អាជ្ញាធរថៃដោះលែងជនភៀសខ្លួនខ្មែរក្រោមបួននាក់ កាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ក្រោយពីឃុំខ្លួនជាង ១ខែ។ ពួកគាត់ត្រូវបានអង្គការសិទ្ធិមនុស្សនៅប្រទេសថៃ ជួយធានាឲ្យបាននៅក្រៅឃុំ ដោយបង់ប្រាក់ម្នាក់ប្រាំម៉ឺន (៥០.០០០) បាត ស្មើនឹងជាង ១ពាន់ (១.៣៥០) ដុល្លារ ចំណែកខ្មែរក្រោមប្រាំមួយនាក់ទៀត តុលាការនៅមិនទាន់ដោះលែងឲ្យមានសេរីភាពនៅឡើយ។
មន្ត្រីអន្តោប្រវេសន៍ថៃបានដោះលែងជនភៀសខ្លួនខ្មែរក្រោមបួននាក់ ប៉ុន្តែនៅខ្មែរក្រោមប្រាំមួយនាក់ទៀត អង្គការសិទ្ធិមនុស្សនៅថៃ មិនទាន់អាចជួយធានាឲ្យនៅក្រៅឃុំបាននោះទេ ព្រោះពួកគាត់ត្រូវការិយាល័យអង្គការសហប្រជាជាតិប្រចាំទីក្រុងបាងកកបដិសេធមិនផ្ដល់សិទ្ធិជាជនភៀសខ្លួន។
ពលរដ្ឋខ្មែរក្រោមម្នាក់ដែលកំពុងភៀសខ្លួននៅថៃ មានប្អូនស្រីជាប់ឃុំក្នុងចំណោម៦នាក់ដែលមិនទាន់ដោះលែង លោកស្រី លី ធីយីប ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែវិច្ឆិកា ថា លោកស្រីពុំមានថវិកាសម្រាប់បង់ថ្លៃធានាប្អូនស្រីនោះទេ ព្រោះរាល់ថ្ងៃជីវភាពរកមួយថ្ងៃរស់មួយថ្ងៃ។ លោកស្រីស្នើដល់អង្គការសប្បុរសនានាក្នុងប្រទេសថៃ ជាពិសេសអង្គការសហប្រជាជាតិ ជួយធានាប្អូនស្រីលោកស្រីឲ្យបាននៅក្រៅឃុំ ដើម្បីមើលថែកូនតូចអាយុជាង២ឆ្នាំផង ព្រោះម្ដាយលោកស្រីមានវ័យចាស់មិនអាចមើលថែចៅបាន៖
«យកទៅសួនភ្លូពីយប់មិញ។ មេធាវីគេតេប្រាប់ម៉ែខ្ញុំហើយហើយ គេថា ជួយមិនបានទេខេស(caseសំណុំរឿង)វាបិទ ហើយទម្រាំតែតេមកហ្នឹង គេនៅឯនេះ គេចេញអស់ហើយ ក្រដាសស្នាមគេហើយអស់ គេចេញអស់អាលីងហើយ ឯងទើបតេប្រាប់។ អាជួយបានក៏មិនប្រាប់ បានមិនបានអីក៏មិនប្រាប់នឹងអាលគេរកផ្លូវផ្សេង អានេះទុកដល់ ១ខែ»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋខ្មែរក្រោមម្នាក់ទៀត ដែលភៀសខ្លួននៅប្រទេសថៃ៦ឆ្នាំ ហើយឪពុកម្ដាយកំពុងជាប់ឃុំក្នុងចំណោមមនុស្ស៦នាក់ដែលប៉ូលិសថៃមិនទាន់ដោះលែង លោកស្រី នាង ស៊ីវេទ ប្រាប់ថា ប៉ូលិសថៃបានបញ្ជូនម្ដាយលោកស្រី និងស្ត្រីខ្មែរក្រោម២នាក់ទៀតទៅគុកធំក្នុងក្រុងបាងកក ដោយដាក់ឲ្យនៅឆ្ងាយពីឪពុកលោកស្រី។ លោកស្រីអាណិតឪពុកម្ដាយដែលមានវ័យចាស់ មានជំងឺប្រចាំកាយផង ហើយក៏ពុំមានលុយកាក់សម្រាប់ធានាពួកគាត់ចេញមកវិញទេ ព្រោះរកស៊ីដោះស្រាយបានតែមួយថ្ងៃៗ។ លោកស្រីសង្ឃឹមលើអង្គការពាក់ព័ន្ធផ្សេងៗ ដែលគេធានាថាជួយឲ្យនៅក្រៅឃុំបាន តែរហូតមកទល់ពេលនេះមិនទាន់ដោះស្រាយបាននៅឡើយ៖
«គេថាមានលុយប្រកាន់តួ(ធានាខ្លួន)ឪហើយហើយ តែម៉ែគេកំពុងតែឆែកឲ្យ។ ហើយថាដេកតែមួយចំហៀងខ្លួនទេគុកធំហ្នឹងគ្រប់សាសន៍ ហើយគ្មានកន្លែងដេកទេ ដេកបានតែមួយចំហៀងខ្លួនទេ។ កន្លែងឪគ្មានបានទាក់ទងទេ ព្រោះអីគេបំបែកតាទឺទៅហើយ ខ្ញុំមានតែហ្វេសប៊ុកតាទឺហ្នឹង ឪគាត់នៅជាមួយពូវី»។
