១ . លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសមិនជួបអ្នកគាំទ្រនៅបុរីញូវយ៉កខណៈគណបក្សប្រឆំាងគ្រោងធ្វើបាតុកម្ម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកនឹងមិនរៀបចំជួបអ្នកគាំទ្រ នៅបុរីញូវយ៉ក ខណៈលោកទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅចុងសប្ដាហ៍នេះទេ។
អ្នកវិភាគអះអាងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសមិនជួបអ្នកគាំទ្រ ខណៈលោកមកចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូវយ៉កនេះ ដោយសារតែលោករវល់ និងមានកម្មវិធីនោះ ជារឿងចម្លែក។
[ អានព័ត៌មានពិស្តារ៖ Opens in new window ]

២ . ចិនផ្ដល់ជំនួយរថយន្តជាង១០០គ្រឿងនិងសម្ភារយោធាឱ្យក្រសួងការពារជាតិកម្ពុជា
ក្រសួងការពារប្រទេសចិន កាលពីថ្ងៃទី២០ ខែកញ្ញា ម្សិលមិញ បានប្រគល់រថយន្តជាង១០០គ្រឿង និងសម្ភារៈយោធាមួយចំនួនដល់ក្រសួងការពារជាតិកម្ពុជា ក្រោមជំនួយឥតសំណងរបស់ប្រទេសចិន។ រដ្ឋមន្រ្តីការពារជាតិលោក ទៀ បាញ់ បញ្ជាក់ថា រថយន្ដ និងសម្ភារៈទំនើបៗ ដែលភាគីចិនប្រគល់ឱ្យកម្ពុជានេះនឹងជួយជំរុញសមត្ថភាពកងទ័ព ក្នុងការបំពេញភារកិច្ចរបស់ខ្លួនថែមមួយកម្រិតទៀត។ លើសពីនេះ លោក ទៀ បាញ់ សរសេរនៅលើហ្វេសប៊ុករបស់លោកថា ជំនួយនេះនឹងជួយដល់ការហ្វឹកហ្វឺនជំនាញសង្គ្រោះគ្រោះមហន្តរាយ ជំនាញសុខាភិបាល និងមនុស្សធម៌ ការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងធានាការរស់នៅសុខសាន្តរបស់ប្រជាជន។ ទាក់ទងនឹងជំនួយយោធារបស់ប្រទេសចិននេះ កាលពីដើមខែកញ្ញា ប្រទេសចិនក៏បានផ្ដល់រថយន្តទំនើបចំនួន១៥០គ្រឿង និងសម្ភារៈយោធាមួយចំនួន សម្រាប់រដ្ឋាភិបាលកម្ពុជាប្រើប្រាស់ក្នុងផ្នែកយោធា និងដឹកជញ្ជូនមន្រ្តីជាន់ខ្ពស់ នៅពេលកម្ពុជារៀបចំកិច្ចប្រចុំជុំកំពូលអាស៊ាន៕

៣ . ក្រុមស្រ្តីថ្ងៃសុក្រធ្វើបាយម្ហូបជូនគ្រួសារនៅពន្ធនាគារព្រៃសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ឱកាសភ្ជុំបិណ្ឌឆ្នាំនេះ ក្រុមស្រ្តីថ្ងៃសុក្រនាំគ្នាធ្វើចង្ហាន់ទៅវត្តរៀបចំបាយម្ហូបផ្ញើជូនសមាជិកគ្រួសារដែលកំពុងជាប់ពន្ធនាគារព្រៃសស្របពេលរដ្ឋាភិបាលមិនព្រមដោះលែងអ្នកជាប់ឃុំនយោបាយឱ្យជួបជុំគ្រួសារបានធ្វើបុណ្យទានដូចគ្រួសារពលរដ្ឋខ្មែរផ្សេងទៀតនោះទេ។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា ករណីនេះគឺសមត្ថកិច្ចរបស់តុលាការ។ ប៉ុន្តែមន្រ្តីសិទ្ធិមនុស្សថាបញ្ហានេះផ្តើមចេញពីវិវាទនយោបាយរវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងដែលល្មមដល់ពេលរដ្ឋាភិបាលដោះស្រាយបញ្ចប់វិបត្តិនេះហើយ ។
[ អានព័ត៌មានពិស្តារ៖ Opens in new window ]

៤ . តុលាការខេត្តតាកែវកោះហៅអតីតសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ចូលបំភ្លឺពីបទរួមគំនិតក្បត់
ព្រះរាជអាជ្ញារងនៃសាលាដំបូង ខេត្តតាកែវ លោក ទៀវ ពណ្ណរាយ កោះហៅសកម្មជនគណបក្ស សង្គ្រោះជាតិម្នាក់គឺលោក ថាវ រិទ្ធិ ឱ្យចូលរួមការជំនុំជម្រះនៅសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៦ ខែតុលាដោយចោទប្រកាន់ពីបទ«រួមគំនិតក្បត់»។ មន្ត្រីសង្គមស៊ីវិលយល់ថាការកោះហៅនេះគឺជាការគំរាមកំហែងផ្នែកនយោបាយលើសកម្មជនគណបក្សប្រឆាំង។
[ អានព័ត៌មានពិស្តារ៖ Opens in new window ]

៥ . សាលាដំបូងរាជធានីភ្នំពេញគ្រោងជំនុំជម្រះក្ដីស្ថាបនិកគណបក្សបេះដូងជាតិ
សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការជំនុំជម្រះក្ដីស្ថាបនិកគណបក្សបេះដូងជាតិលោក សៀម ភ្លុក នាពេលខាងមុខឆាប់ៗនេះ។ មន្ត្រីសង្គមស៊ីវិលនៅតែជំរុញទៅតុលាការគួរទម្លាក់ចោលការចោទប្រកាន់លើលោក សៀម ភ្លុក។
[ អានព័ត៌មានពិស្តារ៖ Opens in new window ]

