ពលរដ្ឋ​រិះគន់ និង​ចាត់ទុក​ការ​កាត់ទោស​ប្រធាន​បក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ជា​រឿង​នយោបាយ

0:00 / 0:00

ពលរដ្ឋ​រិះគន់​តុលាការក្រុង​ភ្នំពេញ​ថា ជា​តុលាការ​មិន​ឯករាជ្យ និង​កាត់ក្ដី​រឿង​នយោបាយ​តាម​ខ្សែ​ញាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ចេតនា​បំបាត់​សំឡេង​គណបក្សប្រឆាំង។ ការរិះគន់​របស់​ពល​រដ្ឋ​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​លោក ស៊ុន ចន្ធី ឱ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ និង​ដកសិទ្ធិ​ធ្វើ​នយោបាយ​ជា​អចិន្ត្រៃយ៍ ក្នុង​សំណុំរឿង​ «​ញុះញង់»។

ពលរដ្ឋ​លើកឡើង​ថា ការ​បញ្ចេញមតិ​របស់​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី ក្នុង​ពេល​កន្លង​ទៅ គឺ​ជា​កា​រអនុវត្ត​សេរីភាព​បញ្ចេញមតិ​ក្នុងនាម​លោក​ជា​ពលរដ្ឋ និង​ជា​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ស្របតាម​រដ្ឋធម្មនុញ្ញ តុលាការ​មិន​គួរ​កាត់​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ និង​ហាម​លោក​មិន​ឱ្យធ្វើ​នយោបាយ​នោះ​ឡើយ។

ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ កញ្ញា ខែម ស្រីមុំ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ ខែធ្នូ ថា ការរិះគន់​របស់ លោក ស៊ុន ចន្ធី ជុំវិញ​រឿង​ការបែងចែក​ប័ណ្ណ​ក្រីក្រ​ដោយមាន​ភាព​រើសអើង​នោះ​គឺជា​ការ​បញ្ចេញ​មតិ​របស់​អ្នកនយោបាយ​ម្នាក់​។ កញ្ញា ខែម ស្រីមុំ ថា ការ​លើកឡើង​របស់​អ្នកនយោបាយ​បែបនេះ​មិនមែន​ជា​បទល្មើស​ញុះញង់​ដូចជា​ការចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ ប៉ុន្តែ​កញ្ញា​ថា​ការ​លើកឡើង​របស់ លោក ស៊ុន ចន្ធី គឺ​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​អនុវត្ត​ចន្លោះប្រហោង​របស់​រដ្ឋាភិបាល។

កញ្ញា ខែម ស្រីមុំ៖ «ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋ ជា​អ្នក​តាមដាន​មើល​ព័ត៌មាន​ទាំងអស់​ហ្នឹង​គឺ​អត់​ទទួលយក​បានទេ មិន​ថា​ពលរដ្ឋ ឬ​អ្នកនយោបាយ​ទេ​គឺថា​ឱ្យ​តែ​គេ​និយាយ​អី​អត់​បានតែ​ម្ដង​អត់​ដឹង​មូលហេតុ​អី​មិន​ថា​អ្នកនយោបាយ មិន​ថា​ពលរដ្ឋ»។

រីឯ​តំណាង​សហគមន៍​បឹងតាមោក លោកស្រី ស៊ា ដាវី លើកឡើង​ថា ការ​កាត់ទោស​ទៅ​លើ​ពលរដ្ឋ និង​អ្នក​នយោបាយ​ដោយសារតែ​ការ​បញ្ចេញមតិ​គឺជា​រឿង​មិន​សម​ហេតុផល និង​ប្រាសចាក​ពី​គោលការណ៍​ច្បាប់​។ លោកស្រី​ចង់​ឃើញ​អ្នកនយោបាយ​បញ្ឈប់​ការ​ប្ដឹង​ផ្ដល់​យកឈ្នះ​ចាញ់ ហើយ​គួរតែ​រួមគ្នា​ដោះស្រាយ​បញ្ហា និង​បម្រើ​ពលរដ្ឋ​វិញ។

អ្នកនាង ស៊ា ដាវី៖ «បង​ចង់​ឃើញ​អ្នកនយោបាយ​ផ្សះផ្សា​គ្នា​រួបរួម​គ្នា​ដើម្បី​ការពារ និង​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ហើយ​ឃើញ​កន្លែង​ដែល​ខ្វះចន្លោះ​គឺ​ភាគី​ខាង​បក្ស​ខាំង​ជំទាស់​ហ្នឹង​គាត់​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​ដើម្បី​ឱ្យ​ខាង​បក្ស​កាន់អំណាច​ហ្នឹង​គាត់​ស្ថាបនា​មកវិញ»។

