លោក សម រង្ស៊ី មិនខ្វល់​ពី​រឿង​តុលាការ​កាត់​អោយ​ជាប់​ពន្ធនាគារ​បទញុះញង់​២ករណី​ទៀត

ដោយ សុ ជីវី
2020.12.30
លោក សម រង្ស៊ី មិនខ្វល់​ពី​រឿង​តុលាការ​កាត់​អោយ​ជាប់​ពន្ធនាគារ​បទញុះញង់​២ករណី​ទៀត លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស​សង្រ្គោះជាតិ(ខាងឆ្វេង) និងរូបភាពខាងមុខសាលាដំបូង​រាជធានីភ្នំពេញ។
អាស៊ីសេរី

លោក សម រង្ស៊ី ប្រធាន​ស្ដីទីគណបក្ស​សង្រ្គោះជាតិ​ថា​លោក​មិន​ចាប់អារម្មណ៍​នឹង​ការផ្តន្ទាទោស​លោក​អោយ​ជាប់​ពន្ធនាគារ ដោយ​តុលាការ​ក្រុងភ្នំពេញ​នោះទេ ដោយ​លោកថា​តុលាការ​បាន​ធ្វើតាម​បញ្ជា​អ្នកនយោបាយ។

សាលាដំបូង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី៣០ ខែធ្នូ បាន​ប្រកាស​ផ្តន្ទាទោស លោក សម រង្ស៊ី ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ និង​សមាជិក​បក្ស​ប្រឆាំង​៣នាក់ទៀត ដាក់ពន្ធនាគារ​ពីបទញុះញង់។

លោក សម រង្ស៊ី ប្រាប់​អាស៊ីសេរី​កាល​ពី​យប់​ថ្ងៃទី៣០ ខែធ្នូ ថា​ការសម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​គឺ​ជាសេចក្ដីសម្រេច​ទៅតាម​អ្នកនយោបាយ ដែល​លោក​មិនចាំបាច់​យកចិត្ត​ទុកដាក់ទេ។ លោកថា​លោក​ក៏​មិនពិចារណា​ប្ដឹងទាស់​អ្វីទាំងអស់​ក្នុង​សំណុំរឿង​ទាំងនេះ៖ «ខ្ញុំ​មិន​ចាំបាច់​ឆ្លើយឆ្លង​តវ៉ា​អី​ទៀតទេ ព្រោះ​យើង​ដឹង​លទ្ធផល​មុន​អស់​ទៅ​ហើយ។ លទ្ធផល​ហ្នឹង​ជា​សេចក្ដី​សម្រេច​ផ្នែក​នយោបាយ​របស់​អ្នកនយោបាយ ដូច្នេះ​យើង​មិនចាំបាច់​ទៅ​លេងសើច​ជាមួយ​តុលាការ​ហ្នឹង​ទេ ព្រោះ​តុលាការ​ធ្វើអ្វីៗ​តាម បញ្ជា​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា ថ្នាក់​ដឹកនាំ​នយោបាយ មិនមែន​រឿង​យុត្តិធម៌ មិនមែន​រឿង​តុលាការ​ទេ ជា​រឿង​នយោបាយ​សុទ្ធ។ យើង​ត្រូវ​ជំរុញ​អោយ​មាន​ការផ្លាស់ប្ដូរ​ផ្នែក​នយោបាយ ផ្លូវ​នយោបាយ ដើម្បី​យើង​រៀបចំ​ប្រព័ន្ធ​តុលាការ​ហ្នឹង​ឡើងវិញ អោយ​ចេះ​កាត់​ក្ដី​យោង​លើ​ច្បាប់​ពិតប្រាកដ មិនមែន​ច្បាប់​នៅលើ​បបូរមាត់​ជនផ្ដាច់ការ​ទេ។»

សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​កាលពី​ព្រឹក​ថ្ងៃទី៣០ ខែធ្នូ ដោយ​កាត់អោយ​លោក សម រង្ស៊ី មាន​ទោស​២ឆ្នាំ​ក្នុង​សំណុំរឿង​ពីរ​ផ្សេងគ្នា។ សំណុំរឿង​ទី១ លោក​ជាប់​ចោទ​ពីបទ«ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ដែល​ប្រព្រឹត្ត​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ហើយ​តុលាការកាត់​អោយ​លោក​ជាប់ពន្ធនាគារ​រយៈពេល​២ឆ្នាំ និង​ពិន័យ​ជាប្រាក់​ចំនួន៤លាន​រៀល និង​សងជំងឺចិត្ត​ចំនួន​២ពាន់លានរៀល។ សំណុំ​រឿងនេះ​ពាក់ព័ន្ធ​នឹង​ករណី ដែល​លោក សម រង្ស៊ី ត្រូវ​ចោទ​ថា​បំភ្លៃ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់ លោក ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ។

ចំណែក​សំណុំរឿង​ទី២វិញ លោក សម រង្ស៊ី ជាប់ចោទ​ពី​បទ«ញុះញង់​បង្ក​អោយ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ហើយ​ក៏​ត្រូវ​ជាប់ទោស​រយៈពេល​២ឆ្នាំ និង​ត្រូវ​បង់​ប្រាក់ពិន័យ​ចំនួន​៤លានរៀល។ ជាមួយគ្នានេះ​តុលាការ​ក៏​បាន​បង្គាប់​អោយ​តាម​ចាប់​ខ្លួន លោក សម រង្ស៊ី មក​មក​ផ្តន្ទាទោស​តាម​ច្បាប់។

គិតមក​ដល់ពេល​នេះ លោក សម រង្ស៊ី ត្រូវចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​សរុបចំនួន​ជាង​១០ករណី​ហើយ ប្រសិន​បើ​បូក​សរុប​ចំនួន​ឆ្នាំ ដែល​លោក​ត្រូវ​តុលាការ​កាត់​អោយ​មាន​ទោស​ជាប់​ពន្ធនាគារ​នោះ​គឺមាន​ចំនួន​មិនតិច​ជាង​១៧​ឆ្នាំ​ឡើយ។ ក្រៅ​ពី​នេះ​នៅ​មាន​រឿង​ក្ដី​មួយ​ចំនួន​ទៀត​នៅ​មិន​ទាន់​ត្រូវ​តុលាការ​កាត់ទោស ឬ​បើក​សវនាការ​នៅ​ឡើយ។

ក្រៅពី​ផ្តន្ទាទោស លោក សម រង្ស៊ី តុលាការ​ក្រុង​ភ្នំពេញ នៅថ្ងៃ​ដដែល ​​បាន​កាត់​អោយ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម មានទោស ​ជាប់ពន្ធ​នា​គារ១ឆ្នាំ៨ខែ និង​ពិន័យ​ជា​ប្រាក់​៤លាន​រៀល​ពី​បទ«ញុះញង់​បង្ក​អោយ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ។ ដូចគ្នានេះដែរ លោក ទុំ ប៊ុនថន ត្រូវជាប់ពន្ធ​នា​គារ១ឆ្នាំ៨ខែ និង​ពិន័យ​ជា​ប្រាក់​៤លាន​រៀល។ ចំណែក​​លោក អ៊ុក ឆុំ និង លាស់ ឆេង​ឡាយ ត្រូវជាប់ពន្ធ​នា​គារ១ឆ្នាំ៦ខែ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់២លាន​រៀល ។ សំណុំរឿង​នេះ​ពួកគេ​ត្រូវ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការណែនាំ​មិន​អោយ​ពលរដ្ឋ​សងបំណុល​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញ​វត្ថុ។

ចៅក្រម​សាលាដំបូង​ក្រុងភ្នំពេញ​បាន​បើក​សវនាការ​សំណុំរឿង​ទាំងនេះ​កាលពីថ្ងៃ​ទី២១ ខែធ្នូ។

