ពលរដ្ឋ សកម្មជនបក្សប្រឆាំងមួយចំនួនយល់ថា ការត្រៀមស្នងតំណែងនាយករដ្ឋមន្រ្តីនាពេលអនាគតរបស់លោក ហ៊ុន ម៉ាណែត នឹងផ្តល់គម្រូអាក្រក់ដល់សង្គម ដោយសារពួកគេមើលឃើញថា គាត់មិនទាន់មានស្នាដៃសម្រាប់ជាតិនៅឡើយ ជាពិសេសការដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលបន្សល់ទុកពីឪពុក។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថា លោក ហ៊ុន ម៉ាណែត មានលក្ខណៈល្អជាងគេក្នុងបក្ស។
ពលរដ្ឋ សកម្មជនបក្សប្រឆាំងមួយចំនួនលើកឡើងថា បេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគតមិនសមទំនងទាល់តែសោះព្រោះពួកគេមិនទាន់ឃើញកូនប្រុសច្បងលោក ហ៊ុន សែន រូបនេះ បង្កើតស្នាដៃដើម្បីបុព្វហេតុជាតិគួរឱ្យកត់សម្គាល់ណាមួយនោះទេក្រៅពីតាមកម្ចេចអ្នកមាននិន្នាការផ្ទុយពីឪពុក។
សកម្មជនគណបក្សសង្គ្រោះជាតិលោក សាដាត សាម៉ាធី ថ្លែងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះលោក ហ៊ុន សែន បានដាក់ផែនការកម្ទេចក្រុមអ្នកប្រជាធិបតេយ្យ បន្សាបមតិប្រឆាំងផ្ទៃក្នុងបក្សនិងពឹងផ្អែកលើប្រទេសចិនដើម្បីងាយស្រួលដាក់លោក ហ៊ុន ម៉ាណែតត្រៀមស្នងតំណែងនាយករដ្ឋមន្រ្តី។ លោកបន្តថាទោះបីលោក ហ៊ុន ម៉ាណែត រៀនចប់ថ្នាក់បណ្ឌិតពីប្រទេសប្រជាធិបតេយ្យក៏ដោយក៏គាត់នៅតែដើរតាមគន្លងផ្តាច់ការរបស់ឪ៖ «លោក ហ៊ុន ម៉ាណែត កំពុងត្រូវការប្រជាប្រិយភាព ត្រូវការការគាំទ្រ នៅក្នុងគណបក្សប្រជាជនអ្នកដែលតស៊ូចាស់ៗ ដែលតស៊ូជំនាន់លោក ហ៊ុន សែន មិនគាំទ្រលោក ហ៊ុន ម៉ាណែតទេ ហើយគណបក្សប្រជាជនខ្លួនឯងក្នុងពេលបច្ចុប្បន្ននេះ មិនចុះសម្រុងគ្នាទេ ដោយសារបេក្ខភាពលោក ហ៊ុន ម៉ាណែត ដោយសារលោក ហ៊ុន សែន ចង់បន្តវេនឱ្យកូនគាត់។ ធាតុពិតនៃការដឹកនាំគណបក្សកុម្មុយនីស្តអស់លោក ហ៊ុន សែនទៅលោក ស ខេង និងលោក សាយ ឈុំ ចឹងហើយមិនអាចយកលោក ហ៊ុន ម៉ាណែត មកជំនួសបានទេ អ្នកចាស់ៗក្នុងគណបក្សមិនគាំទ្រត្រូវតែប្រើអំពើកៀបសង្កត់លើពួកគាត់»។
ស្រដៀងគ្នានេះដែរពលរដ្ឋមួយរូបរស់នៅខេត្តសៀមរាបលើកឡើងថា លោកមិនគាំទ្រការស្នងតំណែងពីឪពុកទៅកូននោះទេព្រោះវាអាចជះឥទ្ធិពលអាក្រក់ដល់យុវជនជំនាន់ក្រោយដែលមានស្នាដៃចង់ក្លាយជាមេដឹកនាំកំពូលរបស់ជាតិ។ លោកយល់ថា លោកហ៊ុន ម៉ាណែត ពុំទាន់មានស្នាដៃសម្រាប់សង្គមគួរលិចធ្លោទាក់ទងនឹងការលើកកម្ពស់លើសិទ្ធិសេរីភាពនិងបង្រួបបង្រួមជាតិនោះទេ។ពលរដ្ឋរូបនេះប្រាប់ថាលោកក៏គ្មានជំនឿថា លោក ហ៊ុន ម៉ាណែត អាចដើរចាកឆ្ងាយពីកន្លងឪពុកដែលជាប់ឈ្មោះអាក្រក់ខាងរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបាននោះដែរ៖ «ប្រសិនបើគាត់ដើរគម្រូតាមឪមិនមានឱកាសដើម្បីស្តារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិឱ្យបានពេញលេញទេ មែនទែនទៅគាត់ដើរតាមគម្រូវតាមឪពុករបស់គាត់ ព្រោះឡើងកាន់តំណែងតឪពុក ចង់មិនចង់ការពារសមទ្ធិផលរបស់ឪពុកហើយ ដូចជាគណបក្សប្រឆាំងណាមួយមានឥទ្ធិពលគាត់រំលាយចោលដូចឪពុករបស់គាត់ សម្មជនណាដែលមានឥទ្ធិពលសិទ្ធិមនុស្សចឹងគាត់ចាប់ដាក់គុកគំរាមកំហែងដូចឪពុកចឹងទៅ»។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀតរស់នៅរាជធានីភ្នំពេញប្រាប់ថា បេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត គួរតែមានការប្រកួតប្រជែងគ្នា ទោះជានៅក្នុងផ្ទៃក្នុងបក្សកាន់អំណាចក៏ដោយប៉ុន្តែលោកចង់ឱ្យឃើញយុវជនបក្សនេះដែលមានសមត្ថភាពអាចឈរឈ្មោះប្រកួតប្រជែងដែរ។ លោកបន្ថែមថា បេក្ខជននាយករដ្ឋមន្ត្រីគួរតែត្រូវយកចិត្តទុកដាក់ចេញមុខដោះស្រាយបញ្ហារបស់រដ្ឋ៖« ថ្ងៃខាងមុខឧទាហរណ៍គាត់ជាប់ជានាយករដ្ឋមន្រ្តីមែន ចឹងធ្វើអីសូមឱ្យមើលប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេសផងពាក់ព័ន្ធនឹងការរំលោភសិទ្ធិផ្សេងៗ រឿងដីធ្លី ការអភិវឌ្ឍអីកុំឱ្យមានទឹកភ្នែករាស្រ្តកើតមានជាពិសេសជីវភាពតែម្តង»។
ការលើកឡើងរបស់ពលរដ្ឋ និងសកម្មជនបក្សប្រឆាំងនេះគឺបន្ទាប់ពីគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៤ ខែធ្នូ បានសម្រេចជាឯកច្ឆ័ន្ទជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត តាមផែនការនិងការចង់បានរបស់លោក ហ៊ុន សែន។
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ថ្លែងច្រានចោលការលើកឡើងទាំងនេះ។ លោកថា គណៈកម្មាធិការកណ្តាលគណបក្សបោះឆ្នោតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតដោយសារគាត់មានលក្ខណៈល្អជាងបេក្ខជនផ្សេងទៀត។លោកបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ប្រាកដជាចេញមុខការពារសមិទ្ធិផលរបស់ឪពុកដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋនិងកាពារសន្តិភាពនិងស្ថេរភាពនយោបាយ៖ «ការណ៍ចាំបាច់ដែលឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់អនាគត គឺត្រូវតែបន្តវេនត្រូវថែរក្សាសមិទ្ធិផលទាំងឡាយនោះ ត្រូវតែកាពារឱ្យបាននូវសន្តិភាព ស្ថេរភាពនយោបាយ ហើយរារាំងទប់ស្កាត់រាល់ឧបាយកលរបស់ពួកខ្មាំងសត្រូវមិនឱ្យមកបំផ្លាញសន្តិភាព ស្ថេរភាពនយោបាយ ក៏ដូចជាសេចក្តីសុខរបស់ប្រជាពលរដ្ឋទេ ខ្មាំងសត្រូវរបស់គណបក្សប្រជាជន គឺពួកគណបក្សប្រឆាំង អ្នកណាក៏ដោយទាំងបរទេសឱ្យតែប្រឆាំង គឺខ្មាំងសត្រូវហើយ»។
