សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈនេះ ដាក់កំហិតឱ្យទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀត រួមគ្នាបង់សំណងការខូចខាតដល់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចំនួន ១០ម៉ឺនដុល្លារ ក្នុងរយៈពេលមួយខែ។ លោក រ៉ុង ឈុន ថា សំណងដ៏ច្រើននេះ គឺជា ការសម្ពាធធ្ងន់ធ្ងរលើលោក ដែលគ្មានកំហុស។ សង្គមស៊ីវិលថា ចំណាត់ការរបស់តុលាការ អាចបង្កឱ្យបរិយាកាសនយោបាយនៅកម្ពុជាកាន់តែស្មុគស្មាញ។
សេចក្ដីជូនដំណឹងស្ដីពីការអនុវត្តដោយស្ម័គ្រចិត្ត របស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី យី សុខវួច ចុះថ្ងៃទី១១ ខែកុម្ភៈ ឱ្យដឹងថា សាលក្រមកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យលោក រ៉ុង ឈុន កញ្ញា ស កណិការ និងលោក តុន និមល រួមគ្នាសងសំណងការខូចខាត ចំនួន ៤០០លានរៀល ឬស្មើប្រមាណ ១០ម៉ឺនដុល្លារ ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។
តុលាការអះអាងថា លោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀត ត្រូវយកប្រាក់មកបង់ឱ្យម្ចាស់បំណុល នៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទទួលបានលិខិត។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ខែកុម្ភៈថា ការតម្រូវឱ្យលោកសងជំងឺចិត្ត រហូតដល់ប្រមាណ ១០ម៉ឺនដុល្លារ គឺជាការដាក់បន្ទុកដ៏ធ្ងន់ធ្ងរលើលោក ដែលជាអ្នកនយោបាយក្រៅរដ្ឋាភិបាល និងជួយការងារសង្គមស្មោះត្រង់។ លោកថា លោកគ្មានកំហុស ដូចការចោទប្រកាន់របស់តុលាការទេ ពីព្រោះសកម្មភាពរបស់លោកកន្លងមក គឺជាការជួយជាតិ កម្មករ និងគ្រូបង្រៀនជាដើម។
លោក រ៉ុង ឈុន ថា លោកនឹងពិភាក្សាជាមួយមេធាវីរបស់លោក ដើម្បីរកច្រកចេញ។ យ៉ាងណាក្ដី លោកថា ទោះបីជាមានសម្ពាធធ្ងន់បែបនេះ លើលោកក៏ដោយ ក៏លោកនៅតែរក្សាជំហររឹងមាំ ក្នុងបុព្វហេតុប្រជាធិបតេយ្យ និងស្មោះត្រង់នឹងប្រជាពលរដ្ឋ។
លោក រ៉ុង ឈុន៖«ការដាក់បន្ទុកខ្ញុំម្ដងហើយម្ដងទៀត ជាការសម្ពាធធ្ងន់ធ្ងរមកលើខ្ញុំ ប៉ុន្តែក៏សូមបង្ហាញជំហរទៅដល់បងប្អូនជនរួមជាតិទាំងអស់។ ទោះបីបន្ទុកយ៉ាងក៏ដោយជំហររបស់ខ្ញុំ ខ្ញុំមិនប្រែប្រួលនោះទេ ខ្ញុំនៅតែឈរជាមួយបងប្អូនជនរួមជាតិខ្មែរស្វែងរកសេរីភាព យុត្តិធម៌និងប្រជាធិបតេយ្យជូនសង្គម ក៏ដូចជា ជូនប្រជាពលរដ្ឋខ្មែរ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយ ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេនៅថ្ងៃទី១១ ខែកុម្ភៈ។
កាលពីខែសីហា ឆ្នាំ២០២១ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក លិ សុខា បានប្រកាសសាលក្រមផ្ដន្ទាទោសលោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងបង់ប្រាក់ពិន័យចូលរដ្ឋ ២លានរៀលពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍អំពីបញ្ហាកសិករខ្មែរ ដែលបាត់បង់ដីធ្លីនៅក្បែរតំបន់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ទៅក្រោមការកាន់កាប់របស់ប្រទេសវៀតណាម។
ចំណែកឯសកម្មជនពីរនាក់ទៀត គឺកញ្ញា ស កណិការ និងលោក តុន និមល ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ២០ខែ និងពិន័យប្រាក់ចូលរដ្ឋក្នុងម្នាក់ៗ ចំនួន ២លានរៀល ពីបទញុះញង់ដូចលោក រ៉ុង ឈុន ដែរ។
