គណបក្សកាន់អំណាចកំពុងសម្រុងចែកអំណោយឱ្យប្រជាពលរដ្ឋមុនរដូវកាល ឃោសនាបោះឆ្នោតដើម្បីទិញសន្លឹកឆ្នោត ខណៈមន្ត្រីបក្សមួយចំនួនប្រើប្រាស់ធនធានរដ្ឋបម្រើប្រយោជន៍នយោបាយ ដែលធ្វើឱ្យប៉ះពាល់ដំណើរប្រកួតប្រជែងដោយស្មើភាព។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ទង្វើនេះរំលោភច្បាប់ស្ដីពីការបោះឆ្នោត។
ការឃោសនាមុនរដូវកាលបោះឆ្នោតគឺស្ទើរតែក្លាយជាវប្បធម៌របស់លោក ហ៊ុន សែន និងមន្ត្រីក្រោមឱវាទរបស់លោកទៅហើយ ដែលកំពុងមមាញឹកដើរចែកអំណោយបង្កើនប្រជាប្រិយភាពពីពលរដ្ឋ ដែលស្ទើរតែភ្លេចគិតពីតួនាទីរបស់ខ្លួននៅក្នុងស្ថាប័នរដ្ឋ។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ លោកស្រី សឿន ស្រីសុត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៤ មិថុនា ថា លោកស្រីទទួលបានថវិកា២ម៉ឺនរៀល ពីមន្ត្រីគណបក្សប្រជាជនដោយសារ លោកស្រីមានឈ្មោះនៅក្នុងបក្ស និងបានចុះឈ្មោះទៅបោះឆ្នោត។ លោកស្រីបន្តថា លោកស្រីមិនចង់ទទួលថវិកា ២ម៉ឺនរៀលនោះទេ ប៉ុន្តែដោយសារជីវភាពខ្វះខាត ប្ដីក៏ទៅចំណាកស្រុកដូច្នេះលោកស្រីក៏ទទួលយក។
លោកស្រី សឿន ស្រីសុត៖ «ចង់និយាយថា លុយដែលគេឱ្យបក្ស ឈ្មោះសមាជិកបក្សខ្ញុំត្រូវតែទទួលយកព្រោះអីលុយ ២ម៉ឺនវាមិនច្រើនទេ ដោយសារខ្ញុំខ្វះថវិកាផ្គត់ផ្គង់ឱ្យកូនរៀនដូចប្ដីខ្ញុំអីគាត់ទៅចំណាកស្រុកនៅខេត្តកំពង់ចាមដើម្បី ទៅអាស្រ័យផលប្រកបមុខរបរនៅទន្លេ និងបឹងនៅហ្នឹង ឥឡូវទន្លេបឹងនៅហ្នឹង បែរជារីងបន្តទៀតដល់ធ្វើគ្រួសារខ្ញុំកាន់តែពិបាកខ្លាំងនិយាយរួមទៅ»។
លោកស្រី សឿន ស្រីសុត បញ្ជាក់ថា លោកស្រីនឹងសម្រេចចិត្តម្ដងទៀតថា គួរតែទៅបោះឆ្នោតឬក៏អត់ ពីព្រោះ លោក ហ៊ុន សែន ធ្លាប់សន្យាថា នឹងកាត់ដីដែលពលរដ្ឋអាស្រ័យផលយូរឆ្នាំឱ្យលោកស្រី ប៉ុន្តែមកទល់ពេលនេះ លោក ហ៊ុន សែន នៅតែមិនធ្វើតាមការសន្យា ដែលលោកស្រីគ្មានជំនឿលើ លោក ហ៊ុន សែន ទៀតនោះទេ។
ការបោះឆ្នោតជិតមកដល់ម្ដងៗ តំណាងគណបក្សតាមមូលដ្ឋាន ឬមេឃុំ ចៅសង្កាត់ តែងតែចែកអំណោយ ដូចជា សារុង ប៊ីចេង អង្ករ ឬចែកលុយដល់ពលរដ្ឋ និងសមាជិកបក្ស ដើម្បីជាថ្នូរនឹងសន្លឹកឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះ ពេលខ្លះតំណាងគណបក្សនយោបាយដើរតាមផ្ទះយកសន្លឹកឆ្នោតសិប្បនិម្មិតឱ្យពលរដ្ឋគូស ប៉ុន្តែបើពលរដ្ឋណាម្នាក់មិនគូស ឬមិនធ្វើតាម គេចោទប្រកាន់ពលរដ្ឋនោះថា មិនគាំទ្របក្សរបស់ខ្លួន ហើយតាមគំរាមកំហែង ឬបំភិតបំភ័យក៏មាន។ លើសនេះលោក ហ៊ុន សែន ក៏បានចាត់ឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជាតំណាងលោក ដើម្បីចុះជួបពលរដ្ឋនៅតាមទីវត្តអារាម និងនៅតាមខេត្តមួយចំនួនផងដែរ ដើម្បីផ្ដល់ឱកាសឱ្យ លោក ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រពីពលរដ្ឋ។ ក្រៅពីនេះ មន្ត្រីគ្រាក់ៗដែលស្និតនឹងលោក ហ៊ុន ម៉ាណែត ដូចជា លោក គឹម សន្តិភាព និង ហេង សួរ ជាដើម ក៏កំពុងខិតខំកៀរគររកសន្លឹកឆ្នោត ឱ្យគណបក្សប្រជាជនដែរ។
