បេសកកម្ម​អ៊ុនតាក់ ៣០ឆ្នាំ​មុន ផ្ដល់​ប្រយោជន៍​ធំធេង​ដល់​ជាតិ​ខ្មែរ

0:00 / 0:00

ឆ្នាំ២០២២ នេះ គឺ​ជា​ខួប​គម្រប់៣០ឆ្នាំ​នៃ​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អ៊ុនតាក់ (UNTAC)។ អាជ្ញាធរ​អន្តរកាល​មួយ​នេះ​​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​នាំមក​នូវ​សន្តិភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​ដល់​ប្រទេស​កម្ពុជា បន្ទាប់ពី​កម្ពុជា​ស្ថិត​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍។ កេរដំណែល​សំខាន់​បំផុត​មួយ​របស់​អ៊ុនតាក់ គឺ​រៀបចំ​ការបោះឆ្នោត​ថ្នាក់​ជាតិ​មួយ​ដែល​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ កាលពី​ឆ្នាំ ១៩៩៣។ ចាប់តាំងពី​ពេល​នោះមក កម្ពុជា​មាន​ការ​បោះឆ្នោត​ជាទៀងទាត់ ទោះជា​មាន​ការ​ខ្វែង​យោបល់​គ្នា ឬមតិ​រិះគន់​អំពី​ភាព​ត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត​ទាំងនោះ​យ៉ាងណា​ក្ដី។

អាជ្ញាធរ​បណ្ដោះ​អាសន្ន​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC) បាន​បន្សល់ទុក​នូវ​កេរ​មរតក​ជាច្រើន​សម្រាប់​ប្រជាជាតិ​ខ្មែរ។ មរតក​ទាំងនោះ មាន​ជាអាទិ៍ មូលដ្ឋាន​គ្រឹះ​នៃ​សន្តិភាព អធិបតេយ្យ ឯករាជ្យ លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស។

អ្នក​វិភាគ​នយោបាយ​ចាស់​វស្សាបណ្ឌិត ឡៅ ម៉ុងហៃ រៀបរាប់​ថា អ៊ុនតាក់​បាន​ជួយ​កសាង​ស្ថាប័ន​សំខាន់ៗ​មួយចំនួន​ដែល​នៅ​បន្ត​និរន្តរភាព​មក​ដល់​ពេល​បច្ចុប្បន្ន ដូចជា ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់(CMAC) ជាដើម។ លោក​ថា សូម្បីតែ​អាណត្តិ​នៃ​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក៏​ជា​មរតក​របស់​អ៊ុនតាក់​ផង​ដែរ។ បណ្ឌិត ឡៅ ម៉ុងហៃ សង្កត់​ធ្ងន់​ថា អ៊ុនតាក់​បាន​ជួយ​ស្ថាបនា​គ្រឹះ​សំខាន់ៗ​សម្រាប់​ជាតិ​ខ្មែរ ហើយ​បើ​គ្មាន​អ៊ុនតាក់​ទេ លោក​ថា កម្ពុជា​មិន​ដឹង​ហែល​ឆ្លង​ការ​បង្ហូរឈាម​គ្នា​ដល់​ពេល​ណា​​នោះ​ទេ៖ « យើង​បាន​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​មួយ​លែង​ទៅ​ជា​កុម្មុយនីស្ត គឺ​ទៅ​ជា​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​របប​ប្រជាធិបតេយ្យ​សេរី ពហុបក្ស ហើយ​ហ្នឹង​សុទ្ធតែ​ជា​គ្រឹះ​សំខាន់ៗ។ បើ​អ៊ុនតាក់​ធ្វើ​ការ​មិន​បាន​ត្រឹមត្រូវ អនុវត្ត​អាហ្នឹង​មិន​បាន​ត្រឹមត្រូវ​ទេ គឺ​មូលដ្ឋាន​គ្រឹះ​ទាំង​ប៉ុន្មាន​សម្រាប់​ប្រទេស​មួយ​ហ្នឹង គឺ​វា​អត់​បាន​ទេ ហើយ​យើង​នឹង​មាន​សង្គ្រាម​បន្ត​ទៅ​ទៀត »

