ជំទប់​ទី​២​បក្ស​ភ្លើងទៀន​ខេត្ត​បាត់ដំបង​ចោទ​មេឃុំ​បក្ស​កាន់អំណាច​ថា រើសអើង​និន្នាការ​នយោបាយ

ក្រុមប្រឹក្សា​ឃុំ​មួយ​ចំនួន នៅ​ខេត្ត​បាត់ដំបង មក​ពី​គណបក្ស​ភ្លើងទៀន​ចោទ​មន្ត្រីឃុំ​មក​ពី​គណបក្ស​ប្រជាជន​ថា បាន​រារាំង​ពួកគេ មិន​ឱ្យ​ចូលរួម​អភិវឌ្ឍន៍​ឃុំ និង​ចុះ​ជួប​ប្រជាពលរដ្ឋ​ឡើយ ។ ពួកគេ​ចាត់ទុក​ករណី​នេះ គឺជា​ការរើសអើង​និន្នាការ​នយោបាយ និង​ផ្ទុយ​ពី​ច្បាប់​។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ស្ថាប័ន​ពាក់ព័ន្ធ ត្រូវធ្វើ​ការ​ត្រួត​ពិនិត្យ និង​បែងចែក​ការងារ​ដោយ​តម្លាភាព ដើម្បី​ឱ្យ​មានការ​អភិវឌ្ឍ​​នៅ​មូលដ្ឋាន។

ក្រុមប្រឹក្សា​ឃុំ​លើកឡើង​ថា ពលរដ្ឋ​បោះឆ្នោត​ឱ្យ​ពួកគេ​ធ្វើជា​តំណាង​ស្របច្បាប់​ដើម្បី​អភិវឌ្ឍ​ក្នុង​ឃុំ​សង្កាត់ លើកកម្ពស់​ជីវភាព​រស់​នៅ និង​ដោះស្រាយ​ទុក្ខ​កង្វល់​ប្រជា​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។ ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេ​មួយចំនួន​បាន​ខកខាន​មិន​បាន​បំពេញ​តួនាទី ដោយសារ​មន្ត្រី​ថ្នាក់​ឃុំ​រហូត​ដល់​ខេត្ត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ស្កាត់​ពួកគេ​មិន​ឲ្យ​ធ្វើ​ការងារ​នៅ​តាម​ឃុំ​សង្កាត់។

ជំទប់​ទី​២ ឃុំ​កំរៀង ស្រុក​កំរៀង លោក យ៉ុង សុជា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា ថា​ការងារ​នៅ​ក្នុង​ឃុំ ត្រូវ​បាន​មន្ត្រី​គណបក្ស​កាន់អំណាច រឹតត្បិត ដោយសារ​មិន​ផ្ដល់​ការងារ​ដល់​ជំទប់​ទី​២​ទទួលបន្ទុក​ធ្វើ។ លោក​បន្ត​ថា ការ​ដែល​មន្ត្រី​ក្រុមប្រឹក្សាឃុំ​មក​ពី​គណបក្ស​កាន់អំណាច មិន​បាន​អនុវត្ត​តួនាទី​ការងារ​តាមច្បាប់​កំណត់​គឺជា​ការរើសអើង​និន្នាការ​នយោបាយ ។ ។ លោក​ឱ្យ​ដឹង​ថា ការងារ​របស់​លោក ត្រូវ​មេឃុំ និង​ស្មៀន​ផ្ដល់​ឱ្យទៅ​ជំនួយ​ការ​ឃុំ​ធ្វើការ​ជំនួស​ទៅវិញ​។ លោក យ៉ុង សុជា បញ្ជាក់​ថា លោក​ធ្លាប់​លើកឡើង​បញ្ហា​នេះ ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាឃុំ​ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​ការ​អនុវត្ត​ការងារ​នៅ​ដដែល៖ «ទាក់ទង​ទៅ​នឹង​ការងារ ដែល​ការងារ​ជំទប់​ទទួល​បាន ដូចជា​សង្គមកិច្ច សេវា​សាធារណៈ​អីហ្នឹង គឺ​មាន​អ្នក​ផ្សេង​ធ្វើ​ទៅវិញ ដូចជា​ជំនួយ​ការ​ឃុំ​បង។ ខ្ញុំ​យល់​ឃើញ​ថា វា​មិន​ត្រូវ​ទៅ​នឹង​នីតិវិធី​ច្បាប់ អានេះ​ចូល​គេ​ហៅថា ទាក់ទង​នៅ​នឹង​ការ​មិន​ផ្ដល់​តម្លៃ​តួនាទី​ការងារ ទៅ​និង​អ្វី​ដែល​ច្បាប់​បាន​ចែង​។ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គិត​ឃើញថា វា​មិន​សម ដូច​ថា​គេ​ការ​យល់​ដឹង បិទ​ព័ត៌មាន ដែល​យើង​ត្រូវ​ដឹង​មិន​ឱ្យ​ដឹង គេ​លើក​ដំ​កើន​បក្សពួកនិយម​តែ​របស់​គេ»។

