ព័ត៌មាន​សំខាន់ៗ​ ចំនួន៩ ដែលលោក​អ្នកនាង​គួរអាន​នៅថ្ងៃពុធនេះ

. អង្គការ​តម្លាភាព​អន្តរជាតិ​ថា កម្ពុជា​បន្តរងគ្រោះ​ដោយសារ​តែ​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​កាលពី​ឆ្នាំ ២០២២

លទ្ធផល​សន្ទស្សន៍​អំពើពុករលួយ​ឆ្នាំ២០២២ ​របស់អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ផ្សាយ​នៅថ្ងៃទី៣១ ខែមករា រក​ឃើញ​ថា កម្ពុជានៅតែ​ជាប់ផុង​ក្នុង​អំពើពុករលួយ​ខ្ពស់។ ទោះបី​ជា​យ៉ាង​ណា មន្ត្រីបក្ស​កាន់អំណាច​ថា ការវាយតម្លៃនេះ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​របស់​ស្ថាប័ន​អង្គការ​មួយ​ប៉ុណ្ណោះ ដោយមិនបាន​ឆ្លុះបង្ហាញ​ពី​ស្ថានភាព និង​ការវិវឌ្ឍនៃ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​ឡើយ។

អានព័ត៌មានពិស្តារ.... Opens in new window ]

. គណបក្ស​ភ្លើងទៀន​ស្វាគមន៍ លោក រ៉ុង ឈុន ជា​សមាជិក​បក្ស
អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន ដើម្បី​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ខាង​មុខ​នេះ។ អានព័ត៌មានពិស្តារ ...

. អ្នក​វិភាគ​នយោបាយ​ថា លោក ហ៊ុន ម៉ាណែត បកស្រាយ​បំភ្លៃច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ

អ្នកវិភាគ​នយោបាយ​លើកឡើង​ថា លោក ហ៊ុន ម៉ាណែត បកស្រាយ​បំភ្លៃច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រដើម្បី​បំភ័ន្តសារធារណៈឱ្យគាំទ្រ​សកម្មភាព​នយោបាយ​របស់​លោកដែល​ផ្ទុយ​ពី​ច្បាប់។ បន្ថែម​ពី​នេះអ្នកសិក្សា​ផ្នែក​ច្បាប់​យល់​ឃើញ​ដូចគ្នា​ថាសកម្មភាព​នយោបាយ​របស់​លោក ហ៊ុន ម៉ាណែត ធ្វើឡើង​ដោយ​រំលោភ​ទៅលើ​រដ្ឋធម្មនុញ្ញដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ។ ការលើកឡើង​បែប​នេះធ្វើឡើង​បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថាសកម្មភាព​ឃោសនានិង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជាធ្វើឡើង​ដោយ​ស្រប​តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។ អានព័ត៌មានពិស្តារ...

. តុលាការ​ភ្នំពេញទទួល​សំណើរ​របស់​សកម្មជន​ចលនា​មាតាធម្មជាតិ​ដែល​សុំប្ដូរ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ

ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញទទួល​សំណើរ​របស់​សកម្មជនចលនា​មាតាធម្មជាតិដែលសុំប្ដូរ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះក្នុង​សំណុំរឿង «ប្រមាថ​អង្គ​ព្រះមហាក្សត្រ» និង «រួម​គំនិត​ក្បត់» ។

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​មេធាវី​ការពារក្ដី​របស់​ក្រុម​សកម្មជន​ចលនា​មាតាធម្មជាតិ​ថាលោក​យល់​ព្រម​តាម​សំណើរ​ស្នើ​សុំផ្លាស់ប្ដូរ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះនិង​លើក​ពេល​សវនាការ​ថ្ងៃទី៦ខែកុម្ភៈ ទៅថ្ងៃ​ក្រោយ​វិញតែមិនទាន់​កំណត់​ពេល​វេលា​ច្បាស់​លាស់​នៅ​ឡើយ។

. ក្រុម​កូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្ម​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ

ក្រុម​កូដករណាហ្គាវើលដ៍​ប្រមាណ ​៧០​នាក់​បន្ត​តវ៉ា​ទាមទារ​សិទ្ធិការងារដែល​អូសបន្លាយ​ជាង​ ១​ឆ្នាំនៅខាង​មុខក្រុមហ៊ុន​ណាហ្គាវើលដ៍កាលពីរសៀល​ថ្ងៃទី៣១ខែមករា ម្សិលមិញ។