ស្រដៀង​គ្នា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា ស្នាដៃ​ធំ​ជាងគេ​ដែល​អ៊ុនតាក់​សម្រេច​បាន​នោះ គឺ​ការ​រៀបចំ​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា។ លោក​សង្កត់​ធ្ងន់​ថា ផ្ដើម​ចេញ​ពី​ការ​បោះឆ្នោត​កាលពី​ឆ្នាំ១៩៩៣ នោះ​ហើយ ទើប​កម្ពុជា​មាន​ការបោះឆ្នោត​ជា​បន្តបន្ទាប់ ទោះបី​ការ​បោះឆ្នោត​ទាំងនោះ​មិន​ទាន់​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ក៏ដោយ៖ « មិន​អាច​យើង​ទៅ​បំភ្លេច​ស្មារតី​ទាំងអស់​ហ្នឹង​បាន​ទេ ហើយ​អ្វី​ដែល​យើង​បាន​រៀនសូត្រ​ពី​អ៊ុនតាក់​យ៉ាង​ច្រើន​នោះ គឺ​ទាក់ទង​ទៅ​នឹង​ការ​កសាង​ប្រទេស​មួយ​ដែល​យើង​នៅតែ​បង្កើត​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស ការ​គោរព​នូវ​ដំណើរការ​ប្រជាធិបតេយ្យ មាន​ទាំង​ខាង​អង្គការ​សង្គម​ស៊ីវិល​រីក​ដុះដាល​ច្រើន ពិសេស​ខាង​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ខាង​សិទ្ធិមនុស្ស ខាង​ប្រជាធិបតេយ្យ​ហ្នឹង ដែល​ខ្មែរ​យើង​ពីមុន​មក​មិន​ដែល​មាន​ទេ »

អ៊ុនតាក់ (UNTAC) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៩២ ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ក្នុង​នោះ​ចំណុច​ធំៗ​រួមមាន ការ​ធ្វើ​មាតុភូមិ​និវត្តន៍​នៃ​ជនភៀសខ្លួន​ខ្មែរ ដែល​ភាគច្រើន​ពី​ព្រំដែន​ខ្មែរ-ថៃ ការ​រំសាយ​កងទ័ព និង​ការ​ដក​អាវុធ ៧០% ពី​ភាគី​ជម្លោះ​ខ្មែរ​ទាំង ៤ក្រុម ដើម្បី​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ១៩៩៣ ប្រកប​ដោយ​បរិយាកាស​សុវត្ថិភាព។ ភាគី​ទាំងបួន​នោះ​មាន​ភាគី​កងទ័ព​សីហនុនិយម​ហ៊្វុនស៊ិនប៉ិច (FUNCINPEC) រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​លោកតា សឺន សាន (KPNLF) ភាគី​រដ្ឋកម្ពុជា​របស់​លោក ហ៊ុន សែន និង​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរក្រហម។ កងកម្លាំង​របស់​អ៊ុនតាក់​ដែល​មក​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​កម្ពុជា​វិញ មាន​ចំនួន​ជាង ២ម៉ឺន ២ពាន់​នាក់ (២២.០០០) ក្នុង​នោះ​រួមមាន​អ្នក​សង្កេតការណ៍​យោធា នគរបាល​ស៊ីវិល និង​អ្នកជំនាញ​ផ្សេងៗ​ទៀត។ បេសកកម្ម​នេះ​បាន​បញ្ចប់​ទៅ​វិញ​នៅ​ខែ​កញ្ញា ឆ្នាំ១៩៩៣ ដោយ​ចំណាយ​អស់​ថវិកា​ជាង ២ពាន់​លាន​ដុល្លារ។

