ពលរដ្ឋមួយ​​ចំនួន​ថា ការ​​ត្រៀម​​ស្នង​​តំណែង​​របស់​​លោក ​ហ៊ុន ម៉ាណែត ពី​​ឪពុក​​នឹង​​ផ្តល់​​គម្រូ​អាក្រក់​​ដល់​​សង្គម

0:00 / 0:00

ពលរដ្ឋ​ សកម្មជន​បក្សប្រឆាំង​មួយ​ចំនួន​យល់​ថា ការ​ត្រៀម​ស្នង​តំណែង​នាយក​រដ្ឋមន្រ្តី​នា​ពេល​អនាគត​របស់​លោក ហ៊ុន ម៉ាណែត​ នឹង​ផ្តល់​គម្រូ​អាក្រក់​ដល់សង្គម ដោយ​សារ​ពួកគេ​មើល​ឃើញ​ថា គាត់​មិន​ទាន់​មាន​ស្នាដៃ​សម្រាប់​ជាតិ​នៅ​ឡើយ​ ជា​ពិសេស​ការ​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស ​និង​ប្រជាធិបតេយ្យ​ដែល​បន្សល់​ទុក​ពី​ឪពុក។ ប៉ុន្តែ​អ្នកនាំ​ពាក្យ​គណបក្ស​កាន់អំណាច​អះអាង​ថា លោក ​ហ៊ុន ម៉ាណែត មាន​លក្ខណៈ​ល្អ​ជាង​គេ​ក្នុង​បក្ស។

ពលរដ្ឋ សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​លើក​ឡើង​ថា បេក្ខភាព​លោក ​ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត​មិន​សម​ទំនង​ទាល់​តែ​សោះព្រោះ​ពួកគេ​មិន​ទាន់​ឃើញ​កូន​ប្រុស​ច្បង​លោក ហ៊ុន សែន រូប​នេះ បង្កើត​ស្នាដៃ​ដើម្បី​បុព្វហេតុជាតិ​គួរ​ឱ្យ​កត់​សម្គាល់​ណា​មួយ​នោះ​ទេក្រៅពី​តាម​កម្ចេច​អ្នកមាន​និន្នាការ​ផ្ទុយ​ពី​ឪពុក។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​លោក សាដាត សាម៉ាធី ថ្លែងថា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​លោក ហ៊ុន សែន បាន​ដាក់​ផែនការ​កម្ទេច​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ បន្សាប​មតិ​ប្រឆាំង​ផ្ទៃ​ក្នុង​បក្សនិង​ពឹង​ផ្អែក​លើ​ប្រទេស​ចិនដើម្បី​ងាយ​ស្រួល​ដាក់​លោក ហ៊ុន ម៉ាណែត​ត្រៀម​ស្នង​តំណែង​នាយករដ្ឋមន្រ្តី។ លោក​បន្ត​ថាទោះបី​លោក ហ៊ុន ម៉ាណែត រៀន​​ចប់​ថ្នាក់​បណ្ឌិត​ពី​ប្រទេស​ប្រជាធិបតេយ្យ​ក៏​ដោយក៏គាត់​នៅ​តែ​ដើរ​តាម​គន្លង​ផ្តាច់​ការ​របស់​ឪ៖ «​លោក ហ៊ុន ម៉ា​ណែត កំពុង​ត្រូវ​​ការ​​ប្រជា​ប្រិយ​ភាព ត្រូវ​ការការ​គាំទ្រ នៅ​ក្នុង​គណបក្ស​ប្រជាជន​អ្នក​ដែល​តស៊ូ​ចាស់ៗ ដែល​តស៊ូ​ជំនាន់លោក​ ហ៊ុន សែន មិន​គាំទ្រ​លោក ហ៊ុន ម៉ាណែត​ទេ ហើយ​​គណបក្ស​​ប្រជាជន​​ខ្លួន​ឯង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ មិន​ចុះ​សម្រុង​គ្នា​ទេ​ ដោយ​សារ​បេក្ខភាពលោក ហ៊ុន ម៉ាណែត ដោយ​សារ​លោក ហ៊ុន សែន ចង់​បន្ត​វេន​ឱ្យ​កូន​គាត់។ ធាតុ​ពិត​នៃ​ការ​ដឹក​នាំ​គណបក្ស​កុម្មុយនីស្ត​អស់​លោក ហ៊ុន សែន​ទៅ​លោក ស ខេង និង​លោក​ សាយ ឈុំ ចឹង​ហើយ​មិន​អាច​យក​លោក ហ៊ុន ម៉ាណែត មក​ជំនួស​​បាន​​ទេ អ្នក​ចាស់ៗ​ក្នុង​គណបក្ស​មិន​គាំទ្រ​ត្រូវ​តែ​ប្រើ​អំពើ​កៀប​សង្កត់លើ​ពួក​គាត់»។