តំណាង​កូដករណាហ្គាវើលដ៍​ជាច្រើន​នាក់​ឈរ​ស្រែក​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍គោរព​សិទ្ធិការងារនិង​ដោះលែង​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ ពួកគេ​នាំគ្នា​លើកបដា​ដែល​មាន​ខ្លឹមសារ​ថា «បញ្ឈប់​ការ​ចាប់អ្នកទាមទារ​សិទ្ធិការងារ​ដាក់​គុក»និង​អ្នក​ខ្លះ​ទៀតកាន់​ឧបករណ៍​បំពង​សំឡេង​ស្រែក​ឱ្យ​ថៅកែ​ណាហ្គាវើលដ៏​ចេញ​មក​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ពួកគេ។

. ពលរដ្ឋ និង​អាជ្ញាធរមូលដ្ឋាន​ខេត្តព្រៃវែង ចោទ​មេប៉ូលិស​ម្នាក់​ថា ចាក់​ដីលយ​ចូល​ផ្ទៃបឹង​ស្នេហ៍​ធ្វើជា កម្មសិទ្ធិ
ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំ ខេត្តព្រៃវែង បារម្ភជាថ្មីទៀត ពីសកម្មភាព​ចាក់ដី​លយ​ចូល​ផ្ទៃបឹង​ស្នេហ៍ធ្វើ​ឱ្យ​ផ្ទៃបឹង​រួម​តូច​ជារៀងរាល់​ឆ្នាំប៉ះពាល់ប្រភព​ទឹក​ស្រោចស្រព​ស្រូវ​កសិកម្ម និង ទីកន្លែង​នេសាទ​របស់​សហគមន៍។ ពួកគាត់​ចោទមេប៉ូលិស​ខេត្តតាកែវ​ម្នាក់​ថាមាន​ជាប់​ពាក់ព័ន្ធសកម្មភាព​ចាក់​ដីលុប​តំបន់​អភិរក្ស​នេះដោយ​ខុស​ច្បាប់។

. សមាគមថា កម្មវិធី​នយោបាយ​របស់​បក្សប្រជាជន​ហាក់ពុំ​មាន​ប្រសិទ្ធភាព​ក្នុងការ​ជួយ​កសិករ​ និង​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ
មន្ត្រីសង្គមស៊ីវិល​លើកឡើង​ថាការដាក់​ចេញ​យុទ្ធសាស្រ្ត​ជួយ​ដល់​កសិករនិង​អ្នក​ប្រកបរបរ​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធរបស់​បក្ស​ប្រជាជន​កម្ពុជានឹងមិន​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​នោះទេពីព្រោះ​គោលនបាយ​នេះ​មិន​ខុស​ពី​អាណាត្តិ​ចាស់​ឡើយ។ការលើកឡើង​នេះធ្វើឡើង​ក្រោយ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ដាក់​ចេញ​គោលនយោបាយ​ដោយផ្តោត​ជួយ​កសិករនិង​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ដើម្បី​ស្វែងរក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិទី៧ ​ខាង​មុខ​នេះ។

. ក្រុមយុវជន​ស្នើ​រដ្ឋាភិបាល ឱ្យ​ចាប់​អារម្មណ៍​សុខទុក្ខ​ពលរដ្ឋ​ខ្មែរ​ក្រោម
ក្រុមយុវជន និង​ព្រះសង្ឃ ស្នើ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ចាប់​អារម្មណ៍​អំពី​សុខ​ទុក្ខ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ពួក​គាត់​ព្យាយាម​រក្សា​ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ និង​ប្រតិបត្តិ​ជំនឿ​ព្រះពុទ្ធសាសនា។ ក្រុម​យុវជន​ទាំង​នោះ ចង់​បង្ហាញ​អំពី​ទិដ្ឋភាព​ទូទៅ និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ក្រោយ​ពី​ពួក​គាត់​បញ្ចប់​ទស្សនកិច្ច​សិក្សា​នៅ​ទី​នោះ។ អានព័ត៌មានពិស្តារ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។