សកម្មជនគណបក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យមួយចំនួនបានរត់គេចខ្លួន រកកន្លែងមានសុវត្ថិភាព បន្ទាប់ពីបានជួបជុំពង្រឹងសាមគ្គីភាពត្រៀមចាំស្វាគមន៍លោក សម រង្ស៊ី វិលចូលស្រុក។ ការរត់គេខ្លួននេះ ដោយសារសកម្មជនទាំងនោះមិនចង់ប្រឈមជាមួយប៉ូលិសមូលដ្ឋាន ដែលបានទៅបង្ខំពួកគាត់ឲ្យធ្វើកិច្ចសន្យាឈប់ជួបជុំគ្នាជាថ្មីទៀត។ មន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកទង្វើនេះថា ជាការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋដោយខុសច្បាប់។
សកម្មជនគណបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យ អះអាងថា ប៉ូលិសក្រុងប៉ោយប៉ែតបន្តចុះចាប់អ្នកដែលចូលរួមសម្ដែងមតិគាំទ្រលោក សម រង្ស៊ី វិលមកកម្ពុជាវិញ នៅសង្កាត់ប៉ោយប៉ែតកាលពីថ្ងៃទី១មករានោះ ដើម្បីបង្ខំពួកគេឲ្យធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពបន្តទៀត។
អតីតចៅសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត អ្នកស្រី ឃុន ចន្ទី ថ្លែងប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៣មករា ថា យ៉ាងណាស់មានមនុស្សប្រមាណ ៣នាក់ ដែលប៉ូលិសក្រុងប៉ោយប៉ែតចុះទៅចាប់ធ្វើកិច្ចសន្យាឲ្យឈប់ធ្វើយុទ្ធនាការជួបជុំគ្នាគាំទ្រគណបក្សសង្គ្រោះជាតិបន្តទៅទៀត។ អ្នកស្រី ឃុន ចន្ទី បន្ថែមទៀតថា សកម្មជនមួយចំនួនធំបានរត់គេចខ្លួនរកទីសុវត្ថិភាព ព្រោះមិនចង់ប្រឈមមុខនឹងសមត្ថកិច្ចដែលតាមធ្វើទុក្ខបុកម្នេញមកលើពួកគាត់៖ «គេថាឲ្យយើងគាំទ្រនៅតែក្នុងចិត្តកុំឲ្យបញ្ចេញមតិឃ្លិបវីដេអូ គេឲ្យយើងគាំទ្រតែក្នុងចិត្តទេ គេថាគណបក្ស ១៩ទៀតមិចក៏មិនគាំទ្រដែលគេអត់រំលាយ បើគេមិនពេញចិត្តគេមិនស្រលាញ់នឹងហើយបានគេមិនគាំទ្រ ទោះបីខ្មោចស្លាប់ក៏ដោយក៏គេមានខួបមួយឆ្នាំម្ដងដែរ។ នេះគ្រាន់ឆ្លងឆ្នាំសកលធ្វើបុណ្យរំលឹកមេដឹកនាំគណបក្សចាស់ក៏មិនឲ្យនិយាយដែរ សិទ្ធិសេរីភាពនៃការបញ្ចេញមតិដែលមានចែកក្នុងរដ្ឋធម្មនុញ្ញ ហើយយើងនិយាយថាមិនបានតើយើងមានរដ្ឋធម្មនុញ្ញធ្វើអី ?» ។
ទាក់ទងនឹងបញ្ហានេះ អធិការនគរបាលក្រុងប៉ោយប៉ែត លោក ធិន ស៊ិនដេត មិនឆ្លើយតបជាមួយវិទ្យុអាស៊ីសេរីទេ ហើយក៏បានចុចផ្ដាច់ទូរស័ព្ទទៅវិញ។