ស្រដៀង​គ្នា​នេះ​ដែរពលរដ្ឋមួយ​រូប​រស់​នៅ​ខេត្តសៀមរាបលើក​ឡើង​ថា លោក​មិន​គាំទ្រ​ការ​ស្នង​តំណែង​ពី​ឪពុក​ទៅ​កូន​នោះ​ទេព្រោះ​វា​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​យុវជន​ជំនាន់​ក្រោយ​ដែល​មាន​ស្នាដៃ​ចង់ក្លាយ​ជា​មេដឹកនាំ​កំពូល​របស់​ជាតិ។ លោក​យល់ថា លោក​ហ៊ុន ម៉ាណែត​ ពុំទាន់​មាន​ស្នាដៃ​សម្រាប់​សង្គម​គួរ​លិចធ្លោ​ទាក់ទង​នឹង​ការ​លើក​កម្ពស់​លើ​សិទ្ធិ​សេរីភាពនិង​បង្រួបបង្រួម​ជាតិ​នោះ​ទេ។ពលរដ្ឋ​រូបនេះ​ប្រាប់​ថាលោក​ក៏​គ្មាន​ជំនឿ​ថា លោក ហ៊ុន ម៉ាណែត អាច​ដើរ​ចាក​ឆ្ងាយ​ពី​កន្លង​ឪពុក​ដែលជាប់​ឈ្មោះ​អាក្រក់​ខាង​រំលោភ​សិទ្ធិមនុស្សនិង​ប្រជាធិបតេយ្យ​បាន​នោះ​ដែរ៖ «ប្រសិន​បើ​គាត់​ដើរ​គម្រូ​តាមឪ​មិន​មាន​ឱកាស​ដើម្បី​ស្តារ​លទ្ធិប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស ការ​គោរព​សិទ្ធិ​ឱ្យ​បាន​ពេញ​លេញ​ទេ មែន​ទែនទៅ​គាត់​ដើរ​តាម​គម្រូវ​តាម​ឪពុក​របស់​គាត់ ព្រោះ​ឡើង​កាន់​តំណែង​តឪពុក ចង់​មិន​ចង់​ការ​ពារ​សមទ្ធិផល​របស់​ឪពុក​ហើយ ដូច​ជា​គណបក្ស​ប្រឆាំង​ណាមួយ​មាន​ឥទ្ធិពល​គាត់​រំលាយ​ចោល​ដូច​ឪពុក​របស់​គាត់ សម្មជន​ណា​ដែលមាន​ឥទ្ធិពល​សិទ្ធិ​មនុស្ស​ចឹង​គាត់​ចាប់​ដាក់​គុក​គំរាម​កំហែង​ដូច​ឪពុក​ចឹង​ទៅ»។

