ព័ត៌មានសំខាន់ៗចំនួន ១២ ដែលលោកអ្នកនាងគួរអាននៅថ្ងៃសុក្រនេះ
2022.11.17

១. កម្ពុជាប្តេជ្ញារកយុត្តិធម៌ដល់មន្ត្រីកសិកម្មដែលអាមេរិកចាប់ខ្លួនរឿងរត់ពន្ធសត្វស្វាក្តាម
កម្ពុជា ប្តេជ្ញារកយុត្តិធម៌ដល់មន្ត្រីកសិកម្មដែលសហរដ្ឋអាមេរិកចាប់ខ្លួនក្នុងពេលទៅចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងរឿងរត់ពន្ធសត្វស្វាក្តាម។ អ្នកវិភាគ និងមន្ត្រីអង្គការសង្គមស៊ីវិល យល់ថា ករណីនេះ គឺជារឿងរ៉ាវអាម៉ាស់ថ្មីមួយទៀតរបស់ក្រសួងកសិកម្ម ស្របពេលដែលរដ្ឋមន្ត្រីថ្មីទើបនឹងឡើងកាន់តំណែង។ ពួកគេចង់ឃើញរដ្ឋាភិបាលប្រើឱកាសនេះ ស៊ើបអង្កេតករណីនេះឱ្យបានពិតប្រាកដដើម្បីកុំឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តកាន់តែខ្លាំងលើរដ្ឋាភិបាល។
២. លោក ជូង ជូងី នៅតែបូជាប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីយុត្តិធម៌សង្គម និងជួយអ្នកជួបភាពអយុត្តិធម៌ បើទោះជាងាកទៅចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀន
លោក ជូង ជូងី មេធាវីមិនដែលឈ្នះក្ដីពេលការពារក្ដីឱ្យអ្នកនយោបាយ និងសកម្មជនសង្គម នៅតែប្រកាន់ជំហរការពារយុត្តិធម៌សង្គម និងជួយអ្នករងភាពអយុត្តិធម៌បន្តទៀត បើទោះបីជាលោក សម្រេចចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀន យ៉ាងណាក្ដី។
លោករំពឹងថា ការធ្វើនយោបាយរបស់លោកនឹងជាឱកាសឱ្យលោកបានចូលរួមកែលម្អវិស័យយុត្តិធម៌បានទូលាយជាងអាជីពជាមេធាវី។
ទស្សនាបទសម្ភាសន៍របស់លោក ជុន ច័ន្ទបុត្រ ជាមួយលោក ជួង ជូងី...
៣. គណៈប្រតិភូជាន់ខ្ពស់ជាង៤០នាក់ អមដំណើរលោកហ៊ុន សែន គ្មាននរណាឆ្លងកូវីដ១៩នោះទេ
គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលចំនួនជាង៤០នាក់ ដែលអមដំណើរលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង២០ ហៅកាត់ថា G20 នៅប្រទេសឥណ្ឌូណេស៊ី (Indonesia) គ្មាននរណាម្នាក់ ឆ្លងកូវីដ១៩ នោះទេ លើកលែងតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់ឯងប៉ុណ្ណោះ។ នេះជាការប្រកាសលទ្ធផលធ្វើតេស្ត CPR រកជំងឺកូវីដ១៩ (Covid-19) របស់ក្រសួងសុខាភិបាល។
អានព័ត៌មានពិស្តារ...
៤. គណៈកម្មការសិទ្ធិមនុស្សអាស៊ានជួបជជែកគ្នារឿងសិទ្ធិមនុស្សក្នុងតំបន់
គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ថា អាយឆា (AICHR) បានជួបប្រជុំជាមួយក្រុមការងារអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីស្វែងរកមធ្យោបាយក្នុងការបង្កើនការចូលរួមជាមួយគ្នាលើវិស័យសិទ្ធិមនុស្ស។
អានព័ត៌មានពិស្តារ...
