អ្នកឃ្លាំមើល​ថា បក្ស​កាន់អំណាច​មិន​អាច​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​ជាមួយ​បក្ស​ភ្លើងទៀន​ទេ

0:00 / 0:00

ក្រុម​អ្នកឃ្លាំមើល​លើកឡើង​ថា គណបក្សកាន់អំណាច​មិន​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​ជាមួយ​គណបក្ស​ភ្លើងទៀន​ក្នុង​ការ​បោះឆ្នោត​នាង​ពេល​ខាងមុខ​បាន​ទេ​។ ការ​ឡើង​នេះ​ខណៈ​ការ​បោះឆ្នោត​ជាតិ​នៅ​សល់​តែ​ជាង ៣​ខែ​ចូល​មក ប៉ុន្តែ សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់ខ្លួន និង​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន និង​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​ជា​បន្តបន្ទាប់។

គណបក្ស​ភ្លើងទៀន​ដែល​គូប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់អំណាច កំពុង​ការ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​នៅ​ចំពោះមុខ​ផង និង​ពីក្រោយ​ខ្នង​ផង​។ រឿង​នៅមុខ​គឺ​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់ខ្លួន​សកម្មជន និង​ថ្នាក់ដឹកនាំ​គណបក្ស​ដាក់​ឃុំ​ជា​បន្តបន្ទាប់ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ការ​ចាប់ខ្លួន​ពាក់ព័ន្ធ​ហេតុផល​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​។ ចំណែក​ការ​លួច​វាយ​ពីក្រោយ គឺ​ប្រព័ន្ធ​ឃោសនា​ហ្វ្រេសញូវ (Freshnews) របស់​លោក ហ៊ុន សែន បាន​យក​សំឡេង​សាសង​ស្នេហា​ឯកជន​ដោយ​ចោទ​ប្រកាន់​ថា ជា​សំឡេង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន មក​ចុះផ្សាយ​ស្ទើរ​រាល់ថ្ងៃ​ដោយ​គ្មាន​ស្ថាប័ន​អនុវត្ត​ច្បាប់​ណា​ចាត់​វិធានការ បើ​ទោះ​បី​ជា​នេះ​ជា​អំពើ​ល្មើសច្បាប់​ក្ដី។

អ្នកសម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស កត់សម្គាល់​ឃើញ​ថា គណបក្ស​ភ្លើងទៀន បាន​កើតរឿង​ច្រើន​ទាំង​បញ្ហា​ផ្លូវច្បាប់​រឿង​បុគ្គល។ មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​បោះឆ្នោត​រូប​នេះ លោក​យល់​ថា បញ្ហា​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ស្មារតី​អ្នកគាំទ្រ​គណបក្ស​នេះ។ លោក កន សាវាង្ស ជំរុញ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​ឱ្យ​ដំណើរការ​បោះឆ្នោត​ខាងមុខ​នេះ​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​គ្មាន​ការ​គំរាមកំហែង។

លោក កន សាវាង្ស៖ «រឿង​សំខាន់​ថា ដំណើរការ​ដែល​អាច​ប្រព្រឹត្ត​ទៅ​បាន ហើយ​ប្រទេស​យើង​ជា​ប្រទេស​ចាស់​ហើយ​ដែល​ធ្វើ​កិច្ច​ការងារ​នយោបាយ​ហ្នឹង អាច​សម​ល្មម​អ្នកនយោបាយ​ហ្នឹង​ចាស់ទុំ​ហើយ​ចាស់ទុំ​ទាំង​ផ្នែក​ដឹកនាំ ចាស់ទុំ​ក្នុង​ការ​ជជែក​ក្នុង​បញ្ហា​ផ្សេង។ នេះ​ហើយ​ជា​ចំណុច​សំខាន់​ដែល​គណបក្ស​នយោបាយ​ត្រូវ​គិតគូរ​បញ្ហា​ទាំងអស់​ហ្នឹង»។

