តើចិនបានបង្កើនសកម្មភាពពង្រីកឥទ្ធិពលយ៉ាងណាខ្លះមកលើកម្ពុជាក្នុងឆ្នាំ២០២២?
2023.01.09

ក្រុមអ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា ឆ្នាំ២០២២ គឺជាឆ្នាំមួយដែលសាធារណរដ្ឋប្រជាមានិតចិនបានបង្កើនសកម្មភាពពង្រីកឥទ្ធិពលមកលើកម្ពុជាលើគ្រប់វិស័យគួរឱ្យកត់សម្គាល់ រាប់ចាប់ពីវិស័យសេដ្ឋកិច្ច នយោបាយ យោធា ការពារជាតិ និងវិស័យអប់រំ ជាដើម។ ការបង្កើនសកម្មភាពពង្រីកឥទ្ធិពលរបស់ចិនមកលើកម្ពុជានេះ គឺស្របពេលដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ជាលើកទីបីនៅក្នុងតំបន់។ តើចិនបានបង្កើនសកម្មភាពពង្រីកឥទ្ធិពលយ៉ាងណាខ្លះមកលើកម្ពុជាក្នុងឆ្នាំ២០២២ ដែលទើបនឹងកន្លងផុតទៅនេះ?
ខុសប្លែកពីបណ្តាឆ្នាំកន្លងទៅ ឆ្នាំ២០២២ដែលទើបនឹងបិទបញ្ចប់ទៅ គឺជាឆ្នាំមួយដែលសាធារណរដ្ឋប្រជាមានិតចិន បង្កើនសកម្មភាពពង្រីកឥទ្ធិពលមកលើកម្ពុជាច្រើនជាងប្រទេសណាៗទាំងអស់។ឆ្នាំ២០២២គឺជាឆ្នាំដែលកម្ពុជាអនុញ្ញាតឱ្យចិនអភិវឌ្ឍកំពង់ផែកងទ័ពជើងទឹករាម។ ឆ្នាំ២០២២ ក៏ជាឆ្នាំដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (ហៅកាត់ថា RCEP) ដ៏ធំបំផុតមិនធ្លាប់មាននៅលើពិភពលោកដែលផ្តួចផ្តើមដោយចិន ត្រូវចូលជាធរមាន។

អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា មើលឃើញថា ចិនកំពុងឈានមុខគេក្នុងវិស័យទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា៖
«ចិនដើរលឿនមុនប្រទេសដទៃទៀតទាំងអស់នៅក្នុងប្លុកខាងកើត ចិន ជប៉ុន កូរ៉េខាងត្បូង គឺចិនដើរមុនគេទាំងអស់។ ជប៉ុន ទើបតែឆ្នាំ២០២៣នេះទេ សន្យាគ្នាថាជំរុញទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទេ។ អ៊ីចឹង បានន័យថា ចិនដើរជំហានមុនបណ្តាលោកខាងកើតទាំងអស់នៅក្នុងប្លុក ដែលផ្តោតសំខាន់ទៅលើបីប្រទេសនេះ គឺចិន កូរ៉េខាងត្បូង និងជប៉ុន។ រីឯ លោកខាងលិចវិញ គឺយើងកុំបាច់និយាយអី មានតែយឺតជាងលោកខាងកើតឆ្ងាយនៅក្នុងកម្រិតទំនាក់ទំនងជាមួយនឹងកម្ពុជា»។
អ្នកជំនាញរូបនេះថា ក្រៅពីវិស័យពាណិជ្ជកម្ម ចរន្តនៃការពង្រីកឥទ្ធិពលរបស់ចិនមកលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យយោធា ក៏ចិនទំនងជាដើរលឿនជាងប្រទេសដទៃទៀតនៅកម្ពុជាដែរ។ ជាក់ស្តែងដូចជាការកសាងព្រលានយន្តហោះនៅតំបន់តារាសាគរ ក្នុងខេត្តកោះកុង ការអភិវឌ្ឍកំពង់ផែរាមដ៏ចម្រូងចម្រាសដែលរងនូវការចោទប្រកាន់ពីសហរដ្ឋអាមេរិក និងការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ជាដើម។
