លោក សម រង្ស៊ី បន្ត​អំពាវនាវ​ឲ្យ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​គ្រួសារ​លោក ហ៊ុន សែន និង​មន្ត្រី​កំពូលៗ

មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បន្ត​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​គ្រួសារ​លោក ហ៊ុន សែន និង​មន្ត្រី​កំពូលៗ​មួយចំនួន ដែល​គប់គិត​គ្នា​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​។ ប៉ុន្តែ​អ្នកនាំពាក្យ បក្ស​កាន់អំណាច យល់​ថា ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី នេះ ពុំ​មាន​តម្លៃ​ឡើយ។

លោក សម រង្ស៊ី ថ្លែង​ជា​ភាសា​អង់គ្លេស​នៅក្នុង​វេទិកា​សេរីភាព​ទីក្រុង​អូស្លូ (Oslo )​ប្រទេស​ន័រវែស (Norway) ដែល​រៀបចំ​ដោយ​សមាជ​សេរីភាព​ពិភពលោក​(WLC)​កាលពី​ថ្ងៃទី​៣ ខែ​មិថុនា ថា លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា បាន​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​។ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បន្ត​ថា កម្ពុជា មិនដែល​ស្គាល់​ការ​បោះឆ្នោត​ពិតប្រាកដ​ម្តង​ណា​ទេ​តាំងពី​ឆ្នាំ​១៩៩៣​មក​។ ជាង​៤០​ឆ្នាំ​ហើយ​កម្ពុជា​ត្រូវ​បាន​ត្រួតត្រា​ដោយ​គ្រួសារ​លោក ហ៊ុន សែន ដែល​ជិះជាន់ និង​សម្លាប់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ លោក​ថ្លែង​ទៅកាន់​អ្នកចូលរួម​មកពី​ជុំវិញ​ពិភពលោក​ថា ក្រោយ​ពី​លោក ហ៊ុន សែន កម្ទេច​គណបក្សប្រឆាំង អ្នក​រិះគន់ និង​អ្នក​សារព័ត៌មាន​ឯករាជ្យ​ហើយ​នោះ លោក​បាន​ផ្ទេរអំណាច​ឲ្យ​កូនប្រុស​គឺ​លោក ហ៊ុន ម៉ាណែត។ ប៉ុន្តែ​លោក​មើលឃើញ​ថា កូនប្រុស​របស់​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ កាន់តែ​អាក្រក់​ដើម្បី​ការពារ​កេរដំណែល​ឪពុក​របស់​ខ្លួន​។ លោក ហ៊ុន ម៉ាណែត មិន​ត្រឹមតែ​មិន​ដោះលែង​អ្នក​ទោស​នយោបាយ​ជាង ៦០​នាក់​នោះ​ទេ ថែមទាំង​ចាប់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​បន្ថែម និង​បន្ត​បណ្តេញ​ពលរដ្ឋ​ចេញពី​ដីធ្លី។

ទោះជា​យ៉ាងណា មេ​បក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ មិនអាច​ក្រោកឈរ​តែឯង​បានទេ​។ កម្ពុជា ត្រូវការ​ការ​អន្តរាគមន៍​ជាបន្ទាន់​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ការពារ និង​ពង្រឹង​ស្ថាប័ន​ប្រជាធិបតេយ្យ និង​ការពារ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ លោក អំពាវនាវ​ដល់​ម្ចាស់​ជំនួយ​អន្តរជាតិ​ឲ្យ​បញ្ឈប់​ផ្តល់​លុយ​ដល់​របប ដែល​បាន​រំលោភ​លើ​ឆន្ទៈ​ប្រជាពលរដ្ឋ ។​ក្រៅ​ពី​នេះ លោក អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​ទៅលើ​សមាជិកគ្រួសារ​លោក ហ៊ុន សែន និង​បុគ្គល​គន្លឹះ​មួយចំនួន​នៅក្នុង​របប​ដឹកនាំ​សព្វថ្ងៃ មាន​ដូចជា​អតីត​មេ​ប៉ូលិស និង​បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋមន្ត្រី​លោក នេត សាវឿន ជាដើម​។ លោក សម រង្ស៊ី ជឿ​ថា ការ​ដាក់​ទណ្ឌកម្ម​ពី​ប្រទេស​លោក​សេរី​នេះ ដើម្បី​ធានា​ថា គ្មាន​មុខ​ជំនួញ​ណាមួយ​ជាមួយ​ក្រុម​មេដឹកនាំ​ដែល​មាន​បាតដៃ​ប្រឡាក់​ឈាម​និង​ជន​ផ្ដាច់ការ និង​ជំរុញ​ឲ្យ​អ្នកកាន់អំណាច កែ​លម្អ​ការគោរព​សិទ្ធិមនុស្ស​ឲ្យ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ។