រីឯ អ្នកវិភាគ​នយោបាយ​លោក គឹម សុខ យល់​ថា អ្នក​ដែល​មាន​លទ្ធភាព​លួច​យក​សំឡេង​សន្ទនា​របស់​បុគ្គល​ណាមួយ​បាន​គឺ​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន មានលទ្ធភាព​ខ្ពស់ ព្រោះ​ទង្វើ​បែបនេះ​គឺ​ទាមទារ​ឱ្យ​មាន​សម្ភារៈ បច្ចេកវិទ្យា​ខ្ពស់ និង​សិទ្ធិអំណាច​នៃ​ការ​គ្រប់គ្រង​លើ​ក្រុម​ទូរស័ព្ទ​ជាដើម។ លោក​បន្ត​ទៀត​ថា បើ​ទោះ​ជា​សកម្មភាព​ជា​ការ​បំពាន​ច្បាប់ តែ​ទំនង​ជា សមត្ថកិច្ច​កម្ពុជា មិន​បើក​ការ​ស៊ើបអង្កេត​រកមុខ​អ្នក​លួច​ថត​សំឡេង​ឯកជន​នេះ​ទេ។

លោក គឹម សុខ៖ «ជា​ចរន្ត​ដែល​កើត​ពី​យុទ្ធវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ពេលណា​គេ​ត្រូវ​ការ​ផ្ចាញ់ផ្ចាល​បន្ទច់បង្អាក់ ឬ​ការ​លាប​ពណ៌ ឬ​ក៏​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​ខូច​កិត្តិយស​គូប្រជែង​ទៅ គេ​បញ្ចេញ​ទៅតាម​សេណារីយ៉ូ​របស់​គេ នេះ​មិនមែន​ជា​រឿង​ចៃដន្យ»។

គិត​មក​ដល់​ពេល​នេះ​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​ចំនួន​៤​នាក់ កំពុង​ជាប់ឃុំ​ដែល​គេ​មើលឃើញ​ថា ការ​ចាប់ខ្លួន​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​នយោបាយ​ជាង​ការ​អនុវត្ត​ច្បាប់។ ក្រៅ​ពី​នេះ​សកម្មជន​គណបក្ស​ជា​ច្រើន​រូប​ទៀត​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​អ្នកខ្លះ​កំពុង​ជាប់ឃុំ និង​អ្នក​ផ្សេងទៀត​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព។

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក រ៉ុង ឈុន យល់​ថា បញ្ហា​ដែល​កើត​ឡើងលើ​ថ្នាក់ដឹកនាំ​និង​សកម្មជន​គណបក្ស​ភ្លើងទៀន​ជា​បន្តបន្ទាប់​ពេលនេះ គឺជា​សារ​ធ្វើ​ឱ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មានការ​ភ័យ​ខ្លាច។ លោក​បន្ត​ទៀត​ថា ពេលនេះ​គណបក្ស​ភ្លើងទៀន កំពុង​តាមដាន​ស្ថានការណ៍​ដើម្បី​ពិចារណា​ថា គួរ​ចូលរួម​ការបោះឆ្នោត​ខាងមុខ ឬ​មិន​ចូលរួម​ទេ។

លោក រ៉ុង ឈុន៖ «​គណបក្ស​ភ្លើងទៀន​កំពុង​តាម​ឃ្លាំមើល​ហើយ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ថា តើ​ចូលរួម​ការ​បោះឆ្នោត ឬមួយ​មិន​ចូលរួម​ការបោះឆ្នោត​ក្នុង​ស្ថានភាព​មាន​ការ​បំភិតបំភ័យ​ការ​គំរាមកំហែង​តាមរយៈ​ការ​ចាប់ខ្លួន​ការប្រើ​អំពើ​ហិង្សា​មក​លើ​សកម្មជន​ក្ដី»។

ទាក់ទង​ការ​លើកឡើង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​ថា ការ​ចាប់ខ្លួន​មន្ត្រី​គណបក្ស​ភ្លើងទៀន​កន្លង​មក ជា​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច។ ចំពោះ​ករណី​បង្ហោះ​សារ​សំឡេង​ដែល​គេ​ចោទប្រកាន់​ថា ជា​សំឡេង​អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន លោក លី សុធារ៉ាយុត្តិ លោក​យល់​ថា សាមីខ្លួន​អាច​ចេញ​មក​បំភ្លឺ​ប្រសិន​សំឡេង​បែកធ្លាយ​នោះ​មិនមែន​ជា​សំឡេង​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​ទេ។

លោក សុខ ឥសាន៖ «ដូច្នេះហើយ​មាន​គឺ​ការ​ចោទ​ថា មាន​ការ​រឹតបន្តឹង​រឹត​ត្បិត ឬ​រំលោភ​លើ​គណបក្ស​ប្រឆាំង​មិន​ជា​ការ​ត្រឹមត្រូវ​ទេ បើសិនណា​មិន​ចង់​ឱ្យ​មាន​ការ​អនុវត្ត​ផ្លូវច្បាប់​ហើយ​ចាប់ចង​ជនល្មើស​ច្បាប់​ទេ មានតែ​គណបក្ស​នីមួយៗ​ត្រូវ​ណែនាំ​សមាជិក​សមាជិកា​របស់​ខ្លួន​កុំឱ្យ​ប្រព្រឹត្តិ​ល្មើសច្បាប់»។

