ក្រុមប្រទេសជាសមាជិកអាស៊ានប្តេជ្ញាប្រែក្លាយតំបន់នេះទៅជាតំបន់មានសន្តិភាព និងស្ថិរភាព
2023.02.05

ក្រុមប្រទេសជាសមាជិកអាស៊ាន (ASEAN) ប្រកាសដោយជឿជាក់ថា ពួកគេនឹងអាចប្រែក្លាយតំបន់នេះទៅជាតំបន់មានសន្តិភាព ស្ថិរភាព និងវិបុលភាព នាពេលខាងមុខ។ ការប្រកាសនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៣២ របស់ខ្លួន និងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយមានក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) ដែលប្រារព្ធធ្វើឡើងមានរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី៣ និងទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។
កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅនៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
របាយការណ៍របស់ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់អាស៊ាន ដោយរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការរបស់ទីម័រ គឺលោកស្រី អាដាល់ជីហ្សា ម៉ាកណូ (Adaljiza Mano) បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាលើកដំបូង បន្ទាប់ពីអាស៊ានឯកភាពជាគោលការណ៍ក្លាយជាប្រទេសសមាជិកអាស៊ានទី១១ ពេលកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០២២។
រដ្ឋមន្រ្តីការបរទេសអាស៊ាន បានឯកភាពគ្នាថា សមិទ្ធិភាព អាទិភាពគន្លឹះរបស់ប្រធានអាស៊ាននៅក្នុងឆ្នាំនេះ នឹងជួយកែប្រែក្លាយអាស៊ានឲ្យទៅជាតំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព។
ការប្រកាសបែបនេះ ស្របពេលដែលប្រទេសលោកសេរី បានរិះគន់ជាបន្តបន្ទាប់ថា ប្រទេស នៅក្នុងតំបន់អាស៊ានមួយចំនួន មានការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរ ជាពិសេសនៅប្រទេសកម្ពុជា ដែលប្រធានប្តូរវេនអាស៊ាន និងប្រទេស ភូមា ឬមីយ៉ាន់មា ជាដើម។
ទោះយ៉ាងណា រដ្ឋមន្រ្តីការបរទេសអាស៊ាន បានបញ្ជាក់ជំហជាថ្មី អំពីការប្តេជ្ញាចិត្តពង្រឹងយន្តការ និងក្របខ័ណ្ឌការងារថ្នាក់តំបន់ ដើម្បីឆ្លើយតបវិបត្តិសាធារណៈ ក្រៅពីជំងឺកូវីដ-១៩ រួមទាំងការដាក់ឲ្យដំណើរការឲ្យបានឆាប់នូវមជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសារធារណៈ និងជំងឺរាតត្បាតថ្មី។
ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) ក៏បានអនុម័តលើវិសោធកម្មលក្ខខណ្ឌប្រតិបត្តិនៃមូលនិធិអាស៊ាន ឆ្លើយតបនឹងជំងឺកូវីដ១៩ ដែលនឹងអនុញ្ញាតឲ្យប្រទេសជាសមាជិកអាស៊ានអាចប្រើប្រាស់មូលនិធិនេះ ដើម្បីទិញវ៉ាក់សាំងសម្រាប់ជំងឺឆ្លងផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។