ស្រដៀង​គ្នា​ដែរ ជំទប់​ទី​២​ឃុំ​បឹងរាំង​ស្រុក​កំរៀង អ្នកស្រី ផាន សុផាត ថ្លែង​ថា ការងារ​ក្នុង​ឃុំ​កន្លង​មក មន្ត្រីឃុំ និង​ស្មៀន មិនសូវ​ផ្ដល់​តម្លៃ​ឱ្យ​ជំទប់​មកពី​គណបក្ស​ភ្លើងទៀន​ឡើយ​។ អ្នកស្រី​បន្ត​ថា មន្ត្រី​ជាប់ឆ្នោត ត្រូវ​រួបរួម​គ្នា ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់ ដែល​ជា​បញ្ហា​ប្រឈម​ចំពោះមុខ។

អ្នកស្រី​បន្ថែម​ថា តាំងពី​ចូលកាន់​ដំណែង​មក អ្នកស្រី មិនដែល​ទទួល​បាន​ការ​ចាត់តាំង​ចុះ​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​គ្រប់គ្រាន់​ដោយ​តម្លាភាព​ឡើយ​។ អ្នកស្រី​យល់​ថា ទង្វើ​របស់​មេឃុំ​មកពី​គណបក្ស​ប្រជាជន​ទំនង​ភ័យខ្លាច​ទទួល​បាន​ប្រជាប្រិយភាព​ពី​ពលរដ្ឋ​ទើប​ពួកគេ​ទប់ស្កាត់ និង​បំបិទ​អ្នកស្រី​ក្នុង​ការ​បំពេញការងារ​ក្នុង​ឃុំ៖ «គេ​និយាយ​ដូច​ថា​អត់​សូវ​ការ​ពេញចិត្ត​មក​លើ​យើង​អ៊ីចឹង​ហាស តែបើ​សិន​និយាយ​រឿង​តួនាទី រឿង​ការងារ​វិញ គាត់​ប្រគល់​តួនាទី​អោយ​យើង ប៉ុន្តែ​រឿង​ការអភិវឌ្ឍន៍​គាត់​មិន​ឱ្យ​យើង​ចុះ​អភិវឌ្ឍន៍​ទេ គ្រាន់តែ​ថា​បាន​ទទួល​ត្រឹមតែ​មុខ​ដំណែង សកម្មភាព​វា​អត់​មាន​អ៊ីចឹង​ទៅណា។ អត់​មាន​ទេ​និយាយ​រួម​ទៅ​សកម្មភាព​ហ្នឹង គឺ​បិទ​សូន្យ អត់​ឱ្យ​យើង​ចុះ​ទេ​។ បើ​ថា​យើង​ចង់​ចុះ លុះត្រាតែ​យើង​មាន​កញ្ចប់​ថវិកា​ខ្លួនឯង ចុះទៅ​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ អាហ្នឹង​យើង​ចុះទៅ អាហ្នឹង​គឺជា​ថ្ងៃ​សៅរ៍​អាទិត្យ​ដែល​ជា​កញ្ចប់​ថវិកា​សប្បុរស​ជន ឬមួយ​របស់​ខ្លួនឯង​ផ្ទាល់​អ៊ីចឹង​ហាស។ ចាស​ ! តែបើ​ថា​ខាង​ឃុំ​អោយ​យើង​ចុះទៅ​ជួប​ប្រជាពលរដ្ឋ និយាយ​រួម​ទៅ​តាំងពី​ខ្ញុំ​ចូលកាន់​ដំណែង​មក សូម្បី​តែម្ដង គឺ​អត់​មាន​ទេ»។

មន្ត្រី​ក្រុម​ប្រឹក្សាឃុំ​របស់​គណបក្ស​ភ្លើងទៀន​លើកឡើង​ថា ការ​រឹតត្បិត​ពី​សំណាក់​មន្ត្រីឃុំ សង្កាត់ មកពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ស្ទះ​ការ​អភិវឌ្ឍ​ឃុំ​សង្កាត់ និង​ដែល​ធ្វើឱ្យ​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដើរ​ថយ​ក្រោយ។