ទាក់ទង​នឹង​ការ​កាត់ទោស​លោក ស៊ុន ចន្ធី នេះ​ដែរម្ចាស់​គណនី​ហ្វេសប៊ុក ផែល​លី​ណាន់ ងែ​ត (Pellynan Ngeth) បាន​បញ្ចេញមតិ​នៅ​លើ​ទំព័រ​ហ្វេសប៊ុ​ក​ជុំវិញ​ករណី​កាន់​ទោស លោក ស៊ុន ច​ន្ធី ថា ខ្មែរ​១​នគរ​បទ​ចោទ​ដូចគ្នា​ទាំងអស់​គឺ​ម្នាក់​ណា​ក៏​ញុះញង់ ខណៈ​ដែល​រដ្ឋាភិបាល​ជា​អ្នក​ប្រព្រឹត្ត​ខុសច្បាប់ ភ័យខ្លាច​ធ្លាក់​ពី​អំណាច ដើរ​គំរាម​គេ​សព្វទិសទី ដែល​ញ៉ាំង​ឲ្យ​គេ​កាន់តែ​ស្អប់​ច្រើន ។ ដោយឡែក​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ឆេង តារា​រាជ្យ (Chheng Darareach) បញ្ចេញមតិ​ថា​«​តុលាការ​តេឡេ ញាក់​តាមតែ​តេឡេ​គេ​បញ្ជា​»​។ ចំណែកឯ ម្ចាស់​ហ្វេសប៊​ក លោក តាភា ស៊ុន (Taphea Sun) ចាត់ទុក​ការ​កាត់ទោស​នេះ​ជា​ការ​អនុវត្ត​នីតិមាត់។

អតីត​ចៅ​សង្កាត់​រង​ទី​២ មកពី​បក្ស​ប្រឆាំង​នៅ​សង្កាត់​ប៉ោយប៉ែត លោកស្រី ចៅ រតនៈ លើកឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ទៅកាន់​ប្រពន្ធ លោក ស៊ុន ចន្ធី ថា ជាតិ​ជា​មនុស្ស​ស្រី​កំពុង​ឆ្លងកាត់​ជីវិត​ជា​ម្ដាយ​ត្រូវ​សម្រាលកូន​ដំបូង ដោយ​ខ្វះ​ភាព​កក់ក្ដៅ​និង​មិន​ឃើញ​វត្តមាន​ពី​ប្ដី​នៅ​ក្បែរ​ខ្លួន ខណៈ​ដែល​ប្ដី​ជាទី​ស្រលាញ់​កំពុង​ជាប់ឃុំ​ដោយ​អយុត្តិធម៌ ដែល​នាំឱ្យ​ឈឺ​ទាំង​កាយ​ឈឺ​ទាំង​ចិត្ត​។ លោកស្រី ចៅ រតនៈ ប្រាប់​វិទ្យុ​អាស៊ីសេរី បន្ថែម​ថា ការ​កាត់​ទោសលោក ស៊ុន ចន្ធី គឺជា​រឿង​អយុត្តិធម៌ និង​ជា​ការ​ដកហូត​សិទ្ធិ​នយោបាយ​ស្របច្បាប់​របស់​អ្នកនយោបាយ​បក្ស​ប្រឆាំង។

លោក ចៅ រតនៈ៖ «យើង​សិក្សា​សិន​ចាំ​យើង​ចោទប្រកាន់​ទៅលើ​គាត់ ព្រោះ​អ្នក​និយាយ​រឿង​ប័ណ្ណ​ក្រីក្រ​មិនមែន​តែ លោក ស៊ុន ចន្ធី ទេ​ដែល​និយាយ​គឺ​មាន​មាត់ច្រើន​ដែល​និយាយ​រឿង​ហ្នឹង​ជាក់ស្ដែង​ដូចជា​លោក​ជំទាវ​ដែល​ជា​ប្អូនស្រី​របស់​សម្ដេច​ក៏​គាត់​ធ្លាប់​មាន​ប្រសាសន៍​ដែរ ដូច្នេះ​ខ្ញុំ​យល់​ថា ការ​លើកឡើង​របស់​អ្នកនយោបាយ​ក្នុង​គណបក្ស​ក៏ដោយ ប្រជាពលរដ្ឋ​ក៏ដោយ​គឺ​យើង​មាន​សិទ្ធិ​គ្រប់គ្រាន់​លើកឡើង​នូវ​អ្វី​ដែល​ប្រឈម​ជាមួយ​បរិបទ​សង្គម​មិនមែន​តែ​បញ្ហា​ប័ណ្ណ​ក្រីក្រ​តែមួយ​មុខ​ទេ»។

