អាមេរិក និង​អាស៊ាន​ប្ដេជ្ញា​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ

0:00 / 0:00

កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក​-​អាស៊ាន រយៈពេល ២​ថ្ងៃ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន (Washington D.C.) សហរដ្ឋអាមេរិក បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃទី​១៣ ឧសភា​។ សហរដ្ឋអាមេរិក និង​ប្រទេស​សមាជិក​អាស៊ាន​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​បន្ថែម​ទៀត​។ នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​ស្ដីពី​ចក្ខុវិស័យ​រួម ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ការិយាល័យ​ប្រធានាធិបតី​អាមេរិក ឬ​សេត​វិមាន (The White House) កាលពី​ថ្ងៃទី​១៣ ឧសភា។

សេចក្ដីថ្លែងការណ៍​ឱ្យ​ដឹង​ថា ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន (Joe Biden) និង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​សមាជិក​អាស៊ាន បាន​បញ្ជាក់​សាជាថ្មី​ទៀត​អំពី​ការ​ប្ដេជ្ញា​ចិត្ត​រួមគ្នា​ដើម្បី​ពង្រឹង និង​កសាង​ទំនាក់ទំនង​ស្ដីពី​កិច្ច​សន្ទនា​អាស៊ាន​-​អាមេរិក​ឱ្យ​កាន់តែ​ទូលំទូលាយ​។ ជា​យូរ​​មក​ហើយ កិច្ច​សន្ទនា​នេះ​មិនអាច​ខ្វះ​បាន​ឡើយ សម្រាប់​អាស៊ាន និង​សហរដ្ឋអាមេរិក ព្រមទាំង​សហគមន៍​អន្តរជាតិ ដើម្បី​បន្ត​លើកស្ទួយ និង​ថែរក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់ ហើយក៏​ដើម្បី​ធានា​ថា ទំនាក់ទំនង​ទាំងឡាយ​នៅតែ​អាច​សម្រប​បាន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ថ្មីៗ និង​ដើម្បី​ធ្វើ​កិច្ចសហការ​ឱ្យ​បាន​សម​ស្រប​ក្នុង​វេទិកា​អន្តរជាតិ និង​តំបន់​ដែល​សហរដ្ឋអាមេរិក និង​អាស៊ាន​ជា​សមាជិក។

មេដឹកនាំ​សហរដ្ឋអាមេរិក និង​អាស៊ាន ក៏បាន​បញ្ជាក់​តទៅ​ថ្ងៃមុខ​ទៀត អំពី​ការប្ដេជ្ញា​ចិត្ត​រួមគ្នា ដើម្បី​រក្សា និង​លើកកម្ពស់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​តំបន់ ព្រមទាំង​ការ​ប្ដេជ្ញាចិត្ត​រួមគ្នា​ចំពោះ​ដំណោះស្រាយ​ដោយ​សន្តិវិធី​លើ​ជម្លោះ​ទាំងឡាយ ក្នុង​នោះ​មាន​ដូចជា ការគោរព​ឱ្យ​បាន​ពេញលេញ​នូវ​នីតិវិធី​តាមផ្លូវ​ទូត និង​ផ្លូវច្បាប់ ដោយ​មិន​ប្រើប្រាស់​ការ​គំរាមកំហែង ឬ​កងកម្លាំង អនុលោម​តាមច្បាប់​អន្តរជាតិ។

សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន បាន​ប្រកាស​អំពី​ការ​ប្ដេជ្ញាចិត្ត​បង្កើត​ឱ្យ​បាន​នូវ «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​អាស៊ាន​-​អាមេរិក​» ដែល​នឹង​មាន​អត្ថន័យ ខ្លឹមសារ និង​ផលប្រយោជន៍​ទៅវិញទៅមក នៅ​ក្នុង​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​លើក​ទី​១០ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​នេះ។

សេចក្ដីថ្លែងការណ៍ស្ដីពីចក្ខុវិស័យរួមឱ្យដឹងទៀតថា សហរដ្ឋអាមេរិក និងអាស៊ានទន្ទឹងរង់ចាំការបញ្ចប់ដំណើរការចាំបាច់ទាំងឡាយ ដើម្បីឈានទៅសម្រេចបាននូវ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ហើយអ្វីដែលភាគីទាំងពីរត្រូវធ្វើចំពោះមុខនោះ មានចំនួន ៨ចំណុចធំៗ។ ចំណុចទាំងនោះ រួមមាន (១) ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ការកសាងសន្តិសុខផ្នែកសុខាភិបាលឱ្យបានប្រសើរ និងការស្ដារឡើងវិញជាមួយគ្នា (២) ពង្រឹងការតភ្ជាប់ និងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច (៣) លើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកនាវាចរណ៍ (៤) លើកស្ទួយទំនាក់ទំនងរវាងពលរដ្ឋ និងពលរដ្ឋ (៥) ការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ក្នុងអនុតំបន់ (៦) ការប្រើប្រាស់បច្ចេកវិទ្យា និងលើកកម្ពស់ការបង្កើតថ្មី (៧) ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយចំណុចធំចុងក្រោយ (៨) គឺការថែរក្សាសន្តិភាព និងកសាងទំនុកចិត្តទៅវិញទៅមក។ ចំណុចធំៗទាំង ៨នេះ ត្រូវបានបែងចែកជាចំណុចលម្អិតចំនួនជិត ៣០ផ្សេងទៀត ក្នុងនោះរួមមានទាំងបញ្ហាសមុទ្រចិនខាងត្បូង វិបត្តិនៅប្រទេសភូមា ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន និងបញ្ហាសន្តិភាពនៅឧបទ្វីបកូរ៉េ ជាដើម។

មេដឹកនាំ​សហរដ្ឋអាមេរិក និង​អាស៊ាន​បាន​គូសបញ្ជាក់​ជា​ចុងក្រោយ​ថា ពួកគេ​ទន្ទឹងរង់ចាំ​ការ​ឈាន​ដល់​កម្រិត​ថ្មី​មួយទៀត​នៃ​កិច្ច​សហប្រតិបត្តិការ និង​ភាពជា​ដៃគូ ព្រមទាំង​ភារកិច្ច​របស់​រដ្ឋមន្ត្រី​នៃ​ភាគី​ទាំងពីរ ដើម្បី​សម្របសម្រួល​ការអនុវត្ត​សេចក្ដីថ្លែងការណ៍​ស្ដីពី​ចក្ខុវិស័យ​រួម​នេះ ក្រោយពី​ចាប់ផ្ដើម​អនុវត្ត​របៀបវារៈ​ប្រកបដោយ​មហិច្ឆតា​នេះ​នៅ​ក្នុង​ពេល​ប៉ុន្មាន​ខែ និង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។