បងស្រីរបស់សកម្មជននយោបាយថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalerm Satsaksit) ដែលត្រូវបានគេចាប់ពង្រត់នៅទីក្រុងភ្នំពេញ គ្រោងចូលខ្លួនបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរ នៅថ្ងៃទី៨ខែធ្នូ សប្ដាហ៍ក្រោយ។
ក្នុងពិធីតាមបែបព្រះពុទ្ធសាសនា ក្នុងគំរប់ខួប ៦ខែគត់ នៃការបាត់ខ្លួនប្អូនប្រុស នៅថ្ងៃទី៤ ធ្នូ អ្នកស្រី ស៊ីតាណាន់ សាតស័ក្តិសិទ្ធិ (Sitanun Satsaksit) អំពាវនាវដល់អាជ្ញាធរកម្ពុជា និងថៃ សុំឲ្យសហការគ្នាស្វែងរកជនល្មើស ដែលបានចាប់ពង្រត់ប្អូនប្រុសរបស់ខ្លួន ខណៈកំពុងដើរតាមផ្លូវទិញម្ហូបអាហារនៅមុខអគារលោកស្នាក់នៅ កាលពីថ្ងៃទី៤ ខែមិថុនា។
ថ្លែងនៅចំពោះមុខក្រុមអ្នកកាសែត តាមរយៈមេធាវី និងជាអ្នកបកប្រែភាសាអង់គ្លេស អ្នកស្រី ស៊ីតាណាន់ សាតស័ក្ដិសិទ្ធិ អះអាងថា អ្នកស្រីនឹងដាក់ភស្តុតាងជាច្រើន រួមមានទាំងរូបថត និងវីដេអូ នៅពេលចូលខ្លួនបំភ្លឺនៅតុលាការនៅថ្ងៃទី៨ ខែធ្នូ បន្ទាប់ពីមានភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ អាយុ ៣៧ឆ្នាំ ពិតជារស់នៅក្នុងអគារខនដូ (Condo) នៅទីក្រុងភ្នំពេញមែន និងត្រូវបានជនមិនស្គាល់មុខមួយក្រុម បានចាប់ពង្រត់លោកដាក់បញ្ចូលក្នុងរថយន្ត ខណៈលោកកំពុងនិយាយតាមទូរស័ព្ទ៖ « យើងមានភស្តុតាងបញ្ជាក់ថា ប្អូនប្រុសខ្ញុំនៅទីក្រុងភ្នំពេញ និងត្រូវបានគេចាប់ពង្រត់នៅភ្នំពេញ។ ប៉ុន្តែយើងគ្មានភស្តុតាងថា តើលោក វ៉ាន់ឆាឡឺម នៅទីណាទេពេលនេះ ក្រោយពីបានបាត់ខ្លួន។ យើងក៏បានជួបជជែកជាមួយមិត្តភ័ក្ដិប្អូនប្រុសខ្ញុំ និងអាចបញ្ជាក់បានថា វ៉ាន់ឆាឡឺម ពិតជាបានរស់នៅក្នុងអគារនេះមែន ហើយត្រូវបានចាប់ពង្រត់យកទៅ នៅមុខអគារនេះ។ នេះជាអ្វីដែលយើងអាចនិយាយបាននៅថ្ងៃនេះ »។
អ្នកស្រី ស៊ីតាណាន់ សាតស័ក្ដិសិទ្ធិ ឲ្យដឹងដែរថា ក្រុមគ្រួសារ និងមេធាវីថៃសង្ឃឹមថា អាជ្ញាធរកម្ពុជានឹងពន្លឿនការស៊ើបអង្កេតករណីបាត់ខ្លួនប្អូនប្រុសឲ្យបានឆាប់ៗ។
អាស៊ីសេរីព្យាយាមទាក់ទងអ្នកនាំពាក្យស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ដើម្បីសុំការបំភ្លឺជុំវិញព័ត៌មានចុងក្រោយនេះ ប៉ុន្តែទូរស័ព្ទហៅចូលជាច្រើនដង គ្មានអ្នកទទួល។ ក៏ប៉ុន្តែលោក ធ្លាប់លើកឡើងថា ប៉ូលិសកម្ពុជាកំពុងស៊ើបអង្កេតករណីបាត់ខ្លួនសកម្មជនអាវក្រហមថៃរូបនេះ ប៉ុន្តែមកទល់ពេលនេះគ្មានតម្រុយ ឬព័ត៌មានអ្វីឡើយ។
ស្ថានទូតថៃប្រចាំនៅកម្ពុជា ចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៤ ធ្នូថា មន្ត្រីស្ថានទូតកំពុងតាមដានករណីនេះ ប៉ុន្តែមិនអាចផ្តល់ការអត្ថាធិប្បាយជាក់លាក់នៅពេលនេះបានទេ ដោយសារករណីនេះកំពុងស្ថិតក្នុងនីតិវិធីច្បាប់។ ស្ថានទូតនឹងសហការជាមួយអាជ្ញាធរកម្ពុជា ហើយនឹងបន្តផ្តល់ជំនួយដល់ក្រុមគ្រួសាររបស់លោក វ៉ាន់ឆាឡឺម (Wanchalearm)។
លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ បានរត់គេចចេញពីប្រទេសថៃ បន្ទាប់ពីរដ្ឋប្រហារយោធា ឆ្នាំ ២០១៤ និងបានរស់នៅនិរទេសខ្លួនក្នុងប្រទេសកម្ពុជា ហើយលោកនៅតែបន្តរិះគន់រដ្ឋាភិបាលថៃនៅលើទំព័របណ្ដាញសង្គមរបស់លោក។ យ៉ាងហោចណាស់សកម្មជនថៃ ចំនួន ៨នាក់ផ្សេងទៀត ដែលបានភៀសខ្លួនចេញពីប្រទេសថៃ បន្ទាប់ពីមានរដ្ឋប្រហារយោធាឆ្នាំ២០១៤ បានបាត់ខ្លួននៅប្រទេសឡាវ កម្ពុជា និងវៀតណាម ដោយអ្នកខ្លះ ត្រូវបានរកឃើញថាស្លាប់។ អាជ្ញាធរថៃបដិសេធថា ពួកគេមិនមានជាប់ពាក់ព័ន្ធទៅនឹងការបាត់ខ្លួនសកម្មជននយោបាយទាំងនោះទេ។
ករណីបាត់ខ្លួនសកម្មជននយោបាយថៃនៅកម្ពុជានេះ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ព្រមទាំងស្ថាប័នជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែធ្វើការស៊ើបអង្កេតដោយម៉ត់ចត់ និងឥតលម្អៀង ហើយរដ្ឋាភិបាលកម្ពុជា ត្រូវផ្តល់ព័ត៌មានលំអិត ឬការវិវត្តនៃការស៊ើបអង្កេតនោះ ដើម្បីធានាថា លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ នៅកន្លែងណា និងបង្ហាញថា សមត្ថកិច្ចកំពុងស៊ើបអង្កេត និងស្វែងរកជនល្មើស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។