យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ទី៦ របស់​គណបក្ស​នយោបាយ​នានា

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្នុង​ថ្ងៃ​ទី៦ ឧសភា ថ្នាក់​ដឹកនាំ​នៃគណបក្ស​ភ្លើង​ទៀន បន្ត​សកម្មភាព​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី នៅ​ថ្ងៃ​ទី២៥ និង ២៦ ឧសភា។ រីឯ​គណបក្ស​កាន់​អំណាច​វិញ នៅតែ​បន្ត​បញ្ជូន​សកម្មជន​របស់​ខ្លួន​ចុះ​ចួប​ពលរដ្ឋ​តាមផ្ទះ ​ដោយ​ពន្យល់​ប្រាប់​ពួកគាត់ ​ពី​កម្ម​វិធីនយោបាយ​ និង​សមិទ្ធផល​នានា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច ​លោក ​សុខ ឥសាន ​ប្រាប់​វិទ្យុអាស៊ីសេរីនៅ​ថ្ងៃ​ទី ​២៦​ ឧសភា​ថា​ មកទល់​ពេល​នេះ ​សកម្មជន​ និង​គណៈកម្មការឃុំ/​សង្កាត់​នី​មួយៗ ​នៅ​ទូទាំង​ប្រទេស ​កំពុងធ្វើ​សកម្មភាពចុះ​ចួប ​និង​សួរសុខទុក្ខ​ ពលរដ្ឋ ​នៅ​តាម​ស្នាក់ការ​ភូមិ/ឃុំ ​ដើម្បី​ណែនាំ​ ឱ្យ​ពលរដ្ឋ​ជ្រាប​ច្បាស់ ​ពី​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​មាន​ប្រយោជន៍​ដល់​ជាតិ​ និង​ប្រជាជន​ពិត​ប្រាកដ​។

​លោក​ថា ​សកម្មជន​គណបក្ស​របស់​លោក ​បាន​ពន្យល់​ប្រាប់​ពលរដ្ឋ ពី​លេខ​រៀង​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​លក្ខណៈ​ផ្សេងៗ គ្នា ទៅ​តាម​ឃុំ/​សង្កាត់​នីមួយៗ ដើម្បី​ឱ្យ​ពលរដ្ឋ​ចង់ចាំ ជា​ពិសេស មនុស្ស​ចាស់ និង​វ័យ​ជរា ដែល​មាន​ស្មារតី​ភ្លេច​ភ្លាំង​ច្រើន​។ ​លោក​បញ្ជាក់​ថា ក្នុង​ថ្ងៃ​យុទ្ធនាការ​នេះ​ គណបក្ស​របស់​លោក បាន​ហែក្បូន​ឃោសនា​រក​សំឡេង​ឆ្នោត​ធ្វើ​ឡើង​ត្រឹមត្រូវ​ ស្រប​តាម​តាម​ច្បាប់​ និង​បទ​បញ្ញត្តិ​របស់ គ.ជ.ប កំណត់៖ « ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​គេ​ធ្វើ​ដូចៗ​គ្នា​ គេ​ធ្វើ​តាម​ផ្ទះ ​សំណេះ​ជាមួយ​ពលរដ្ឋ ​និយាយ​ពី​សមទ្ធផល​ និង​កម្ម​វិធីនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​និយាយ​ពី​សមិទ្ធផល​ឆ្លុះ​បញ្ចាំងពី​ផល​ប្រយោជន៍​របស់​ជាតិ ​និង​ប្រជាជន »

រីឯ​គណបក្ស​ភ្លើងទៀន​វិញ ​ថ្នាក់​ដឹកនាំ ​នៃ​គណបក្ស​នេះ ​បាន​ហែក្បូន​ទ្រង់ទ្រាយធំ​ នៅ​ខេត្ត​ស្ទឹងត្រែង​ និង ​ខេត្តរតនគិរី​ រយៈ​ពេល ​២ ​ថ្ងៃ ​ជាប់​គ្នា​គឺ​នៅ​ថ្ងៃ​ទី២៥ ​និង ២៦ ឧសភា។ យុទ្ធនាការ​ហែក្បូន​ឃោសនា​នៅ​ក្នុង​ខេត្ត​ទាំងពីរ​នេះ​មាន​មនុស្ស​ចូល​រួម​រាប់​រយនាក់។

