សកម្មជន​បក្សប្រឆាំងថា ​ទោះ​តុលាការ​ព្យួរទោស ​៥ឆ្នាំ ​ក៏នៅតែ​គ្មាន​យុត្តិធម៌​

ដោយ សន ចាន់រដ្ឋា
2022.06.15
សកម្មជន​បក្សប្រឆាំងថា ​ទោះ​តុលាការ​ព្យួរទោស ​៥ឆ្នាំ ​ក៏នៅតែ​គ្មាន​យុត្តិធម៌​ រថយន្តដឹកសកម្មជនបក្សប្រឆាំង១៣នាក់ មកកាត់ទោសនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

សកម្មជន​​គណបក្ស​ប្រឆាំង​​មួយ​ចំនួនលើក​ឡើង​ថា ​ពួកគាត់​​នៅតែ​​ទទួល​រង​​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ​​ដដែល ​ទោះបី​ជា​​តុលាការ​ព្យួរទោស ​​៥​​ឆ្នាំ​​ក៏ដោយ​ ព្រោះ​ពួកគាត់ ​មិនបាន​​ប្រព្រឹត្ត​ខុសច្បាប់ឡើយ។ សង្គមស៊ីវិលយល់ថា​ វិធានការ​តុលាការនេះ ​គឺជា​រឿង​នយោបាយ​ដែល​រំលោភ​លើ​សិទ្ធិពលរដ្ឋ។

សកម្មជន​គណបក្សសង្គ្រោះជាតិ​ ទាមទារឲ្យ​តុលាការរបបក្រុងភ្នំពេញ ​លុបចោល​ការចោទ​ប្រកាន់ និង​ផ្តល់​សេរីភាព​ពេញលេញ​ដល់​ពួកគាត់​ឡើងវិញ ​ព្រោះការ​កាត់ក្តី​ឲ្យ​ពួកគាត់​មានទោស​ពី​បទ​ «រួមគំនិត​ក្បត់» និង «ញុះញង់» គឺ​ជារឿង​​អយុត្តិធម៌ ​និង​​មិន​អាច​​ទទួល​​យក​បាន​​ឡើយ។​​

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​មួយរូប ​គឺលោក​ ភួង រដ្ឋា ​ថ្លែងប្រាប់​អាស៊ីសេរី​នៅថ្ងៃទី១៥ ខែ​មិថុនាថា ទោះបីជា​តុលាការ ​ព្យួរទោស​លោក​មិនឲ្យ​ជាប់​ពន្ធនាគារ​ក៏ដោយ​ ប៉ុន្តែលោក​នៅតែ​មិនពេញចិត្ត​ដែរ​ព្រោះ​តុលាការបាន​​សម្រេច​ឲ្យ​លោក​ជាប់​ឈ្មោះថា ​មានទោស ៥ឆ្នាំទាំង​ដែល​លោក​ មិន​បាន​ប្រ​ព្រឹត្ត​កំហុស​ទាល់​តែសោះ។ ទោះជាយ៉ាងណា ​លោកនឹង​​មិនដាក់​បណ្តឹង​ឧទ្ធណ៍​នោះទេ ​ព្រោះ​លោក ​គ្មាន​សង្ឃឹមថា​ នឹង​ទទួល​បាន​យុត្តិធម៌៖ «តុលាការ ​គួរតែ​ផ្តល់​យុត្តិធម៌​ដល់​អ្នករងគ្រោះ ​ហើយ​ទម្លាក់ចោល​បទចោទ​ទាំងស្រុង​ លើពួកខ្ញុំ​ដែល​ជា​សកម្មជនសិទ្ធិមនុស្ស​សកម្មជន​គណបក្ស​នយោបាយ។ យើង​គ្រាន់តែ​សម្តែង​មតិរិះគន់​ចំពោះ​ភាពចន្លោះ​ខ្វះខាត​នៃការ​ដឹកនាំ​របស់រដ្ឋាភិបាល​ ដើម្បីឲ្យ​មាន​ការកែតម្រូវ ​ប៉ុន្តែ​ត្រូវបាន​តុលាការ​ចោទថា ពួកយើង​រួមគំនិតក្បត់​អីជាដើម។​ ទោះបី​កាត់ ៥ឆ្នាំ​ ហើយ​ព្យួទោស​ក៏ដោយ​ ខ្ញុំ​ពិបាក​ទទួល​យក​ព្រោះ​វាជាការ​រឹតត្បិត​សេរីភាព​របស់​ខ្ញុំ​មួយ​ចំណែក​ធំ ហើយ​ធ្វើឲ្យ​ខ្ញុំពិបាក​ស្វែងរក​ការងារ​ធ្វើ»