ជុំវិញ​រឿង​នេះ មេឃុំ​កំរៀង ស្រុក​កំរៀង លោក រឿង ប៉ុន មកពី​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​មិន​បាន​រើសអើង​មន្ត្រី​មកពី​គណបក្ស​ផ្សេង​នោះ​ទេ។ លោក​អះអាង​ថា មន្ត្រី​មកពី​គណបក្ស​ភ្លើងទៀន​ចូល​ធ្វើ​ការងារ ទើប​លោក​បារម្ភ​ថា ពួកគេ​មិនទាន់​ច្បាស់​ការងារ​នៅ​ក្នុង​ឃុំ​។ លោក រឿង ប៉ុន បញ្ជាក់​ថា នៅ​តាម​ឃុំ​នីមួយៗ​មាន​បទ​បញ្ជា​ផ្ទៃក្នុង ហើយ​ជំទប់​ឃុំ និង​សមាជិក​ក្រុមប្រឹក្សា​អាច​លើកឡើង ប្រសិន​ជា​មាន​បញ្ហា​កើតឡើង​នោះ៖ «អាហ្នឹង​វា​អត់​បញ្ហា​អ្វី​ទេ រឿង​កន្លែង​ខ្ញុំ​ហ្នឹង ខ្ញុំ​បើក​សិទ្ធិ​ទូលាយ ធ្វើ​ផ្នែក​ការងារ​ហ្នឹង​ហាស។ ម្យ៉ាង​សិទ្ធិ​គាត់​វា​ត្រូវធ្វើ​អ្វីៗ គឺ​មាន ប៉ុន្តែ​គ្រាន់តែ​ថា កិច្ច​ការងារ​នេះ ដើម្បី​បង្រៀន ដើម្បី​ឱ្យ​គាត់​យល់ គាត់​ចូល​ថ្មី ជួនកាល​គាត់​មិនទាន់​ស្ទាត់​អ៊ីចឹង​ណា​។ ចៀសវាង​រឿង​កំហុស រឿង​អ្វី​អ៊ីចឹង ដើម្បី​ឱ្យ​គាត់​ពិនិត្យមើល​សិន ទាក់ទង​ទៅ​ថា​កិច្ច​ការងារ​ជំពូក​ទី​២​ហ្នឹង ត្រូវការ​ធ្វើ​អ្វីៗ​អ៊ីចឹង ប៉ុន្តែ​គ្រាន់តែ​ថា គាត់​ចង់​ដណ្ដើម​ការងារ​ហ្នឹង​ធ្វើ ប៉ុន្តែ​រឿង​ការងារ​ហ្នឹង​គង់តែ​ធ្វើ​ទេ រឿង​ហៀរ​ពេញដៃ​នោះ»។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី យល់​ថា មន្ត្រី​ជាប់ឆ្នោត​នៅ​តាម​ឃុំ​សង្កាត់ ត្រូវ​រួបរួម​គ្នា​អនុវត្ត​ការងារ​ដែល​ច្បាប់​បាន​កំណត់ និង​ទទួលខុសត្រូវ​ដោយ​មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ទេ​។ លោក​បន្ត​ថា ការដែល​មេឃុំ​មិនបាន​បែងចែក​ភារកិច្ច​គឺជា​ការរំលោភ​អំណាច ហើយ​មន្ត្រី​គណបក្ស​ភ្លើងទៀន​អាច​​មាន​សិទ្ធិ​ប្ដឹង​ករណី​ទាំងនោះ​ទៅកាន់​ក្រសួង​មហាផ្ទៃ ដើម្បី​ឱ្យ​មាន​ចំណាត់ការ​តាម​ច្បាប់៖ «បើ​តាម​ខ្ញុំ​យល់​គាត់​ប្រហែល​បារម្ភ មិន​ឱ្យ​គណបក្សប្រឆាំង​ហ្នឹង​ចូលរួម ឬ​គ្រាន់តែ​ប្រគល់​តួនាទី គាត់​មិន​ប្រគល់​ការងារ គាត់​បារម្ភ​ពី​ប្រជាប្រិយភាព​ក្នុង​ឆ្នាំ ២០២៣ ប្រហែលជា​ខ្លាច​ប្រជាប្រិយភាព​ហ្នឹង​ជាង ប៉ុន្តែ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ គឺ​យើង​អត់​អាច​ធ្វើ​អ៊ីចឹង​បាន​ទេ​បាទ។ អ៊ីចឹង​ខេត្ត ឬ​ស្រុក​ត្រូវ​មាន​វិធានការ​ចំពោះ​បញ្ហា​នេះ​ជាបន្ទាន់ ដើម្បី​កុំ​ឱ្យ​មាន​ការ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​ឃុំ​សង្កាត់»។

កន្លងមក ក្រោយពី​ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ថ្ងៃទី​៥ ខែ​មិថុនា​មន្ត្រីឃុំ​មកពី​គណបក្ស​ភ្លើងទៀន តែងតែ​លើក​ឡើងជា​បន្តបន្ទាប់​អំពី​បញ្ហា​មេឃុំ និង​ស្មៀន​រើសអើង​និន្នាការ​នយោបាយ ដោយ​រំលោភ​លើ​ឋានានុក្រម និង​ការបែងចែក​ការងារ​តាមច្បាប់​កំណត់​។ គណបក្ស​ភ្លើងទៀន​អះអាង​ថា ក្រុមប្រឹក្សាឃុំ សង្កាត់​របស់​ពួកគេ​បាន​រង​ការរើសអើង​ផ្នែក​នយោបាយ​ជា​បន្តបន្ទាប់។

សង្គម​ស៊ីវិល​ទទូច​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ពិនិត្យ និង​បែងចែក​ការងារ​ដោយ​តម្លាភាព ដើម្បី​ឱ្យ​ពលរដ្ឋ​ទទួល​បាន​នូវ​ការ​យកចិត្តទុកដាក់ និង​មាន​ទំនុកចិត្ត​ក្នុង​ការ​ទទួល​សេវា​រដ្ឋបាល​នៅ​តាម​ឃុំ​សង្កាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។