«នៅក្រោយឆ្នាំ២០១៧ ក្រោយពីមានការលុបចោលនូវសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក «ឆ្មាំអង្គរ» ជាមួយអូស្ត្រាលី «គោព្រៃ» ជាដើម សមយុទ្ធយោធាជាមួយចិន «នាគមាស» គឺអត់មានអីប្រែប្រួលប៉ុន្មានទេ នៅតែជំរុញ នៅតែមានវត្តមាន។ យើងឃើញមានការទិញកាំភ្លើងដែលជាសហប្រតិបត្តិការផ្នែកយោធា ក៏មានទិញកាំភ្លើងផ្លោងអីពីចិនមកទៀត គឺវាខុសពីសហរដ្ឋអាមេរិកដែលនៅក្នុង Embargo [ហាមឃាត់] សម្ភារៈយោធាចូលមកកម្ពុជា។ អ៊ីចឹង កិច្ចសហប្រតិបត្តិការលោកខាងលិច និងលោកខាងកើត បើយើងនិយាយពីការរីកចម្រើន ឃើញថាវាហាក់បីដូចជាបញ្ច្រាសគ្នាបន្តិច។ ចិនមានការរីកចម្រើនជាង ប៉ុន្តែលោកខាងលិចហាក់ដូចជាថមថយ។ ប៉ុន្តែ នេះយើងនិយាយគ្រាន់តែនិយាយពីចរន្តទេ មិនមែនថាសុទ្ធតែរីកចម្រើននៅក្នុងការអភិវឌ្ឍ ឬក៏ប្រសិទ្ធភាពនៃការប្រើប្រាស់ខាងវិស័យការពារជាតិ ឬការកសាងហេដ្ឋារចនាសម្ព័ន្ធទេ»។
ស្រដៀងគ្នាទៅនឹងការវាយតម្លៃនេះ សម្រាប់សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បណ្ឌិត រ៉ូ វណ្ណៈ វិញ លោកមើលឃើញថា ទំនាក់ទំនងមិត្តដែកថែបកាន់តែស្អិតល្មួតរវាងកម្ពុជា និងចិន កំពុងធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងអន្ទាក់ពឹងផ្អែកចិនជាខ្នងបង្អែកទាំងវិស័យសេដ្ឋកិច្ច និងនយោបាយខ្លាំងជាងពេលណាៗទាំងអស់៖
«យើងមើលឃើញថា កម្ពុជាគឺពិតជាត្រូវការចិនជាចាំបាច់ ជាពិសេសគឺបក្សកាន់អំណាចរដ្ឋាភិបាលសព្វថ្ងៃហ្នឹង គឺត្រូវការបង្អែកចិនជាខ្លាំងដោយសារតែឥទ្ធិពលរបស់ចិន មិនត្រឹមតែជាឥទ្ធិពលនៃទំហំលុយសេដ្ឋកិច្ចដើម្បីគាំទ្រទៅលើ ឬផ្តល់ជាពាណិជ្ជកម្មឬសេដ្ឋកិច្ចសម្រាប់ទ្រងទ្រង់កម្ពុជាទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការទប់ស្កាត់ពីការគាបសង្កត់របស់លោកខាងលិច ទោះបីជាមានការព្រមាននៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដោយ ក៏មិនសូវជាមានឥទ្ធិពលសម្ពាធមកលើរដ្ឋាភិបាលកម្ពុជាដែរ ដោយសារតែខ្ញុំមើលឃើញថា អាចមានបង្អែកចិនជាធំមិនត្រឹមតែបញ្ហាគាំទ្រផ្នែកនយោបាយទេ គឺបញ្ហាសេដ្ឋកិច្ចទៀត»។
ដោយឡែក ចំពោះកិច្ចសហការរវាងមិត្តដែកថែបទាំងពីរនៅក្នុងក្របខណ្ឌអាស៊ានវិញនៅក្នុងឆ្នាំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាន បណ្ឌិត រ៉ូ វណ្ណៈ វាយតម្លៃថា បើទោះជាសម្រាប់អាណត្តិនេះ កម្ពុជាមិនបានធ្វើជាកូនអុករបស់ចិនក៏ដោយ ក៏របៀបវារៈដែលកម្ពុជាដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំអាស៊ានគឺស្របទៅនឹងផលប្រយោជន៍ដែលចិនចង់បាន។

ក្នុងឆ្នាំ២០២២នេះ ប្រធានប្តូរវេនអាស៊ានលោក ហ៊ុន សែន បានព្យាយាមជួយឡង់សេឱ្យចិនដោយជំរុញឱ្យតំបន់អាស៊ានទាំងមូលបង្កើនទំនាក់ទំនងជាមួយចិនកាន់តែ «ស៊ីជម្រៅ» ថែមទៀត។ លោកបានប្រើប្រាស់ក្រុមហ៊ុននៅកម្ពុជាមានប្រភពចេញពីក្រុមហ៊ុនចិន ឱ្យជួយផលិតនាឡិកាដៃអាស៊ានប្រណីតចំនួន២៥គ្រឿងដែលមានតម្លៃសរុបប្រមាណកន្លះលានដុល្លារសម្រាប់ទុកចែកជូនជាវត្ថុអនុស្សាវរីយ៍ដល់ក្រុមមេដឹកនាំពិភពលោក។