លោក ភួង រដ្ឋា ​ស្ថិតក្នុង​ចំណោម​យុវជន​គណបក្សសង្គ្រោះជាតិ​ប្រមាណ​២០នាក់​ដែល​ជាប់​ទោស ​៥ឆ្នាំ ​ប៉ុន្តែ​ទោសនេះ​ត្រូវព្យួរ។

ទន្ទឹមគ្នានេះ​ សកម្មជន​គណបក្សសង្គ្រោះជាតិ​ម្នាក់ទៀត​លោក នាង សុឃុន ​ដែល​កំពុង​ភៀសខ្លួន​នៅ​សហរដ្ឋអាមេរិក ​ថ្កោលទោស​ចំពោះ​តុលាការ​របបក្រុងភ្នំពេញ​ដែល​ផ្តន្ទាទោស​ថ្នាក់ដឹកនាំ​ និង​សកម្មជន​បក្សប្រឆាំង​រួមទាំង​រូបលោក​​ឲ្យ​ជាប់ពន្ធនាគារ​ចាប់ពី​ ៥ឆ្នាំ​ដល់​ឆ្នាំ ៨ឆ្នាំ។ លោក​ចាត់ទុកថា​ តុលាការ​នៅកម្ពុជា អនុវត្ត​ច្បាប់ឡប់ឡែ ​តាមតែ​បញ្ជារ​របស់​លោក ហ៊ុន សែន ​ដោយ​អ្នកណា​ចុះចូល​ជាមួយ​គណបក្សប្រជាជនកម្ពុជា​រួចខ្លួន ​ចំណែក​អ្នកណា​មិនចុះចូល ​បែរ​ជា​ជាប់ទោស​ធ្ងន់ធ្ងរ​ទាំង​ដែលបទ​ចោទ​ដូច​គ្នា៖ «តុលាការកម្ពុជា ​កំពុងតែ​ធ្វើឲ្យ​ប្រជាពលរដ្ឋខ្មែរ​បាត់បង់​ជំនឿ​ចិត្តទៅ​លើ​ប្រព័ន្ធតុលាការ។ មិនត្រឹមតែ​ពលរដ្ឋខ្មែរទេ​ សូម្បីតែ​អន្តរជាតិ​ ក៏គេ​មើល​ឃើញពី​អង្វើអាក្រក់​របស់​តុលាការ ​ដែល​ជាឧបករណ៍​សម្រាប់​ធ្វើ​ទុក្ខបុក​ម្នេញ​លើសំឡេង​ប្រឆាំង​ជាពិសេស​លើ​អ្នកតស៊ូ​ដើម្បី​សេរីភាព​និង​លិទ្ធិប្រជាធិបតេយ្យ​»

ប្រតិកម្មរបស់សកម្មជគណបក្សសង្គ្រោះជាតិនេះ ធ្វើឡើងបន្ទាប់ពីចៅក្រមសាលា​ដំបូងរាជធានីភ្នំ​ពេញលោក រស់ ពិសិដ្ឋ ​បាន​សម្រេច​ផ្តន្ទាទោស​ទ្រង់ទ្រាយធំ​លើ​ថ្នាក់ដឹកនាំ​និង​សកម្មជនបក្ស​សង្គ្រោះជាតិ​ប្រមាណ ​៦០នាក់ឲ្យជាប់ពន្ធនាគារ​ចន្លោះ​ពី ៥ឆ្នាំ​ ៦​ឆ្នាំ និង ៨ឆ្នាំ​ ​ពី​បទ «រួម​គំនិតក្បត់» និង «ញុះញង់»។ ក្នុង​ចំណោម​នោះ​ មាន​ក្រុមសកម្មជន​បក្សប្រឆាំង​ប្រមាណ​ ២០នាក់​ដែល​ជាប់ទោស​ ៥ឆ្នាំ ​ប៉ុន្តែ​ត្រូវបាន​តុលាការ​សម្រេចព្យួរ​ទោស​ទាំងអស់ ​ដោយ​មិន​ចេញ​ដីកា​ចាប់ខ្លួន​ដូច​អ្នកដែល​តុលាការ​កាត់​ឲ្យជាប់​ទោស​​ ៦ឆ្នាំ​និង​ ៨ឆ្នាំ​ឡើយ។ ក្រុម​អ្នក​ទទួល​បាន​ការព្យួរ​ទោសនេះ​មួយចំនួន ​ជាអ្នក​មិន​សូវ​មាន​ឈ្មោះល្បី​ អ្នកខ្លះរក្សា​ភាព​ស្ងៀមស្ងាត់ ​ហើយ​អ្នកខ្លះ​ទៀត​ធ្លាប់​ចុះចូល​ជាមួយ​បក្សកាន់​អំណាច​។ សកម្មជន​មួយចំនួន​យល់ថា ​មូលហេតុ​ដែល​តុលាការ​សម្រេច​ឲ្យ​អ្នកចុះចូល​ជាមួយបក្ស​កាន់អំណាច​មួយចំនួន ជាប់​ ៥​ឆ្នាំនេះ​ ទំនង​ដោយសារ​បក្សកាន់​អំណាច​មិនទាន់​ទុកចិត្ត​លើ​ពួកគេ​ទាំងស្រុង​ ដោយសារ​អ្នកទាំងនោះ ​រក្សាភាព​ស្ងៀមស្ងាត់​ មិនចេញ​វាយ​ប្រហារ​បក្សប្រឆាំង។ ដោយឡែក​ក្រុម​អ្នកដែល​​មាន​សំណាង​​ត្រូវបាន​តុលាការ​លុប​ចោល​ការចោទ​ប្រកាន់​ក្នុង​សំណុំរឿង​ដូចគ្នានេះ ​គឺក្រុមអតីត​ប្រធាន​ចលនា​យុវជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​លោក យឹម ស៊ីណន ​បន្ទាប់ពី​លោក​សរសេរ​លិខិត​ស្នើសុំ​ទៅ​លោក ហ៊ុន សែន។​​

