មេឃុំ ចៅសង្កាត់មួយចំនួនរំពឹងនឹងទទួលបានការគាំទ្រពីពលរដ្ឋបោះឆ្នោតឱ្យជាប់ជាមេឃុំម្តងទៀត
2022.04.25

មេឃុំ ចៅសង្កាត់មកពីគណបក្សមួយចំនួនលើកឡើងថា ផ្អែកលើស្នាដៃ សមត្ថភាព និងគោលនយោបាយ ពួកគេរំពឹងថា ប្រជាពលរដ្ឋបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីមានឱកាសដឹកនាំ ឃុំ សង្កាត់ ដើម្បីអភិវឌ្ឍនៅថ្នាក់មូលដ្ឋានស្របតាមគោលការណ៍ប្រជាធិបតេយ្យបន្តទៀត។ មន្រ្តីសង្គមស៊ីវិលមើលឃើញថា បច្ចុប្បន្នអ្នកបោះឆ្នោតយល់ច្បាស់អំពីគុណសម្បត្តិរបស់បេក្ខជនទាំងនោះ មុនសម្រេចចិត្តជ្រើសរើសយកធ្វើជាតំណាងដឹកនាំរបស់ពួកគាត់។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កត់ កាន់តែខិតជិតមកដល់ គណបក្សនយោបាយមួយចំនួនកំពុងមមាញឹកចុះជួបប្រជាពលរដ្ឋដោយបង្ហាញអំពីគុណសម្បត្តិ និងសមត្ថមភាពរបស់បេក្ខជន រួមទាំងកិច្ចសន្យានយោបាយសម្រាប់ដឹកនាំឃុំ សង្កាត់។ ពួកគេរំពឹងខ្ពស់រៀងៗខ្លួនថាប្រជាពលរដ្ឋនឹងបោះឆ្នោតឱ្យធ្វើជាមេឃុំ ចៅសង្កាត់ ដើម្បីដឹកនាំភូមិឃុំបន្តមួយអាណត្តិទៀត។
ចៅសង្កាត់ស្លារក្រាម ក្រុងសៀមរាប និងជាបក្ខជនចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជាលោក ខៀវ ស៊ត ប្រាប់វិទ្យុអាស៊ីសេរីថា ការបោះឆ្នោតខាងមុខនេះ គឺជាពេលវេលាដែលពលរដ្ឋមើលឃើញអំពីស្នាដៃក្រោមការដឹកនាំរបស់លោកដែលបានយកចិត្តទុកដាក់ដោះស្រាយដូចជា ការផ្តល់សេវាសង្គម ជួយជនក្រីក្រ ការពារសន្តិសុខសុវត្ថិភាព ការទប់ស្កាត់ជំងឺកូវីដ១៩ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើឱ្យជីវភាព សុខុមាលភាព និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋល្អប្រសើរ។ លោកបញ្ជាក់ថា ផ្អែកលើគោលនយោបាយនិងសមទ្ធិផលរយៈពេល៣អាណត្តិកន្លងមកនេះ លោកជឿជាក់ថា ពលរដ្ឋនឹងបន្តគាំទ្ររូបលោកឱ្យដឹកនាំសង្កាត់បន្តទៀត៖ «ការងារក្នុងការយកចិត្តទុកដាក់សន្តិសុខសុវត្ថិភាពជូនបងប្អូន ការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានរបស់យើងនេះ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋស្វែងរកនូវអ្វីៗដែលយើងបានធ្វើកន្លងមក នោះយើងឃើញថា ការបោះឆ្នោតខាងមុខនេះ ប្រជាពលរដ្ឋយើងពិតជាស្វែងយល់នូវអ្នកធ្វើនិងអ្នកមិនធ្វើហើយបាទ»។
ចំណែកអតីមេឃុំរបស់គណបក្សសង្គ្រោះជាតិ និងជាបេក្ខជនមេឃុំ ឈើខ្មៅ ស្រុកស្អាង ខេត្តកណ្តាល មកពីគណបក្សភ្លើងទៀនលោក ផុន សុភា ថាបេក្ខរបស់លោកសុទ្ធសឹងជាមន្រ្តីជាប់ឆ្នោតមកពីបក្សសង្គ្រោះជាតិដែលរដ្ឋាភិបាលរំលាយ និងដកហូតតំណែងកាលពីឆ្នាំ២០១៧។ លោកបន្តថា ផ្អែកលើចំណេះដឹង ភាពស្មោះត្រង់ និងគោលនបាយលើកកម្ពស់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សតាមរយៈការដោះស្រាយទំនាស់ដីធ្លី លុបបំបាត់អំពើពុករលួយ ការងារសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសការពារសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ ដូច្នេះលោកជឿជាក់ថា នឹងទទួលបានដំណែងមេឃុំមកដឹកនាំសាជាថ្មីម្តងទៀត ស្របតាមឆន្ទៈរបស់ពលរដ្ឋដែលចង់ឱ្យមានការផ្លាស់ប្តូរតាមការបោះឆ្នោត៖ «គោលការណ៍របស់គណបក្ស ក៏ដូចក្រុមពួកខ្ញុំផ្ទាល់គឺប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយខ្ញុំជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ ចឹងប្រជាពលរដ្ឋមានសិទ្ធិអំណាច អ្វីដែលពួកគាត់មានមតិ ពួកគាត់ចង់ធ្វើ យើងគោរពគាត់។ ប្រជាពលរដ្ឋនឹងផ្តល់ក្តីសង្ឃឹមមកគណបក្សភ្លើងទៀនវិញ ហើយពួកគាត់នឹងបោះឆ្នោតយកមេឃុំ ក្រុមប្រឹក្សាល្អៗដែលស្មោះរបស់ពួកគាត់ត្រឡប់មកវិញ»។
