អាមេរិក​ត្រូវ​តែ​ជួយ​យក​លទ្ធិ​ប្រជាធិបតេយ្យ​មក​កម្ពុជា​វិញ

ស្រប​ពេល​ដែល លោកប្រធានាធិបតី លោក ចូ បៃឌិន (Joe Biden)មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​នេះ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) និង​អាមេរិក ប្រធាន​ស្តីទី​គណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ស្នើ​ឲ្យ​អាមេរិក​ត្រូវតែ​ជួយ​យក​លទ្ធិ​ប្រជាធិបតេយ្យ​មក​កម្ពុជា​វិញ។

លិខិត​របស់​លោក សម រង្ស៊ី ផ្សាយ​នៅ​សារព័ត៌មាន​អាមេរិក​នៅថ្ងៃទី១២ វិច្ឆិកា បញ្ជក់​ថា ក្នុង​នាម​ជា​ខ្មែរ និង​ជា​អ្នក​ចូលរួម​យ៉ាង​សកម្មក្នុង​ដំណើរការ​ចុះ​ហត្ថលេខា​ទីក្រុង​ប៉ារីសឆ្នាំ​១៩៩១កិច្ច​ព្រមព្រៀង​សន្តិភាព និង​ជា​មេដឹកនាំ​នៃ​គណបក្ស​ប្រឆាំង លោក​សង្ឃឹម​ថា ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន នឹង​រីករាយ​ធ្វើ​ដំណើរ​នៅ​កម្ពុជា។

លោក សម រង្ស៊ី បន្តថា ខណៈ​នៅ​កម្ពុជា ប្រធានាធិបតី​អាមេរិក ត្រូវតែ​មាន​វិធានការ​ជាក់ស្តែង ដើម្បី​ឲ្យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលខុសត្រូវ​ចំពោះ​ការ​លួច​លទ្ធិប្រជាធិបតេយ្យ​របស់​គាត់ និង​ជួយនាំ​យក​មក​វិញ​នូវ​សេរីភាព សមភាព និង​សិទ្ធិមនុស្ស​ដល់​ប្រទេស។ លោក សម រង្ស៊ី បន្ត​ថា ទោះបី​លោក​កើត​នៅ​ភ្នំពេញ​ក្តី ប៉ុន្តែ​លោក​មិន​អាច​ត្រឡប់​ទៅ​វិញ​បាន ចាប់​តាំង​ពី​ឆ្នាំ ២០១៥ ដោយសារតែ​យុទ្ធនាការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រឆាំងនឹងលោក និងសមាជិក គណបក្ស​សង្គ្រោះជាតិ (CNRP)។ លោក​ថា បទល្មើស​របស់​លោក និង​គណបក្ស​ប្រឆាំង គឺ​ជា​ការគំរាមកំហែង​ការ​កាន់​អំណាច​របស់​លោក ហ៊ុន សែន ដែល​លោកកាន់​តាំង​ពីឆ្នាំ ១៩៨៥​មក​ម្ល៉េះ។

លោក​បន្ថែម​ទៀតថា ការ​សងសឹក​របស់​លោក ហ៊ុន សែន ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង នៅ​កម្ពុជា ហើយ​ជា​ពិសេស​នឹង​លោក គឺ​កើតឡើង​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ កាល​ពី​ឆ្នាំ ១៩៩៧ លោក​ជាគោលដៅ​នៃ​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​ដៃ​នៅ​ភ្នំពេញ ដែល​បាន​សម្លាប់​មនុស្ស ១៦ នាក់ និង​មនុស្សរាប់រយនាក់ផ្សេងទៀត បាន​រងរបួស រួមទាំង​ពលរដ្ឋ​អាមេរិកម្នាក់ ក៍​រងរបួសធ្ងន់​ដែរ។

ភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ (FBI) បាន​ដាក់​ការ​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​គ្រាប់​បែក​ដ៏​សាហាវនេះ ទៅ​លើ​អង្គរក្ស ដែល​ត្រូវ​បាន​លោក ហ៊ុន សែន ដាក់​ពង្រាយ​នៅ​ពេល​នោះ។