​មួយថ្ងៃ​ក្រោយ​តុលាការ​កាត់ទោស គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ឱ្យ​ជាប់​ពន្ធនាគារ​ នេះ​ដែរ សមាជិក​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​កម្លាំង​ជាតិ លោក ផុន សុភា ឱ្យ​ដឹង​ថា​គណបក្ស​កម្លាំង​ជាតិ​សម្រេច​រើ​ទីស្នាក់ការ​កណ្ដាល​នៅ​សង្កាត់​ចាក់​អង្រែក្រោម ខណ្ឌ​មានជ័យ ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​អាជ្ញាធរ​បាន​ធ្វើ​ការ​គំរាមកំហែង​ម្ចាស់​ផ្ទះ​ជួល​ឱ្យ​បញ្ចប់​កិច្ចសន្យា​មុន​អាណត្តិ​។ លោក​ថា រូបភាព​នៃ​ការ​គំរាមកំហែង​របស់​អាជ្ញាធរ​នេះ​មិនមែន​ជា​លើកទីមួយ​នោះ​ទេ ខណៈ​ដែល​កន្លង​មក អាជ្ញាធរ​តែង​គំរាម​ម្ចាស់ផ្ទះ​មិន​ឱ្យ​ជួល​ផ្ទះ​គណបក្ស​កម្លាំង​ជាតិ​ច្រើនដង​មក​ហើយ​។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ​បាន​ទេ​ ​នៅ​ថ្ងៃទី២៦ ខែ​ធ្នូ។

ជុំវិញ​ករណី​នេះ​ ​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ការរិះគន់​របស់​ពលរដ្ឋ​ជុំវិញ​ករណី​កាន់​ទោស​ប្រធាន​បក្ស​ប្រឆាំង​នេះ​គឺ​ដូចគ្នា​នឹង​មតិ​អន្តរជាតិ​ដែល​មើល​ឃើញ​ថា តុលាការ​កាត់ក្ដី​មិន​តាម​គោលការណ៍​ច្បាប់។

លោក នី សុខា៖ «ថា​នៅ​ពេល​ដែល​ប្រព័ន្ធ​យុត្តិធម៌​មួយ​គឺថា​ជាទូទៅ​ជា​ប្រព័ន្ធ​ដែល​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​នៅក្នុង​ស្ថានភាព​បែបនេះ​បែរជា​ប្រព័ន្ធ​យុត្តិធម៌​មួយ​ទទួលរង​ការរិះគន់ អាហ្នឹង​វា​កាន់តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​ទៅលើ​ស្ថាប័ន​យុត្តិធម៌ ដូច្នេះ​ជា​រឿង​មួយ​ដែល​ដែល​គួរ​ឱ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​បែបនេះ»។

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែធ្នូ បាន​សម្រេច​ប្រកាស​សាលក្រម​ផ្ដន្ទាទោស ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ឱ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ និង​ដកហូត​សិទ្ធិ​បោះឆ្នោត និង​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត រួម​នឹង​ពិន័យ​ជា​ប្រាក់​ចំនួន ៤​លាន​រៀល ឬ​ស្មើ​ប្រមាណ ១​ពាន់​ (១.០០០) ​ដុល្លារ​អាមេរិក​បង់​ឱ្យទៅ​ដើមបណ្ដឹង​។ ភ្លាមៗ​ក្រោយ​ការប្រកាស​សាលក្រម​ ​នាយក​អង្គ​ការ​តស៊ូ​មតិ​សិទ្ធិមនុស្ស និង​ការងារ​អាស៊ី​ (AHRLA) ​លោក ហ្វីល រ៉ូប៉ឺតសុន​ (Phil Robertson) បង្ហោះ​សារ​នៅ​លើ​បណ្ដាញ សង្គម​អ៊ិច​ (X) ថា ការគាបសង្កត់​របស់​រដ្ឋាភិបាល​កម្ពុជា​មក​លើ​ក្រុម​គណបក្សប្រឆាំង នៅពេល​ឥឡូវនេះ មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដែល​កំពុង​រីក​រាលដាល ហើយ​លោក​ថា កម្ពុជា​បាន​យកគំនិត​ «​លទ្ធិប្រជាធិបតេយ្យ​» ​គឺជា​ការ​លេងសើច​ទាំងស្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។