អ្នក​ស្រាវជ្រាវ​សង្គម​គ្រោង​ថ្វាយ​របាយការណ៍​ស្ដីពី​បញ្ហា​ព្រំដែន​ជូន​ព្រះមហាក្សត្រ

0:00 / 0:00

អ្នកស្រាវជ្រាវ​សង្គម លោក កែម ឡី គ្រោង​រៀបចំ​របាយការណ៍​ស្ដីពី​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ដោះស្រាយ។ ការ​លើក​ឡើង​យ៉ាង​នេះ បន្ទាប់​ពី​លោក រួម​ទាំង​ព្រះសង្ឃ និង​យុវជន​ប្រមាណ​ជាង ៥០​នាក់ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ពិនិត្យ​មើល​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង និង​ព្រៃវែង នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា។

អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម លោក កែម ឡី និយាយ​ថា ការ​ពឹង​ផ្អែក​លើ​រដ្ឋាភិបាល​កម្ពុជា អោយ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម ដែល​មាន​ភាព​មិន​ប្រក្រតី​នោះ គឺ​មិន​អាច​ទៅ​រួច​ទេ។ មិន​អាច​ទៅ​រួច ព្រោះ​ការ​ទន្ទ្រាន​វាតទី​ទឹកដី​ដោយ​វៀតណាម គឺ​ជា​កំហុស​ឆ្គង​របស់​រដ្ឋាភិបាល​ច្រើន​ពេក​ហើយ។ ដូច្នេះ​ក្រោយ​ធ្វើ​ដំណើរ​ទស្សនកិច្ច​មើល​ខ្សែ​បន្ទាត់​ព្រំដែន នៅ​ច្រក​ជៀសឫស្សី ស្ថិត​ក្នុង​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង និង​នៅ​ច្រក​ទ្វារ​តំបន់​ស្វាយអាង៉ោង ស្ថិត​ក្នុង​ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ជាមួយ​ព្រះសង្ឃ និង​យុវជន​ប្រមាណ ៥០​នាក់ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា នេះ លោក កែម ឡី នឹង​សរសេរ​របាយការណ៍​បច្ចុប្បន្នភាព​មួយ​ស្ដីពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​ប្រវត្តិសាស្ត្រ​ផង ថ្វាយ​ជូន​ព្រះមហាក្សត្រ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ពេល​ខាង​មុខ។

លោក កែម ឡី៖ «ព្រះមហាក្សត្រ​ធានា​នូវ​ឯករាជ្យភាព អធិបតេយ្យភាព បូរណភាព​ទឹកដី ហើយ​គឺ​ជា​ប្រមុខរដ្ឋ​ដែល​មាន​មុខ​នាទី​សំខាន់​ជាង​ប្រមុខ​រាជរដ្ឋាភិបាល ព្រោះ​រដ្ឋាភិបាល​គ្រាន់តែ​ជា​អ្នក​ប្រតិបត្តិ ប៉ុន្តែ​បើ​ប្រតិបត្តិ​ខុស​ឆ្គង​ធំដុំ​អ៊ីចឹង អត់​មាន​រដ្ឋាភិបាល​ដោះស្រាយ​ទេ គឺ​ត្រូវ​ប្រមុខ​រដ្ឋ​ដោះស្រាយ»

​ពលរដ្ឋ និង​ប៉ូលិស​ការពារ​ព្រំដែន​ខ្មែរ​អះអាង​ថា ខ្សែបន្ទាត់​ព្រំដែន​នៅ​ច្រក​ជៀសឫស្សី និង​នៅ​ច្រក​ទ្វារ​តំបន់​ស្វាយអាង៉ោង គឺ​គេ​កំណត់​យក​ព្រែក​ដែល​ជីក​ដោយ​វៀតណាម ក្នុង​ទសវត្ស​ទី​៨០ និង​ស្តារ​ឡើង​វិញ​នៅ​ទសវត្ស​ទី​៩០ ធ្វើ​ជា​ខ្សែ​បន្ទាត់​ព្រំដែន។ បញ្ហា​នេះ លោក កែម ឡី សន្និដ្ឋាន​ថា វៀតណាម​បាន​រំលោភ​ចូល​ទឹកដី​ខ្មែរ​ជា​ច្រើន​គីឡូម៉ែត្រ តាម​រយៈ​ការ​ជីក​ព្រែក​ធ្វើ​ជា​ខ្សែបន្ទាត់​ព្រំដែន​បែង​ចែក​ប្រទេស​ទាំង​ពីរ​ជា​ឯកតោភាគី​នេះ។