ឆ្លើយតបរឿងនេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា មន្ត្រីគណបក្សប្រជាជនមិនបានយកអំណោយទៅចែកដល់ពលរដ្ឋដើម្បីរកសំឡេងឆ្នោតនោះទេ តែនេះការលើកទឹកចិត្តពលរដ្ឋនៅពេលចូលរួមប្រជុំបក្ស។ លោកបន្តមន្ត្រីគណបក្សប្រជាជនក៏មិនបានយកម៉ោងធ្វើការក្នុងស្ថាប័នរដ្ឋ ទៅធ្វើការឃោសនារកសន្លឹកឆ្នោតនោះដែរ។
លោក សុខ ឥសាន៖ «ការយកថាចែកសម្ភារៈ ឬថាថវិកាទៅដល់ប្រជាជនអត់មានចែកប្រជាជនគឺយើងចែកតែសមាជិកសមាជិការបស់គណបក្សខ្លួនតែប៉ុណ្ណោះទេ ដូច្នេះហើយគ្មានច្បាប់ហាមមិនឱ្យចែកសម្ភារៈជាវត្ថុអនុស្សាវរីយ៍ នូវថវិកាដែលអញ្ជើញគេឱ្យមកប្រជុំឱ្យគេចាក់សាំងមួយលីត្រ ពីរលីត្រ គឺអត់មានច្បាប់ហាមទេអ៊ីចឹង ឱ្យបងប្អូនលោកអ្នកដែលមាត់ដាច កុំចេះតែនិយាយចោទដោយគ្មានមូលដ្ឋាន»។
ច្បាប់ស្ដីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ មាត្រា៨០ ចែងថា ហាមប្រើប្រាស់ថវិកា សម្ភារៈ មធ្យោបាយដឹកជញ្ជូន ដែលជាសម្បត្តិរដ្ឋ ដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោតឱ្យ គណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់នោះទេ។
ជុំវិញរឿងនេះអ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មានប្រសាសន៍ថា ការយកធនធានរដ្ឋយកទៅបម្រើការឱ្យគណបក្សនយោបាយគឺជារឿងមិនត្រឹមត្រូវ និងជារឿងលំអៀងផ្នែកនយោបាយគ្មានតម្លាភាព។ លោកបន្តថា ស្ថាប័នរដ្ឋគួរតែមានវិធានការរឹតបន្តឹងការអនុវត្តច្បាប់ ហើយបើរកឃើញថា មន្ត្រីរាជការការប្រើប្រាស់ធនធានរដ្ឋខុសពីគោលការណ៍រដ្ឋមន្ត្រីក្នុងក្រសួងនីមួយៗត្រូវតែដាក់ទោសពួកគេ។
លោក កន សាវាង្ស៖ «រឿងសំខាន់ជាងគេរបស់ភាគីនីមួយៗគឺត្រូវមានគោលការណ៍តម្លាភាពសម្រាប់ទៅលើការប្រើប្រាស់ផ្នែកធនធានរដ្ឋ ឬហៅថាស្មើភាពផ្នែកនយោបាយការស្មើភាព តម្លាភាពនៅពេលប្រើប្រាស់ធនធានរដ្ឋ ឬក៏សម្រាប់កិច្ចការការងារបោះឆ្នោតអីនេះគឺថាគណបក្សនីមួយៗត្រូវមានកាតព្វកិច្ចក្នុងការគោរពតាមគោលការណ៍ ជាពិសេសគណបក្សកាន់អំណាចតែម្ដងដែលត្រូវពិនិត្យមើលនៅក្នុងគោលការណ៍ទាំងអស់ហ្នឹង»។
បើទោះជា លោក ហ៊ុន សែន និងមន្ត្រីគ្រាក់ៗរបស់លោក ខិតខំបង្កើនការ ការចុះជួបកម្មករ និងប្រជាពលរដ្ឋ ដើម្បីចង់ចំណេញសន្លឹកឆ្នោតក្ដី ក៏ក្រុមប្រជាពលរដ្ឋមួយចំនួនអះអាងថា ពួកគេនឹងមិនទៅចូលរួមបោះឆ្នោតនៅខែកក្កដា ខាងមុខនេះទេ ដោយសារតែពុំមានគណបក្សដែលពួកគាត់ស្រលាញ់ ។ ពួកគាត់អំពាវនាវឱ្យលោក ហ៊ុន សែន ឈប់គំរាមកំហែង និងប្រើអំណោយទិញទឹកចិត្តពលរដ្ឋតទៅពីព្រោះទង្វើបែបនេះ គ្មានលែងសូវមានឥទ្ធិពលដល់ម្ចាស់ឆ្នោតតទៀតហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