៥. តុលាការខេត្តបាត់ដំបង ប្រកាសសាលក្រមកាត់ទោសមន្ត្រីគណបក្សភ្លើងទៀន ឱ្យជាប់ពន្ធនាគារ៦ខែ
តុលាការខេត្តបាត់ដំបង ប្រកាសសាលក្រមកាត់ទោសមន្ត្រីគណបក្សភ្លើងទៀនលោក ឡី សុខុន ឱ្យជាប់ពន្ធនាគារ៦ខែ ពីបទរំលោភលើលំនៅឋាន។ មន្ត្រីអង្គការសង្គមស៊ីវិលនៅតែចាត់ទុកការសម្រេចរបស់តុលាការថា មិនស្របតាមនីតិវិធីផ្លូវច្បាប់ និងមានចេតនាសងសឹកនយោបាយជាជាងបណ្ដឹងបុគ្គល។
អានព័ត៌មានពិស្តារ...
៦. មន្ត្រីបក្សប្រឆាំងមិនទទួលយកភស្តុតាងរបស់សមត្ថកិច្ចដែលបង្ហាញក្នុងតុលាការ
សកម្មជនគណបក្សប្រឆាំងច្រានចោលភស្តុតាងរបស់សមត្ថកិច្ច ដែលបានយកមកបង្ហាញក្នុងអង្គសវនាការជំនុំជម្រះក្ដីសំណុំរឿងរួមគំនិតក្បត់ និងញុះញង់របស់ពួកគេកាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា។ ក្រុមគ្រួសារនិងសាច់ញាតិជនជាប់ឃុំនៅតែអំពាវនាវឱ្យតុលាការដោះលែងប្ដីរបស់ពួកគេ និងសកម្មជនបក្សប្រឆាំងដទៃទៀតឱ្យមានសេរីភាពវិញដោយឥតល័ក្ខខ័ណ្ឌ។
អានព័ត៌មានពិស្តារ...
៧. សង្គមស៊ីវិលបារម្ភថា ការផ្ដល់ប្រាក់វិនិយោគរបស់ធនាគារ AIIB មកធនាគារមានឈ្មោះមិនល្អបង្កឱ្យមានការបណ្ដេញពលរដ្ឋចេញពីលំនៅដ្ឋាន និងការរំលោភសិទ្ធិមនុស្ស
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បារម្ភថា ការផ្ដល់កម្ចីរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីហៅកាត់ (AIIB) មកធនាគារអេស៊ីលីដា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលស្ថាប័នទាំងពីរនេះជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស បង្កឱ្យមានការបណ្ដេញពលរដ្ឋចេញពីលំនៅឋាន និងរំលោភសិទ្ធិមនុស្ស កាន់តែច្រើនថែមទៀត។ កង្វល់នេះកើតឡើង ខណៈធនាគារAIIB បានអនុម័តទឹកប្រាក់ជិតពីររយ (២០០) លានដុល្លារអាមេរិក ដើម្បីផ្ដល់ប្រាក់ឱ្យធនាគារអេស៊ីលីដា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ពង្រីកវិសាលភាពនៃកម្ចីរបស់ខ្លួន។
អានព័ត៌មានពិស្តារ...
៨. សង្គមស៊ីវិល និងប្រជាសហគមន៍ទាមទារឱ្យក្រសួងបរិស្ថានដកហូតដីព្រៃឡង់រាប់ពាន់ហិកតារ មកជាសម្បត្តិរដ្ឋវិញ
សង្គមស៊ីវិល និងប្រជាសហគមន៍ការពារព្រៃឡង់ បន្តទាមទារឱ្យក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តសាមី ដកហូតដីព្រៃឡង់រាប់ពាន់ហិកតារ ដែលឈ្មួញកាប់ទន្ទ្រាន មកជាសម្បត្តិរដ្ឋវិញ។
ពួកគាត់បារម្ភថា ប្រសិនបើអាជ្ញាធរមិនប្រញាប់ដកហូតដីព្រៃឡង់ ដែលកាប់ទន្ទ្រានខុសច្បាប់ មកជាសម្បត្តិរដ្ឋវិញទេ ចលនាកាប់ទន្ទ្រានព្រៃរានដីនឹងកាន់តែរាលធំឡើង ដែលនាំព្រៃចុងក្រោយរលាយហិនហោច។
អានព័ត៌មានពិស្តារ...
