ក្រុមអ្នកឃ្លាំមើលលើកឡើងថា គណបក្សកាន់អំណាចមិនប្រកួតប្រជែងដោយស្មើភាពគ្នាជាមួយគណបក្សភ្លើងទៀនក្នុងការបោះឆ្នោតនាងពេលខាងមុខបានទេ។ ការឡើងនេះខណៈការបោះឆ្នោតជាតិនៅសល់តែជាង ៣ខែចូលមក ប៉ុន្តែ សមត្ថកិច្ចនៃរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញលើសកម្មជន និងថ្នាក់ដឹកនាំគណបក្សភ្លើងទៀនជាបន្តបន្ទាប់។
គណបក្សភ្លើងទៀនដែលគូប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច កំពុងការរងការធ្វើទុក្ខបុកម្នេញនៅចំពោះមុខផង និងពីក្រោយខ្នងផង។ រឿងនៅមុខគឺសមត្ថកិច្ចនៃរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនសកម្មជន និងថ្នាក់ដឹកនាំគណបក្សដាក់ឃុំជាបន្តបន្ទាប់ ដែលត្រូវបានគេមើលឃើញថា ការចាប់ខ្លួនពាក់ព័ន្ធហេតុផលនយោបាយច្រើនជាងការអនុវត្តច្បាប់។ ចំណែកការលួចវាយពីក្រោយ គឺប្រព័ន្ធឃោសនាហ្វ្រេសញូវ (Freshnews) របស់លោក ហ៊ុន សែន បានយកសំឡេងសាសងស្នេហាឯកជនដោយចោទប្រកាន់ថា ជាសំឡេងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន មកចុះផ្សាយស្ទើររាល់ថ្ងៃដោយគ្មានស្ថាប័នអនុវត្តច្បាប់ណាចាត់វិធានការ បើទោះបីជានេះជាអំពើល្មើសច្បាប់ក្ដី។
អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស កត់សម្គាល់ឃើញថា គណបក្សភ្លើងទៀន បានកើតរឿងច្រើនទាំងបញ្ហាផ្លូវច្បាប់រឿងបុគ្គល។ មន្ត្រីសង្គមស៊ីវិលធ្វើការងារផ្នែកបោះឆ្នោតរូបនេះ លោកយល់ថា បញ្ហានេះអាចនឹងធ្វើឱ្យប៉ះពាល់ស្មារតីអ្នកគាំទ្រគណបក្សនេះ។ លោក កន សាវាង្ស ជំរុញឱ្យមានការយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធ ដើម្បីឱ្យដំណើរការបោះឆ្នោតខាងមុខនេះប្រព្រឹត្តិទៅដោយរលូន និងគ្មានការគំរាមកំហែង។
លោក កន សាវាង្ស៖ «រឿងសំខាន់ថា ដំណើរការដែលអាចប្រព្រឹត្តទៅបាន ហើយប្រទេសយើងជាប្រទេសចាស់ហើយដែលធ្វើកិច្ចការងារនយោបាយហ្នឹង អាចសមល្មមអ្នកនយោបាយហ្នឹងចាស់ទុំហើយចាស់ទុំទាំងផ្នែកដឹកនាំ ចាស់ទុំក្នុងការជជែកក្នុងបញ្ហាផ្សេង។ នេះហើយជាចំណុចសំខាន់ដែលគណបក្សនយោបាយត្រូវគិតគូរបញ្ហាទាំងអស់ហ្នឹង»។
រីឯ អ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា អ្នកដែលមានលទ្ធភាពលួចយកសំឡេងសន្ទនារបស់បុគ្គលណាមួយបានគឺសមត្ថកិច្ចនៃរដ្ឋាភិបាលលោក ហ៊ុន សែន មានលទ្ធភាពខ្ពស់ ព្រោះទង្វើបែបនេះគឺទាមទារឱ្យមានសម្ភារៈ បច្ចេកវិទ្យាខ្ពស់ និងសិទ្ធិអំណាចនៃការគ្រប់គ្រងលើក្រុមទូរស័ព្ទជាដើម។ លោកបន្តទៀតថា បើទោះជាសកម្មភាពជាការបំពានច្បាប់ តែទំនងជា សមត្ថកិច្ចកម្ពុជា មិនបើកការស៊ើបអង្កេតរកមុខអ្នកលួចថតសំឡេងឯកជននេះទេ។
លោក គឹម សុខ៖ «ជាចរន្តដែលកើតពីយុទ្ធវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលពេលណាគេត្រូវការផ្ចាញ់ផ្ចាលបន្ទច់បង្អាក់ ឬការលាបពណ៌ ឬក៏ធ្វើឱ្យខូចឈ្មោះខូចកិត្តិយសគូប្រជែងទៅ គេបញ្ចេញទៅតាមសេណារីយ៉ូរបស់គេ នេះមិនមែនជារឿងចៃដន្យ»។
គិតមកដល់ពេលនេះថ្នាក់ដឹកនាំគណបក្សភ្លើងទៀនចំនួន៤នាក់ កំពុងជាប់ឃុំដែលគេមើលឃើញថា ការចាប់ខ្លួនជាការធ្វើទុក្ខបុកម្នេញនយោបាយជាងការអនុវត្តច្បាប់។ ក្រៅពីនេះសកម្មជនគណបក្សជាច្រើនរូបទៀតក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយអ្នកខ្លះកំពុងជាប់ឃុំ និងអ្នកផ្សេងទៀតរត់គេចខ្លួនរកទីសុវត្ថិភាព។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន យល់ថា បញ្ហាដែលកើតឡើងលើថ្នាក់ដឹកនាំនិងសកម្មជនគណបក្សភ្លើងទៀនជាបន្តបន្ទាប់ពេលនេះ គឺជាសារធ្វើឱ្យពលរដ្ឋម្ចាស់ឆ្នោតមានការភ័យខ្លាច។ លោកបន្តទៀតថា ពេលនេះគណបក្សភ្លើងទៀន កំពុងតាមដានស្ថានការណ៍ដើម្បីពិចារណាថា គួរចូលរួមការបោះឆ្នោតខាងមុខ ឬមិនចូលរួមទេ។