មេធាវី លោក សំ សុគង់ អោយ​អាស៊ី​សេរីដឹង​ថា ការសម្រេច​របស់​ចៅក្រម លោក រស់ ពិសិដ្ឋ នេះ​បាន​ដាក់​ទោស​ធ្ងន់ធ្ងរ​ពេក​ដល់​កូនក្តីរ​បស់​លោក។ លោកថា​នឹង​ពិភាក្សា​ជាមួយកូនក្ដីពី​រឿងក្ដីនេះ​បន្ថែម​ទៀត៖ «ការផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រហូត​ដល់​២ឆ្នាំ បើយើង​ពិនិត្យ​ពី​មាត្រា​ច្បាប់ ដែល​ចែង​ពី​បទញុះញង់​ហ្នុង​គឺ​កម្រិតទោស​ចាប់​ពី​៦ខែ ទៅ​២ឆ្នាំ ហើយ​ការផ្ដន្ទាទោស​ហ្នឹង​គឺ​ជា​អតិបរមា គឺ​ខ្ពស់​បំផុត​នៃ​ច្បាប់។ ខ្ញុំ​ជា​មេធាវី​មិន​ដែល​ឃើញ​មាន​តុលាការ​ផ្ដន្ទាទោស​រហូត​ដល់​ខ្ពស់​កប់​បែប​ហ្នឹង​ទេ។ ទី២​រឿងនេះ​ទើប​នឹង​ប្រកាស​កាល​ពី​ព្រឹកម៉ិញ ខ្ញុំនឹង​ជួប​ពិភាក្សា​ជាមួយ​កូនក្ដី ប្រសិន​បើ​កូនក្ដី​គាត់​ចង់​បន្តរឿង​នេះ​ទៅ​សាលា​ឧទ្ធរណ៍​ដោយសារ​រឿងនេះ​មិនយុត្តិធម៌​ចំពោះ​គាត់ ខ្ញុំនឹង​រៀបចំ​បណ្ដឹង​ឧទ្ធរណ៍​ជូន​ពួកគាត់។»

ក្នុង​ចំណម​អ្នកដែលត្រូវ​ផ្ដន្ទាទោស​នោះ​មាន​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ស្រុក​បវេល លោក លាស់ ឆេងឡាយ និង​មេឃុំ​ឃ្លាំង​មាស ស្រុក​បវេល លោក អ៊ុក ឆុំ កំពុង​ជាប់ឃុំ​បណ្ដោះអាសន្ន បន្ទាប់​ពីត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃទី១០ ខែកក្កដា។

ក្នុង​ឆ្នាំ​២០២០​នេះ អាជ្ញាធរ បាន​ចាប់ខ្លួន មាន​សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិមនុស្ស សកម្មជន សង្គម អ្នកសារព័ត៌មាន និង​យុវជន​ជាង​៥០នាក់​ហើយ។ នៅ​ថ្ងៃ​ទី៣០ ខែធ្នូ​ម្សិលម៉ិញ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​បញ្ជូន​ស្រ្តី​៣នាក់​ទៅ​ឃុំ​ខ្លួន​ពន្ធនាគារ​ព្រៃស ក្នុងនោះ​រួមមាន​​ លោក​ស្រី ហុង អាន និង​ លោកស្រី សាន ស្រី​នៀត ​ និង​ម្នាក់​ទៀត​​លោក​ស្រីប៉ៃ រ៉េន។ អ្នក​ទាំង​បី​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២៨​និង​២៩ ខែធ្នូ។ តុលាការ​បាន​ចោទ​ប្រកាន់​អ្នក​ទាំង៣ពី​បទ​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ សុទ្ធតែ​ចាត់ទុក​ថា សំណុំរឿង​ប្រឆាំង​អ្នកនយោបាយ​បក្ស​ប្រឆាំង នៅ​កម្ពុជា មាន​ចរិត​នយោបាយ និង​ជំរុញ​ឱ្យ​មានការ​ដោះស្រាយ​តាម​បែប​នយោបាយ ទើប​អាច​បញ្ចប់​វិបត្តិ​នេះ​បាន​ជាជាង​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ។

ក្រុម​អ្នក​សិទ្ធិមនុស្ស​ក្នុងស្រុក និង​អង្គការ​អន្តរជាតិ រួម​ទាំង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ផង បាន​ទាមទារ​អោយ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​យាយី និង​ការចោទប្រកាន់​ទាំង​បំពាន​ច្បាប់ លើ​អ្នកការពារ​សិទ្ធិមនុស្ស អ្នក​រិះគន់ អ្នកនយោបាយ ហើយ​ត្រូវ​ធ្វើ​យ៉ាងណា​ដោះលែង​អ្នក​កំពុង​ជាប់ឃុំ​ដោយ​ការ​ចោទប្រកាន់​ទាំង​បំពាន ឬ​តាម​ទំនើងចិត្ត​អោយ​មាន​សេរីភាព​ទាំងអស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។