ជំទប់ទី២ឃុំស្រែគរជាប់ឆ្នោត មកពីគណបក្សភ្លើងទៀនខេត្តស្ទឹងត្រែង គឺលោក សៀក មេគង្គ ប្ដេជ្ញាជំរុញឱ្យមានដំណោះស្រាយ រាល់បញ្ហាប្រឈមរបស់ពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទំនប់វារីអគ្គិសនីសេសានក្រោមពីរ។ អតីតមេឃុំស្រែគររូបនេះ សង្កេតឃើញថា អាជ្ញាធរមូលដ្ឋានខេត្តស្ទឹងត្រែង មិនសូវអើពើ ដោះស្រាយក្តីកង្វល់របស់ពលរដ្ឋ ដែលបដិសេធមិនទទួលគោលនយោបាយសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរនោះទេ ស្របពេលដែលគ្មានវត្តមានគណបក្សប្រឆាំងកាលពីអាណត្តិមុន។
ជំទប់ទី២ ឃុំស្រែគរជាប់ឆ្នោត មកពីគណបក្សភ្លើងទៀន ស្រុកសេសាន ប្រកាសជំហរថា នឹងប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចឱ្យត្រឹមត្រូវក្នុងនាមជាអាជ្ញាធរបម្រើពលរដ្ឋ ដោយមិនប្រកាន់បក្ខពួកនិយម និងមិនប្រព្រឹត្តអំពើពុករលួយ។
ជំទប់ទី២ ឃុំស្រែគរ ជាប់ឆ្នោតគណបក្សភ្លើងទៀន លោក សៀក មេគង្គ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៤ មិថុនាថា នៅឃុំរបស់លោករស់នៅមានបញ្ហាប្រឈមមួយចំនួន ដែលអាជ្ញាធរមូលដ្ឋានខេត្តនេះ មិនអើពើដោះស្រាយទាល់តែសោះជាច្រើនឆ្នាំមកហើយ។ លោកបន្តថា ពលរដ្ឋប្រមាណ ៥០គ្រួសារ បូករួមទាំងពលរដ្ឋបំបែកគ្រួសារ ដែលបដិសេធមិនទទួលយកគោលនយោបាយសំណងពីក្រុមហ៊ុន នៅតែរង់ចាំដំណោះស្រាយពីអាជ្ញាធរជាង ៤ឆ្នាំមកហើយ ស្របពេលដែលផ្ទះសម្បែង និងភូមិកំណើត របស់ពួកគាត់បានក្លាយជាផ្ទៃអាង នៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
លោកបន្ថែមថា ក្រុមពលរដ្ឋទាំងនោះ កំពុងរស់នៅលើទីទួលសុវត្ថិភាព ដែលពួកគាត់បានបង្កើតភូមិថ្មីដោយខ្លួនឯង បន្ទាប់ពីក្រុមហ៊ុនបានបិទទ្វារទឹកពន្លិចផ្ទះសម្បែង និងភូមិកំណើតរបស់ពួកគាត់កាលពីចុងឆ្នាំ២០១៧៖ «ករណីសំណងនៅភូមិស្រែគរចាស់មិនទាន់បាន ការធ្វើប័ណ្ណសមធម៌ក្តីមានការរើសអើង អាហ្នឹងយើងឱ្យកែឡើងវិញទាំងអស់ អត់មានបក្ខពួកនិយមបានហើយ។ យើងប្ដេជ្ញាចិត្តថា នឹងធ្វើអស់លទ្ធភាព ព្រោះកៅអីពលរដ្ឋតែងតាំងឱ្យយើង»។
លោក សៀក មេគង្គ បន្ថែមថា ក្រុមពលរដ្ឋទាំងនោះ តែងតែទាមទារសំណងថ្លៃខូចខាតផ្ទះសម្បែង និងស្រែចម្ការរបស់ពួកគាត់ ប៉ុន្តែក្រុមហ៊ុន និងអាជ្ញាធរខេត្តនេះ នៅមិនទាន់ដោះស្រាយឱ្យជ្រះស្រឡះនៅឡើយទេ។ លោកថា ក្រុមហ៊ុន និងអាជ្ញាធរ នៅតែបង្ខំឱ្យពលរដ្ឋទាំងនោះឯកភាពទទួលយកគោលនយោបាយសំណង ដែលពួកគាត់មិនពេញចិត្ត។ លោកថា តួនាទីជាជំទប់ទី២ បើទោះបីជាពុំសូវមានឥទ្ធិពលក្តី តែលោកនឹងរកមធ្យោបាយ ជំរុញឱ្យអាជ្ញាធរដោះស្រាយបញ្ហាប្រឈមទាំងនេះជូនពលរដ្ឋឱ្យបានឆាប់ ដើម្បីសម្រាលទុក្ខលំបាករបស់ពលរដ្ឋ។
ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង មានគណបក្សនយោបាយ ៣ ចូលរួមប្រកួតប្រជែងការបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន និងគណបក្សហ៊្វុនស៊ិនប៉ិច។ លទ្ធផលបណ្ដោះអាសន្នរបស់គ.ជ.ប បន្ទាប់ពីរាប់សន្លឹកឆ្នោតបង្ហាញថា គណបក្សភ្លើងទៀនទទួលបានសំឡេង ៤៥៩សំឡេង ហើយគណបក្សប្រជាជនកម្ពុជាទទួលបាន ៩៧៤សំឡេង ក្នុងចំណោម ៥អាសនៈ។