ប៉ូលិសថៃបានចាប់ពលរដ្ឋខ្មែរក្រោមចំនួន១០នាក់ដាក់ពន្ធនាគារ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា កន្លងទៅ នៅពេលពួកគាត់កំពុងធ្វើការនៅផ្សារបន្លែមួយជាយក្រុងបាងកក។ អាជ្ញាធរថៃបានចោទប្រកាន់ខ្មែរក្រោមទាំងនេះថា លួចធ្វើការដោយគ្មានឯកសារត្រឹមត្រូវ និងចូលទឹកដីថៃដោយគ្មានការអនុញ្ញាត។ ប៉ុន្តែពួកគាត់ជាជនភៀសខ្លួន គ្រាន់តែទៅជួយធ្វើការថៃម្ដងម្កាល ដើម្បីចិញ្ចឹមជីវិតមិនបានទៅធ្វើការងារប្រចាំនោះទេ។
ជុំវិញរឿងនេះ ប្រធានសមាគមជនភៀសខ្លួនខ្មែរក្រោមប្រចាំនៅប្រទេសថៃ លោក ឡឹម កែវសំណាង លើកឡើងថា លោកត្រេកអរ ដែលអង្គការសិទ្ធិមនុស្សនៅថៃជួយធានាឲ្យខ្មែរក្រោម ៤នាក់បាននៅក្រៅឃុំ តែលោកចង់ឲ្យអង្គការនេះ និងឧត្ដមស្នងការអង្គការសហប្រជាជាតិនៅប្រទេសថៃ ជួយធានាខ្មែរក្រោមទាំង៦នាក់ទៀត ឲ្យបាននៅក្រៅឃុំដែរ។ លោកបន្តថា ពួកលោកជាជនភៀសខ្លួនមានតែការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងបាងកកជាអាណាព្យាបាល។ លោកសង្ឃឹមថា អង្គការនេះនឹងដោះស្រាយឲ្យខ្មែរក្រោម៦នាក់ទៀតមានសេរីភាពឡើងវិញ ព្រោះពួកគាត់ខ្លះមានវ័យចាស់ និងខ្លះមានកូនតូចក្នុងបន្ទុក៖
«ហ្នឹងហើយនៅប្រាំមួយនាក់ទៀត សំខាន់គឺថវិកាយើងគ្មានថវិកា។ គ្មានថវិកាអត់បានចេញ ប្រកាន់តួ(ធានាខ្លួន)ប្រាំម៉ឺន(៥០.០០០)បាត។ យើងអត់មានថវិកាប្រកាន់ខ្លួន អត់មានថវិកាប្រកាន់ខ្លួនយើងអត់បានចេញទេ គ្រូអើយ!។ ពួកគាត់ចាស់ៗ អស់ហើយជាប់គុកអាយុសុទ្ធតែ ៦០អស់ហើយ»។
អាជ្ញាធរថៃតម្រូវឲ្យជនភៀសខ្លួនខ្មែរក្រោមទាំង៦នាក់ទៀត បង់ប្រាក់ធានាក្នុងម្នាក់ប្រាំម៉ឺន (៥០.០០០) បាត ស្មើនឹងជាងមួយពាន់ (១.៣៥០) ដុល្លារ ដើម្បីបាននៅក្រៅឃុំ តែពួកគាត់ពុំមានថវិកាសម្រាប់បង់នោះទេ ព្រោះជីវភាពសេដ្ឋកិច្ចគ្រួសាររបស់ជនភៀសខ្លួនគ្រប់គ្នា គ្រាន់តែរកមួយថ្ងៃដោះទ័លបានមួយថ្ងៃប៉ុណ្ណោះ។ ពួកគាត់មានតែសង្ឃឹមលើអង្គការសប្បុរសនានា ជួយឲ្យបាននៅក្រៅឃុំ ឬក៏បញ្ជូនពួកគាត់ទៅតាំងទីលំនៅថ្មីនៅប្រទេសទី៣។ សមាគមខ្មែរក្រោម និងសហព័ន្ធខ្មែរកម្ពុជា កំពុងអំពាវនាវឲ្យសប្បុរសជនផ្ដល់ថវិកាដើម្បីជួយឲ្យខ្មែរក្រោមអាចនៅក្រៅឃុំបាន។ បច្ចុប្បន្នសហព័ន្ធខ្មែរកម្ពុជាបានផ្ដល់ថវិកាជិត ៣ពាន់ដុល្លារ ដើម្បីជួយជនភៀសខ្លួនខ្មែរក្រោមទាំងនោះហើយ។
របាយការណ៍សមាគមជនភៀសខ្លួនខ្មែរក្រោមនៅប្រទេសថៃ បានឲ្យដឹងថា មានពលរដ្ឋខ្មែរក្រោម ដែលរស់នៅជាជនភៀសខ្លួនក្នុងប្រទេសថៃ ជាងពីររយនាក់ ដែលពួកគាត់សុទ្ធតែរត់គេចពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាម ហើយកំពុងជួបការលំបាកផ្នែកជីវភាព និងសុវត្ថិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។