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​រាជធានី​ភ្នំពេញប្រាប់​ថា បេក្ខភាព​នាយករដ្ឋ​មន្រ្តី​នា​ពេល​អនាគត គួរតែ​មាន​ការ​ប្រកួតប្រជែងគ្នា ទោះ​ជា​នៅ​ក្នុង​ផ្ទៃក្នុង​ប​ក្ស​កាន់អំណាច​ក៏​ដោយ​ប៉ុន្តែ​លោក​ចង់​ឱ្យ​ឃើញ​យុវជន​បក្ស​នេះ​ដែល​មាន​សមត្ថភាព​អាច​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ដែរ។ លោក​បន្ថែម​ថា បេក្ខជន​នាយករដ្ឋមន្ត្រីគួរតែ​ត្រូវ​យក​ចិត្តទុក​ដាក់​ចេញ​មុខ​ដោះស្រាយ​បញ្ហា​របស់​រដ្ឋ៖«​ ថ្ងៃ​ខាង​មុខ​ឧទាហរណ៍​គាត់​ជាប់​ជា​នាយក​រដ្ឋ​មន្រ្តី​មែន ចឹងធ្វើ​អី​សូម​ឱ្យ​មើល​ប្រជា​ពលរដ្ឋ​ទូទៅ​នៅ​ក្នុង​ប្រទេស​ផង​ពាក់​ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​ផ្សេងៗ រឿង​ដីធ្លី ការ​អភិវឌ្ឍ​អី​កុំ​ឱ្យ​មាន​ទឹក​ភ្នែក​រាស្រ្ត​កើត​មាន​ជាពិសេស​ជីវភាព​តែ​ម្តង»។

ការលើក​ឡើង​របស់​ពលរដ្ឋ និង​សកម្មជន​បក្ស​ប្រឆាំង​នេះគឺ​បន្ទាប់​ពីគណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃទី២៤ ខែធ្នូ ​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​ជ្រើស​តាំង​លោក ហ៊ុន ម៉ាណែត ​​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នាពេល​អនាគត ​តាម​ផែនការ​និង​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន។

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ថ្លែងច្រាន​ចោល​ការ​លើកឡើង​ទាំង​នេះ។ លោ​កថា គណៈកម្មាធិការ​កណ្តាល​គណបក្ស​បោះឆ្នោត​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋ​មន្រ្តី​នា​ពេល​អនាគតដោយ​សារ​គាត់​មាន​លក្ខណៈល្អ​ជាង​បេក្ខជន​ផ្សេង​ទៀត។លោក​បញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ប្រាកដ​ជា​ចេញ​មុខ​ការពារ​សមិទ្ធិផល​របស់​ឪពុក​ដើម្បី​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​និង​កាពារ​សន្តិភាព​និង​ស្ថេរភាព​នយោបាយ​៖​ «​ការណ៍​ចាំ​បាច់​ដែល​ឯកឧត្តម ហ៊ុន ម៉ាណែត ជា​បេក្ខ​ជន​នាយករដ្ឋ​មន្រ្តី​សម្រាប់​អនាគត ​គឺ​ត្រូវ​តែ​បន្ត​វេន​ត្រូវ​ថែ​រក្សា​សមិទ្ធិផល​ទាំង​ឡាយ​នោះ ត្រូវ​តែ​កាពារ​ឱ្យ​បាន​នូវ​សន្តិភាព ស្ថេរភាព​នយោ​បាយ ហើយ​រារាំង​ទប់​ស្កាត់រាល់​ឧបាយ​កល​របស់​ពួក​ខ្មាំងសត្រូវ​មិន​​ឱ្យ​មក​បំផ្លាញសន្តិភាព ស្ថេរ​ភាពនយោ​បាយ ក៏​ដូច​ជា​សេចក្តី​សុខ​របស់​ប្រជា​ពល​រដ្ឋ​ទេ ខ្មាំង​សត្រូវ​របស់​គណបក្ស​ប្រជា​ជន​ គឺ​ពួក​គណ​បក្ស​ប្រឆាំង អ្នក​ណា​ក៏​ដោយ​ទាំង​បរទេស​ឱ្យ​តែប្រឆាំង​ គឺ​ខ្មាំងសត្រូវ​ហើយ»។

