លោក សម រង្ស៊ី ថា លោក ហ៊ុន សែន ចង់​ឱ្យ​កូន​ឡើង​កាន់​អំណាច​ត​ពូជ ផាត់​យុវជន​ខ្មែរ​ដទៃ​ទៀត​ចោល

ដោយឍ ច័ន្ទ ដារ៉
2024.04.02
លោក សម រង្ស៊ី ថា លោក ហ៊ុន សែន ចង់​ឱ្យ​កូន​ឡើង​កាន់​អំណាច​ត​ពូជ ផាត់​យុវជន​ខ្មែរ​ដទៃ​ទៀត​ចោល (រូបឯកសារ) លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១៣ ខែមេសា ឆ្នាំ២០២២។
RFA/2022-04-13

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី លើក​ឡើង​ថា អតីត​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាន់កាប់​ប្រទេស​កម្ពុជា​ផ្តាច់​មុខ ហើយរៀបចំ​ឱ្យ​កូន​ឡើង​កាន់​អំណាច​ត​ពូជ ដោយ​ផាត់​យុវជន​ខ្មែរ​ដទៃ​ទៀត​ចោលប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​អះអាង​ថា កូនៗ លោក ហ៊ុន សែន ឡើង​កាន់​អំណាច​តាម​បែប​ប្រជាធិបតេយ្យ និង​ផ្តល់​ឱកាស​ដល់​យុវជន​ស្មើភាព​គ្នា។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក នៅថ្ងៃទី២ ខែមេសា ដោយ​លើក​ឡើង​ថា លោក​ចង់​ឲ្យ​យុវជន​ខ្មែរ​គ្រប់​រូប មាន​ឱកាស​ស្មើ​គ្នា​ទៅ​ដឹកនាំ​ប្រទេស អាស្រ័យ​តែ​លើ​ទឹក​ចិត្ត​ស្នេហា​ជាតិ និង​សមត្ថភាព ដែល​ជា​មូលដ្ឋាន នៃ​លទ្ធិ​ប្រជាធិបតេយ្យ។

ប៉ុន្តែ លោក សម រង្ស៊ី អះអាង​ថា លោក ហ៊ុន សែន គឺ​ជា​មេ​ដឹកនាំ​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​ទ្រព្យ​សម្បត្តិ​គ្រប់គ្រង​ផ្ដាច់​មុខ ដោយ​គាត់​ចង់​ឲ្យ​កូន​ដឹកនាំ​ប្រទេស​ជំនួស តាម​គំនិត​គ្រួសារ​និយម កាន់​អំណាច​ត​ពូជ បក្ខពួក​និយម និង​ពុករលួយ​និយម​ដូច​បច្ចុប្បន្ន។ លោក​យល់​ថា គ្រួសារ​លោក ហ៊ុន សែន តែ​មួយ​មិន​អាច​ឈ្នះ​កម្លាំង​គ្រួសារ​ខ្មែរ​សាមញ្ញ​រាប់​លាន​គ្រួសារ​នោះ​ទេ ដូច្នេះ​លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ថា ត្រូវ​តែ​ដណ្ដើម​ប្រទេស​កម្ពុជា​ពី​គ្រួសារ​លោក ហ៊ុន សែន មក​វិញ ដើម្បី​យក​មក​ប្រគល់​សង​ប្រជារាស្ត្រ​ខ្មែរ​វិញ ដែល​ជា​ម្ចាស់​ទឹក ម្ចាស់​ដី។

លោក សម រង្ស៊ី លើក​ឡើង​នេះ គឺ​នៅ​មុន​ពេល​លោក ហ៊ុន សែន ត្រៀម​ឡើង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី៣ ខែមេសា គឺ​បន្ទាប់​ពី​មេ​ដឹកនាំ​មាន​រឿង​អាស្រូវ​រំលោភ​សិទ្ធិមនុស្ស​រូប​នេះ ទើបតែ​ផ្ទេរ​អំណាច​ទៅ​កូន​បង្កើត គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ខណៈ​លោក ហ៊ុន ម៉ានី ធ្វើ​ជា​ឧប​នាយក​រដ្ឋមន្ត្រី ដោយ​មិន​រាប់​បញ្ជូល​សាច់ញាតិ​ក្នុង​ត្រកូល ហ៊ុន រាប់​សិប​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តែងតាំង​តួនាទី​គ្រាក់ៗ ក្នុង​ជួរ​រដ្ឋាភិបាល មន្ត្រី​រាជការ​ស៊ីវិល និង​ជួរ​កងទ័ព​ផង​នោះ។

ឆ្លើយតប​រឿង​នេះ អ្នក​នាំពាក្យ​គណបក្ស​ប្រជាន​កម្ពុជា​លោក សុខ ឥសាន អះអាង​ថា កម្ពុជា​បាន​បើក​លំហ​សេរីភាព​ផ្នែក​នយោបាយ​សម្រាប់​ពលរដ្ឋ​ទូទៅ ជាពិសេស យុវជន​ជំនាន់​ក្រោយ​ឱ្យ​មាន​ឱកាស​ដឹកនាំ​ប្រទេស។ លោក​បន្ថែម​ថា ការ​តែងតាំង​កូនចៅ​មេ​ដឹកនាំ​គណបក្ស​កន្លង​មក រៀបចំ​ឡើង​តាម​ប្រព័ន្ធ​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​ដោយ​ផ្អែក​ទៅ​លើ​ស្នាដៃ សមត្ថភាព និង​អនុវត្ត​តាម​នីតិវិធី​ក្នុង​នាម​ពួក​គេ​ជា​យុវជន​របស់​គណបក្ស​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស។

