​ដែល​ត្រូវ​គិត​ដល់​ប្រជា​ពលរដ្ឋ​ គឺ​ខ្ញុំ​ដើរ​តាម​។ ខ្ញុំ​ជា​ប្រ​ជា​ពលរដ្ឋ​មួយ​ដែរ ខ្ញុំ​ចង់​បាន ចង់​ឃើញ​​ការ​ដឹកនាំ ហើយ​និង​គោល​នយោបាយ​របស់​បក្ស​មួយៗ​អ៊ីចឹង​ណា»។

ទោះ​ជា​យ៉ាង​ណា ​ការ​បើក​បក្ស​ថ្មី​នេះ​នៅ​មិន​ទាន់​​​មាន​ភាព​ទូលំទូលាយ​ និង​បញ្ជ្រាប​​​​​ដល់​​​ពលរដ្ឋ​​នៅ​តាម​ជន​បទ ឬ​​តំបន់​ដាច់​ស្រយាល​នៅ​ឡើយ​ទេ​។ យុវតី​​​ម្នាក់​រស់នៅ​ស្រុក​អង្គរបុរី ខេត្ត​តាកែវ កញ្ញា ហៀន សុខលី​ មិន​ទាន់​ដឹង​ថា​ ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណ​បក្ស​សង្គ្រោះ​ជាតិ​នាំ​គ្នា​បើក​បក្ស​ថ្មី​ទៀត​នៅ​ឡើយ​ទេ។ បន្ថែម​ពី​នេះ​​​អ្នក​រស់​នៅ​​ជាយ​ដែន​រូប​នេះ ក៏​មិន​​ចាប់​អារម្មណ៍​ដែរ​ ហើយ​​មិន​​​រំពឹង​ថា ​​គណបក្ស​ថ្មី​​ទាំង​អស់​​នេះ​ អាច​​មាន​ប្រជាប្រិយភាព​​ ឬ​ប្រកួត​ប្រជែង​ឈ្នះ​បក្ស​កាន់​អំណាច​បាន​ដែរ៖ «និយាយ​ឲ្យ​ចំ​ទៅ គេ​បង្កើត​អត់​សូវ​ចាប់​អារម្មណ៍​រឿង​ហ្នឹង​ទេ។ រឿង​នយោបាយ​អត់​សូវ​ចាប់​អារម្មណ៍​ផង»។

​ចំពោះ​សកម្មជន​​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​វិញ​​ ក៏​​មិន​សូវ​បង្ហាញ​ការ​​ពុះ​កញ្ជ្រោល​នឹង​ការ​​បើក​បក្ស​ថ្មី​​​នេះ​​ប៉ុន្មាន​ដែរ។ អតីត​អ្នក​ជាប់​ឃុំ​​ផ្នែក​នយោបាយ និង​ជា​សកម្មជន​គណ​បក្ស​​សង្គ្រោះ​ជាតិនៅ​​​ក្រុង​ព្រះសីហនុលោក ម៉ៃ ហុងស្រៀង យល់​ថា​ ការ​បង្កើត​បក្ស​ថ្មីៗ ជា​ជម្រើស​ល្អ​ក្នុង​សង្គម​លទ្ធិ​ប្រជាធិបតេយ្យ។ ប៉ុន្តែ​លោក​មិន​​ទាន់​សម្រេច​ចិត្ត​គាំទ្រ​ ឬ​ចូលរួម​​ជាមួយ​គណបក្ស​ណា​មួយ​ទេ ព្រោះ​មិន​ទាន់​ឃើញ​គោល​នយោបាយ និង​សកម្មភាព​​របស់​បក្ស​ថ្មី​នោះ​ជាក់ស្ដែង​៖ «ខ្ញុំ​មិន​មែន​បដិសេធ ឬ​ក៏​ស្អប់​ខ្ពើម​អ្វី​ទេ។ តែ​ប្រសិន​បើ​បក្ស​ទាំង​២ បក្ស​មួយ​ណា​ក៏​បាន​ ដែល​បង្កើត​មក​ដើម្បី​បម្រើ​ដល់​ប្រជាពលរដ្ឋ​​ ខ្ញុំ​ពិត​ជា​គាំទ្រ​ហើយ។ ប៉ុន្តែ​ការ​ចូលរួម​គឺ​ជា​រឿង​ផ្សេង​​។ តែ​បើ​គាត់​បង្កើត​មក​ហើយ​បម្រើ​ផល​ប្រយោជន៍​ឲ្យ​ជាតិ​​ ឲ្យ​ពលរដ្ឋ​ដែល​កំពុង​តែ​ស្រេក​ឃ្លាន​ប្រជាធិបតេយ្យ ស្រេក​ឃ្លាន​សិទ្ធិ​សេរីភាព ដែល​គាត់​បង្កើត​មក​ហើយ​ជួយ​ឲ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ឡើងវិញ អា​ហ្នឹង​គឺ​ជា​រឿង​ប្រសើរ​ហើយ​»។

​គណបក្ស​ថ្មី ដែល​បង្កើត​ឡើង​​ដោយ​ក្រុម​អតីត​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ពេល​នេះ គឺ​​​គណ​បក្ស​បេះ​ដូង​ជាតិ​ របស់​ក្រុម​​លោក សៀម ភ្លុក និងលោក ថាច់ សេដ្ឋា​ និង ​គណ​បក្ស​​កម្ពុជា​និយមរបស់​លោក អ៊ូក អ៊ី ​និង​លោក យ៉ែម បុញ្ញឫទ្ធិ​ ជាដើម។

គិតមក​ដល់​ពេល​នេះ​ ​មាន​គណបក្ស​ថ្មី​​ចំនួន ​៦ ​ហើយ ដែល​បង្កើត​ដោយ​ក្រុម​​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​​គណ​បក្ស​សង្គ្រោះ​ជាតិ​ គឺ​​គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ខ្មែរ​អភិរក្ស​និយម គណ​បក្ស​ខ្មែរ​ស្រលាញ់​ជាតិ គណបក្ស​កែ​ទម្រង់​កម្ពុជា គណបក្ស​បេះដូង​ជាតិ និង​គណ​បក្ស​កម្ពុជា​និយម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។