៩. អាជ្ញាធរថៃដោះលែងជនភៀសខ្លួនខ្មែរក្រោមបួននាក់ ខណៈប្រាំមួយនាក់ទៀតមិនទាន់ដោះលែង
អាជ្ញាធរថៃដោះលែងជនភៀសខ្លួនខ្មែរក្រោមបួននាក់ កាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ក្រោយពីឃុំខ្លួនជាង ១ខែ។ ពួកគាត់ត្រូវបានអង្គការសិទ្ធិមនុស្សនៅប្រទេសថៃ ជួយធានាឲ្យបាននៅក្រៅឃុំ ដោយបង់ប្រាក់ម្នាក់ប្រាំម៉ឺន (៥០.០០០) បាត ស្មើនឹងជាង ១ពាន់ (១.៣៥០) ដុល្លារ ចំណែកខ្មែរក្រោមប្រាំមួយនាក់ទៀត តុលាការនៅមិនទាន់ដោះលែងឲ្យមានសេរីភាពនៅឡើយ។
១០. ប្រជាសហមន៍ជាង៣០០គ្រួសារមកពីខេត្តចំនួន៣ប្រមូលផ្តុំគ្នាដាក់ញ្ញតិនៅរាជធានីភ្នំពេញទាមទារឱ្យក្រសួងជួយអន្តរាគមបញ្ហាដីធ្លី
ប្រជាសហមន៍ជាង៣០០គ្រួសារមកពីខេត្តចំនួន៣កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកាម្សិលម៉ិញ ប្រមូលផ្តុំគ្នាដាក់ញ្ញតិនៅរាជធានីភ្នំពេញដើម្បីស្នើឱ្យក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លី ដែលមានជម្លោះជាមួយអ្នកមានលុយមានអំណាច។ ពលរដ្ឋបារម្ភថា ដីធ្លីរបស់ពួកគេរាប់ពាន់ហិកតាប្រឈមនឹងការបាត់បង់។ មន្រ្តីសង្គមស៊ីវិលថា អាជ្ញាធរគួរតែពន្លឿនដោះស្រាយឱ្យបានត្រឹមត្រូវ ដើម្បីជួយសម្រួលដល់ជីវភាពពលរដ្ឋ។
អានព័ត៌មានពិស្តារ...
១១. ពលរដ្ឋចំនួន ៤០នាក់ រងរបួសនិងស្លាប់ដោយសារជាន់គ្រាប់មីន រយៈពេល១០ ខែឆ្នាំ២០២២
ពលរដ្ឋរងគ្រោះដែលស្លាប់និងរងរបួស ដោយសារជាន់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ រយៈពេល១០ខែឆ្នាំ២០២២ បានធ្លាក់ចុះ៥% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។
របាយការណ៍របស់អាជ្ញាធរមីននិងសង្គ្រោះជនរងគ្រោះ ហៅកាត់ថា ស៊ីម៉ាក (CMAA) ឲ្យដឹងថា ជនរងគ្រោះទាំង៤០នាក់នោះ មានស្លាប់ចំនួន១០នាក់ បាត់បង់អវយវៈ ៧នាក់ និង២៣នាក់ផ្សេងទៀតរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់កើតឡើងទាំងនោះ គឺកើតឡើងនៅខេត្តចំនួន១១ រួមមាន ខេត្តព្រះវិហារ បាត់ដំបង កំពង់ធំ ស្វាយរៀង ពោធិ៍សាត់ បន្ទាយមានជ័យ រតនគីរី ក្រចេះ ប៉ៃលិន សៀមរាប និងខេត្តព្រះសីហនុ។
១២. ស្រូវចុះថោក ធ្វើឱ្យកសិករនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យបារម្ភអំពីជីវភាព
កសិករធ្វើស្រែនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យត្អូញត្អែរពីតម្លៃស្រូវ ចុះថោកមិនសូវមាន ឈ្មួញទទួលទិញ ហើយលក់មិនបានប្រាក់ចំណេញដោះស្រាយជីវភាពគ្រួសារ និងប្រាក់ជំពាក់ធនាគារ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។