នៅរៀងរាល់ពេលកម្ពុជារៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធសំខាន់ៗក្នុងឆ្នាំ២០២២នេះ ចិនតែងជ្រើសរើសយកពេលវេលានៅមុនពេលកិច្ចប្រជុំទាំងនោះ ប្រជែងប្រទេសដទៃទៀត បង្ហាញពីសមិទ្ធផល និងឥទ្ធិពលរបស់ខ្លួននៅកម្ពុជា។ ជាក់ស្តែង ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឃឺឈាង (Li Keqiang) ពីរថ្ងៃនៅមុនពេលកិច្ចប្រជុំកំពូលអាស៊ានកាលពីពាក់កណ្តាលខែវិច្ឆិកា ជាឧទាហរណ៍។ កាលនោះ ចិននិងកម្ពុជាបានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង MOU ចំនួន១៨ ក្នុងនោះរួមទាំងការតម្រូវឱ្យក្រសួងអប់រំកម្ពុជា ដាក់បញ្ចូលកម្មវិធីរៀនភាសាចិននៅតាមគ្រឹះស្ថានមធ្យមសិក្សារដ្ឋចាប់ពីថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១២។
កម្ពុជា និងចិនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការកាលពីឆ្នាំ១៩៥៨។ បច្ចុប្បន្ន ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់កម្រិតកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្រៅពីវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ កសិកម្ម សន្តិសុខ ការពារជាតិ និងការទូត ភាគីទាំងពីរក៏បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ អប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល និងឈានរហូតដល់កិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋានទៀតផង។

រីឯគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធភាគច្រើនរបស់ចិននៅកម្ពុជាវិញ ដែលត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សកាន់អំណាច យកទៅអួតអាងផ្សាយថាជាសមិទ្ធផលសន្តិភាពនោះ ភាគីទាំងពីរតែងប្រកាសថាជា «ហិរញ្ញប្បទាន» ឬ «ឥណទានសម្បទាន» ដែលមានន័យសាមញ្ញថា ជាកម្ចី ឬបំណុលដែលចិនឱ្យកម្ពុជាខ្ចីបុលសម្រាប់យកមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។ ទិន្នន័យចុងក្រោយរបស់ក្រសួងសេដ្ឋកិច្ច ឱ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទីពីរឆ្នាំ២០២២ កម្ពុជាជំពាក់បំណុលបរទេសប្រមាណជិត ១ម៉ឺនលានដុល្លារ (៩.៧៤០,៥៨លានដុល្លារ)។ ក្នុងនោះ បំណុលរដ្ឋស្ទើរតែពាក់កណ្តាល គឺកម្ពុជាជំពាក់ «មិត្តដែកថែប» ចិន គឺប្រមាណជាង ៤ពាន់លានដុល្លារ (៤.០៤៣,៥៧ លានដុល្លារ)។ នេះមានន័យថា ប្រជារាស្ត្រកម្ពុជាម្នាក់ៗកើតង៉ាមកភ្លាម ត្រូវជាប់បំណុលបរទេសក្នុងម្នាក់ចំនួនជាង ៦រយដុល្លារ។
អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល ព្រមានថា បំណុលដែលកម្ពុជាជំពាក់បរទេសកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស។ លោកថា ថ្វីត្បិតតែបំណុលទាំងនេះអាចនឹងមិនទាន់ចាត់ទុកថាគ្មានចីរភាព ក៏ការណ៍នេះអាចនឹងកើតឡើងយ៉ាងឆាប់នាពេលអនាគត។ បណ្ឌិត អៀ សុផល វាយតម្លៃថា ក្នុងទំនាក់ទំនងមិត្តដែកថែបកម្ពុជា និងចិននេះ អ្វីដែលជារង្វាន់ធំសម្រាប់ចិន ហើយដែលចិនតែងសម្លឹងទុកក្នុងក្រសែភ្នែករបស់ខ្លួននោះ គឺកំពង់ផែកងទ័ពជើងទឹករាម និងតំបន់តារាសាគរ ដែលចិនអាចជ្រើសរើសបម្លែងទៅជាមូលដ្ឋានទ័ពរបស់ខ្លួននាពេលអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។