នៅក្នុងឱកាស ឆ្នាំថ្មីខាងមុខនេះ សង្គមស៊ីវិល និងប្រជាសហគមន៍មួយចំនួនចង់ឲ្យអ្នកនយោបាយខ្មែរបញ្ឈប់ការផ្ដោះផ្ដងសង្គ្រាមពាក្យដាក់សម្ដីដាក់គ្នាទៅវិញទៅមកបន្តទៀត ដើម្បីឱ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរប្រព្រឹត្តិទៅដោយភាពរីករាយ។
ការលើកឡើងនេះ បន្ទាប់ពីពួកគេមើលឃើញថាអ្នកនយោបាយខ្មែរ ចេះតែបង្កសង្គ្រាមពាក្យសម្ដីដាក់គ្នាឥតឈប់ឈរ បើទោះបីជារដូវកាលបុណ្យចូលឆ្នាំថ្មីជិតចូលមកដល់ក្ដី។
សង្គមស៊ីវិល និងប្រជាសហគមន៍មួយចំនួនយល់ថា ប្រសិនបើអ្នកនយោបាយខ្មែរ ចេះតែបង្កសង្គ្រាមពាក្យសម្ដីដាក់គ្នាបន្តទៀតនោះ នឹងធ្វើឱ្យពួកគាត់ខ្លាចរអា មិនចង់ដើរលេងកម្សាន្តទៅតំបន់ផ្សេងៗ តាមចិត្តចង់នោះបានឡើយ ដោយខ្លាចក្រែងមានអ្វីមិនល្អកើតឡើង។
ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង មានប្រសាសន៍ថា ដើម្បីឱ្យពលរដ្ឋកាន់តែមានទឹកចិត្តសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលខាងមុខ អ្នកនយោបាយខ្មែរគប្បីផ្អាក ឬបញ្ឈប់សង្គ្រាមពាក្យសម្ដីដាក់គ្នាមួយអន្លើសិន៖ «ខ្ញុំក៏សង្កេតឃើញថា ពិធីបុណ្យចូលឆ្នាំនេះ គឺជាពិធីមួយដែលប្រជាពលរដ្ឋគាត់ចង់សប្បាយដោយពិតប្រាកដ ដោយគ្មានកង្វល់នៅក្នុងចិត្តបាទ។ ជាមួយគ្នានោះដែរ ក៏គួរតែអ្នកនយោបាយ ដែលធ្លាប់ធ្វើកន្លងមកហើយថា មិនត្រូវវោហារ សាសន៍ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋបាទ»។
កាលពីឆ្នាំ២០១៥ ក្នុងពិធីអង្គរសង្ក្រាន្តឆ្នាំថ្មី នៅខេត្តសៀមរាប ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន និង អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានដឹកដៃគ្នាចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងបានភ្លក់អន្សមយក្សរួមគ្នាទៀតផង។
ក្នុងឱកាសនោះ លោក ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចេះរួបរួមសាមគ្គីគ្នាដើម្បីជំរុញឱ្យប្រទេសដ៏ក្រីក្រមួយនេះមានភាពខ្លាំងរឹងមាំ។ លើសពីនេះ លោកសុំឱ្យបញ្ចប់នូវវប្បធម៌ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីជាដើម។
ចំណែកលោក សម រង្ស៊ី ពេលនោះវិញ ក៏បានលើកឡើងថា វត្តមានរបស់ពួកលោកកាលណោះ ជាសារមួយបង្ហាញដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ត្រូវចេះសាមគ្គីគ្នា ដើម្បីប្រយោជន៍ជាតិទាំងមូល។ លោកថែមទាំងអំពាវនាវឱ្យប្រកាន់យកវប្បធម៌សន្ទនា គោរពគ្នា ទុកចិត្តគ្នា និងបបួលគ្នាធ្វើអំពើល្អជាមួយគ្នាដោយតម្កល់ទុកផលប្រយោជន៍ជាតិជាធំ។
សកម្មភាពរបស់ប្រធានគណបក្សធំៗទាំងពីរ ពេលនោះ បានធ្វើឱ្យពលរដ្ឋខ្មែរមានក្តីរំភើប និងស្ងប់ចិត្តបានមួយរយៈពេលដែរ ដើម្បីរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បើទោះបីជាវប្បធម៌សន្ទនារបស់អ្នកនយោបាយទាំងនោះ បានត្រឹមតែមួយចម្អិនកំពឹសក៏ដោយចុះ។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៧ មេសា អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅតែបន្តវាយប្រហារទៅរបបលោក ហ៊ុន សែន ថាជារបបផ្ដាច់ការបំផ្លាញជាតិ និងធ្លាប់ខ្ចីលុយបរទេសមកបម្រើអំណាចផ្ដាច់ការរបស់ខ្លួន និងបម្រើមហិច្ឆតាឱ្យវៀតណាមទៀតផង។ ដោយឡែក អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន បានលើកឡើងក្នុងប្រព័ន្ធឃោសនារបស់ខ្លួន ដោយបានវាយប្រហារទៅលោក សម រង្ស៊ី ថាគឺជាអ្នកនយោបាយពិសពុល ជាដើម។
ប្រជាសហគមន៍នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ សុំមិនបញ្ចេញឈ្មោះម្នាក់ និយាយថា ពួកគាត់បារម្ភណាស់នៅពេលឃើញអ្នកនយោបាយខ្មែរបែកបាក់គ្នា និងចេះតែបង្កសង្គ្រាមពាក្យសម្ដីដាក់ឥតឈប់ឈរបែបនេះ។ មិនតែប៉ុណ្ណោះ សង្គ្រាមពាក្យសម្ដីរបស់អ្នកនយោបាយ គឺ ធ្វើឱ្យពួកគាត់មិនស្ងប់ចិត្ត ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីឡើយ៖ «បើសិនអ្នកនយោបាយទាំងពីរគណបក្សៗ ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង បើសិនជាត្រូវរ៉ូវគ្នា ប្រាកដជាប្រទេសខ្មែរយើងនឹងលូតលាស់រីកចម្រើន»។
មន្ត្រីអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក ឡេង សេងហាន ដែលតែងចុះតាមមូលដ្ឋានសង្កេតឃើញថា ពលរដ្ឋពិតជាមានការព្រួយបារម្ភចំពោះស្ថានភាពនយោបាយនាពេលបច្ចុប្បន្នប្រាកដមែន។ លោកបន្តថា ពលរដ្ឋព្រមទាំងសង្គមស៊ីវិលផង គឺ មិនត្រឹមតែចង់ឃើញអ្នកនយោបាយបញ្ឈប់សង្គ្រាមពាក្យសម្ដីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ចង់ឱ្យអ្នកនយោបាយខ្មែរបញ្ចប់ការវាយប្រហារគ្នារហូតទៅ ហើយងាកមកចរចារកដំណោះស្រាយដោយសន្តិវិធី និងរួបរួមសាមគ្គីគ្នាឡើងវិញដោយប្រកាន់ភ្ជាប់នូវព្រហ្មវិហារធម៌ទាំងបួន ដោយគិតដល់ប្រយោជន៍ជាតិ និងរាស្ត្រជាធំ៕