តាម​រយៈការ​ជួយ​ជ្រោមជ្រែង​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក លោក ហ៊ុន ម៉ាណែត ដែល​មាន​វ័យ​ត្រឹម ៤៣ ឆ្នាំ កំពុង​កាន់តំណែងគ្រាក់ៗ​នៅក្នុង​ជួរ​កងទ័ព រដ្ឋាភិបាល​និង​ក្នុង​​ជួរ​បក្ស។ លោក​ គឺ​ជា​ឧត្តម​សេនីយ៍ផ្កាយ៣ កាន់​តួនាទី​​ជា​អគ្គ​មេបញ្ជាការរង​កង​យោពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កង​ទ័ព​ជើងគោក ជា​មេ​បញ្ជាការ​​កង​កម្លាំង​​ពិសេស​​ប្រឆាំង​​ភេរវកម្ម និង​​ជា​​មេបញ្ជាការ​រង​កង​អង្គរក្សលោក ហ៊ុន សែន។ ក្រៅពីនេះ លោកជា​ប្រធាន​គ្រប់គ្រងសន្តិសុខ និង​សណ្ដាប់​ធ្នាប់​នៅ​​តាម​​គោលដៅ និង​តំបន់​ចត្តាឡីស័ក ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ-១៩ របស់​រដ្ឋាភិបាល​ទៀត​ផង។ រីឯ​ក្នុង​ជួរបក្ស លោក ហ៊ុន ម៉ាណែត ជា​ប្រធានចលនា​យុវជន និង​ជា​សមាជិក​គណៈអចិន្ត្រៃយ៍ ស្ថិត​ក្នុង​ចំណោម​មនុស្ស ៣៤​នា​ក់ ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស​កាន់អំណាច ហើយ​ពេល​នេះ​លោក​​បាន​​ក្លាយ​ជា​បេក្ខភាព​នាយករដ្ឋ​មន្ត្រី​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជាថែម​ទៀត។​

ទាក់ទិន​រឿង​នេះអគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​លោក គៀន ពន្លក យល់​ថា​បើកូន​ប្រុស​ច្បង​លោក ហ៊ុន សែន ក្លាយជា​នាយករដ្ឋមន្រ្តី​នា​ពេល​អនាគត​​មែន​​នោះ​ការ​ដឹកនាំ​ប្រទេស​មិន​ខុសពី​ឪពុក​នោះទេលើ​បញ្ហា​ប្រជាធិបតេយ្យនិង​សិទ្ធិមនុស្ស​ជា​ពិសេស​មន្រ្តីជំនាន់​ក្រោយ​ដែល​ស្និត​នឹង​គាត់កំពុង​ជាប់​​ឈ្មោះ​អាក្រក់​ក្នុង​សង្គម​ផង​ដែរ៖​ «​ការគំរាម​កំហែង​មុន​ការ​ធ្វើ​សន្និបាតគណបក្ស​ប្រជាជនកាល​ពី​ថ្ងៃ​ទី២៤ ខែធ្នូ ឆ្នាំ២០២១ នេះ​ហើយ​ដែល​គ្មាន​បុគ្គល​រូប​ណា​មូយ​ដែលអាច​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ជា​មួយ​នឹង​លោក ហ៊ុន ម៉ាណែត ចឹង​យើង​ដឹងហើយ​ថា ​សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ជា​បុគ្គល​មាន​ឥទ្ធិពល​ជាង​គេ​នៅក្នុង​បក្ស​ ចឹង​នៅ​ពេល​គាត់​ប្រកាស​បែប​ណា គឺ​លទ្ធផល​ចេញ​បែប​នោះ​ហើយ គ្មាន​អ្វី​ចំឡែក​នោះ​ទេ»។

ទាក់ទង​ករណីនេះ​ដែរ​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិបាន​បង្ហោះ​សារ​លើ​​ហ្វេសប៊ុក​នៅថ្ងៃទី២៤ខែធ្នូថា បើការ​បោះឆ្នោត​ដោយ​សមាជិក​គណៈកម្មាធិការ​​កណ្តាល​​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើឡើង​ដោយសម្ងាត់​ពួកគេ​ច្បាស់​ជា​មិន​បោះ​ឆ្នោត​ឲ្យ​លោក ហ៊ុន ម៉ាណែត មក​បន្តវេន​ជំនួស​លោក ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នោះ​ទេ។ លោក សម រង្ស៊ី ថា លោក ហ៊ុន សែន មិន​ត្រឹម​តែ​សំឡុត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នោះ​ទេសូម្បី​អ្នក​គាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា​ក៏​គាត់​សំឡុត​ដែរដើម្បី​តែង​តាំ​ង​កូនមក​ជំនួស​តំណែង​គាត់​ដោយ​ប្រើល្បិច​ទុច្ចរិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។