៦ . មន្ត្រីសង្គមស៊ីវិលរិះគន់ថារដ្ឋាភិបាលអសមត្ថភាពគ្រប់គ្រងអន្តោប្រវេសន៍ខុសច្បាប់
មន្ត្រីសង្គមស៊ីវិលរិះគន់ថារដ្ឋាភិបាលលោក ហ៊ុន សែន អសមត្ថភាពក្នុងការគ្រប់គ្រងអន្តោប្រវេសន៍ខុសច្បាប់ដែលតែងលួចឆ្លងដែននិងប្រព្រឹត្តបទល្មើសនៅលើទឹកដីខ្មែរតាមទំនើងចិត្ត។ ប្រតិកម្មរបស់អង្គការក្រៅរដ្ឋាភិបាលនេះធ្វើឡើងក្រោយពីសមត្ថកិច្ចបានឃាត់ខ្លួនអន្តោប្រវេសន៍ខុសច្បាប់ជនជាតិចិននិងវៀតណាមជាង១រយនាក់ (១៤១) ដែលពួកគេលបលួចមករស់នៅនិងធ្វើអាជីវកម្មនៅកម្ពុជាដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវនៅឡើយ។
៧ . កម្ពុជាកំពុងក្លាយជាសង្គមសក្ដិភូមិ ដោយសារគ្មានច្បាប់អនុបយោគ
ធនធានធម្មជាតិ ដីធ្លី ព្រៃឈើ ភ្នំ ទន្លេ បឹងបួរ និងសមុទ្រ ជាដើម សុទ្ធសឹងតែជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ។ រដ្ឋមានកាតព្វកិច្ចចាត់ចែងឱ្យមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រងធនធានទាំងនេះ។ ក៏ប៉ុន្តែ រយៈពេលជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវបានគេមើលឃើញថា គ្រប់គ្រងសម្បត្តិជាតិទាំងនេះមិនបានត្រឹមត្រូវឡើយ ហើយបន្តិចម្ដងៗទ្រព្យសម្បត្តិជាតិជាច្រើនបានធ្លាក់ទៅក្នុងដៃក្រុមហ៊ុន និងបុគ្គលឯកជន។ តើបញ្ហានេះបណ្ដាលមកពីមូលហេតុអ្វីដែរ?
៨ . ពលរដ្ឋរិះគន់អាជ្ញាធរខ្វះការថែទាំប្រាសាទឯកភ្នំ
ប្រជាពលរដ្ឋរស់នៅក្បែរប្រាសាទឯកភ្នំក្នុងខេត្តបាត់ដំបង លើកឡើងថា អាជ្ញាធរក្នុងមូលដ្ឋានមិនបានយកចិត្តទុកដាក់ថែរក្សាប្រាសាទបុរាណនេះនិងបណ្ដោយឱ្យប៉ះពាល់ដល់កេរដំណែលបុព្វបុរសព្រមទាំងវិស័យទេសចរណ៍។ សង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរស្ដារសោភ័ណ្ឌភាពប្រាសាទឡើងវិញដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនិងបង្កើតឱកាសការងារឱ្យពលរដ្ឋក្នុងមូលដ្ឋាន។
៩ . កសិករចិញ្ចឹមគោត្អូញត្អែរពីតម្លៃគោចុះថោកលក់មិនបានប្រាក់កម្រៃសម្រាប់ដោះស្រាយជីវភាពគ្រួសារ
កសិករចិញ្ចឹមគោត្អូញត្អែរពីតម្លៃគោរស់ចុះថោកនិងលក់មិនបានប្រាក់កម្រៃសម្រាប់ដោះស្រាយជីវភាពគ្រួសារ។កសិករអះអាងថាតម្លៃគោចេះតែបន្តចុះថោកនិងគ្មានទីផ្សារច្បាស់លាស់ដើម្បីលក់ក្នុងតម្លៃសមរម្យឡើយ។មន្ត្រីសង្គមស៊ីវិលមើលឃើញថាការនាំចូលសាច់គោពីប្រទេសជិតខាងនាំអោយមានការប៉ះពាល់ដល់តម្លៃសាច់គោរបស់ពលរដ្ឋក្នុងស្រុក។
១០ . ពលរដ្ឋនៅខេត្តបាត់ដំបងនៅតែបន្តដាំក្រចៅកូតលក់ដោះស្រាយជីវភាព
ប្រជាពលរដ្ឋប្រមាណ២០គ្រួសារនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅតែបន្តដាំដើមក្រចៅដើម្បីកូតយកសម្បកលក់សម្រាប់ដោះស្រាយជីវភាពគ្រួសារក្រៅពីរបរធ្វើស្រែចម្ការ។ តែទោះជាយ៉ាងណាពួកគាត់ថារបរនេះអាចនឹងបាត់បង់ព្រោះក្រចៅមិនសូវមានទីផ្សារនិងតម្រូវការតិច។ មន្រ្តីសង្គមស៊ីវិលថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធមានភារកិច្ចក្នុងការរកទីផ្សារក្រចៅជូនប្រជាពលរដ្ឋនិងធ្វើយ៉ាងណាផ្សព្វផ្សាយទៅកាន់មហាជនឱ្យយល់ដឹងពីគុណតម្លៃសារៈប្រយោជន៍នៃផលិតផលធម្មជាតិមួយនេះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។