របបក្រុងភ្នំពេញគ្រោងដាក់ពាក្យបណ្ដឹងប្រឆាំងលោក សម រង្ស៊ី ក្រោយពីចោទប្រកាន់លោក ហ៊ុន សែន ថា ជាអ្នករៀបចំគម្រោងសម្លាប់លោក ហុក ឡងឌី អតីតស្នងការនគរបាលជាតិ កាលពីជាង១០ឆ្នាំមុន។ អ្នកវិភាគនយោបាយ និងមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សទាមទារឱ្យមានការស៊ើបអង្កេតឡើងវិញ ពាក់ព័ន្ធនឹងករណីនេះ។
អតីតអគ្គស្នងការនគរបាលជាតិលោក ហុក ឡងឌី បានស្លាប់នៅក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីយប់ថ្ងៃទី៩ វិច្ឆិកាឆ្នាំ២០០៨ នៅជិតព្រំដែនវៀតណាមក្នុងខេត្តស្វាយរៀង។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី០៧ ឧសភា ថា សមត្ថកិច្ចនឹងរៀបចំពាក្យបណ្តឹងប្រឆាំងមេដឹកនាំគណបក្សប្រឆាំងមួយករណីទៀតក្រោយពីបានចោទប្រកាន់គ្មានការពិតមកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកមិនបានបញ្ជាក់ថា តើនឹងដាក់ពាក្យបណ្ដឹងពីបទអ្វីនោះទេ ក៏ប៉ុន្តែលោកអះអាងថាសមត្ថកិច្ចកំពុងសិក្សាមើលករណីនេះហើយ។
លោកមានប្រសាសន៍ថា ការលើកឡើងរបស់មេបក្សប្រឆាំងមួយនេះ គឺជាការប្រមាថមួយយ៉ាងធ្ងន់ធ្ងរទៅលើថ្នាក់ដឹកនាំហើយលោក សម រង្ស៊ី ត្រូវប្រឈមមុខចំពោះមុខច្បាប់៖ «អ្នកណាគេទៅធ្វើអ៊ីចឹងរឿងឧបទ្ទវហេតុគាត់យកទៅដាក់ជារឿងនយោបាយ ចង់ប៉ុនប៉ងបំបែកបំបាក់ជួរផ្ទៃក្នុងរបស់រដ្ឋាភិបាលនេះ ជាចេតនាមិនល្អប៉ុន្មានទេ ចេតនាទុច្ចរិតតែម្ដង បំផ្លាញកេរ្តិ៍ឈ្មោះគេ»។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសប្រាប់អ្នកគាំទ្រខ្លួននៅក្នុងប្រទេសបារាំងកាលពីពេលថ្មីៗនេះថា លោក ហ៊ុន សែន ជាអ្នករៀបចំផែនការសម្លាប់លោក ហុក ឡងឌី៖ «ហុក ឡងឌី គឺ ហ៊ុន សែន ជាអ្នកសម្លាប់ទេតើ។ រៀបចំ Helicopter ឱ្យហុក ឡងឌី ចូលទៅគេដាក់គ្រាប់បែកនៅក្នុង Helicopter ហើយផ្ទុះខ្ទេចរួចហើយថា ស្អីណាគ្រោះថ្នាក់។ មិនមែនគ្រោះថ្នាក់អ៊ីចឹងទេ នេះជាគ្រោះថ្នាក់គេរៀបចំ»។
លោក ហុក ឡងឌី និងជា ដន្លងរបស់លោកហ៊ុន សែនបានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨។ របបក្រុងភ្នំពេញបានសន្និដ្ឋានថា លោក ហុក ឡងឌី ស្លាប់ដោយសារឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រដោយសាររន្ទះបាញ់នៅក្បែរព្រំដែនកម្ពុជា-វៀតណាមនៅក្នុងភូមិចេក ស្រុករំដួល ខេត្តស្វាយរៀង។ មានឧត្ដមសេនីយ៍ត្រីម្នាក់ឈ្មោះលោក សុខ សាអែម និង អ្នកបើកបរឧទ្ធម្ភាគចក្រខ្នាតតូចម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍នោះដែរ។
