ប្រជាពលរដ្ឋមិនពេញចិត្ត ចំពោះស្ថាប័នរដ្ឋសភាឯកបក្ស ដែលបានអនុម័តទាំងស្រុងលើសេចក្ដីព្រមព្រៀងកែប្រែរដ្ឋធម្មនុញ្ញ តាមការចង់បានរបស់លោក ហ៊ុន សែន។ ពលរដ្ឋយល់ថា ការកែរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសគួរតែមានការដេញដោលមតិឲ្យបានចម្រុះតាំងតែពីថ្នាក់មូលដ្ឋានរហូតថ្នាក់ជាតិ ទើបអាចជៀសផុតពីការរិះគន់បាន។
ប្រជាពលរដ្ឋលើកឡើងថា ការកែប្រែរដ្ឋធម្មនុញ្ញលើកទី១០ ដែលតំណាងរាស្ត្ររបស់គណបក្សកាន់អំណាចគ្រប់រូប ចាំតែលើកដៃអនុម័តដោយពុំមានសំឡេងជំទាស់ ឬជជែកដេញដោលរកចំណុចខ្វះខាតនោះ គឺជារឿងដែលអាម៉ាស់បំផុត និងដូចជាទីងមោង ដែលចាំតែប្រថាប់ត្រាតាមការចង់បានរបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន។
ពលរដ្ឋនៅខេត្តកណ្ដាល និងជាសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ប្រាប់វិទ្យុអាស៊ីសេរីនៅរសៀលថ្ងៃទី២៩ខែកក្កដាថា លោកមានការសោកស្ដាយមែនទែន ចំពោះការកែប្រែរដ្ឋធម្មនុញ្ញ ស្ថិតក្នុងស្ថានការណ៍ ដែលប្រទេសកំពុងដឹកនាំដោយរដ្ឋាភិបាលឯកបក្ស និងមិនទាន់មានស្ថិរភាពនយោបាយនៅឡើយ ព្រោះមិនទាន់មានសំឡេងប្រឆាំងឲ្យបានពេញទំហឹង។លោកបន្តថា វិសោធនកម្មរដ្ឋធម្មនុញ្ញគួរតែទទួលបានការធ្វើប្រជាមតិ និងមានការដេញដោលពីសំឡេងប្រឆាំង ដើម្បីជជីកសួររកផលប៉ះពាល់ជាអវិជ្ជមានណាមួយ ដែលនាំឲ្យខូចប្រយោជន៍ជាតិ មិនមែនមានតែបក្សមួយចាំតែយល់ស្របក្នុងរដ្ឋសភានោះទេ៖
ពលរដ្ឋនៅខេត្តពោធិ៍សាត់ម្នាក់ទៀត កញ្ញា លី រស្មី ក៏ហាក់មិនពេញចិត្តនឹងរដ្ឋសភា កាលពីថ្ងៃទី២៨ ខែកក្កដា ក្នុងវិសោធនកម្មនេះដែរ ជាការកាត់បន្ថយឥទ្ធិពលរបស់រដ្ឋសភា។ កញ្ញាយល់ថា នៅតែមិនទាន់មានភាពត្រឹមត្រូវទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ដែលបានប្រសូតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖
ស្រដៀងគ្នានេះដែរ ពលរដ្ឋនៅខេត្តកណ្ដាលម្នាក់ទៀត លោក អាន សារូ ក៏យល់ឃើញថា ពលរដ្ឋគួរតែបានដឹងឮខ្លះ និងគួរតែមានការស្រង់មតិពីពលរដ្ឋ ពេលដែលចង់កែប្រែរដ្ឋធម្មនុញ្ញ ព្រោះពលរដ្ឋ ក៏អាចមើលឃើញភាពខ្វះចន្លោះនៃការតាក់តែងច្បាប់ផ្សេងៗ របស់ប្រទេសដែរ។ លោកនៅតែបារម្ភថា ការកែប្រែច្បាប់ជាតិលើកនេះ អាចនឹងឆ្លុះបញ្ចាំងឲ្យឃើញពីអំពើពុករលួយ និងការផ្ទេរអំណាចពីឪពុកទៅកូនកាន់តែច្បាស់ ព្រោះច្បាប់រដ្ឋធម្មនុញ្ញមួយនេះហាក់ដូចជា ត្រួសត្រាយផ្លូវសម្រាប់ឲ្យលោក ហ៊ុន ម៉ាណែត ឡើងធ្វើនាយករដ្ឋមន្ត្រីយ៉ាងងាយ៖
ចំណែកឯពលរដ្ឋរស់នៅខេត្តសៀមរាបម្នាក់ទៀត លោកស្រី ជិន សុធានី ក៏បានរិះគន់ទៅរដ្ឋសភា ដែលហាក់ដូចជាចាំតែបន្ទរតាមតែថ្នាក់ដឹកនាំរបស់ខ្លួន ព្រោះមិនបានឃើញបញ្ចេញមតិយោបល់អ្វីឲ្យបានជាដុំកំភួន សម្រាប់ជាប្រយោជន៍ជាតិទេ៖
រដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួន ក្នុងនោះមានសេចក្ដីព្រាងច្បាប់ធម្មនុញ្ញចំនួន ៦មាត្រា និងច្បាប់ធម្មនុញ្ញបន្ថែមចំនួន ២មាត្រា ដែលមាត្រាទាំងនេះ ចែងជាសំខាន់អំពីការតែងតាំងតួនាទីនាយករដ្ឋមន្ត្រី ការបន្ថយអំណាចសមាជិកសភា និងការបង្កើនសិទ្ធិអំណាចរបស់គណបក្ស ដែលមានអាសនៈច្រើនក្នុងរដ្ឋសភា។ បើទោះបីជាការធ្វើវិសោធនកម្មលើកទី១០ នេះ ស្ថិតក្រោមការរិះគន់ជាបន្តបន្ទាប់ក្ដី ប៉ុន្តែតំណាងរាស្ត្ររបស់គណបក្សបក្សប្រជាជនកម្ពុជាទាំងអស់ នាំគ្នាលើកដៃអនុម័តដោយពុំមានមតិជំទាស់ឡើយ។
ក្រុមអង្គការសង្គមស៊ីវិលជាង ១០០ស្ថាប័ន រិះគន់ថា រដ្ឋសភាអនុម័ត សេចក្ដីព្រាងធម្មនុញ្ញលើកទី១០ នេះ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ប៉ះពាល់ស្មារតីឯកភាពជាតិ និងមិនបានឆ្លុះបញ្ចាំងឆន្ទៈពលរដ្ឋនោះទេ។ ចំណែក សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ឬហៅកាត់ថា APHR កាលពីថ្ងៃទី២៧ ខែកក្កដា បានចេញសេចក្ដីថ្លែងការណ៍រិះគន់ថា ការកែច្បាប់រដ្ឋធម្មនុញ្ញនេះថា ជាការសម្លាប់លទ្ធិប្រជាធិបតេយ្យ ដើម្បីពង្រឹងអំណាចបក្សបក្ខពួក លោក ហ៊ុន សែន និងជាការបើកត្រួសត្រាយផ្លូវលោក ហ៊ុន ម៉ាណែត មានភាពងាយស្រួលឡើងអង្គុយកៅអីនាយករដ្ឋមន្ត្រីជំនួសឪពុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