ងាក​ទៅ​ឥទ្ធិពល​ចិន​វិញ លោក សម រង្ស៊ី ថា លោក ហ៊ុន សែន បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ គណនេយ្យភាព និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​ការ​គាំទ្រ​ដោយផ្ទាល់​របស់​ប្រទេស​ចិន។ លោក សម រង្ស៊ីថា លោក ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យ​កងទ័ព រំដោះ ប្រជាជន ចិន បង្កើត មូលដ្ឋាន ទ័ពជើង ទឹក នៅ លើ ទឹកដី កម្ពុជា ហើយក៏មានព័ត៌មានច្បាស់ថា ចិន ពាក់ព័ន្ធ​នឹង​អំពើបោកប្រាស់ការជួញដូរមនុស្សតាមអ៊ីនធឺណិតនៅកម្ពុជា។ ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន កម្ពុជា បច្ចុប្បន្ន​ក្លាយ ជា​ប្រទេស​អាយ៉ង​ចិន ។ ទំនាក់ទំនង​នេះ បាន​គំរាមកំហែង​ដល់​សន្តិសុខ​បច្ចុប្បន្ន និង​រយៈពេល​យូរ​អង្វែង​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ឥណ្ឌូប៉ាស៊ីហ្វិក។ លោក សម រង្ស៊ី បន្ត​ថា ទោះបីជា​លោក​ត្រូវ​បាន​គេ​បណ្តេញ ចេញ​ពី​ស្រុក​កំណើត កាល​ពី​ជាង​ប្រាំពីរ​ឆ្នាំ​មុន​ក៏ដោយ ក៏​កំហឹង​របស់​លោក ហ៊ុន សែន ចំពោះលោក​នៅ​តែ​បន្ត​កើត​មាន​ឡើង​ដែរ។ លោក ហ៊ុន សែន បន្ត​រារាំង​លោក មិន​ឲ្យ​វិល​ត្រឡប់​ទៅ​កម្ពុជា ដើម្បី​ចូលរួម​សវនាការ ដែល​លោក ហ៊ុន សែន បាន​ប្រើប្រាស់​តុលាការ​ដើម្បី​ចាត់ការ​លើ​រូប​លោក។ កាល​ពី​ខែ​មុន តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ទោស​លោក សម រង្ស៊ី ដាក់​ពន្ធនាគារ អស់មួយ​ជីវិត​ដោយ​កំបាំង​មុខ។ ទន្ទឹម​នឹង​នេះ គណបក្ស​ប្រឆាំង​ដែល​ទើប​តែ​បង្កើត​ឡើង គឺ​គណបក្ស​ភ្លើងទៀន ដែល​បាន​ទទួល​សំឡេង​បោះឆ្នោត​គាំទ្រ ច្រើនជាង​មួយ​ភាគ​ប្រាំ​នៃ​ការ​បោះឆ្នោត​ឃុំសង្កាត់ កាល​ពី​ខែ​មិថុនា ក៏ត្រូវ​បាន​គេ​គំរាមកំហែង​រំលាយ ដោយសារ​តែ ការ​ចោទ​ប្រកាន់​ថា មាន​ការ​ពាក់ព័ន្ធ​នឹង​លោក។ ពាក់ព័ន្ធនឹងអំពើពុករលួយវិញ លោក សម រង្ស៊ីថា នៅក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន អំពើពុករលួយ​ក៏​បាន​កើន​ឡើង​យ៉ាងខ្លាំង​ផង​ដែរ ដែល​ភាគច្រើន​បង្ក​ឡើង​ដោយ​ក្រុម​ដែល​លោក ហ៊ុន សែន គ្រប់គ្រង ដូចជា​ប្រតិបត្តិការ​ជួញដូរ​បោកប្រាស់​តាម​អ៊ីនធឺណិត​ដែល​កំពុង​រីករាលដាល​ជាដើម។ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជា​បញ្ហា​សំខាន់​មួយ​ទៀត​ដែល​លោក ហ៊ុន សែន បាន​មើលរំលង ហើយ​កាល​ពី​ឆ្នាំ​មុន សហរដ្ឋអាមេរិក​បាន​បញ្ចប់​កម្មវិធី​ជំនួយ ដែល​មាន​គោល​បំណង​ការពារ ដែន​ជម្រក​សត្វ​ព្រៃឡង់​ដោយសារ​តែ រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ថែម​ទាំង​យាយី​សកម្មជន​បរិស្ថាន។