ចំណែកមន្ត្រីគណបក្សសង្គ្រោះជាតិដែលរបបលោក ហ៊ុន សែន រំលាយចោលប្រចាំខេត្តបន្ទាយមានជ័យម្នាក់ទៀតលោក ជាតិ ខេមរា អះអាងថា ប៉ូលិសខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃ១មករាមកបានរឹតត្បិតសិទ្ធិសេរីដល់ការបញ្ចេញមតិរបស់សកម្មជនបក្សប្រឆាំងយ៉ាងខ្លាំង។ លោកថា ក្នុងនោះ កន្លែងខ្លះប៉ូលិសបានដាក់កម្លាំងតាមដានសកម្មភាព និងមួយចំនួនទៀត ដូចជាថ្នាក់ដឹកនាំគណបក្សប្រចាំស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកមង្គលបូរី ត្រូវបានប៉ូលិសដាក់លិខិតហៅសាកសួរ ក្នុងនៃគំរាមកំហែង ដោយសារពួកគាត់ធ្លាប់ជួបជុំគ្នាគាំទ្រឲ្យលោក សម រង្ស៊ី វិលចូលមកស្រុកវិញ៖ «អត់មានអ្នកមួយគេខ្លាចទេពីព្រោះពួកគាត់ចង់បានការបញ្ចេញឆន្ទៈសិទ្ធិសេរីភាពក្នុងការរស់នៅ ដូច្នេះពួកគាត់នាំគ្នាគាំទ្រគណបក្សសង្គ្រោះជាតិជាពិសេសគឺលោកប្រធានសម រង្ស៊ី ដែលពួកគេគិតថាជាអ្នកអាចជួយដល់ប្រទេសកម្ពុជាបាន » ។
អធិការនគរបាលស្រុកមង្គលបូរីលោក ស៊ុន ណារ៉ាក់ បានចេញលិខិតកោះហៅប្រធានគណបក្សសង្គ្រោះជាតិស្រុកនេះលោក ទូត វាសនា ចូលទៅកាន់អធិការនៅថ្ងៃទី៤មករា ដើម្បីសាកសួររឿងផ្ទាល់ខ្លួនមួយចំនួន។
អាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក អាត់ ខែម ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៣មករា ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។
ប៉ុន្តែមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា អះអាងថា លោក អាត់ ខែម បានដឹកនាំកម្លាំងប៉ូលិសក្រោមបង្គាប់ប្រមាណ ១០នាក់ចុះទៅសាកសួរប្រជាពលរដ្ឋ ដែលអនុញ្ញាតឲ្យមន្ត្រីបក្សប្រឆាំងជួបជុំគ្នាថ្លែងសារគាំទ្រប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ខណៈដែលលោកកំពុងតែសម្ភាសន៍ពួកគាត់ពាក់ព័ន្ធនឹងរឿងនេះទៀតផង។ មន្ត្រីធ្វើការងារផ្នែកការពារសិទ្ធិមនុស្សរូបនេះចាត់ទុកទង្វើរបស់សមត្ថកិច្ចនេះថា ជាការបំភិតបំភ័យរឹតត្បិតសិទ្ធិសេរីភាពមកលើប្រជាពលរដ្ឋដោយខុសច្បាប់៖ «ខ្ញុំគិតថាសមត្ថកិច្ចគួរតែពិនិត្យមើលខ្លួនឲ្យបានល្អផង ថាតើបានគោរពតាមតួនាទីតាមច្បាប់ត្រឹមត្រូវហើយឬនៅកុំឲ្យចេះតែដើរគំរាមកំហែងគេតាមអំពើចិត្តដូច្នេះ ហើយបើខុសច្បាប់ណាមួយសូមឲ្យអនុវត្តតាមច្បាប់ព្រោះបានប្រឆាំងជាមួយច្បាប់ ចុះបើគ្រាន់តែពួកគាត់ជួបជុំគ្នាតើមានច្បាប់ណាហាមឃាត់ពួកគាត់ ដោយសារតែបង្កអសន្តិសុខនោះ តែវាអត់មាន » ។
មន្ត្រីគណបក្សប្រឆាំងខេត្តបន្ទាយមានជ័យទាំងនោះអះអាងថា បើទោះបីជាសមត្ថកិច្ចបានគំរាមកំហែងមកលើពួកគាត់យ៉ាងនេះក្ដី ក៏ពួកគាត់នៅតែបន្តជួបជុំគ្នាពង្រឹងសាមគ្គីភាពជាថ្មីទៀតក្នុងពេលឆាប់ៗ ព្រោះពួកគាត់យល់ថា មានតែកម្លាំងសាមគ្គីរបស់ពលរដ្ឋទេដែលអាចស្ដារប្រជាធិបតេយ្យនៅកម្ពុជាឲ្យរស់ឡើងវិញបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
