សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ ទៅដល់ដៃព្រឹទ្ធសភា
2024.12.03
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាសម្រេចបញ្ជូនសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៥ ដែលរដ្ឋសភាទើបអនុម័តទៅឱ្យគណៈកម្មការទី២ ព្រឹទ្ធសភាដើម្បីពិនិត្យ និងសិក្សា។ ទោះយ៉ាងណា អ្នកឃ្លាំមើលគ្មានរំពឹងថា ព្រឹទ្ធសភានឹងពិនិត្យឱ្យល្អិតល្អន់ឡើយ ហើយស្ថាប័នដែលគ្រប់គ្រងដោយបក្សកាន់អំណាចមួយនេះ នឹងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ
តាមសំណើរបស់រដ្ឋាភិបាលដែលនឹងខ្ចីបុលលុយបរទេស ជាង ២ពាន់លានដុល្លារ ដូចរដ្ឋសភាបានអនុម័តរួចហើយដែរ។
ពលរដ្ឋនិងអ្នកឃ្លាំមើលសង្គមគ្មានជំនឿថា រដ្ឋាភិបាលត្រកូល ហ៊ុន ប្រើប្រាស់ថវិកាជាតិត្រឹមត្រូវឡើយ។ ពួកគាត់រិះគន់ថា ពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋាភិបាល តែងតែចាយលុយជាតិខ្ជះខ្ជាយ គ្មានតម្លាភាព និងពោរពេញដោយពុករលួយ។
ពលករ និងជាជនភៀសខ្លួននៅប្រទេសថៃ លោក ជាតិ ខេមរា យល់ថា រដ្ឋាភិបាល មិនបានគិតគូរពីសុខទុក្ខពលករខ្មែរធ្វើការនៅប្រទេសថៃ ប៉ុន្តែ រដ្ឋាភិបាលត្រកូល ហ៊ុន បែរជាយកលុយជាតិ មកចាប់ខ្លួនពលករ និងជនភៀសខ្លួនខ្មែរនៅប្រទេសថៃ យកទៅដាក់គុកនៅប្រទេសកម្ពុជា ជាបន្តបន្ទាប់។ លោកបន្តទៀតថា ថវិកាជាតិគឺបានពីពលរដ្ឋ ដូច្នេះ មិនគួរណារដ្ឋាភិបាលយកលុយនេះមកចាយវាយដើម្បី ធ្វើបាបពលរដ្ឋឡើយ។ ពលកររូបនេះ ចង់ឃើញរដ្ឋាភិបាល យកលុយជាតិទៅអភិវឌ្ឍន៍ប្រទេស រកទីផ្សារការងារពលរដ្ឋ ទីផ្សារកសិផល និងលើកកម្ពស់វិស័យអប់រំ ជាដើម។
ពលរដ្ឋលើកឡើងដូច្នេះ ក្រោយពេលព្រឹទ្ធសភាដែលគ្រប់គ្រងដោយឪពុកនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន សែន យល់ព្រមទទួលយកសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៥ មកពិនិត្យដើម្បីអនុម័តបន្តមុននឹងព្រះមហាក្សត្រប្រកាសឱ្យប្រើជាច្បាប់ផ្លូវការ។ សេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា ថ្ងៃទី២ ខែធ្នូឱ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្រេចបញ្ជូនសេចក្ដីព្រាងច្បាប់ នេះ ទៅគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារនៃ ដើម្បីពិនិត្យ និងសិក្សា មុនពេលព្រឹទ្ធសភាបើកសម័យប្រជុំអនុម័ត។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេបានទេនៅថ្ងៃទី២ ខែ ធ្នូ។ ទោះយ៉ាងណា កាលពី២៧ ខែវិច្ឆិកា រដ្ឋសភាបានចេញសេចក្ដីប្រកាសព័ត៌មានថា សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្នុងពេលរដ្ឋាភិបាលអនុវត្តយ៉ាងសស្រាក់សស្រាំ ជាមួយការប្ដេជ្ញាចិត្ត ឥតរាថយ ឆ្លើយតបក្ដីប្រាថ្នា ប្រជាជនសំដីពន្លឿនកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងការកែទម្រង់កាន់តែស៊ីជម្រៅ និងទូលំទូលាយគ្រប់វិស័យ។ រដ្ឋសភាលើកឡើងដូច្នេះក្រោយពេលរដ្ឋសភា អនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៥។
ឆ្នាំ២០២៥ខាងមុខនេះរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គ្រោងចំណាយថវិកាជាតិជាង៩ពាន់លានដុល្លារ ក្នុងនោះរដ្ឋាភិបាលគ្រោងខ្ចីលុយបរទេស២ពាន់លានដុល្លារ។ រដ្ឋាភិបាលរំពឹងថា ខ្លួនអាចរកចំណូលបានវិញជាង៧ពាន់លានដុល្លារ។ ជាងនេះទៀត រដ្ឋាភិបាលបានចាក់បញ្ចូលលុយប្រមាណ១ពាន់លានដុល្លារតាមរយៈការបោះពុម្ពក្រដាសប្រាក់២សែនរៀលចំនួន២០លានសន្លឹកទៅក្នុងសេដ្ឋកិច្ចជាតិ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត រិះគន់ថា រដ្ឋាភិបាលត្រកូល ហ៊ុន ជារដ្ឋាភិបាលកញ្ជើធ្លុះព្រោះបានចាយលុយជាតិខ្ជះខ្ជាយដើម្បីការពារអំណាចរបស់ក្រុមគ្រួសារខ្លួន។ លោកកត់សម្គាល់ថា រដ្ឋាភិបាលបានចំណាយលុយលើសលប់លើប្រាក់ខែមន្ត្រីផ្នែកនយោបាយ បូករួមទាំងការចំណាយលុយឱ្យក្រុមមន្ត្រីបក្សប្រឆាំងដែលចុះចូលជាមួយខ្លួន។ លោកបន្តថា ថវិកាជាតិមួយចំនួនទៀតបានបាត់បង់ព្រោះអំពើពុករលួយ បក្ខពួកនិយម ឬគ្រួសារនិយមជាដើម។
អ្នកឃ្លាំមើលថា អវត្តមានគណបក្សប្រឆាំងនៅរដ្ឋសភាជាង ១០ឆ្នាំមក រដ្ឋាភិបាលត្រកូលហ៊ុន ប្រើប្រាស់ថវិកាមិនចំគោលដៅឡើយ ចំណែកបំណុលបរទេសកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយអ្វីដែលកាន់តែគួរឱ្យបារម្ភទៅទៀតនោះ ម្ចាស់បំណុលធំរបស់កម្ពុជា គឺប្រទេសចិនដែលបំណុលចិនមានអត្រាការប្រាក់ខ្ពស់បើធៀបនឹងប្រាក់កម្ចីធនាគារពិភពលោក ឬប្រាក់កម្ចីរបស់ប្រទេសលោកសេរី។
ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទី២ក្នុងឆ្នាំ២០២៤ កម្ពុជាបានជំពាក់បំណុលបរទេសប្រមាណ ជាង ១១ពាន់លានដុល្លារ (១១.១៥៧,៤៨ លានដុល្លារ) ក្នុងនោះចិនគឺជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជាដែលគិតជាទំហំទឹកប្រាក់គឺមានប្រមាណ៤ពាន់លានដុល្លារឬស្មើនឹង៤០ភាគរយនៃបំណុលសរុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។