លោក សម ង្ស៊ី សរសេរ​បន្ថែម​ទៀត​ថា ក្រោយ​ការ​ហាម​ប្រាម​គណបក្ស​ប្រឆាំង​សំខាន់​តែមួយ​នៅ​កម្ពុជា លោកហ៊ុន សែន បាន​រៀបចំ​ការ​បោះឆ្នោត ហើយ​ប្រកាស​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ជា​អ្នក​ឈ្នះ​ឆ្នោត និង​ទទួល​បាន​អាសនៈទាំងអស់​ក្នុង​រដ្ឋសភា។

ដោយគ្មាន​សំឡេង​ជំទាស់​នៅ​ក្នុង​រដ្ឋសភា លោក ហ៊ុន សែន បាន​ប្រើ​អំណាច​ដាច់ខាត​របស់​លោក ដោយ​បាន​បង្កើត​ច្បាប់​តឹងរ៉ឹង​កាន់តែ​ខ្លាំង​ឡើង​ប្រឆាំង​នឹង​ប្រជាជន​កម្ពុជា។ របប​របស់​លោក ហ៊ុន សែន ក៏​បាន​បន្ត​ធ្វើ​ទុក្ខបុកម្នេញ បំភិតបំភ័យ និង​ដាក់គុក​សមាជិក​បក្ស​ប្រឆាំង រួមទាំង​ការ​កាត់​ក្តី​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ជាហ្វូង និង​មាន​ការ​ពង្រាយ​ក្រុម​ជើង​កាងវាយ​ប្រហារ​អ្នក​តវ៉ា​ដោយ​សន្តិវិធី​យ៉ាង​សាហាវ​ឃោរឃៅ​ដែល​អ្នក​តវ៉ា ភាគ​ច្រើន​ជាស្ត្រី នៅ​កណ្តាល​រាជធានីភ្នំពេញ។ លោក សម រង្ស៊ី បន្ត​ទៀត​ថា នៅ​ខែ​កក្កដា​ខាងមុខ កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​សកល សហគមន៍​អន្តរជាតិ មិន​ត្រូវ​អនុញ្ញាត​ឲ្យ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន រៀបចំ​ដំណើរ​ការ​បោះឆ្នោត​ដោយ​មិន​ការ​ប្រកួតប្រជែង​ម្តង​ទៀត​ទេ។ មុន​ខែ​កក្កដា វា​មាន​សារៈសំខាន់​ណាស់​ដែល​សម្ព័ន្ធមិត្ត​ប្រជាធិបតេយ្យ​ជុំវិញ​ពិភពលោក ចាត់​វិធានការ​កាន់តែ​ខ្លាំង​ប្រឆាំង​នឹង​លោក ហ៊ុន សែន និង​ជួយ​នាំ​លទ្ធិ​ប្រជាធិបតេយ្យ​មក​វិញ​ដល់​កម្ពុជា។ សហរដ្ឋអាមេរិក​មាន​តួនាទី​ផ្ទាល់​មិន​ត្រឹម​តែ​ជា​អ្នក​ដឹកនាំ​លទ្ធិ​ប្រជាធិបតេយ្យ​ជា​សាកល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​សន្យា​ឲ្យ​ប្រជាជន​កម្ពុជា​នូវ «ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង» តាមរយៈ «ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌»។ លោក សម រង្ស៊ី ថា ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក៏​គាំទ្រ​យុទ្ធសាស្រ្ត​សន្តិសុខ​របស់​លោក​ប្រធានាធិបតី (Biden) ផង​ដែរ ដោយការ​ស្ដារ​ឡើង​វិញ​នូវ​ភាព​ជឿជាក់​របស់​សហរដ្ឋអាមេរិក។ ទង្វើ​នេះ វា​មាន​សារៈ​សំខាន់​ទាំងពីរ ក្នុង​ការ​កាត់​បន្ថយ​ឥទ្ធិពល​ចិន​នៅ​លើ​ឆាក​អន្តរជាតិ តំបន់ និង​លើក​កម្ពស់​កេរ្តិ៍​ឈ្មោះ​អាមេរិក​នៅ​ជុំវិញ​ពិភពលោក។