លោក រ៉ុង ឈុន៖ «គណបក្សភ្លើងទៀនកំពុងតាមឃ្លាំមើលហើយនឹងធ្វើការសម្រេចចិត្តថា តើចូលរួមការបោះឆ្នោត ឬមួយមិនចូលរួមការបោះឆ្នោតក្នុងស្ថានភាពមានការបំភិតបំភ័យការគំរាមកំហែងតាមរយៈការចាប់ខ្លួនការប្រើអំពើហិង្សាមកលើសកម្មជនក្ដី»។
ទាក់ទងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា ការចាប់ខ្លួនមន្ត្រីគណបក្សភ្លើងទៀនកន្លងមក ជាការអនុវត្តច្បាប់របស់សមត្ថកិច្ច។ ចំពោះករណីបង្ហោះសារសំឡេងដែលគេចោទប្រកាន់ថា ជាសំឡេងអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ លោកយល់ថា សាមីខ្លួនអាចចេញមកបំភ្លឺប្រសិនសំឡេងបែកធ្លាយនោះមិនមែនជាសំឡេងរបស់មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនទេ។
លោក សុខ ឥសាន៖ «ដូច្នេះហើយមានគឺការចោទថា មានការរឹតបន្តឹងរឹតត្បិត ឬរំលោភលើគណបក្សប្រឆាំងមិនជាការត្រឹមត្រូវទេ បើសិនណាមិនចង់ឱ្យមានការអនុវត្តផ្លូវច្បាប់ហើយចាប់ចងជនល្មើសច្បាប់ទេ មានតែគណបក្សនីមួយៗត្រូវណែនាំសមាជិកសមាជិការបស់ខ្លួនកុំឱ្យប្រព្រឹត្តិល្មើសច្បាប់»។
បើទោះជាមន្ត្រីបក្សកាន់អំណាចអះអាងបែបនេះក្ដី ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងយកវេទិកាសាធារណៈព្រមានមកលើគណបក្សភ្លើងទៀនជាញឹកញាប់។ លោក ហ៊ុន សែន ថែមទាំងប្រដូចថ្នាក់ដឹកនាំគណបក្សនេះទៅនឹងត្រីក្នុងកន្ត្រក លោកចង់កាច់ក្បាលពេលណាក៏បានដែរ។
បណ្ឌិត សេង សារី លើកឡើងថា ការផ្លាស់ប្ដូរមេដឹកនាំនៅលើពិភពលោកមានរូបភាពពីរ គឺការធ្វើបាតុកម្មទាមទារទម្លាក់មេដឹកនាំមេដឹកនាំ និងការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោត។ លោកបន្តទៀតថា ក្នុងការផ្លាស់ប្ដូរទាំងពីរនេះគឺរដ្ឋាភិបាល លោក ហ៊ុន សែន កំពុងប្រយ័ត្នប្រយែងទាំងពីរចំណុចនេះ។ បណ្ឌិត សេង សារី គ្មានទំនុកចិត្តថា រដ្ឋាភិបាលលោក ហ៊ុន សែន អនុញ្ញាតឱ្យគណបក្សភ្លើងទៀនអាចធ្វើសកម្មភាពនយោបាយប្រកួតប្រជែងជាមួយខ្លួន បានដោយតម្លាភាព និងយុត្តិធម៌ឡើយ។
លោក សេង សារី៖ «យើងឃើញថា ទម្រង់គំរាមកំហែងជាសេរីកន្លងមកទៅលើគណបក្សភ្លើងទៀន ដែលមានកម្លាំងនយោបាយដែលអាចប្រកួតប្រជែង ជាមួយគណបក្សកាន់អំណាចបានកំពុងតែបាននឹងបន្តនៅក្នុងការគំរាមកំហែង ដូច្នេះសម្រាប់ខ្ញុំមិនសូវមានសុទិដ្ឋិនិយមប៉ុន្មានទេ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣នេះថា នឹងទទួលបានយុត្តិធម៌ មានតម្លាភាពមានសេរីភាពអីត្រឹមត្រូវនោះ»។
គិតមកដល់ពេលនេះ នៅតែជាង៣ខែទៀតទេ គឺដល់ពេលពលរដ្ឋកម្ពុជាអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនដើម្បីប្ដូរមេដឹកនាំតាមរយៈការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ខាងមុខ។
ទោះយ៉ាងណាបរិបទនយោបាយសព្វថ្ងៃនេះគ.ជ.ប ដែលជាអាជ្ញាកណ្ដាលកំពុងមានភាពស្អិតល្មួត ជាមួយបក្សកាន់អំណាច ដែលធ្វើឱ្យគេពិបាកមើលឃើញថា តើអ្នកណាជាអ្នករៀបចំការបោះឆ្នោត ហើយតើអ្នកណាជាគូប្រកួតប្រជែងក្នុងការបោះឆ្នោតនោះ។ ចំណែកក្រុមប្រទេសនិយមលទ្ធិប្រជាធិបតេយ្យមួយចំនួន មិនបានសម្រេចបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត និងផ្តល់ជំនួយដល់ការបោះឆ្នោតនៅកម្ពុជានៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