ទាក់ទងរឿងនេះ​វិទ្យុអាស៊ីសេរី ​មិនអាច​សុំការ​ឆ្លើយតប​ពី​ប្រធានសាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក តាំង ស៊ុនឡាយ ​បានទេ ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។​

អ្នកសិក្សាផ្នែកច្បាប់លោក វ៉ន់ ចាន់ឡូត ​ថ្លែងថា ​សកម្មជន​ទាំងនេះ ​មាន​សិទ្ធិ​បដិ​សេធ​ចំពោះ​សាលក្រម​របស់តុលាការ​ ​និងអាច​​ប្តឹង​ទៅ​ព្រះមហាក្សត្រ​​ដើម្បី​បញ្ជាក់​អំពី​ឯករាជ្យភាព​តុលាការ។ លោកពិនិត្យឃើញ​ថា ​ចំណាត់ការ​របស់​តុលាការ​លើ​សំណុំរឿង​​នេះ​ មាន​លក្ខណៈ​នយោបាយ​ ដូច្នេះ​ជាការ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិពលរដ្ឋ​ធ្ងន់ធ្ងរ ​ហើយ​មិនបាន​ផ្តល់​ផល​ចំណេញ​ដល់​មុខមាត់​រដ្ឋាភិបាល​នោះទេ។ ទោះជាយ៉ាងណាលោករំពឹងថា​ ក្រោយការ​ផ្តន្ទាទោស​ទ្រង់ទ្រាយ​ធំនេះ​នឹង​នាំឲ្យមាន​​ការចចារ​នយោ​បាយ​ដូច​ពេល​កន្លងមក៖ «យើង​មើលទៅ​លើ​ទិដ្ឋភាព​ច្បាប់​នៅ​ពេល​នរណា​ម្នាក់ ទទួលបាន​នូវការ​ចោទប្រកាន់​រួចហើយ​គឺ​ងាយស្រួល​បើ​និយាយពី​នីតិវិធី​គឺព្រះ​មហាក្សត្រ​លោក​អាច​មាន​ព្រះរាជតួនាទី​លើកលែង​ទោស​ដល់​អ្នកទាំង​អស់​ហ្នឹង។ ប៉ុន្តែ​សម្រាប់​ទិដ្ឋភាព​នយោបាយ​វិញ ​អ្នកនយោបាយ​តែងតែ​យកការ​ចោទប្រកាន់​គឺជា​កម្មវត្ថុ​នៃ​ការចចារ​ផ្នែក​នយោបាយ​ហើយ​បន្ទាប់មក​តែង​មាន​ការលើកលែង​ទោសជា​ជំហ៊ានៗ»។​​

ពាក់ព័ន្ធ​នឹងការ​ផ្តន្ទាទោស​ទ្រង់ទ្រាយធំ​លើ​ថ្នាក់ដឹកនាំ​និង​សកម្មជន​បក្សប្រឆាំង​ រួមទាំង​សកម្មជន​សិទ្ធិមនុស្ស​ដ៏លេចធ្លោ ​កញ្ញា​ សេង ធារី ​នេះ​ ត្រូវបាន​ក្រុម​អង្គការ​ជាតិ​ និង​អន្តរជាតិ​ រួមទាំង​សហរដ្ឋអាមេរិក ​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន ​និង​ទាមទារឲ្យ​ទម្លាក់ចោល​ការចោទប្រកាន់​ហើយ​ដោះលែង​អ្នកជាប់ឃុំ​ជា​បន្ទាន់ និង​ដោយឥតលក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក សម រង្សី ចោទថា លោក ឃ្លាំង ហួត ជា​អ្នក​សម្លាប់ លោក លិម គិមយ៉ា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។