លោក រ៉ុង ឈុន ថា លោកនឹងបង់ប្រាក់ពិន័យទៅតុលាការ នៅថ្ងៃទី១ ខែមីនា
2024.02.29
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន លើកឡើងថា លោកនឹងបង់ប្រាក់ពិន័យជូនតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមីនា តាមការបង្គាប់របស់តុលាការ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ដើម្បីធានាការប្រកួតប្រជែងនយោបាយដោយស្មើភាពគ្នា រដ្ឋាភិបាលគួរបើកលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យបានល្អប្រសើរឡើងវិញ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រកាសជំហរថា លោកនឹងទៅបង់ប្រាក់ពិន័យ ២លានរៀល ជូនសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមីនា។
លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ ខែកុម្ភៈថា បើទោះបីជាលោកទើបតែទទួលបានលិខិតបង្គាប់ឱ្យបង់ប្រាក់ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកុម្ភៈក្ដី តែលោក នឹងបង់ប្រាក់ជំងឺចិត្តដល់តុលាការឱ្យបានមុនថ្ងៃទី៤ ខែមីនា តាមការបង្គាប់របស់ព្រះរាជអាជ្ញា ឆាយ ហុង។ លោកបន្តថា ការបង្គាប់ឱ្យលោកបង់ប្រាក់ជំងឺចិត្តទៅឱ្យសាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេលខ្លីបែបនេះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើរូបលោកបន្ថែមមួយកម្រិតទៀត ខណៈលោកត្រូវបញ្ចាំទ្រព្យសម្បត្តិ ដើម្បីបានប្រាក់សងតុលាការ។
លិខិតបង្គាប់សាលាដំបូងរាជធានីភ្នំពេញ ដែលមានចុះហត្ថលេខារបស់ព្រះរាជអាជ្ញារង ឆាយ ហុង ចុះកាលពីថ្ងៃទី១៨ ខែកុម្ភៈ បានបង្គាប់ឲ្យលោក រ៉ុង ឈុន បង់ប្រាក់ពិន័យ ២លានរៀល ក្នុងសំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍ និងសកម្មភាពរបស់លោក ដែល ចុះទៅពិនិត្យតំបន់ព្រំដែន ដែលពលរដ្ឋអះអាងថា វៀតណាមរំលោភយកដីស្រែចម្ការ របស់ ពួក គាត់ នៅ ខែត្រ ត្បូងឃ្មុំ កាល ពី ឆ្នាំ២០២០។
សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសលោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ប៉ុន្តែសាលាឧទ្ធរណ៍ បានបន្ថយទោសជាប់ពន្ធនាគារមកនៅត្រឹមរយៈពេល ១៥ខែ និង ១១ថ្ងៃ នៃទោសជាប់ពន្ធនាគារសរុបចំនួន ២៤ខែ ហើយទោស នៅសល់ត្រូវបានព្យួរ និងពិន័យជាប្រាក់ ២លានរៀល។
លិខិតជូនដំណឹងរបស់តុលាការបញ្ជាក់ថា បើសិនជាលោក រ៉ុង ឈុន មិនបង់ប្រាក់ពិន័យឲ្យបានមុនថ្ងៃទី៤ មីនាខាងមុខនេះទេ តុលាការនឹងចេញដីកាបញ្ជាឲ្យបង្ខំ និងឲ្យឃុំខ្លួនឡើងវិញ។
ដោយឡែក ខុទ្ធកាល័យប្រធានគណបក្សកម្លាំងជាតិ ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយជូនដំណឹងដល់សាធារណជន តំណាងស្ថានទូត អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានថា ថ្នាក់ដឹកនាំគណបក្សនេះ នឹងអមដំណើរលោក រ៉ុង ឈុន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញផងដែរ នៅថ្ងៃទី១ ខែមីនាខាងមុខ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបន្ថែមបានឡើយ នៅថ្ងៃទី២៩ ខែកុម្ភៈ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ដោយសារតែចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់មុនថ្ងៃទី៤ ខែមីនា មានថ្ងៃធ្វើការតែ ២ថ្ងៃប៉ុណ្ណោះ ដូច្នេះលោកយល់ថា ការដាក់កំហិតឱ្យលោក រ៉ុង ឈុន បង់ប្រាក់ជំងឺចិត្តឱ្យតុលាការនេះហាក់ដូចជាធ្វើឡើងក្នុងពេលប្រថុចញ៉ុចខុសធម្មតា។ លោកបន្តថា ដើម្បីទទួលបានគុណប្រយោជន៍ពីការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស អាជ្ញាធរគួរបើកលំហប្រកួតប្រជែងនយោបាយ ដោយស្មើភាពគ្នាឡើងវិញ ជាជាងបន្តរឹតត្បិតសេរីភាពអ្នកនយោបាយ ដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល។
ក្រៅពីការបង្គាប់របស់តុលាការឱ្យបង់ប្រាក់ជំងឺចិត្តហើយនោះ កាលពីពេលថ្មីៗ នេះ គ.ជ.ប ក៏បានដាក់បម្រាមមិនឱ្យលោកចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា របស់គណបក្សកម្លាំងជាតិផងដែរ។ បន្ថែមពីនេះ ក្រសួងមហាផ្ទៃក៏ធ្លាប់ព្រមាន រំលាយគណបក្សនយោបាយណា ដែលទទួលយកលោក រ៉ុង ឈុន ចូលរួមជីវភាពនយោបាយ ដោយអះអាងថា លោកមិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ ធ្វើនយោបាយឡើងវិញទៀតផង កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ លោក រ៉ុង ឈុន លើកឡើងថា ការយាយីសិទ្ធិនយោបាយមកលើរូបលោក តាមគ្រប់រូបភាពបែបនេះ បង្ហាញថា អ្នកនយោបាយមួយចំនួន នៅតែមិនហ៊ានប្រកួតប្រជែងនយោបាយដោយស្មើភាពជាមួយលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។