អតីត​មេបញ្ជាការ​កងកម្លាំង​អ៊ុនតាក់​ដែល​ជា​ជនជាតិ​អូស្រ្តាលី ឧត្តមសេនីយ៍ ចន ស៊ែនឌឺសុន (John Sanderson) បាន​ថ្លែង​ក្នុង​វេទិកា​សាធារណៈ​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា អ៊ុនតាក់​សម្រេច​បាន​សមិទ្ធផល​ជាច្រើន​ក្នុង​បេសកកម្ម​នៅ​កម្ពុជា៖ « យើង​បាន​ចាប់ផ្ដើម​ដំណើរការ​ដោះ​មីន ហើយ​យើង​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ជនភៀសខ្លួន​ខ្មែរ​ប្រមាណ ៣សែន​ទៅ ៤សែន​នាក់ ដែល​ភាគច្រើន​ស្នាក់នៅ​ប្រទេស​ថៃ​ឱ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព។ យើង​បាន​បង្កើត​ច្បាប់​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ទូទាំង​ប្រទេស។ យើង​បាន​សម្របសម្រួល​សិទ្ធិ​បង្កើត​បក្ស​នយោបាយ និង​បង្កើត​បរិយាកាស​ដែល​ពួកគេ​អាច​ធ្វើ​យុទ្ធនាការ​បាន​ដោយ​សេរី។ យើង​ជំរុញ​ឱ្យ​មាន​ចលនា​សិទ្ធិមនុស្ស​នៅ​តាម​ទី​ជនបទ ហើយ​ចំណុច​នេះ​សំខាន់​ខ្លាំង​ណាស់ ផ្អែក​លើ​ពិធីសារ និង​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ។ យើង​បាន​ត្រួតពិនិត្យ និង​កែទម្រង់​ស្ថាប័ន​សំខាន់ៗ​របស់​រដ្ឋាភិបាល ហើយ​និង​ចាប់ផ្ដើម​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ។ ជាចុងក្រោយ យើង​បាន​រៀបចំ​ការបោះឆ្នោត ដែល​សេរី និង​យុត្តិធម៌ ហើយ​និង​ត្រួតពិនិត្យ​ការបង្កើត​រដ្ឋាភិបាល​ថ្មី »។

ថ្វីបើ​អ៊ុនតាក់​សម្រេច​បាន​សមិទ្ធផល​ដ៏​ច្រើន​សម្រាប់​កម្ពុជា​បែបនេះ​ក្ដី ក៏​ប្រមុខ​រដ្ឋាភិបាល​បច្ចុប្បន្ន គឺ​លោក ហ៊ុន សែន ហាក់​មិន​ផ្ដល់​តម្លៃ​ដល់​សមិទ្ធផល​ទាំងនោះ​ទេ។ ភាសា​ដែល​លោក​តែង​និយាយ​នៅ​លើ​វេទិកា​ក្នុងស្រុក និង​ក្រៅ​ស្រុក​នោះ គឺ​អ៊ុនតាក់​ចាយ​លុយ​ច្រើន តែ​មិន​អាច​បញ្ចប់​សង្គ្រាម​បាន។ ក្នុង​ពេល​ជាមួយ​គ្នា លោក​ ហ៊ុន សែន តែង​លើក​ឡើង​ថា គឺ​នយោបាយ​ឈ្នះៗ​របស់​លោក​ទៅវិញ​ទេ ដែល​នាំ​មក​នូវ​សន្តិភាព​ជូន​ប្រជាជាតិ​ខ្មែរ៖ « អ្វី​ដែល​កិច្ចព្រមព្រៀង [ សន្តិភាព ] ក្រុង​ប៉ារីស​ចង់​បាន តែ​អ៊ុនតាក់​មិន​អាច​សម្រេច​បាន គឺ​ពេល​ដែល​អ៊ុនតាក់​ចំណាយ​ប្រាក់​ជាង ២ពាន់​លាន​ដុល្លារ​អាមេរិក ពេល​ដែល​អ៊ុនតាក់​ចាកចេញ​ទៅ​បាន​​បន្សល់​ទុក​ឱ្យ​កម្ពុជា​ជា​ប្រទេស​មួយ​មាន​តំបន់​ត្រួតត្រា​ពីរ និង​មាន​រដ្ឋាភិបាល​ពីរ​បន្ត​សង្គ្រាម​តទៅទៀត។ កុំ​ភ្លេច​អា​កន្លែង​ហ្នឹង ទី​ចុង​បំផុត​វិល​មក​រក​ដំណោះស្រាយ​ខ្មែរ​វិញ។ ដំណោះស្រាយ​នោះ គឺ​ស្អី នយោបាយ​ឈ្នះៗ។ ខ្ញុំ​ត្រូវ​ចាប់​ផ្ដើម​យក​ក្បាល​ខ្ញុំ​ធ្វើ​ដើម​ទុន​សាជាថ្មី​ម្ដងទៀត »

មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​បក្ស​កាន់អំណាច លោក សុខ ឥសាន ថ្លែង​ការពារ​ប្រសាសន៍​របស់​លោក ហ៊ុន សែន នេះ​ថា ជា​ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ។ លោក​ទទួល​ស្គាល់​ថា អ៊ុនតាក់​សម្រេច​បាន​នូវ​សមិទ្ធផល​មួយចំនួន ប៉ុន្តែ​មិន​បាន​នាំមក​នូវ​សន្តិភាព​ពេញលេញ​សម្រាប់​កម្ពុជា​ឡើយ៖ « ខែ ១២ឆ្នាំ ១៩៩៨ អង្គការ​ចាត់តាំង​ខ្មែរក្រហម​រលាយ ហើយ​យើង​រក​បាន​នូវ​សន្តិភាព​ពេញលេញ​ដែល​មិន​ធ្លាប់​មាន​រាប់​រយ​ឆ្នាំ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា។ អាហ្នឹង​យើង​ត្រូវ​ទទួលស្គាល់​ការពិត ដូច្នេះ​ហើយ​សរុប​មកវិញ ខ្ញុំ​យល់​ថា សម្ដេច​មិនមែន​រិះគន់ ឬ​បរិហារ​ដោយ​ប្រការ​ណាមួយ​លើ​បេសកកម្ម​របស់​អ៊ុនតាក់​ទេ តែ​សម្ដេច​និយាយ​អំពី​ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា »

ទោះជាយ៉ាងណា ការ​បកស្រាយ​របស់​លោក ហ៊ុន សែន និង​តំណាង​បក្ស​កាន់អំណាច​នេះ ត្រូវ​បាន​អ្នកវិភាគ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ជា​រឿង​មិន​ត្រឹមត្រូវ និង​ជា​ការ​កេង​ចំណេញ​នយោបាយ។ មិន​ត្រឹមត្រូវ នៅ​ត្រង់​ថា កង​កម្លាំង​របស់​អ៊ុនតាក់​ជា​កម្លាំង​រក្សា​សន្តិភាព (Peacekeeping Forces) មិនមែន​ជា​កម្លាំង​ប្រយុទ្ធ​ទល់​នឹង​ភាគី​ណាមួយ​នោះ​ទេ។ ឯ​ការ​កេង​ចំណេញ​នយោបាយ​វិញ​គឺ​នៅ​ត្រង់​ថា ការ​ដែល​ឈាន​ទៅ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង​នៅ​ឆ្នាំ ១៩៩៨ អាច​កើត​មាន​ទៅ​បាន​នោះ គឺ​ដោយសារ​កម្ពុជា​មាន​រដ្ឋាភិបាល​ស្របច្បាប់​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អ៊ុនតាក់ កាលពី​ឆ្នាំ ១៩៩៣។ ការ​ដែល​មាន​រដ្ឋាភិបាល​ស្របច្បាប់​ ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​នោះ​ឯង ដែល​បង្ខំ​ឱ្យ​ប្រទេស​ចិន និង​ប្រទេស​ថៃ​លែង​គាំទ្រ​ខ្មែរ​ក្រហម​ទាំង​ផ្នែក​សម្ភារៈ និង​ស្មារតី ទើប​ធ្វើ​ឱ្យ​ខ្មែរក្រហម​អស់​ផ្លូវ​ដើរ ហើយ​បន្តិចម្ដងៗ​ចុះចូល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។

បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា អ៊ុនតាក់​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​ចំណុច​សំខាន់​ពាក់ព័ន្ធ​នឹង​បញ្ហា​យោធា ជាពិសេស​ការ​រំសាយ​កងទ័ព និងការដកអាវុធ៧០% ពី​ភាគី​ជម្លោះ​ខ្មែរ​ទាំង ៤ក្រុម ជាពិសេស​ពី​ភាគី​ខ្មែរក្រហម។ ក៏ប៉ុន្តែ លោក​បញ្ជាក់​ថា នេះ​មិនមែន​ជា​កំហុស​របស់​អ៊ុនតាក់​ឡើយ។ បណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់​ថា ភាគី​ខ្មែរ​ក្រហម​ជា​អ្នក​ក្បត់​កិច្ចព្រមព្រៀង​ដោយ​ខ្លួន​ឯង ហើយ​អ៊ុនតាក់​គ្មាន​កងកម្លាំង​ដើម្បី​ច្បាំង​នឹង​ខ្មែរ​ក្រហម​នោះ​ទេ មាន​តែ​កងកម្លាំង​រក្សា​សន្តិសុខ ដែល​អនុលោម​តាម​ច្បាប់​អន្តរជាតិ៖ « យើង​បន្ទោស​អ៊ុនតាក់​អត់​បាន​ទេ ព្រោះ​បេសកកម្ម​គេ​ចប់​ត្រឹម​យើង​មាន​រដ្ឋធម្មនុញ្ញ និង​រដ្ឋាភិបាល​ថ្មី។ ចប់​ត្រឹម​ហ្នឹង រឿង​អ្វី​ផ្សេង​ទៀត ភាគី​ខ្មែរ​យើង​ទេ ចង់​គោរព​អនុវត្ត ក៏​គោរព​ទៅ បើ​អត់​ទេ ក៏​អត់​ទៅ។ ហើយ​មួយ​ទៀត គោរព​អនុវត្ត​អត់​ទៅ​កើត​ទៀត រំសាយ​កងទ័ព ៧០ % អត់​ទៅ​កើត​ទេ ព្រោះ​ត្រូវ​ទប់ទល់​នឹង​ខ្មែរ​ក្រហម។ ហើយ​បរាជ័យ​ទៅ​ទៀត​ការ​ប្រើប្រាស់​អាវុធ​ហ្នឹង ត្រូវ​ទៅ​ទិញ​ខ្មែរក្រហម​ហ្នឹង​មក​វិញ​ទៅ »

បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា មូលហេតុ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសូវ​ផ្ដល់​តម្លៃ​ដល់​អ៊ុនតាក់ ទំនងជា​ដោយសារ​គណបក្ស​របស់​លោក​បាន​ចាញ់​ឆ្នោត​កាលពី​ឆ្នាំ ១៩៩៣ ដែល​ជា​ការបោះឆ្នោត​រៀបចំ​ដោយ​អ៊ុនតាក់​នោះ​ឯង៖ « អ៊ុនតាក់​រៀបចំ​ការបោះឆ្នោត​សេរី និង​យុត្តិធម៌ ដែល​ផ្ដល់​លទ្ធផល​អវិជ្ជមាន​ចំពោះ​គណបក្ស​ប្រជាជន [ កម្ពុជា ] អវិជ្ជមាន​ត្រង់​ដែល​ថា គណបក្ស​ប្រជាជន​ចាញ់។ ហើយ​ការ​ចាញ់​នេះ គឺ​បញ្ជាក់​ថា របប​គ្រប់គ្រង​តាំងពី ៧មករា​ហ្នឹង​មក ប្រជាពលរដ្ឋ​ខ្មែរ​អត់​គាំទ្រ​ទេ ខ្វះ​ភាព​ស្របច្បាប់ ក្នុង​ន័យ​ធំ។ ហ្នឹង​ហើយ​បាន​ជា​នៅពេល​ប្រកាស​លទ្ធផល​ទៅ មាន​ការ​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ហ្នឹង »

ទាក់ទង​នឹង​បញ្ហា​នេះ អតីត​មេបញ្ជាការ​កងកម្លាំង​អ៊ុនតាក់​លោក ចន ស៊ែនឌឺសុន (John Sanderson) បកស្រាយ​ថា អ៊ុនតាក់​អនុវត្ត​ការងារ​ទៅ​តាម​សេចក្ដី​សម្រេច​របស់​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ លោក​បន្ត​ថា បេសកកម្ម​របស់​អ៊ុនតាក់​​ស្ដែង​ឱ្យ​ឃើញ​ពី​កិច្ច​ខិតខំ​ដ៏​ខ្លាំងក្លា​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ជួយ​ដល់​ប្រទេស​កម្ពុជា។ លោក ចន ស៊ែនឌឺសុន គិត​ថា អ្វី​ដែល​ខកខាន​សម្រាប់​បេសកកម្ម​នៅ​កម្ពុជា​នោះ គឺ​ការ​កសាង​ប្រព័ន្ធ​តុលាការ និង​ស្ថាប័ន​ប៉ូលិស​ឱ្យ​​ឯករាជ្យ​ទៅវិញ​ទេ៖ « មាន​រឿង​ពីរ​យ៉ាង​ដែល​មិន​មាន​នៅក្នុង​អាណត្តិ​ការងារ​ដ៏​ស្មុគស្មាញ​របស់​អង្គការ​សហប្រជាជាតិ។ នោះ​គឺ​ការ​កសាង​ប្រព័ន្ធ​យុត្តិធម៌​មួយ​ដែល​ឯករាជ្យ និង​សេរី ដាច់​ចេញ​អំពី​ការគ្រប់គ្រង​របស់​អ្នកនយោបាយ ហើយនិង​កង​នគរបាល​ដែល​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ។ ខ្ញុំ​គិត​ថា យើង​គួរតែ​បាន​ធ្វើ​រឿង​នេះ​ឱ្យ​ល្អ​ប្រសើរ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់ថា បើ​យើង​ពិត​ជា​ធ្វើ​រឿង​នេះ​មែន នោះ​យើង​ប្រហែល​ជា​មិន​អាច​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ឡើយ »