លោក សៀក មេគង្គ ធ្លាប់ជាប់ឆ្នោតជាមេឃុំ ២អាណត្តិជាប់ៗ គ្នា គឺក្នុងអាណត្តិទី៣ និងអាណត្តិទី៤ មកពីគណបក្សប្រឆាំង។ ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិ នៅឆ្នាំ២០១៧ លោកក៏ត្រូវបានរដ្ឋាភិបាល លោក ហ៊ុន សែន ដកចេញពីតំណែងជាមេឃុំ។
លោក សៀក មេគង្គ ចង់ឃើញអាជ្ញាធរគ្រប់ជាន់ថ្នាក់ បម្រើពលរដ្ឋដោយស្មោះត្រង់ ដោយមិនប្រកាន់និន្នាការនយោបាយ បក្ខពួកនិយម និងមិនប្រព្រឹត្តអំពើពុករលួយ ទើបការអភិវឌ្ឍរីកចម្រើនលឿន។
ឆ្លើយតបរឿងនេះ មេឃុំស្រែគរ មកពីគណបក្សប្រជាជនកម្ពុជា លោក ហ្វឿន ជឿន បដិសេធមិនផ្តល់បទសម្ភាសដល់វិទ្យុអាស៊ីសេរីទេ ដោយលោកថា កំពុងជាប់រវល់។
ចំណែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន វិញ លោកប្រាប់វិទ្យុអាស៊ីសេរីថា សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មានចម្រុះគណបក្សនយោបាយ ឆ្លុះបញ្ចាំងថា កម្ពុជាបានអនុវត្តត្រឹមត្រូវតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ លោកបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ចម្រុះគណបក្ស ត្រូវតែរួមគ្នាធ្វើកិច្ចការ ស្របតាមច្បាប់ស្ដីពីរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការពិនិត្យ និងតាមពីក្រសួងមហាផ្ទៃ៖ «កន្លងទៅគណបក្សប្រជាជនធ្វើតែម្នាក់ឯង ក៏អភិវឌ្ឍន៍ភូមិ / ឃុំបានដែរ វាអត់មានអីទាក់ទងនឹង សមាសភាពបក្សប្រឆាំងផងហ្នឹង។ អានេះយើងគោរពឆន្ទៈពលរដ្ឋឱ្យបោះឆ្នោតសមាសភាពចម្រុះ គណបក្សត្រូវរួមគ្នាធ្វើការ»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន់នី យល់ថា សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មានចម្រុះគណបក្សនយោបាយ អាចនឹងកាត់បន្ថយអំពើពុករលួយ និងភាពមិនប្រក្រតីនៅមូលដ្ឋានបានច្រើន។ លោករំពឹងថា លោក សៀក មេគង្គ អាចនឹងរកមធ្យោបាយជំរុញឱ្យមានដំណោះស្រាយរាល់បញ្ហាប្រឈមរបស់ពលរដ្ឋបានល្អ ប្រសើរជាង សមាជិកក្រុមប្រឹក្សាឃុំបក្សតែមួយ៖ «បេក្ខជនគណបក្សភ្លើងទៀន ជាឱកាសរបស់យើង បម្រើពលរដ្ឋក្នុងឃុំហ្នឹងយើងត្រូវតែ ធ្វើយ៉ាងណាបង្ហាញស្នាដៃឱ្យពលរដ្ឋបានឃើញ គោលនយោបាយ និង ឆន្ទៈរបស់យើង ក្នុងការចូលរួមដោះស្រាយបញ្ហាពលរដ្ឋភូមិឃុំ»។
ឃុំស្រែគរ មានពីរភូមិ គឺភូមិស្រែគរ១ និងភូមិស្រែគរ២ និងមានប្រជាជនរស់នៅជាង ២ពាន់ ៥០០នាក់ស្មើនឹងជិត ១ពាន់គ្រួសារ។ ឃុំនេះឋិតក្នុងផ្ទៃអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ ហើយត្រូវបានជម្លៀសប្ដូរមកទីតាំងថ្មី ឆ្ងាយពីភូមិចាស់ជាង ១០គីឡូម៉ែត្រ នៅគ្រាដែលមានវត្តមានក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីការចុះសិក្សា និងសាងសង់ទំនប់ កាលពីឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។