ក្រៅ​ពី​នេះ ​សកម្មជន​គណបក្ស​ភ្លើន​ទៀន ​បាន​ចាក់​មេក្រូ ​ចែក​ខិតប័ណ្ណ ​និង​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​គណបក្ស ​នៅ​តាម​មូលដ្ឋាន​ក្នុង​ខេត្តស្ទឹងត្រែង ​និង​ខេត្តរតនគិរី៖ «គណបក្ស​សមរង្ស៊ី ​បាន​ធ្វើ​សមាជ​វិសាមញ្ញ​ប្តូរ​ឈ្មោះ ​មក​ជា​គណបក្ស​ភ្លើង​ទៀន​។ ​នៅ​ថ្ងៃ​ទី ​២៧ ​វិច្ឆិកា ​២០២១​ តាម​រយៈ​សមាជ​វិសាមញ្ញ ​គណបក្ស​ភ្លើងទៀន ​ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ ​ដោយ​ឆ្លង​កាត់​ឧបសគ្គ​រាប់​មិន​អស់​ទាំង​ផ្លូវ​ច្បាប់ ​និង​នយោបាយ ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ»

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើងទៀន ​លោក សុន ឆ័យ ​បាន​ថ្លែង​ប្រាប់​អ្នក​គាំទ្រ ​របស់​ខ្លួន​ នៅ​ខេត្តរតនគិរី ​និង​ខេត្តស្ទឹងត្រែង ​ដោយ​ប្រកាស​ជំហរ​ថា​ សមាជិក​គណបក្ស​ភ្លើង​ទៀន​ទាំង​អស់​ បាន​យល់​ច្បាស់​ពី​ តួនាទី​របស់​ខ្លួន ​ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ ដែល​ជាម្ចាស់​អំណាច​របស់​ខ្លួន​តែ​មួយ​គត់៖ «គណបក្ស​ភ្លើង​ទៀន​ជា​គណបក្ស​មួយ​មាន​អាយុ ​២៧ ​ឆ្នាំ​គ្រប់គ្រាន់​ បម្រើ​ឆ​ន្ទៈ​ពលរដ្ឋ​ ដោយ​មិន​ចាំ​បាច់​នរណា​មក​បញ្ជា​។ គណបក្ស​ភ្លើង​ទៀន​បង្កើត​ដោយ​ខ្មែរ ​បម្រើ​តែ​ខ្មែរ​មួយ​គត់ ​ក្នុង​ជីវិត​នយោបាយ»

រីឯ​គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀត​រួមមាន​ គណបក្ស​ឆន្ទៈ​ខ្មែរ ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ គណបក្ស​យុវជន​កម្ពុជា ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​និង​ គណបក្ស​សំបុក​ឃ្មុំសង្គម​ប្រជាធិបតេយ្យ​ រួម​ទាំង​គណបក្ស​មួយ​ចំនួន​ទៀត ​បន្ត​ធ្វើ​សកម្មភាព​​ឃោសនា​រក​សំឡេង​ឆ្នោត​ទ្រង់ទ្រាយ​តូចៗ ដោយ​ចាក់​មេក្រូ​ចល័ត ​បិទ​បដា​តាម​ដើម​ឈើ ​និង​ចែក​ខិត​បណ្ណ ​នៅ​តាម​​ឃុំ/សង្កាត់​នា​ខេត្ត​មួយចំនួន។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង សុំការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​ទី ​២៦ ​ឧសភា ​ដោយ​ទូរសព្ទ​ហៅ​ចូល ​តែ​គ្មាន​អ្នក​លើក។