អ្នកវិភាគនយោបាយ និងសង្គមលោក គឹម សុខ ដែលកំពុងភៀសខ្លួននៅឯក្រៅប្រទេសមានប្រសាសន៍ថា ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រមិនមានរបាយការណ៍ឯករាជ្យណាមួយបញ្ជាក់ឱ្យបានពិតប្រាកដក្រៅពីការសន្និដ្ឋានរបស់សមត្ថកិច្ចរបបក្រុងភ្នំពេញទេ។ ដូច្នេះវាគេចមិនផុតពីការចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំប្រទេសថាជាប់ពាក់ព័ន្ធនឹងករណីនេះ។
លោកបញ្ជាក់ថា របបក្រុងភ្នំពេញត្រូវតែបើការស៊ើបអង្កេតឡើងវិញបើទោះបីជាសំណុំរឿងនេះបានកប់បាត់អស់រយៈពេលជាច្រើនឆ្នាំហើយក្ដី៖ «ការស្លាប់របស់លោក ហុក ឡងឌី គឺមានការសង្ស័យច្រើនគ្រប់មជ្ឈដ្ឋាន។ ទាំងមជ្ឈដ្ឋានគណបក្សប្រជាជនទាំងមជ្ឈដ្ឋានអន្តរជាតិ ប្រជារាស្ត្រ គណបក្សប្រឆាំងថាជាការស្លាប់មានលក្ខណៈស្រពិចស្រពិល ហើយរបាយការណ៍របស់សមត្ថកិច្ចហាក់បីដូចជាមិនសមទំនងអំពីថាវា ជាផ្ទុះឧទ្ធម្ភាគចក្រនោះ»។
ក្រុមអាជ្ញាធរមានសមត្ថកិច្ចរបស់របបក្រុងភ្នំពេញពេលនោះបាននិយាយថា បើតាមរបាយការណ៍ដែលទទួលបាន ក្រោយពេលយន្តហោះឆេះនិងធ្លាក់មក សាកសពលោក ហុក ឡងឌី បានខ្ទាតចេញពីយន្តហោះប្រមាណ៥ម៉ែត្រ ពីកន្លែងកើតហេតុ ប៉ុន្តែសាកសពជនរងគ្រោះបានបាត់បង់ទម្រង់ដើម។ បច្ចុប្បន្ននេះ សពលោក ហុក ឡងឌី បានយកទៅបញ្ចុះនៅ ស្រុកកំណើតរបស់លោកនៅក្រុងបាវិត ខេត្តស្វាយរៀង។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាតបញ្ជាក់ថា សំណុំរឿងនេះបានមិនមានសមត្ថកិច្ចណាមួយហ៊ានបើកការស៊ើបអង្កេតឡើងវិញទេដោយសារខ្លាចឥទ្ធិពលពីថ្នាក់ដឹកនាំ។ តែផ្ទុយទៅវិញលោក សម រង្ស៊ី អាចនឹងប្រឈមមុខនឹងពាក្យបណ្តឹងពីរដ្ឋាភិបាលពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក៖ «យើងគិតថា នឹងអាចមានបន្តទៅទៀតដែរព្រោះប្រហែលជាគេនឹងអាចពិនិត្យមើលជាបន្តទៅទៀត ព្រោះយើងឃើញថា សំណុំរឿងលោក សម រង្ស៊ី នេះ គឺច្រើនណាស់នៅក្នុងតុលាការ»។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិមកដល់ពេលនេះបានជាប់ក្ដីក្ដាំនៅក្នុងតុលាការជាង១០ករណីហើយ។ បណ្តឹងទាំងនោះរួមមាន បណ្ដឹងបរិហារកេរ្តិ៍លោក ហោ ណាំហុង ថា ជាអតីតមេគុកបឹងត្របែក បណ្ដឹងបរិហារកេរ្តិ៍ របស់លោក ហេង សំរិន ថា ជាអ្នកកាត់ទោសសម្ដេចឪនរោត្តមសីហនុ ថាក្បត់ជាតិ កាលពីលោក ហេង សំរិន នៅជាប្រធានរដ្ឋ បណ្ដឹងបរិហារកេរ្តិ៍ពាក់ព័ន្ធការចោទប្រកាន់ថា លោក ហ៊ុន សែន បានទិញចំនួនឡៃ (Like) ហ្វេសប៊ុកពីបរទេសនិងបណ្ដឹងបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងករណីឃាតកម្មលោកបណ្ឌិត កែម ឡី ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