ទាក់ទង​នឹង​រឿង​នេះ អ្នកនាំពាក្យ​បក្ស​កាន់អំណាច លោក សុខ ឥសាន សុំ​ឆ្លើយតប​យ៉ាង​ខ្លី​ថា ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី នេះ ជា​រឿង​ដដែលៗ ប៉ុន្តែ​ពុំបាន​ប្រយោជន៍​អ្វី​ឡើយ។

លោក សុខ ឥសាន៖ «តាំងពី​នៅ​អាមេរិក អឺរ៉ុប​រហូត​ដល់​អូស្ត្រាលី សួរ​ថា តើ​ប្រទេស​មហាអំណាច​ទាំងអស់​ដែល​ខ្ញុំ​រៀបរាប់​មិញ​នេះ គេ​យកចិត្តទុកដាក់​ចំពោះ​ការ​អំពាវនាវ​របស់​ជន​ទុច្ចរិត​នេះ​ទេ​?អ៊ីចឹង​ខ្ញុំ​មិន​បាច់​ឆ្លើយ​តប​ទេ។ រាល់​ការ​អំពាវនាវ​របស់​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់​អត់​តម្លៃ​ទេ មិនបាច់​ឆ្លើយ​តប​ទេ»។

ទោះជា​យ៉ាងណា មក​ទល់​ពេល​នេះ មាន​មន្ត្រីជាន់ខ្ពស់ និង​មេ​ឈ្មួញ​គ្រាក់ៗ នៃ​របប​លោក ហ៊ុន សែន សរុប ៥​នាក់​ហើយ រួម​ទាំង​គ្រួសារ​របស់​ពួកគេ​ផង បាន​ទទួលរង​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​ពី​សហរដ្ឋអាមេរិក​។​មន្ត្រី​ទាំងនោះ រួមមាន លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក ហ៊ុន សែន លោក គន់ គីម លោក ចៅ ភិរុណ លោក ទៀ វិញ និង​លោក ទ្រី ភាព ដែល​ជា​ឈ្មួញ​ឈើ​ល្បី​ឈ្មោះ។ ទន្ទឹម​នឹង​នេះ សហរដ្ឋអាមេរិក ក៏បាន​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន ឈ្មោះ UDG ដែល​កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ខ្នាត​យក្ស​នៅ​តំបន់​តារា​សាគរ​ក្នុង​ខេត្ត​កោះកុង។ ដោយ​ឡែក គ្រួសារ​លោក ហ៊ុន សែន មាន​ទាំង​កូនបង្កើត និង​កូន​ប្រសារ ព្រមទាំង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​រូប​ទៀត ដូចជា លោក ស ខេង លោក ទៀ បាញ់ លោក អូន ព័ន្ធមុនីរ័ត្ន លោក កើត រិទ្ធ និង​លោក ឱម យិនទៀង ជាដើម ក៏​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ដែរ។

ប្រធាន​អង្គការ​សម្ពន្ធ​ខ្មែរ​ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ប្រចាំ​អូស្ត្រាលី​លោក អ៊ិន ណាត មាន​ប្រសាសន៍​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា នៅតែ​មិន​ព្រម​ស្តារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទេ ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ឲ្យ​ដាក់​ទណ្ឌកម្ម​ពី​ប្រទេស​លោក​សេរី នឹង​មាន​ឥទ្ធិពល។

លោក អ៊ិន ណាត៖ «បញ្ហា​ប្រទេស​កម្ពុជា​រាល់ថ្ងៃ​នេះ គឺ​វា​ជា​បញ្ហា​នយោបាយ​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​គ្រប់​ផ្នែក​នៃ​ការ​អភិវឌ្ឍ​ប្រទេស។ ខ្ញុំ​មើល​ឃើញ​ថា មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទេ ដែល​អាច​ជួយ​ប្រទេស​ខ្មែរ​បាន»។

មិនមែន​តែ​លោក សម រង្ស៊ី ទេ រដ្ឋាភិបាល​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ និង​ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ តែង​ដាស់តឿន​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស្តារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​។ អ្នក​ឃ្លាំមើល​យល់​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នឹង​មិនអាច​ជៀស​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​ពី​ប្រទេស​លោក​សេរី​នោះ​ទេ ប្រសិនបើ​ផ្គើន​មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ទេ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។