ដោយឡែកសមាជិកក្រុមប្រឹក្សាឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងជាបេក្ខជនមេឃុំមកពីគណបក្សខ្មែររួបរួមជាតិលោក ទឹម ញន ថ្លែងថា គណបក្សរបស់លោកបានដឹកនាំឃុំនេះ រយៈពេល២អាណត្តិរួចមកហើយ ដោយសារការយកចិត្តទុកដាក់របស់បេក្ខជនចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ លោកបន្តថា ការបោះឆ្នោត ឃុំ សង្កាត់ អាណាត្តិទី៥ខាងមុខនេះ គណបក្សរបស់លោកបាន រក្សាគោលនយោបាយចាស់ ដោយត្រូវបង្កើតប្រសិទ្ធភាពការងាររដ្ឋបាលឃុំបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋាន៖ «ខ្ញុំអាចអំពាវនាវ គឺទុនរបស់បងប្អូនដើររ៉ៃអង្គាសពីទីនេះទៅទីនោះ ប្រសិនបើខ្ញុំបានមេឃុំ ឬជំទប់ គឺខ្ញុំធ្វើការបម្រើសេវាដល់ប្រជាពលរដ្ឋរៀងរាល់ម៉ោងធ្វើការ ខ្ញុំមិនឱ្យខកខានដូចគេពីមុនទេ»។
ច្បាប់ជាតិ និងអន្តរជាតិ សុទ្ធតែធានាពីសិទ្ធិសេរីភាពខាងនយោបាយរបស់ប្រជាពលរដ្ឋ ប៉ុន្តែការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ កន្លងមកនេះ រដ្ឋាភិបាលលោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេស និងដកហូតយកអាសនៈ ឃុំ សង្កាត់ ជាង៥ពាន់របស់បក្សនេះចែកគ្នាកាន់កាប់ដោយផ្ទុយពីឆន្ទៈអ្នកបោះឆ្នោត។ រីឯបរិយាកាសមុនការបោះឆ្នោត ឃុំ សង្កាត់ អាណត្តិទី៥វិញ បេក្ខជនមកពីគណបក្សនយោបាយមួយចំនួនត្រូវអាជ្ញាធរ និងជនមុខស្គាល់ធ្វើទុក្ខបុកម្នេញ គំរាមគំហែងជាបន្តបន្ទាប់ ជាពិសេគណបក្សភ្លើងទៀន ដែលមានលទ្ធភាពដាក់បេក្ខជនស្ទើរគ្រប់ឃុំ សង្កាត់ ទូទាំងប្រទេសដូចគណបក្សកាន់អំណាច និងកំពុងធ្វើសកម្មភាពផុសផុលនៅតាមមូលដ្ឋាន។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថា ខុមហ្រ្វែល (Comfrel) លោក កន សាវាង្ស មានប្រសាសន៍ថាសង្គមប្រជាធិបតេយ្យចាត់ទុកការបោះឆ្នោតជម្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ គឺមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋគ្រប់រូបជ្រើសរើសតំណាងស្របច្បាប់របស់ខ្លួន ដើម្បីអភិវឌ្ឍ និងផ្តល់សេវាសាធារណៈប្រកដដោយប្រសិទ្ធភាព។ ប៉ុន្តែលោកថាបើសិនបរិយាកាសបោះឆ្នោតមិនធានាសេរី ត្រឹមត្រូវ និងយុត្តិធម៌វិញ នឹងធ្វើឱ្យដំណើរការប្រជាធិបតេយ្យនៅថ្នាក់ឃុំ សង្កាត់ជួបបញ្ហា៖ «មិនមែនបក្ស ឬថ្នាក់លើជិតដិតជាងអ្នកនៅមូលដ្ឋានទេ សំខាន់លើបុគ្គលដែលឈរជាបេក្ខជនដែលដោះស្រាយបញ្ហាហ្នឹង គឺជាមនុស្សសំខាន់បំផុត សម្រាប់ប្រជាពលដ្ឋមើល ទោះបីថាការបោះឆ្នោតរបស់យើងសមាមាត្រក៏ដោយ ចឹងបើសិនជាគណបក្សនយោបាយណាប្រព្រឹត្តទៅបានល្អ គាត់ច្បាស់ជាទទួលបានគាំទ្រឱ្យដឹកនាំបន្តទៀតមិនខានទេបាទ»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ មានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនដើម្បីតៀមចូលរួមប្រកួតប្រែងការបោះឆ្នោត ក្នុងចំណោម៤០គណបក្ស ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងមានប្រជាពលរដ្ឋជាង៩លាន២សែននាក់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ខណៈអាសនៈសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ មានចំនួនជាង ១ម៉ឺន១ពាន់ (១១.១២២) អាសនៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។