លោក សម រង្ស៊ី ស្នើ​ថា នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​បៃឌិន (Biden) ជួប​ជាមួយ​លោក ហ៊ុន សែន នៅទី​ក្រុង​ភ្នំពេញ លោក​ត្រូវ​បង្ហាញ​ជំហរ​ឲ្យ​ច្បាស់លាស់​ថា ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​របស់​កម្ពុជា នឹង​មិន​ត្រូវ​គេ​ទទួល​យក​ទេ លុះត្រាតែ​មាន​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់មួយ រួម​មាន​ការ​ស្ដារឡើងវិញ​នូវ​ការ​បញ្ចេញមតិ និង​ការ​ជួប​ប្រជុំ​ដោយ​សេរី​នៅ​ទូទាំង​ប្រទេស ក៏​ដូចជា​កំណែ​ទម្រង់​ចំពោះ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត ដែល​លោក ហ៊ុន សែន មាន​បក្សពួក​ក្នុង​នោះ​ដែរ។ រដ្ឋាភិបាល​ត្រូវ​ដោះលែង អ្នក​ទោស​នយោបាយ​ទាំងអស់ និង​ការ​ចោទ​ប្រកាន់​លើ​សកម្មជន​បក្ស និង​សកម្មជន​ផ្សេងៗទៀត​ត្រូវតែ​ទម្លាក់​ចោល ហើយ​សំឡេង​ប្រឆាំង​ដូចជា​លោក សម រង្ស៊ី និងសមាជិក​គណបក្ស​សង្គ្រោះជាតិ ក៏​ត្រូវតែ​ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​វិល​ចូល​កម្ពុជា​វិញ និង​ចូលរួម​ការ​បោះឆ្នោត។ លោកសម រង្ស៊ី បន្ត​ថា ប្រទេស​លោក​ខាងលិច រាប់ទាំង​សហរដ្ឋអាមេរិក​ផង បាន ផ្ញើ​សារ​ខ្សោយ និង​ច្របូកច្របល់​ទៅ​លោក ហ៊ុន សែន ដោយសារ​តែ​កខ្វះ​ខាត ការ​ឆ្លើយ​តប​ក៏​ខ្លាំងក្លា​មួយ។ សហរដ្ឋអាមេរិកត្រូវ​ប្រមូល​ផ្តុំ​ដាក់​ទណ្ឌកម្ម លើ​របប​លោក ហ៊ុន សែន ដូចអ្វី​ដែល​អាមេរិក​ធ្វើ​ចំពោះ​រុស្ស៉ី ដោយសារ​តែ​ការ​ឈ្លានពាន លើ​ប្រទេស​អ៊ុយគ្រែន។ សហរដ្ឋ​អាមេរិក​ត្រូវ​តែ ធានាថា អ្នក​ដែល​ដឹកនាំ​ប្រទេស​ឲ្យ​ក្លាយ​ជា​របប​ផ្តាច់ការ ត្រូវតែ​រង​ទណ្ឌកម្ម និង​ផ្ញើសារ​ទៅ​លោក ហ៊ុន សែន និង​សម្ព័ន្ធមិត្តរបស់​លោក​ថា ពួកគេ​នឹង​ទទួល​រង​ទណ្ឌកម្ម ចំពោះ​ទង្វើ​លួច​លទ្ធិប្រជាធិបតេយ្យ​ពី​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។