ប៉ុន្តែប្រធាន​គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត ​ហៅ​កាត់​ថា ​គ ជ ប​ លោក ​ប្រាជ្ញ ចន្ទ​ បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយកាលពីថ្ងៃទី ២៥ ឧសភាដោយ​ណែនាំ​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​ មិន​ត្រូវ​ធ្វើ​សកម្មទិញ​ទឹក​ចិត្ត​ម្ចាស់​ឆ្នោត ​ដោយ​ធ្វើ​សកម្មភាព​ផ្តល់​ជា​មធ្យោបាយ ​ថវិកា​ និង​សម្ភារៈ​បរិក្ខារ​ផ្សេងៗ។

លោក​រំឭក​ឱ្យ ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ ត្រូវ​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់ ​និង​បទ​បញ្ញត្តិ​របស់​គ.ជ.ប ​ក្នុង​ថ្ងៃ​ធ្វើ​យុទ្ធនាការ​នេះ។

ជុំវិញរឿងនេះ នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី មើល​ឃើញ​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លង​ទៅ​នេះ ​មាន​គណបក្សធំៗ​ចំនួន២​ បាន​ធ្វើ​សកម្មភាព​ឃោសនា​រកសំឡេង​ឆ្នោត​លេច​ធ្លោ​ជាង​គេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​ភ្លើងទៀន​។ រីឯ​គណបក្ស​ផ្សេងៗ​ទៀត ​បាន​ហែក្បូន​ទ្រង់ទ្រាយ​តូចៗ ​ដោយ​មាន​រថយន្ត​ និង​ម៉ូតូ ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ។

លោក​បញ្ជាក់​ថា ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង​អស់ ​មាន​គណបក្ស​ភ្លើងទៀន​ ប្រឈម​បញ្ហា​ច្រើន​ជាងគេ​រួមមាន ​អាជ្ញាធរ​ហាម​គណបក្ស​នេះ​មិន​ឱ្យ​ចូល​ក្រុង​តាខ្មៅ​ ក្រោម​ហេតុផល​ស្ទះ​ចរាចរណ៍ ​ហើយ​ក្រសួង​មហាផ្ទៃ​ថ្មីៗ​នេះ​ក៏​បាន​ចេញ​លិខិត​ជំទាស់ ​ករណី​តែង​តាំង​លោក ​សុន ឆ័យ​ ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ​ផ្ទុយ​ពី​លក្ខន្តិកៈ​គណបក្ស​នយោបាយ៖ «អា​ហ្នឹង​យើង​ឃើញ ​មាន​បញ្ហា​ច្រើន​គឺ​គណបក្ស​ភ្លើង​ទៀន​ទេ​ បើ​គណបក្ស​ផ្សេងៗ​ទៀត ​ក្រៅ​ពី​ភ្លើង​ទៀន ​ក្នុង​ចំណោម ​១៥​ទៀត ​ដូច​អត់​មាន​បញ្ហា​អី។​ ឃើញ​មាន​ឡាន​ច្រើន​មែន ​គណបក្ស​ភ្លើង​ទៀន ​តែ​លក្ខណៈ​ស៊ីវិល​ទេ ​គ្រាន់​តែ​បិទ​ Logo ​ តិចៗ ​គណបក្ស​ហែ»

យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​ទាំង១៧ ដែល​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ថ្ងៃទី​៥ ខែមិថុនា ខាងមុខ មាន​រយៈ ១៤ថ្ងៃ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា ដល់​ថ្ងៃទី​០៣​ខែមិថុនា​ខាងមុខ។ ច្បាប់​បោះឆ្នោត​អនុញ្ញាត​ឱ្យ​គណបក្ស​នយោបាយ​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ត្រឹម​ពីរ​ដង​ប៉ុណ្ណោះ​ ក្នុង​កំឡុង​ពេល​ឃោសនា​បោះឆ្នោត​ តាម​ឃុំ/​សង្កាត់​នីមួយៗ៕