ក្រៅពីជាប់ពន្ធនាគារនិងបង់ប្រាក់ពិន័យចូលរដ្ឋហើយ ចៅក្រមជំនុំជម្រះលោក លិ សុខា ក៏បានបង្គាប់ឱ្យលោក រ៉ុងឈុន កញ្ញា ស កណិកា និងលោក តុន និមល សង ការខូចខាតចំនួន ៤០០លានរៀល ឬស្មើប្រមាណ ១០ម៉ឺនដុល្លារទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថែមទៀត។
ក្នុងសំណុំរឿងនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់សាលក្រមសាលាដំបូង ប៉ុន្តែបន្ថយទោសជាប់ពន្ធនាគារពី ២ឆ្នាំ មកនៅត្រឹមជាង ១៥ខែ ហើយសាលាឧទ្ធរណ៍បានដោះលែង លោក រ៉ុង ឈុន ចំណែកឯទោស ដែលនៅសល់ត្រូវព្យួរ ហើយសាលាឧទ្ធរណ៍បានព្យួរទោសសាកល្បងលើរួបលោក ៣ឆ្នាំបន្ថែមទៀត ជាមួយលក្ខខណ្ឌតឹងរឹងជាច្រើន។
លើសពីនេះទៀត លោក រ៉ុង ឈុន ក៏កំពុងជាប់បណ្ដឹងនៅតុលាការមួយទៀត ក្រោមបទ «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិមលើបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ ដោយសារលោកនៅតែបន្តសកម្មភាពសង្គម និងនយោបាយ បន្ទាប់ពីចេញពីពន្ធនាគារ។
អត្ថបទដែលទាក់ទង៖
លោក រ៉ុង ឈុន រំពឹងថា សាលាឧទ្ធរណ៍ភ្នំពេញ នឹងផ្ដល់យុត្តិធម៌ឱ្យលោកធ្វើនយោបាយឡើងវិញ
លោក រ៉ុង ឈុន ស្នើតុលាការឱ្យទម្លាក់ការចោទប្រកាន់ និងអនុញ្ញាតឱ្យលោកធ្វើនយោបាយពេញលេញឡើងវិញ
សម្ភាសន៍លោក រ៉ុង ឈុន ជុំវិញការចុះទៅតាមខេត្តតាមព្រំដែនរបស់លោក ហ៊ុន ម៉ាណែត
អនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ខែកុម្ភៈថា លោក រ៉ុង ឈុន រងសម្ពាធផ្ទួនៗ ពីចំណាត់ការឱ្យគាត់បង់សំណងទៅដើមបណ្ដឹងផង និងជាប់ក្ដីក្ដាំក្នុងបទមិនរាងចាលមួយទៀតផង ដែលធ្វើឱ្យជីវិតនយោបាយរបស់គាត់កាន់តែលំបាក។ លោកហៅចំណាត់ការនេះ របស់តុលាការថា ជាការគំរាមកំហែងសេរីភាពនយោបាយរបស់លោក រ៉ុង ឈុន។
លោក យិន ម៉េងលី ថា សកម្មភាពរបស់លោក រ៉ុង ឈុន មិនមែនជាការញុះញង់ និងក៏មិនបង្កសន្តិសុខសង្គមនោះទេ ប៉ុន្តែជាការសម្ដែងមតិជួយប្រាប់រដ្ឋាភិបាល អំពីបញ្ហា ដែលបានកើតឡើងក្នុងសង្គមប៉ុណ្ណោះ។ លោកថា វិធានការរបស់ តុលាការអាចបង្កឱ្យបរិយាកាសនយោបាយនៅកម្ពុជា កាន់តែស្មុគស្មាញ និងរងការរិះគន់បន្ថែមទៀត ពីមជ្ឈដ្ឋានជាតិ និងសហគមន៍អន្តរជាតិ។
លោក យិន ម៉េងលី៖ «បញ្ហានេះ យើងចង់ឱ្យខាងតុលាការ លោកកុំអនុវត្តបញ្ហាសំណង ព្រោះបញ្ហាសំណងនេះ វាមានវិសាលភាពធំធេងណាស់ ហើយនៅក្នុងគោលការច្បាប់ វាពាក់ព័ន្ធថា បើគ្មានសំណងទេ វាអាចទាក់ទងនឹងទណ្ឌកម្មទៀត ទាក់ទងនឹងការដាក់គុកលើរូបរាងកាយបង្ខំ ក្នុងរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងសំណង ដែលធ្វើឱ្យស្ថានភាពរបស់យើងកាន់តែយ៉ាប់យឺនថែមទៀត ដែលមតិជាតិ និងមតិអន្តរជាតិ កំពុងតាមដានពីស្ថានភាពនយោបាយ។ យើងតែងតែចង់ឱ្យរដ្ឋាភិបាលបើកលំហនយោបាយថែមទៀត»។
អ្នកឃ្លាំមើល លើកឡើងថា ការប្រើប្រាស់ប្រព័ន្ធតុលាការ ជាឧបករណ៍ក្នុងការធ្វើ ទុក្ខបុកម្នេញអ្នកនយោបាយក្រៅរដ្ឋាភិបាល និងសកម្មជននានា ធ្វើឱ្យរដ្ឋាភិបាល កាន់តែបាក់មុខ និងនាំការខាតបង់កាន់តែច្រើនដល់ប្រជាពលរដ្ឋខ្មែរ ពីព្រោះ វប្បធម៌បំផ្លាញសេរីភាពប្រជាធិបតេយ្យបែបនេះ រុញឱ្យប្រទេសកម្ពុជា ត្រូវប្រឈម ទណ្ឌកម្មបន្ថែមទៀត ពីមហាអំណាចប្រជាធិបតេយ្យធំៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។