ទោះបី​លោក សុខ ឥសាន អះអាង​បែប​នេះ​ក្តី តែ​កន្លង​ទៅ​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រៀបចំ​ផ្ទេរ​អំណាច​ឱ្យ​កូនចៅ និង​សាច់ញាតិ​ទៅ​ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល​រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ​ជំនួស​ពួក​គេ ដោយ​គ្មាន​អតីតភាព​ការងារ ឬ​គ្មាន​ឆ្លង​កាត់​ការ​ប្រកួតប្រជែង​ត្រឹមត្រូវ។ លើស​ពី​នេះ លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ថា លោក​មិន​ប្រគល់​អំណាច​ឱ្យ​នរណា​ក្រៅពី​កូនចៅ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ ហើយ​លោក​នឹង​ក្លាយ​ជា​ឪពុក​នាយក​រដ្ឋមន្ត្រី និង​តា​នាយក​រដ្ឋមន្ត្រី​ជា​បន្ត​បន្ទាប់។ 

ជុំវិញ​រឿង​នេះ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ការ​ដឹកនាំ​ប្រទេស​តាម​បែប​សែស្រឡាយ គ្រួសារ​និយម​នឹង​ធ្វើ​ឱ្យ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយ​ក្រោយ។ លោក​មើល​ឃើញ​ថា ទោះបី​យុវជន​នៅ​ក្នុង​ផ្ទៃ​ក្នុង​បក្ស​កាន់​អំណាច​តែ​មួយ​យ៉ាង​ណា​ក្តី ក៏​ពួក​គេ​មិន​ទាន់​មាន​សិទ្ធិ​ស្មើ​គ្នា ដើម្បី​ក្លាយ​ទៅ​ជា​មេ​ដឹកនាំ​ប្រទេស​នៅ​ឡើយ ដែល​បញ្ហា​នេះ ជា​ឧបសគ្គ​សម្រាប់​យុវជន ដែល​មាន​សក្ដានុពល​បាត់បង់​ឱកាស​បញ្ចេញ​សមត្ថភាព​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ជាតិ។

ចំណែក​យុវជន​សង្គម​លោក លី ចាន់ដារ៉ាវុធ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ ដោយសារ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​កន្លង​មក​ថ្លែង​ថា សង្គម​ប្រជាធិបតេយ្យ​ផ្តល់​សិទ្ធិ​ពេញលេញ​ដល់​យុវជន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​កសាង​ប្រទេស និង​ទប់ស្កាត់​ការ​ដឹកនាំ​បែប​គ្រួសារ​បក្ខពួក​និយម ដែល​ហានិភ័យ​ដល់​ជាតិ។ ប៉ុន្តែ លោក មើល​ឃើញ​ថា យុវជន​ចូលរួម​សកម្មភាព​សង្គម និង​នយោបាយ​នៅតែ​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពី​រដ្ឋាភិបាល​ក្រោម​រូបភាព​ចោទ​ប្រកាន់ ឬ​លាប​ពណ៌ ដែល​ការ​ធ្វើ​បែប​នេះ បាន​រារាំង​ដល់​ទឹក​ចិត្ត​របស់​យុវជន​មួយ​ចំនួន លែង​ហ៊ាន​គិត​ពី​ផល​ប្រយោជន៍​រួម​នៅ​ក្នុង​សង្គម។

កាលពីពេលថ្មីៗ នេះ អង្គការ​តម្លាភាព​កម្ពុជា (TI) បាន​រក​ឃើញ​ថា យុវជន​ខ្មែរ​តែ ១៧ភាគ​រយ​តែ​ប៉ុណ្ណោះ ចាប់​អារម្មណ៍​លើកិច្ចការ​នយោបាយ ដែល​ភាគ​ច្រើន​ជា​បុរស​ទទួល​បាន​ការ​អប់រំ​ខ្ពស់​នៅ​ទី​ប្រជុំ​ជន និង​មាន​ប្រាក់​ចំណូល​ខ្ពស់​ក្នុង​គ្រួសារ​ថែម​ទៀត។ បញ្ហា​នេះ​ដោយសារ​រដ្ឋាភិបាល​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ការ​បិទ​សិទ្ធិ​ជជែក​រឿង​សង្គម នយោបាយ​នៅ​តាម​សាលារៀន សាកលវិទ្យាល័យ និង​បរិយាកាស​សង្គម​​មិន​បាន​បើក​ឱកាស​ដល់​ពួក​គេ។

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ឃ្លាំមើល​បញ្ជាក់​ថា ច្បាប់​ជាតិ និង​អន្តរជាតិ សុទ្ធតែ​ធានា​ពី​សិទ្ធិ​សេរីភាព​ខាង​នយោបាយ​របស់​ប្រជាពលរដ្ឋ។ ហេតុ​ដូច្នេះ រដ្ឋាភិបាល​ត្រូវតែ​បើក​លំហ​នយោបាយ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ រួម​ទាំង​យុវជន​ផង អាច​ចូលរួម​សកម្មភាព​នយោបាយ សង្គម ដើម្បី​នាំ​មក​នូវ​ការ​អភិវឌ្ឍ និង​គោរព​សិទ្ធិមនុស្ស ស្រប​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។