ទោះជាយ៉ាងណាក៏ដោយ​ចុះ អ៊ុនតាក់​សម្រេច​បាន​សមិទ្ធផល និង​បន្សល់​នូវ​កេរដំណែល​សំខាន់ៗ​មួយចំនួន ដែល​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ពលរដ្ឋ​ខ្មែរ​ថា នឹង​មាន​អនាគត​ល្អ ក្រោយ​ពី​កម្ពុជា​បាន​ឆ្លងកាត់​របប​កុម្មុយនីស្ត និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជាច្រើន​មក​ហើយ។ សមិទ្ធផល​ទាំងនោះ រួមមាន​កម្ពុជា​មាន​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ដ៏​ល្អ​ប្រពៃ ដែល​មាន​បញ្ចូល​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ។ រដ្ឋធម្មនុញ្ញ​នេះ​ហើយ​ដែល​បាន​បើក​ផ្លូវ​ឱ្យ​កម្ពុជា​មាន​សារព័ត៌មាន​សេរី និង​ឯករាជ្យ អង្គការ​សមាគម​សិទ្ធិមនុស្ស ព្រមទាំង​គណបក្ស​នយោបាយ​ប្រឆាំង ដើម្បី​ជួយ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មួយ​ដែល​មាន​ការគោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ។ ក៏ប៉ុន្តែ​ក្ដី​សង្ឃឹម​របស់​ពលរដ្ឋ​ត្រូវ​រលាយ​ទៅវិញ​នៅ​ឆ្នាំ១៩៩៧ នៅ​ពេល​លោក ហ៊ុន សែន ដែល​កាលនោះ​ជា​នាយករដ្ឋមន្ត្រី​ទី២ បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ដែល​ជា​នាយករដ្ឋមន្ត្រី ទី១ ពី​អំណាច។ ចាប់ពី​ពេលនោះ​មក កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា បាន​ធ្លាក់​ចូល​ក្នុង​របប​ផ្ដាច់ការ​បន្តិច​ម្ដងៗ ដែល​មក​ដល់​បច្ចុប្បន្ន​នេះ រដ្ឋសភា​បាន​ក្លាយជា​រដ្ឋសភា​ឯក​បក្ស​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ដែល​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

អង្គការ​សង្គម​ស៊ីវិល និង​អ្នកវិភាគ​នយោបាយ​លើកឡើង​ស្រប​គ្នា​ថា បើ​គ្មាន​អ៊ុនតាក់​ទេ នោះ​ក៏​គ្មាន​សន្តិភាព​កើតមាន​នៅ​កម្ពុជា​ដែរ។ ហេតុដូច្នេះ ប្រជាជាតិ​កម្ពុជា ជាពិសេស​រដ្ឋាភិបាល គួរតែ​ចងចាំ​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ៊ុនតាក់ ដោយ​មិន​គួរ​និយាយ​បរិហារ​បែប​លម្អៀង ឬ​បំភ្លៃ​ការពិត​ដើម្បី​តែ​ផលប្រយោជន៍​នយោបាយ​របស់​ខ្លួន​នោះ​ឡើយ។ ជាង​នេះ​ទៅ​ទៀត ពួកគេ​ផ្ដល់​យោបល់​ដល់​បញ្ញវន្ត​ខ្មែរ​គួរតែ​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ជា​ឯកសារ​រឹងមាំ​ស្ដីពី​បេសកកម្ម​របស់​អ៊ុនតាក់​នេះ ដើម្បី​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​ដឹង​អំពី​សម័យ​អន្តរកាល​របស់​កម្ពុជា​ផង និង​ស្វែងយល់​អំពី​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។