លោក កែម ឡី៖ «ការ​ជីក​ព្រែក​ពី​ស្វាយរៀង មក​ព្រៃវែង កាត់​ស្រុក​ស្វាយជ្រំ ទៅ​ស្រុក​កំពង់ត្របែក រហូត​ដល់​អ្នកលឿង ចាក់​ពី​អ្នកលឿង រហូត​ដល់​ខេត្ត​កណ្ដាល ពី​ខេត្ត​កណ្ដាល ទៅ​ដល់​ខេត្ត​តាកែវ អា​ហ្នឹង​គឺ​ជា​ទំហំ​នៃ​ព្រែក​ដែល​វៀតណាម បាន​ស៊ី​ឆ្នាំ​ទសវត្ស​ទី​៨០។ យើង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា សន្និសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ គ្រាន់​តែ​ជា​ការ​បង្គ្រប់​ផ្លូវ​ច្បាប់​នៃ​ការ​រំលោភ​ជាក់ស្ដែង​នៃ​ដែន​ដី​ប្រទេស​កម្ពុជា»

ប៉ុស្តិ៍​ច្រក​ល្អៀង​នគរបាល​ព្រំដែន​ជៀសឫស្សី ស្ថិត​ក្នុង​ឃុំ​កំពង់ចំលង ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ចម្ងាយ​ប្រមាណ ២០​ម៉ែត្រ​ពី​មាត់​ព្រែក ដែល​អ្នក​ស្រុក​ហៅ​ថា ជៀសឫស្សី ជីក​ដោយ​វៀតណាម ធ្វើ​ជា​ខ្សែ​បន្ទាត់​ព្រំដែន។ រូបថត​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០១៥
ប៉ុស្តិ៍​ច្រក​ល្អៀង​នគរបាល​ព្រំដែន​ជៀសឫស្សី ស្ថិត​ក្នុង​ឃុំ​កំពង់ចំលង ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ចម្ងាយ​ប្រមាណ ២០​ម៉ែត្រ​ពី​មាត់​ព្រែក ដែល​អ្នក​ស្រុក​ហៅ​ថា ជៀសឫស្សី ជីក​ដោយ​វៀតណាម ធ្វើ​ជា​ខ្សែ​បន្ទាត់​ព្រំដែន។ រូបថត​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០១៥ (RFA/Tha Kitya)

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ ព្រោះ​ថា លោក​មិន​ទាន់​មាន​របាយការណ៍​អ្វី​នៅ​ឡើយ៖ «មក​សួរ​ខ្ញុំ​អ៊ីចឹង ឲ្យ​ខ្ញុំ​ឆ្លើយ​ម៉េច​កើត? វា​ទាល់តែ​អា​ខ្លះ​វា​ច្រក​អន្តរជាតិ អា​ហ្នឹង​យើង​ស្គាល់ ហើយ​បើ​គ្រាន់តែ​ច្រក​របៀង​អី​ហ្នឹង យើង​ម៉េច​ឆ្លើយ​កើត»

​ស្របគ្នា​នេះ​មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​កម្ពុជា ប្រចាំ​ច្រក​ព្រំដែន​ទាំង​ពីរ​អះអាង​ដូចៗ​គ្នា​ថា បច្ចុប្បន្ន​នេះ ពុំ​មាន​ការ​រំកិល​ព្រំដែន ឬ​បញ្ហា​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​នោះ​ទេ ព្រោះ​ពួកគាត់​ដើរ​ល្បាត​មើល​ព្រំដែន​ក្នុង​មួយ​សប្ដាហ៍ ៣ ទៅ ៤​ដង។

​យ៉ាង​ណា​ក៏ដោយ ពួកគាត់​ក៏​ចង់​អោយ​មាន​ការ​អភិវឌ្ឍ​ផ្លូវ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ដែរ ព្រោះ​សព្វ​ថ្ងៃ​នេះ ការ​ដើរ​ល្បាត​ដោយ​ថ្មើរ​ជើង​ជួប​ភាព​លំបាក​ខ្លាំង​ខុស​ឆ្ងាយ​ពី​ភាគី​វៀតណាម ដែល​គេ​មាន​ផ្លូវ​ធំ​ខ្ពស់​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន។

​បែបនេះ​ក្តី ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក​នៅ​ទី​នោះ​អះអាង​ថា ទឹកដី​ខ្មែរ​ពិតជា​បាន​បាត់បង់​ទៅ​វៀតណាម​មែន ក្រោយ​របប ប៉ុល ពត បាន​បញ្ចប់​ទៅ។ ដោយ​ឡែក​ស្រូវ​ស្រែ​ខៀវខ្ចី​នៅ​លើ​ដី​ខ្មែរ​ជាប់​ព្រំដែន​នេះ គឺ​ភាគ​ច្រើន​ជា​របស់​ពលរដ្ឋ​វៀតណាម ដែល​ជួល​ដី​កសិករ​ខ្មែរ។ ពលរដ្ឋ​ខ្មែរ​រៀបរាប់​ដែរ​ថា ពួកគាត់​ធ្វើ​ស្រែ​ប្រវាស់​មេឃ ខុសប្លែក​ពី​ពលរដ្ឋ​វៀតណាម ដែល​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ស្រោចស្រព​គ្រប់គ្រាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។