បើ​ទោះ​ជា​មន្ត្រី​បក្ស​កាន់អំណាច​អះអាង​បែបនេះ​ក្ដី ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​យក​វេទិកាសាធារណៈ​ព្រមាន​មក​លើ​គណបក្ស​ភ្លើងទៀន​ជា​ញឹកញាប់​។ លោក ហ៊ុន សែន ថែមទាំង​ប្រដូច​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ទៅ​នឹង​ត្រី​ក្នុង​កន្ត្រក លោក​ចង់​កាច់​ក្បាល​ពេលណា​ក៏បាន​ដែរ។

បណ្ឌិត សេង សារី លើកឡើង​ថា ការផ្លាស់ប្ដូរ​មេដឹកនាំ​នៅ​លើ​ពិភពលោក​មាន​រូបភាព​ពីរ គឺ​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ទម្លាក់​មេដឹកនាំ​មេដឹកនាំ និង​ការផ្លាស់ប្ដូរ​តាមរយៈ​ការបោះឆ្នោត​។ លោក​បន្ត​ទៀត​ថា ក្នុង​ការ​ផ្លាស់ប្ដូរ​ទាំង​ពីរ​នេះ​គឺ​រដ្ឋាភិបាល លោក ហ៊ុន សែន កំពុង​ប្រយ័ត្នប្រយែង​ទាំងពីរ​ចំណុច​នេះ​។ បណ្ឌិត សេង សារី គ្មាន​ទំនុកចិត្ត​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន​អាច​ធ្វើ​សកម្មភាព​នយោបាយ​ប្រកួតប្រជែង​ជាមួយ​ខ្លួន បាន​ដោយ​តម្លាភាព និង​យុត្តិធម៌​ឡើយ។

លោក សេង សារី៖ «យើង​ឃើញថា ទម្រង់​គំរាមកំហែង​ជា​សេរី​កន្លង​មក​ទៅលើ​គណបក្ស​ភ្លើងទៀន ដែល​មាន​កម្លាំង​នយោបាយ​ដែល​អាច​ប្រកួតប្រជែង ជាមួយ​គណបក្ស​កាន់អំណាច​បាន​កំពុងតែ​បាន​នឹង​បន្ត​នៅក្នុង​ការ​គំរាមកំហែង ដូច្នេះ​សម្រាប់​ខ្ញុំ​មិន​សូវ​មាន​សុទិដ្ឋិនិយម​ប៉ុន្មាន​ទេ សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​នេះ​ថា នឹង​ទទួល​បាន​យុត្តិធម៌ មាន​តម្លាភាព​មាន​សេរីភាព​អី​ត្រឹមត្រូវ​នោះ»។

គិត​មក​ដល់​ពេល​នេះ នៅតែ​ជាង​៣​ខែ​ទៀត​ទេ គឺ​ដល់​ពេល​ពលរដ្ឋ​កម្ពុជា​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ដើម្បី​ប្ដូរ​មេដឹកនាំ​តាមរយៈ​ការបោះឆ្នោត នា​ថ្ងៃទី​២៣ ខែ​កក្កដា ខាងមុខ។

ទោះ​យ៉ាងណា​បរិបទ​នយោបាយ​សព្វថ្ងៃ​នេះ​គ.ជ.ប ដែល​ជា​អាជ្ញាកណ្ដាល​កំពុង​មាន​ភាព​ស្អិត​ល្មួត ជាមួយ​បក្ស​កាន់អំណាច ដែល​ធ្វើ​ឱ្យ​គេ​ពិបាក​មើលឃើញ​ថា តើ​អ្នកណា​ជា​អ្នក​រៀបចំ​ការបោះឆ្នោត ហើយ​តើ​អ្នកណា​ជា​គូប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នោះ។ ចំណែក​ក្រុម​ប្រទេស​និយម​លទ្ធិប្រជាធិបតេយ្យ​មួយចំនួន មិន​បាន​សម្រេច​​បញ្ជូន​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត និង​ផ្តល់​ជំនួយ​ដល់​ការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។