តាមរយៈការជួយជ្រោមជ្រែងពីលោក ហ៊ុន សែន ដែលជាឪពុក លោក ហ៊ុន ម៉ាណែត ដែលមានវ័យត្រឹម ៤៣ ឆ្នាំ កំពុងកាន់តំណែងគ្រាក់ៗនៅក្នុងជួរកងទ័ព រដ្ឋាភិបាលនិងក្នុងជួរបក្ស។ លោក គឺជាឧត្តមសេនីយ៍ផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្សលោក ហ៊ុន សែន។ ក្រៅពីនេះ លោកជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលទៀតផង។ រីឯក្នុងជួរបក្ស លោក ហ៊ុន ម៉ាណែត ជាប្រធានចលនាយុវជន និងជាសមាជិកគណៈអចិន្ត្រៃយ៍ ស្ថិតក្នុងចំណោមមនុស្ស ៣៤នាក់ ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សកាន់អំណាច ហើយពេលនេះលោកបានក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់គណបក្សប្រជាជនកម្ពុជាថែមទៀត។
ទាក់ទិនរឿងនេះអគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោក គៀន ពន្លក យល់ថាបើកូនប្រុសច្បងលោក ហ៊ុន សែន ក្លាយជានាយករដ្ឋមន្រ្តីនាពេលអនាគតមែននោះការដឹកនាំប្រទេសមិនខុសពីឪពុកនោះទេលើបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សជាពិសេសមន្រ្តីជំនាន់ក្រោយដែលស្និតនឹងគាត់កំពុងជាប់ឈ្មោះអាក្រក់ក្នុងសង្គមផងដែរ៖ «ការគំរាមកំហែងមុនការធ្វើសន្និបាតគណបក្សប្រជាជនកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នេះហើយដែលគ្មានបុគ្គលរូបណាមូយដែលអាចឈរឈ្មោះជាបេក្ខភាពជាមួយនឹងលោក ហ៊ុន ម៉ាណែត ចឹងយើងដឹងហើយថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាបុគ្គលមានឥទ្ធិពលជាងគេនៅក្នុងបក្ស ចឹងនៅពេលគាត់ប្រកាសបែបណា គឺលទ្ធផលចេញបែបនោះហើយ គ្មានអ្វីចំឡែកនោះទេ»។
ទាក់ទងករណីនេះដែរលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានបង្ហោះសារលើហ្វេសប៊ុកនៅថ្ងៃទី២៤ខែធ្នូថា បើការបោះឆ្នោតដោយសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាធ្វើឡើងដោយសម្ងាត់ពួកគេច្បាស់ជាមិនបោះឆ្នោតឲ្យលោក ហ៊ុន ម៉ាណែត មកបន្តវេនជំនួសលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនាពេលអនាគតដ៏ខ្លីខាងមុខនោះទេ។ លោក សម រង្ស៊ី ថា លោក ហ៊ុន សែន មិនត្រឹមតែសំឡុតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនោះទេសូម្បីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក៏គាត់សំឡុតដែរដើម្បីតែងតាំងកូនមកជំនួសតំណែងគាត់ដោយប្រើល្បិចទុច្ចរិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
