ចំនួន​អ្នក​ជាវ​ប័ណ្ណ​នាឡិកា​លោក សម រង្ស៊ី កើន​ដល់ ជាង​៣​ម៉ឺន​សន្លឹក​ហើយ

ចំនួន​អ្នក​ជាវ​ប័ណ្ណ​នាឡិកា​លោក សម រង្ស៊ី បាន​កើន​ដល់ ៣ ម៉ឺន​សន្លឹក (៣០.១៤២) ហើយ ក្នុង​រយៈពេល ជិត ១​សប្ដាហ៍​មក​នេះ។

អគ្គលេខាធិការ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស និង​ជា​គណៈកម្មាការ​រៀបចំ​ជាវ​នាឡិកា​របស់​លោក សម រង្ស៊ី គឺ​លោក ជា គឹមលី ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ជិត​មួយ​សប្ដាហ៍​នេះ ពោលគឺ​គិតពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២២ ឧសភា ចំនួន​អ្នក​ជាវ​ប័ណ្ណ​មាន​សន្ទុះ​កើនឡើង​ខ្លាំង​។ លោក​សង្ឃឹម​ថាក្រុម​ការងារ​នឹង​ចាប់ផ្ដើម​រៀបចំ​ជំនួយ​ឲ្យ​បាន​ដល់ដៃ​អ្នក​ត្រូវ​ការ និង​ខ្វះខាត​ពិតប្រាកដ ដែល​កំពុង​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ ឆាប់ៗ​នេះ​៖ «ចំណែក​ឯ ​ជំនួយ​គណៈកម្មាការ​យើង​ កំពុង​តែ ​គិតគូរ ជួយ​ប្រជាពលរដ្ឋ​ទៅ​តាម​តំបន់​ដែល​គាត់​ជាប់​ឃុំឃាំង ហើយ​ខ្វះ​ស្បៀង​អាហារ យើង​កំពុង​តែ​រៀបចំ​កញ្ចប់​ម្ហូប​អាហារ​ទាំង​នោះ​ជួយ​គាត់​បណ្ដើរៗ ក្នុង​អាទិត្យ​ក្រោយ​យើង​នឹង​ ចាប់​ផ្ដើម ព្រោះ​ ឥឡូវ​នេះ ​ខ្ញុំ​កំពុងតែ​ជួយ​ជាមួយ​ហ្នឹង​អ្នក​អាជីវករ​ឲ្យ​គេ​វេច​ខ្ចប់​ជំនួយ​ទាំងអស់នេះ»។

លោក ជា គឹមលី បន្ត​ថាគណបក្ស​សង្គ្រោះជាតិ​បាន​កំណត់​យក​ថ្ងៃទី​៦ខែ​មិថុនាដែល​ជា​ថ្ងៃ​ចុង​ក្រោយ នៃ​ការ​ដាក់​ឲ្យ​ជាវ​ប័ណ្ណ។ អ្នក​ជាវ​ប័ណ្ណ​សម្គាល់​នៅ​លើ​ប័ណ្ណ​រៀងៗ​ខ្លួន ដើម្បី​ផ្ទៀងផ្ទាត់​នៅ​ពេល​លោក​សម រង្ស៊ី ចាប់​យក​ប័ណ្ណ​តែមួយ​សន្លឹក​ប៉ុណ្ណោះក្នុង​ចំណោម​ប័ណ្ណ​ទាំងអស់ ដើម្បី​ប្រគល់​នាឡិកា​ដល់​ម្ចាស់​ប័ណ្ណ​តែ​ម្នាក់​គត់។

លោក សម រង្ស៊ី បាន​ធ្វើ​យុទ្ធនា​ការ​លក់​នាឡិកា​ដែល​មាន​តម្លៃ​ប្រមាណ​ជាង ១០​ដុល្លារ​នេះ ក្រោយ​ពេល​លោក​ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លក់​នាឡិកាដៃ​ទំនើបៗ របស់​លោក​រាប់​សិប​គ្រឿង​ដែល​មាន​តម្លៃ​រហូត​ដល់​រាប់​លាន​ដុល្លារដើម្បី​យក​លុយ​ទាំង​នោះមក​ជួយ​ពលរដ្ឋ​ក្រីក្រ​នៅ​តំបន់​បិទ​ខ្ទប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។